ក្រុងប្រ៊ុចសែល: សហភាពអឺរ៉ុប (EU) កាលពីសប្ដាហ៍មុន បានដំណើរការគម្រោងដើម្បីឲ្យយុវជនអឺរ៉ុបវ័យ ១៨ ឆ្នាំរាប់ពាន់នាក់ដើម្បីធ្វើដំណើរទេសចរណ៍ក្នុងតំបន់ដោយឥតគិតថ្លៃអំឡុងរដូវក្ដៅជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ផ្សព្វផ្សាយអំពីទ្វីប EU។
ស្ថិតក្រោមកម្មវិធី Discover EU យុវវ័យពីអឺរ៉ុប ១៥០០០ នាក់ អាចដាក់ពាក្យជិះរថភ្លើង រថយន្ដក្រុង ស្រឡាង និងករណីខ្លះអាចដល់យន្ដហោះ ឥតគិតថ្លៃ នៅខែក្រោយទៅកាន់ប្រទេសចំនួន ២៨ ក្នុងតំបន់សហភាពអឺរ៉ុប។
គណៈកម្មការអឺរ៉ុប ជាផ្នែកប្រតិបត្ដិមកពី EU បានឲ្យដឹងថា៖ «យើងនឹងគ្រោងផ្ដល់ឲ្យយុវជន ១៥០០០ នាក់នូវឱកាសធ្វើដំណើរជុំវិញតំបន់អឺរ៉ុបនារដូវក្ដៅនេះ»។
គណៈកម្មការបានបន្ដថា៖ «យើងនឹងជួយពួកគេស្វែងរកនូវកេរដំណែលវប្បធម៌ដ៏សម្បូរបែបក្នុងទ្វីបនេះ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកស្រុក និងសិក្សាពីវប្បធម៌របស់ពួកគេ និងព្រមទាំងស្វែងរកនូវអ្វី ដែលដូចគ្នានឹងអឺរ៉ុប»។
គម្រោងនេះដែលត្រូវបានស្នើឡើងដោយសភាអឺរ៉ុប មានថវិកា ១៤ លានដុល្លារ។ យុវវ័យដែលត្រូវបានជ្រើសរើស នឹងដឹងលទ្ធផលអំឡុងពេល ២ សប្ដាហ៍នៅក្នុងខែមិថុនា ឆ្នាំ ២០១៨ តាមរយៈEuropean Youth Portal។
គណៈកម្មការនឹងធ្វើការជ្រើសរើសអ្នកមានសំណាងចូលរួមដំណើរកម្សាន្តដំបូង ១៥០០០ នាក់មុនពេលជ្រើសរើសតង់ទី ២ នឹងធ្វើឡើងបន្ទាប់ក្នុងឆ្នាំនេះ អាស្រ័យលើថវិកាសេសសល់៕