ភ្នំពេញៈ នេះជាលើកទីមួយហើយដែលយុវជនកម្ពុជា បានឈ្នះពានរង្វាន់ការប្រកួតតស៊ូមតិថ្នាក់តំបន់់អាស៊ីប៉ាស៊ីហ្វិក នឹង ត្រូវតំណាងឲ្យប្រទេសក្នុងតំបន់នេះ ទៅចូលរួមប្រកួតបន្ដកម្រិតពិភពលោកនាខែវិច្ឆិកាខាងមុខ។ នេះបើតាមការឲ្យដឹងពីលោកស្រី ជា សុផល្លា ប្រធានថ្នាក់ជាតិ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) បានថ្លែងនៅក្នុងសន្និត សារព័ត៌មានមួយនៅភ្នំពេញ កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុននេះ។
លោកស្រី ជា សុផល្លា ថ្លែងថា ថ្វីត្បិតតែយុវជនកម្ពុជា មានបទពិសោធន៍ស្ដួចស្ដើង និងវ័យក្មេងជាងយុវជនក្នុងតំបន់ប្រទេសអាស៊ីប៉ាស៊ីហ្វិក ប៉ុន្ដែក្នុងការប្រកួតនេះ កម្ពុជាបានទទួលពានផ្នែកតស៊ូមតិ ដោយបានផ្ដួលបេក្ខជនមកពីបណ្ដាប្រទេសផ្សេងៗដូចជា ហុងកុង ម៉ាឡេស៊ី ម៉ុងហ្គោលី និងបែលហ្សិក ដែលជាប្រទេសប្រើប្រាស់ជាសាអង់គ្លេស។
លោកស្រីបន្ដថា «ជោគជ័យនេះ ជាមោទភាពមួយដ៏ធំសម្រាប់ប្រទេសកម្ពុជាយើង ដែលបេក្ខជន របស់យើងដែលជានិស្សិតបានយកឈ្នះបេក្ខជនមកពីបណ្ដាប្រទេសផ្សេងៗ ដែលមានបទពិសោធ និងសមត្ថភាពខ្លាំងៗ ទាំងចំណេះដឹងទូទៅ និងភាសាអង់គ្លេស» ។
ក្រុមនិស្សិតជយលាភីឆ្នាំនេះសុទ្ធតែជានិស្សិតមកពីសាលវិទ្យាល័យភូមិន្ទនិតិសាស្រ្ដ និងវិទ្យាសាស្រ្ដ សេដ្ឋកិច្ច រួមមាន យុវតី នូវ សុនីកា យុវតី ស៊ុំ សាន្តសុគន្ធកក្កដា និងយុវជន ស៊ុន វណ្ណៈ ហើយក្រុមជ័យលាភីនឹងត្រូវបន្តទៅប្រកួតពានរង្វាន់តស៊ូមតិ ថ្នាក់ពិភពលោក របស់សភាយុវពាណិជ្ជករអន្តរជាតិ នៅប្រទេសហូឡង់ នាខែវិច្ឆិកាខាងមុខ។
ការប្រកួតនេះយុវជនកម្ពុជានឹងតំណាងឲ្យទ្វីបអាស៊ីប៉ាស៊ីហ្វិកទាំងមូល ចូលរួមប្រកួតជាមួយនឹងយុវជនមកពីបណ្ដាទ្វីបដទៃទៀត ដូចជាទ្វីបមជ្ឈិមបូព៌ា ទ្វីបអាមេរិក និងទ្វីបអឺរ៉ុប ។
យុវតី ស៊ុំ សាន្តសុគន្ធកក្កដា បានលើកឡើងថា នាងមិននឹងស្មានថា អាចទទួលបានជ័យលាភីនេះទាល់តែសោះកាលពី ការចាប់ផ្ដើមការប្រកួត ព្រោះយុវតីរូបនេះមានការព្រួយបារម្មណ៍ដោយក្រុមរបស់ខ្លួនជាយុវជនវ័យក្មេងជាងគេ និងមិនសូវមានបទពិសោធច្រើនដូចគេ។
យុវតីរូបនេះបន្ដថា «កាលពីការចាប់ផ្ដើមប្រកួត ខ្ញុំមានអារម្មណ៍ភ័យច្រើន តែដល់ពេលដឹងលទ្ធផលថាទទួលបានជយលាភីលើក្រុមម្ចាស់ផ្ទះ ក៏មានចិត្ដរំភើប ហើយរឹតតែមានកម្លាំងចិត្ដ ជាងមុន ក្នុងការប្រកួតទោវគ្គបន្ដ ។
ចំពោះការដណ្ដើមបានជយលាភីដំបូងលើក្រុមតស៊ូមតិនេះ យុវជន ស៊ុន វណ្ណៈ បានលើកឡើងថា ការសហការធ្វើការងារក្រុមពិតជាសំខាន់ណាស់ ដើម្បីជ្រើសរើសយកប្រធានបទស្រាវជ្រាវឲ្យត្រូវតាមប្រធានបទដែលគេដាក់ឲ្យក្នុងរយៈពេលខ្លីបំផុតត្រឹម២៤ម៉ោងលើ៤០ប្រធានបទ ។
យុវជនរូបនេះលើក «ពិតប្រាកដណាស់ ការប្រកួតនេះយើងត្រូវធ្វើសិក្សាស្រាវជ្រាវជាក្រុម ត្រូវស្ដាប់ និងទទួលយកគំនិតពីសមាជិកក្រុមរបស់យើង និងបែងចែកកិច្ចការងារលើប្រធានបទចែកគ្នាធ្វើក្នុងរយៈពេលខ្លីបំផុត ដើម្បីឆ្លើយតបទាំងប្រធានបទស្រប និងបដិសេធ»។
ចំពោះការទៅប្រកួតបន្ដថ្នាក់ពិភពលោកនេះ លោស្រី សុផល្លា បានលើកឡើងថា JCI មានភាពជឿជាក់ និងក្ដីសង្ឃឹមថា យុវជនកម្ពុជានឹងទទួលបានជយលាភីបន្ដទៀតកម្រិតពិភពលោក ព្រោះយុវជនកម្ពុជាពេលនេះក៏មានបទពិសោធច្រើន បានជាប់ពានជាបន្ដបន្ទាប់ ហើយ JCI នឹងរៀបចំផែនការយុទ្ធសាស្រ្ដបន្ថែមទៀតដើម្បីបង្កើនសមត្ថភាពក្រុមយុវជនកម្ពុជា៕