ភ្នំពេញៈ សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា (JCI) សាខាចតុមុខ ផ្ដើមគម្រោង «តោះយើងអាន ២០១៧ និងបង្គន់អនាម័យដើម្បីសុខភាពកាន់តែប្រសើរ» ចុះជួយជួសជុលបណ្ណាល័យ និងផ្ដល់សម្ភារៈសិក្សាដល់កុមារចំនួន៧០០នាក់ នៅសាលាបឋមសិក្សាត្រពាំងកក់ ភូមិអង្គក្រលាញ់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្ដតាកែវ នឹងផ្ដល់បង្គន់អនាម័យចំនួន៥ ដល់ប្រជាជនទីទាល់ក្រ កាលពីសប្តាហ៍មុន។
លោក ហេង ហួន ប្រធាន JCI សាខាចតុមុខ បានថ្លែងប្រាប់ LIFT ឲ្យដឹងថា កម្មវិធីជួសជុល និងផ្ដល់សម្ភារៈសិក្សាដល់កុមារនៅជនបទនេះគឺដើម្បីចែករំលែកនូវសេចក្តីស្រលាញ់លើការសិក្សាអប់រំដោយប្រមែប្រមូលយកសៀវភៅអានចាស់ៗមកប្រើសារជាថ្មី ហើយធ្វើការបរិច្ចាគទៅឲ្យបណ្ណាល័យក្នុងសហគមន៍ ។
លោកបន្ដថា៖ « គោលដៅរបស់យើង ចង់ផ្សព្វផ្សាយ នូវគុណសម្បត្តិ នៃអក្ខរកម្ម និងការអប់រំ ក៏ដូចជាយកសៀវភៅអានចាស់ៗ មកប្រើប្រាស់សាជាថ្មី តាមរយៈការចែកចាយសៀវភៅទាំងនោះ ទៅកាន់់ក្មេងៗ ដែលមានទេពកោសល្យ ហើយកំពុងជួបនូវបញ្ហាកង្វះសៀវភៅអាននៅសាលារបស់ពួកគេ»។
«យើធ្វើគម្រោងនេះ ក៏ដើម្បីផ្ដល់ផលប្រយោជន៍ជាសប្បុរសធម៌ ទៅដល់សិស្សានុសិស្ស ដែលកំពុងមានកង្វះខាតដោយផ្ទាល់ នៅតាមតំបន់ជនបទ ដែលគ្រួសាររបស់ពួកគាត់ខ្លះ នៅមានកម្រិតចំណេះដឹងទាប ចំពោះការជំរុញការសិក្សាដល់កូន» លោក ហេង ហួន បន្ថែម ។
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា គឺជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញមួយដែលប្រមូលផ្តុំដោយយុវពាណិជ្ជករដែលមានអាយុចន្លោះពី១៨ ដល់ ៤០ឆ្នាំ ដែលបានបង្កើតឡើង នៅឆ្នាំ២០១១ ហើយបច្ចុប្បន្នមានសមាជិកសមាជិការជិត២០០នាក់៕