ភ្នំពេញៈ ដោយសារតែ​ខ្លួន​មាន​ចំណូល​ចិត្តខ្លាំង​ផ្នែក​និពន្ធ និង​ធ្លាប់​ជា​និស្សិត​ទទួល​បាន​អាហា​រូបករណ៍​សិក្សា​ជំនាញ​និពន្ធ​រយៈពេល ២ ឆ្នាំ ពី​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ហើយ​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ ២០១៨ នេះ​ផង ទើប​ធ្វើ​ឲ្យ​អ្នក​និពន្ធ​វ័យ​ក្មេង ស្វាយ លីម៉េង មាន​ទស្សនៈ​សុទិដ្ឋិ​និយម​ខ្លាំង​ទៅ​នឹង​អាជីព​ដែល​ខ្លួន​ស្រឡាញ់ និង​ចង់​ផ្ញើ​សារ​ចែក​រំលែក​ពី​បទ​ពិសោធ​ខ្លួន​ទៅ​ដល់​យុវវ័យ​សម័យ​ក្រោយ​ដែរ។

ម្ចាស់​វណ្ណ​កម្ម​នៃ​សា្ន​ដៃ​ខ្សែភាពយន្ត​ខ្លី​រឿង «នារី​សក់​ខ្លី» ម្ចាស់​ពានរង្វាន់​ប្រជាប្រិយភាព​ពី​មហាជន​ជ្រើស​រើស​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ខ្សែ​ភាពយន្ត​ខ្លី​ទាំង ៤ ចុង​ក្រោយ​នៃ​កម្មវិធី​ភាពយន្ត​ស្តីពី​កេរ​ដំណែល

(Legacy Film Lab) កាល​ពី​ឆ្នាំ ២០១៧ លោក ស្វាយ លី​ម៉េង ក៏មាន​សារ​ចង់​ផ្តាំ​ផ្ញើ និង​ចែក​រំលែក​បទពិសោធ​ខ្លះៗ​ពី​អាជីព​អ្នក​និពន្ធ សម័យ​ទំនើប​ដល់​យុវជន​ផង​ដែរ ក្រោយ​ពី​ខ្លួន​រៀន​ចប់​ជំនាញ​និពន្ធ តាមរយៈ​អាហា​រូបករណ៍​សិល្បៈ​អមតៈ អាន ចនផន នៅ​ឯ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ។

អ្នកនិពន្ធ​វ័យក្មេង​ដែលជា​និស្សិត​បានបញ្ចប់​ជំនាញ​បរិញ្ញាបត្រ​ច្បាប់ និង​មាន​ស្រុកកំណើត នៅ​ខេត្ត​ប៉ៃលិន ស្វាយ លីម៉េង ប្រាប់​ពី​ដើម​ទង​ដែល​សម្រេច​យក​អាជីព​ជា​អ្នក​និពន្ធ ក្នុង​ឱកាស​ប្រកាស​ជយលាភី​អាហា​រូបករណ៍​សិល្បៈ​អមតៈ អាន ចនផន សម្រាប់​ការ​សិក្សា​ឆ្នាំ ២០១៩ កាល​ពី​ថ្ងៃ​ទី ៦ ខែ​កញ្ញា ឆ្នាំ ២០១៨ នៅ​សាល​សម្តែង​សិល្បៈ​នៃ​សារមន្ទីរ​ជាតិ ថា៖ «អាច​មក​ពី​ចំណូល​ចិត្ត​សរសេរ​រឿង​ប្រលោម​លោក ហើយ​ការ​ចូលរួម​ប្រកួត​ពាន​រង្វាន់​អក្សរសិល្ប៍​នូហាច​ឆ្នាំ ២០១០ ដែល​ស្នាដៃ​រឿង​ខ្លី​របស់​ខ្ញុំ​មាន​ចំណង​ជើង​ថា «គ្រប់​យ៉ាង​ដើម្បី​អ្នក​ណា​?» បាន​ចំណាត់​ថ្នាក់​លេខ ៣ នោះ បាន​ផ្តល់​តម្លៃ​ដោយ​ការ​លើក​ទឹកចិត្ត ក៏បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ខិតខំ​បន្ត​ដើម្បី​ផ្នែក​និពន្ធ​នេះ​កាន់​តែ​ខ្លាំង​ឡើង។ ក្រោយ​មក​ខ្ញុំ​ក៏​ទទួល​បាន​អាហា​រូបករណ៍​ពី​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​សិក្សា​លើ​ជំនាញ​និពន្ធ​នេះ​រយៈពេល ២ ឆ្នាំ ដែល​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​នេះ​តែ​ម្តង»។

អ្នកនិពន្ធវ័យក្មេង​លោក ស្វាយ លីម៉េង​​​។ផា លីណា

តាម​របត់​សង្គម​ខ្មែរ​បច្ចុប្បន្ននេះ សង្កេតឃើញថា ការសិក្សា​លើ​ជំនាញ​សិល្បៈ​ផ្នែក​និពន្ធ ហាក់​ដូច​មិន​សូវ​មាន​ភាព​ផុសផុល​ពី​យុវវ័យ​ជំនាន់​ក្រោយ​ឡើយ នៅ​ក្រោម​ហេតុផល​រួមមួយ​គឺ​ទីផ្សារ​រក​ប្រាក់​ចំណូល​មិន​សូវ​កាក់​កប។

លោក ស្វាយ លី​ម៉េង អ្នកនិពន្ធ​វ័យ ២៨ ឆ្នាំ ដែល​ធ្លាប់ជា​សហ​និពន្ធ​នៃ​វណ្ណ​កម្ម​កុន​ដុំ​រឿង «វិកល​ចរិត» និង​កុន​រឿង «ទារុណកម្ម​ខ្មោច» នៃ​ផលិតកម្ម​មាតុ​ចក្រ​ភាពយន្ត និង​ជា​ម្ចាស់​ស្នាដៃ​សៀវភៅ​ប្រលោម​លោក​ខ្លី ១០ រឿង សៀវភៅ​ប្រលោម​លោក​វែង ៣ រឿង និង​សៀវភៅ​រឿង​កុមារ ៥ រឿង រូប​នេះ ហាក់​បាន​លើក​ឡើង​ផ្ទុយ​ពី​ចំណុច​ទីផ្សារ​អ្នក​និពន្ធ​សម័យ​ទំនើប​នេះ​វិញ។

លោក​បញ្ជាក់​ថា៖ «តាម​បទពិសោធ​ខ្ញុំ​ផ្ទាល់ អាជីព និពន្ធ ទោះបី​ជា​មិន​អាច​រក​បាន​ឲ្យ​ក្លាយជា​អ្នក​មាន​ក្តី តែ​ក៏​មិន​មានន័យ​ថា អត់​ទីផ្សារ​នោះ​ទេ ព្រោះ​ថា បច្ចុប្បន្ន​នេះ សម្បូរ​ប៉ុស្តិ៍​ទូរទស្សន៍ ដែល​ចង់​បាន​ស្នាដៃ​និពន្ធ​ទាំង​កុន​ខ្នាត​ខ្លី វែង ឬ​កុន​ដុំ និង​កុន​ភាគ។ ប្រការ​សំខាន់​នោះ បើ​យើង​ស្រឡាញ់​ចូលចិត្ត​អាជីព​អ្វី សូម​ចាប់​ឲ្យ​ជាប់ និង​ស្គាល់​ឲ្យ​ច្បាស់ វា​នឹង​ផ្តល់​តម្លៃ​មក​ឲ្យ​យើង​វិញ​ជា​មិន​ខាន»។

កម្មវិធីអាហាររូបករណ៍​សិល្បៈអមតៈ​ អាន ចនផន បង្កើតឡើង​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (CLA) ដើម្បី​ជួយដល់សិស្សានុសិស្ស និង​និស្សិត​អភិវឌ្ឍជំនាញជាអ្នកដឹកនាំ ការគ្រប់គ្រង​ហិរញ្ញវត្ថុ ការរៀបចំផែនការ​ងារ និង​ផ្តល់​កញ្ចប់​ថវិកា​ដើម្បី​ចំណាយលើ​ថ្លៃ​បណ្តុះបណ្តាល​ និង​ចំណាយ​លើ​ការ​សិក្សា​ផ្សេងៗ។ តាម​រយៈ​កម្ម​វិធី​អាហាររូបករណ៍​នេះ​ ក៏​បាន​ផ្តល់​ឱកាស​ដល់​សិស្សសិល្បៈ​ និង​សិល្បករ​វ័យ​ក្មេង​បង្ហាញ​ពី​សមត្ថភាព​ ទេព្យកោសល្យ​ និងជំរុញទឹក​ចិត្ត​ពួកគេ​ក្នងការ​អភិវឌ្ឍជំនាញ​សិល្បៈ​ផង​ដែរ។ ​​

អាហាររូបករណ៍​សិល្បៈអមតៈ​ អាន ចនផន ឆ្នាំ២០១៨ មាន​សិស្សសិល្បករ​បញ្ចប់​ការ​សិក្សា​ចំនួន​​ ៥ រូប ខណៈ​សិស្សសិល្បករ​ត្រូវ​ទទួល​បាន​អាហាររូប​ករណ៍​ឆ្នាំ​សិក្សា​ថ្មី​ឆ្នាំ​២០១៩ មាន​ចំនួន​ ១០ រូប​៕