ភ្នំពេញៈ អ្នកចូលរួមប្រកួត ៦ នាក់មកពីសាលារៀន និងស្ថាប័នផ្សេងៗនៅកម្ពុជា បានជាប់ពានរង្វាន់ ក្នុងការប្រកួត ស្នាដៃថតរូបយុវជនសហភាពអឺរ៉ុប-អាស៊ាន លើប្រធានបទ «ការរួបរួមនៅក្នុងភាពចម្រុះ» ដែលរៀបចំដោយស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំអាស៊ាន ដើម្បីជាកិច្ចអបអរខួបអនុស្សាវរីយ៍លើកទី ៤០ នៃទំនាក់ទំនងរវាង សហភាពអឺរ៉ុប-អាស៊ាន ។
រូបថតដ៏ស្រស់ស្អាតជាង ៧០០ សន្លឹក ត្រូវបានបេក្ខជនវ័យក្មេងមកពីបណ្ដាប្រទេសជាសមាជិកអាស៊ានដាក់ចូលរួមនៅក្នុងការប្រកួត ដែលបានឆ្លុះបញ្ចាំង និង ពណ៌នា លើប្រធានបទស្តីពី «ការរួបរួមនៅក្នុងភាពចម្រុះ» ហើយនេះជាស្មារតីរួមរបស់ប្រជាជាតិនៃសហភាពអឺរ៉ុប និងអាស៊ាន ។
លោក អំា វ៉ាលីនដា បេក្ខជនជយលាភីកម្ពុជា ក្នុងការប្រកួតស្នាដៃរូបថតនេះបានថ្លែងថា រូបថតជយលាភីដែលលោកដាក់ប្រកួតនេះ បានបង្ហាញពីក្មេងៗមួយក្រុមកំពុងជិះកង់ធ្វើដំណើរតាមវាលស្រែទៅស្វែងរកប្រភពទឹក ដើម្បីចាប់ត្រី ឬ ក្ដាម ខ្យងជាដើម យកមកផ្គត់ផ្គង់គ្រួសារក្រោយពីការសិក្សា។
លោកបន្ដថា «រូបថតនេះ ខ្ញុំក៏ចង់បង្ហាញពីការរួបរួមគ្នារបស់ប្រជាជនខ្មែរ ទៅកាន់ប្រទេសអ៊ឺរ៉ុប និង អាស៊ាន ឲ្យដឹងថា យើងបានធ្វើអ្វីៗរួបរួមគ្នាជាច្រើន ក្នុងជីវភាពរស់នៅរាល់ថ្ងៃនេះ» ។
លោក ម៉ៃ វិរៈ អ្នកថតរូបអាជីពឲ្យស្ថាប័នសារព័ត៌មានមួយនៅកម្ពុជា និងជាបេក្ខជនមួយរូបដែលបានជាប់ពានរង្វាន់ក្នុងចំណោមបេក្ខជន ៥ នាក់ផ្សេងទៀត បានបង្ហាញពី ការផ្ដិតយករូបរស់ខ្លួនទៅដាក់ប្រកួតនេះដែរថា ដោយសារលោកជាអ្នកអាជីពថតរូប លោកមានរូបថតជាច្រើនដែលត្រូវនឹងប្រធានបទនៃការប្រកួត ដូច្នេះលោកបានចំណាយពេលជិតពីរសប្ដាហ៍ ដើម្បីជ្រើសរើសរូបថតមួយសន្លឹកដាក់ចូលរួមប្រកួតនេះ។
លោកនិយាយថា «ខ្ញុំបានសម្រេចចិត្ដយករូបថតមួយសន្លឹកដែលខ្ញុំបានថតនៅតំបន់ដាច់ស្រយាលមួយនៃខេត្ដសៀមរាប រូបថតនោះបានបង្ហាញពីក្មេងស្រីមួយក្រុមកំពុងជិះកង់ទៅសាលារៀន ប៉ុន្ដែក្នុងរូបថតនេះ ខ្ញុំចង់បង្ហាញថា កុមារីជាច្រើននៅទីជនបទ កំពុងជួបប្រទះ ចំពោះបញ្ហានៃការបោះបង់ការសិក្សា ដែលមានកម្រិតខ្ពស់ជាងកុមារា នេះបើតាមរបាយការណ៍ពីអង្គការ UNICEF ដែលខ្ញុំបានដឹង»។
លោក ចច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានថ្លែងថា «ខ្ញុំមានសេចក្ដីសោមនស្សរីករាយ នៃភាពជាដៃគូសហភាពអឺរ៉ុប-អាស៊ាន ដែលបានរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងសង្គមដ៏រឹងមាំ»។
លោក អេដហ្គា បន្តថា «ការងារដែលជាបេសកកម្មរបស់សហភាពអឺរ៉ុបប្រចាំអាស៊ាន បានសម្រេចដោយជោគជ័យនាពេលថ្មីៗនេះ គឺការដាក់ចេញនូវកម្មវិធីប្រកបដោយមហិច្ឆតាចំនួនពីរដែលផ្ដោតទៅលើគោលដៅ ការពារបរិស្ថាន និងគាំទ្រអាស៊ាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ» ។
លោកបញ្ជាក់ថា ថ្មីៗនេះ គម្រោងសហភាពអឺរ៉ុប-អាស៊ានថ្មីចំនួនពីរស្ដីពីការប្រើប្រាស់តំបន់វាលភក់និងការកាត់បន្ថយផ្សែងអ័ព្ទប្រកបដោយនិរន្តរភាព ព្រមទាំងការអភិរក្សជីវចម្រុះនៅក្នុងតំបន់អាស៊ានត្រូវបានចុះហត្ថលេខាដោយសហភាពអឺរ៉ុបនិងអាស៊ាន៕