ភ្នំពេញៈ ដោយទទួលការគាំទ្រពីយុវជន វេទិកា italk លើកទី ៣ និយាយពីការកំណត់ក្ដីស្រមៃទៅថ្ងៃអនាគត និងការរៀបចំខ្លួន ក្នុងការទទួលបានការងារដ៏សមរម្យមួយក្នុងពេលសិក្សា ដែលធ្វើឡើងនៅ មជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជាកូរ៉េ (CKCC) ម្សិលមិញ មានក្រុមសិស្ស និស្សិតចូលរួមជិត ៥០០ នាក់ ខណៈលើកទី ១ យុវជនចូលរួមប្រមាណតែជាង ៣០០ និងលើកទី ២ នៅ CJCC មានក្រុមយុវជនចូលរួមដល់ ៤០០ នាក់។
វេទិកា italk គឺជាវេទិការមួយបង្កើតឡើងតាំងពីឆ្នាំ ២០១២ ដោយក្រុមអតីតនិស្សិត មូស្លីម ក្នុងគោលបំណងចែករំលែកបទពិសោធន៍ ចំណេះដឹងថ្មីៗ ទាំងក្នុងការសិក្សានិងការងារដែលពួកគេបានទទួលជោគជ័យកន្លងមក ដល់ក្រុម សិស្ស-និស្សិត និងយុវជនវ័យក្មេងជំនាន់ក្រោយ ដើម្បីឲ្យពួកគេយកចំណេះដឹងទាំងនេះទៅជួយដល់សហគមន៍របស់ពួកគេនាពេលអនាគត។
លោក ស្លេះ ណាស៊ី ប្រធានក្រុមអតីតនិស្សិតមូស្លីមនៃកម្ពុជា និងជាស្ថាបនិក italk បានប្រាប់ LIFT ថា៖«ការបង្កើតវេទិកា italk នេះឡើង គឺសម្រាប់សាធារណៈជនទូទៅជាពិសេស យុវជន ដែលមានបំណងចង់បណ្ដុះខ្លួនឯង និងចង់អភិវឌ្ឍន៍ផ្នែកបញ្ញា ដើម្បីត្រៀមខ្លួនទៅរកភាពជោគជ័យ»។
លោក បន្ដថា «ទៅថ្ងៃអនាគតខ្ញុំនឹងបង្កើតកម្មវិធីថ្មីៗជាច្រើនបន្ថែមទៀត ជាពិសេសក្រុមការងារ italk និងខិតខំស្វែងរកវាលគ្មិនល្អៗនៅឯបរទេសឲ្យមកចូលរួមចែករំលែកបទពិសោធន៍ដល់យុជនឲ្យបានកាន់តែច្រើនជាងនេះ»៕