ភ្នំពេញៈ លោក ប៉ិច ប៉ូឡែន ប្រធានសភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា (JCI) អំពាវនាវឲ្យយុវជនកម្ពុជា ដែលតែងតែនិយមចូលចិត្ដបញ្ចេញមតិ ផ្តេសផ្តាស និងយកជាការមិនបាននៅលើ ហ្វេសប៊ុក ឲ្យត្រលប់មកតស៊ូមតិបែបវិជ្ជមាននៅវេទិកា ប្រកួតប្រជែងតស៊ូមតិ និងវោហាស័ព្ទសាធារណៈដ៏ធំបំផុតទូទាំងពិភពលោក ដែលនឹងប្រព្រឹត្ដទៅនាថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៦ ខាងមុខនេះវិញ។
លោក ប៉ូឡែន បានប្រាប់មកគេហទំព័រ យុវវ័យ LIFT នៃកាសែតភ្នំពេញបុស្ដិ៍ កាលពីចុងសប្ដាហ៍មុននេះថា៖ «យុវជនជាច្រើនបានបញ្ចេញមតិ យកជាការមិនបាន នៅលើហ្វេសប៊ុក ខ្ញុំចង់ឲ្យយុវជនបែរមកជជែកដេញដោលបែបវិជ្ជមាននៅវេទិកាតស៊ូមតិ និងវោហាស័ព្ទសាធាណៈវិញ។ ព្រោះនេះគឺជាវេទិកាជជែកដេញដោល ស្វែករកអ្នកខ្លាំងក្នុងការតស៊ូមតិ និងដោះស្រាយបញ្ហា ដែលទទួលបានការគាំទ្រវិជ្ជមាន និងមានប្រយោជន៍សម្រាប់យុវជនថែមទៀត»។
កម្មវិធីនេះ នឹងបើកទូលាយដល់យុវជនកម្ពុជា ដែលមានបំណងចង់ក្លាយជាយុវជនឆ្នើមក្នុងការបញ្ចេញវោហាស័ព្ទជាសាធារណៈ បើគិតថាខ្លួនមានសមត្ថភាព។ បេក្ខជនទទួលបានជ័យលាភី នឹងក្លាយជាតំណាងប្រទេសកម្ពុជា ទៅចូលរួមវេទិកាប្រកួតថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០១៦ ក្នុងទីក្រុងតៃវ៉ាន់។
លោក ប៉ូឡែន បន្ដថា «តាមរយៈកម្មវិធីនេះយើងចង់ប្រាប់ពិភពលោកឲ្យដឹងថា យើងមានធនធានមនុស្សដែលមានទេព្យកោសល្យ និងសមត្ថភាព ហើយយើងក៏កំពុងបង្ហាញពិភពលោកនៅរូបភាពថ្មីមួយទៀតរបស់កម្ពុជាដែរ»។
លោក បញ្ជាក់ថា នេះគឺជាឱកាសដ៏ល្អមួយទៀតសម្រាប់យុវជនកម្ពុជា ក្នុងបញ្ចេញមតិសាធារណៈជាលក្ខណៈវិជ្ជមាន ព្រមទាំងតស៊ូមតិជាមួយ យុវជនប្រមាណ ១១៥ ប្រទេសផ្សេងទៀត។
លោក លឹម សិទ្ធី ប្រធានគម្រោងមួយនេះ បានឲ្យដឹងដែរថា គោលបំណងនៃការបង្កើតការប្រកកួតនេះ គឺដើម្បីលើកកម្ពស់ការធ្វើការងារជាក្រុម ការពិចារនាត្រិះរិះ និងការដោះស្រាយបញ្ហានានា ក្នុងចំណោមសមាជិករបស់សភាយុវពាណិជ្ជករអន្ដរជាតិជុំវិញពិភពលោក និងចង់ឲ្យសមាជិកទាំងឡាយប្រើប្រាស់អ្វីៗដែលខ្លួនបានសិក្សាពីកម្មវិធីនេះ យកទៅដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ពួកគេ។
លោកបន្តថា «ប្រធានបទសម្រាប់វេទិកាជជែកដេញដោលនេះ មានទាំងប្រធានបទបែបស៊ីជម្រៅ និងកម្លែង ដែលស្របទៅតាមផែនការអភិវឌ្ឍន៍សហស្សវត្ស ១៧ ចំណុច របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៦នេះ។ បេក្ខជនចូលរួមនឹងត្រូវបានសាកល្បងធ្វើតេស្ដពីសមត្ថភាពក្នុងការប្រកែក អំពីគោលជំហរពិតប្រាកដទាក់ទងគ្នា និងភាពត្រឹមត្រូវរបស់ខ្លួនក្រោមការកំណត់ពេលវេលាជាក់លាក់»។
សូមបញ្ជាក់ថា នេះជាឆ្នាំទី ៦ ដែលសភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា បានរៀបចំឲ្យមានវេទិកាប្រកួតប្រជែងនេះឡើងក្នុងប្រទេសកម្ពុជា និងជាឆ្នាំទី ៣ ដែលវេទិការប្រកួតប្រជែងវោហាស័ព្ទជាសាធារណៈបានរៀបចំឡើង ដោយមានការចូលរួមពីសិស្ស-និស្សិត និងមហាជនទូទៅ។
កាលពីឆ្នាំ ២០១៥ កន្លងទៅនេះ យុវតី តារា រត្ន ដែលជាបេក្ខជនជ័យលាភីប្រកួតប្រជែងវោហាស័ព្ទសាធារណៈតំណាងកម្ពុជា បានទទួលជ័យលាភីលេខ ១ ក្នុងការប្រកួតជាលក្ខណៈអន្ដរជាតិ នៅទីក្រុង កាណាហ្សាវ៉ាក ប្រទេស ជប៉ុន ដែលមានបេក្ខជនចូលរួម ៤ តំបន់ ដូចជា អ៊ឺរ៉ុប អាហ្វ្រិក អាមេរិក និងអាស៊ីប៉ាស៊ីហ្វិក៕