ភ្នំពេញៈ ជាមួយការរួមគ្នា បង្កើតឲ្យមានព្រឹត្តិការណ៍ ស្ត្រី និងកីឡា «រត់ដើម្បីសេចក្តីស្រឡាញ់ Run For Love» ដែលត្រូវបានធ្វើឡើង ជាលើកទី ៥ នៅកោះពេជ្រ កាលពីព្រឹកថ្ងៃអាទិត្យ ធ្វើឲ្យលោកស្រី ម៉ក់ វណ្ណស៊ីថា ប្រធានគណៈកម្មការកីឡា និងស្ត្រី រំពឹងថា កម្មវិធីមួយនេះ អាចនឹងជួយឲ្យយុវជន យុវនារីខ្មែរ យល់បានច្បាប់ពីអត្តន័យពិតប្រាកដ ថ្ងៃបុណ្យនៃក្តីស្រឡាញ់ដែលមិនមែនជាថ្ងៃបុណ្យសង្សារ ត្រូវលះបង់អ្វីៗឲ្យគូស្នេហ៍ នាំឲ្យប្រាសចាកពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។
លោកស្រី ម៉ក់ វណ្ណស៊ីថា ដែលជាអភិបាលរងសាលារាជធានីភ្នំពេញ ផងនោះ បានថ្លែងក្រោយបញ្ចប់កម្មវិធី រត់ដើម្បីសេចក្តីស្រឡាញ់ កាលពីព្រឹកថ្ងៃអាទិត្យ នោះថា៖ «ព្រឹត្តិការណ៍នៅថ្ងៃនេះ មានការចូលរួមយ៉ាងច្រើនរបស់កុមារាកុមារី ក៏ដូចជាយុវជន យុវនារី ដែលមានអាយុក្រោម និងលើ ១៨ ឆ្នាំ ហើយនេះជាជោគជ័យរបស់យើងមួយដែរ ព្រោះការចូលរួមទាំងអស់គ្នា មានភាពសស្រោកសស្រាំ ហើយទឹកមុខ ស្មារតី និងសកម្មភាពទាំងអស់ យើងឃើញថា ស្តែងចេញពីទឹកចិត្តតែម្តង»។
លោកស្រី បានបន្ថែមថា៖ «អ្វីដែលយើងធ្វើនៅថ្ងៃនៃសេចក្តីស្រឡាញ់នេះ គឺយើងចង់ឲ្យយុវជន យុវនារី កុមារា និងកុមារីរបស់យើង យល់ពីក្តីស្រឡាញ់នៃវប្បធម៌ខ្មែរ ដែលមានជ្រាលជ្រៅ និងមានវប្បធម៌ល្អផូរផង់ ហើយបញ្ហានេះ យើងចង់ឲ្យគេយល់ នូវទម្លាប់ណាដែលមិនល្អ ជាមួយនឹងវប្បធម៌ដទៃទៀត ដែលជៀតចូលមកក្នុងវប្បធម៌របស់យើងផងដែរ ដោយយើងត្រូវជំរុញឲ្យវប្បធម៌របស់យើង កាន់តែភ្លឺចញ្ចែងឡើង»។
មនុស្សជាង ៣ ពាន់នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ ស្ត្រី និងកីឡា រត់ដើម្បីសេចក្តីស្រឡាញ់ លើកទី ៥ ឆ្នាំ ២០១៨ កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះ ហើយគ្រប់គ្នា សុទ្ធតែបានបង្ហាញនូវស្នាមញញឹម ក្នុងការចូលរួមរត់កម្សាន្តចម្ងាយ ៥ គីឡូម៉ែត្រ និង ៣ គីឡូម៉ែត្រ រួមជាមួយកម្មវិធីបែបកម្សាន្តផ្សេងៗទៀត ដែលរៀបចំឡើងដោយគណៈកម្មការកីឡា និងស្ត្រី សហការជាមួយ NOCC សាលារាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនទូរស័ព្ទស្មាត និងស្រាបៀរកម្ពុជា។
សកម្មភាពនេះ វាបានបង្ហាញឲ្យឃើញពីស្មារតីចូលរួម ក្នុងការកែប្រែនូវទង្វើអាក្រក់របស់យុវជនខ្មែរមួយចំនួន ដែលបានយកថ្ងៃនៃបុណ្យសេចក្តីស្រឡាញ់ ១៤ ខែកុម្ភៈ ជាថ្ងៃលះបង់ខ្លួនប្រាណជូនគូស្នេហ៍ទៅវិញ ហើយបញ្ហា ដែលធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ និងវប្បធម៌ ដ៏ល្អរបស់ខ្មែរនេះ បានធ្វើឲ្យក្រសួងពាក់ព័ន្ធផ្សេងៗ ឈានដល់រៀបចំវិធានការទប់ស្កាត់ភាពភ្លើតភ្លើនរបស់យុវជនទាំងនោះផងដែរ។
លោកស្រី ម៉ក់ វណ្ណស៊ីថា បានបញ្ជាក់ថា៖ «នេះជាឆ្នាំទី ៥ ដែលយើងបានធ្វើកិច្ចការនេះ។ ថ្វីដ្បិតតែការយល់ដឹង មិនទាន់ដល់កម្រិតខ្ពស់មែនទែន ប៉ុន្តែយើងគិតថា យើងមានមោទនភាព ចំពោះការចូលរួមរបស់គណៈកម្មការកីឡា និងស្ត្រី ក៏ដូចជាគ្រប់អង្គភាពពាក់ព័ន្ធ ដែលបានសហការចូលរួម»។
លោកស្រី បានបន្តថា៖ «យើងឃើញថា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួងផ្សេងៗទៀត ក៏គេមានគោលនយោបាយផ្សេងៗគ្នា ពាក់ព័ន្ធនឹងកិច្ចការនេះដែរ ដើម្បី ចូលរួមសហការរុញឲ្យសកម្មភាពនេះ ក្លាយទៅជាសកម្មភាពវប្បធម៌មួយរបស់យើង ដើម្បីសុខភាព ដើម្បីសន្តិភាព និងដើម្បីសេចក្តីស្រឡាញ់ ដែលពិតប្រាកដ សម្រាប់ វប្បធម៌ខ្មែរយើង»៕