ចាប់តាំងពីកុមារភាពមកលោក Chivalry Yok សហស្ថាបនិកម្នាក់ និងជានាយកផ្នែកច្នៃប្រឌិតរបស់ក្រុមហ៊ុន SabayOsja ដែលជាស្ទូឌីយោបង្កើតហ្គេមដំបូងគេបំផុតនៅកម្ពុជា និងជាក្រុមហ៊ុនឈ្នះពានរង្វាន់ជាច្រើននៅក្នុងប្រទេស និងតំបន់អាស៊ានមិនមែនត្រឹមតែមានចំណូលចិត្តខ្លាំងក្នុងវីដេអូហ្គេមក្នុងនាមជាអ្នកលេងម្នាក់នោះទេ តែក៏មានក្តីស្រមៃចង់បង្កើតកេរ្តិ៍ឈ្មោះជាអ្នកបង្កើតហ្គេមក្នុងទីផ្សារពិភពលោកផងដែរ។
កាលពីឆ្នាំទៅ SabayOsja បានបង្កើតប្រវត្តិសាស្ត្រដោយបានសាងឡើងនូវកម្មវិធីស្មាតហ្វូនប្រើប្រាស់បច្ចេកវិទ្យាការនិម្មិតពិត (Augmented Reality) ហៅកាត់ថា AR ជាបច្ចេកវិទ្យាដែលបង្កើតរូបភាពនិម្មិតដែលមានចលនានៅលើរូបភាពពិតផ្ទាល់ និងត្រូវបានគេស្គាល់ច្រើនតាមរយៈហ្គេម Pokemon Go។ នៅពេលនេះលោក Chivalry ចង់ឲ្យក្រុមហ៊ុនធ្វើវាម្តងទៀតដោយចូលប្រឡូកទៅក្នុងទីផ្សារល្បែងកម្សាន្តអេឡិចត្រូនិកគឺលើឧបករណ៍ «ហ្គេម»។
លោកនិយាយថា៖ «ទោះបីជាឥឡូវយើងមានអ្នកបង្កើតហ្គេមលើស្មាតហ្វូនច្រើននៅកម្ពុជាក៏ដោយក្តីក៏ខ្ញុំនៅតែជឿជាក់ថាមានក្រុមអ្នកដែលចំណូលលេងហ្គេមលើឧបករណ៍អេឡិចត្រូនិកនានាដូចជា PSP និង Xbox ពិតជាចង់លេងហ្គេមជាស្នាដៃកូនខ្មែរលើឧបករណ៍របស់ពួកគេដែរ។ យើងចង់ក្លាយជាអ្នកទី ១ ដែលធ្វើវាឡើង»។
នៅខែមេសាឆ្នាំ ២០១៧ លោក Chivalry បានបង្ហាញពីគំនិតរបស់ខ្លួនចំពោះការបង្កើតហ្គេម The Angkorian (ប្រជាជនក្រុងអង្គរ) ជាប្រភេទហ្គេម 3D បែបផ្សងព្រេង និងវាយប្រហារទៅកាន់សមាជិកដទៃទៀតនៃក្រុមហ៊ុននេះហើយពួកគេពេញចិត្តនឹងវាជាខ្លាំង។ ចាប់ពីពេលនោះមកលោក Chivalry បានដឹកនាំក្រុមមួយដែលមានអ្នកសរសេរកម្មវិធីម្នាក់អ្នកគូរ ៣ នាក់ និងអ្នកធ្វើគំនូរជីវចលម្នាក់ដែលធ្វើការដើម្បីធ្វើឲ្យគំនិតនេះក្លាយជាការពិត។
សាច់រឿងហ្គេម Angkorian កើតឡើងនៅក្នុងសម័យចក្រភពខ្មែរដោយអ្នកលេងត្រូវបញ្ជាទៅលើតួអង្គ ៣ រូបដែលត្រូវប្រយុទ្ធជាមួយនឹងយក្សទសក័ណ្ឋដែលកាន់កាប់កម្លាំងផ្លូវងងឹត និងលួចត្បូងស័ក្តិសិទ្ធិពីកំពូលភ្នំគូលែនជាមួយនឹងកូនចៅរបស់វា។ តួអង្គសម្រាប់ជ្រើសរើសរួមមានមុន្នីជ័យចេស្តាជា អ្នកក្លាហានគុណដំបងល្បុក្កតោ នាងបញ្ចទេពីជានារីក្លាហានជំនាញខាងបាញ់ព្រួញ និងសិង្ហៈគិរីជានាយទាហានជំនាញខាងញញួរទេព។ តួអង្គម្នាក់ៗមានជំនាញប្រយុទ្ធសិល្ប៍សាស្ត្រ និងលក្ខណៈពិសេសរៀងៗខ្លួន។
ខណៈដែលការបង្កើតហ្គេមនេះត្រូវបានជំរុញដោយហ្គេមល្បីៗរបស់បរទេសដូចជា Devil May Cry, God of War និង Overwatch វាមានលក្ខណៈដើមភាគច្រើនផ្អែកលើប្រទេសកម្ពុជា។ វាមានបង្ហាញទីកន្លែងប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជាដូចជាអង្គរវត្ត និងភ្នំគូលែន ខណៈសាច់រឿងបង្ហាញពីជីវិតរស់នៅជំនឿ និងរឿងនិទានក្នុងវប្បធម៌ខ្មែរសម័យដើម។
លោក Chivalry ថា៖ «យើងមិនមែនចង់បង្កើតហ្គេមឲ្យគ្រាន់តែសប្បាយនោះទេតែយើងក៏ចង់បង្ហាញឲ្យអ្នកលេងបរទេសស្គាល់ពីទិដ្ឋភាពវប្បធម៌របស់ប្រទេសយើងផងដែរ។ ជាមួយគ្នានេះដែរអ្នកលេងក្នុងស្រុកពេញចិត្តនឹងលក្ខណៈខ្មែរបែបនេះ ដោយសារតែទឹកចិត្តស្រឡាញ់ជាតិរបស់ពួកគេ»។
ខណៈដែលគម្រោងដើមរបស់ Angkorian មាន ១០ វគ្គក្រុមផលិតទើបតែបង្កើតបានហ្គេមក្នុងទម្រង់សាកល្បងដែលមានតែវគ្គដំបូងតែប៉ុណ្ណោះ។ ខណៈដែលថវិកាគឺជាបញ្ហាប្រឈមចម្បងលោក Chivalry បានអះអាងថា ក្រុមអ្នកវិនិយោគនឹងពេញចិត្តក្នុងការបោះទុនលើហ្គេមនេះ។
លោកថា៖ «អ្នកជំនាញបរទេសជាច្រើនកោតសរសើរចំពោះការបង្កើតនេះ។ យើងនឹងបង្ហាញវាទៅអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកបន្ថែមទៀត ដើម្បីទទួលបានការវិនិយោគមួយដ៏ល្អ»។
លោកបន្ថែមទៀតថាហ្គេមនេះនឹងត្រូវបានបញ្ចេញលក់សម្រាប់ឧបករណ៍ Nintendo Switch ក្នុងរយៈពេលមួយឆ្នាំទៀតហើយនឹងមានសម្រាប់ឧបករណ៍ផ្សេងទៀតដូចជា Playstation និង PSP នៅពេលខាងមុខ។ ហ្គេមនេះក៏នឹងអាចត្រូវបានដាក់ឲ្យទាញយកផងដែរនៅលើ Apple Store ដោយមិនគិតថ្លៃតែនឹងមានភ្ជាប់មកជាមួយនឹងការទិញនៅក្នុងកម្មវិធី (In-app Purchase)។
ខណៈមិនទាន់មានការស្រាវជ្រាវច្បាស់លាស់ណាមួយលើវិស័យវីដេអូហ្គេមនៅកម្ពុជាលោក អៀ អ៊ុយ ជាសហស្ថាបនិកម្នាក់ទៀត និងជានាយកប្រតិបត្តិរបស់ SabayOsja បានលើកឡើងថា TheAngkorian នឹងទទួលបានការគាំទ្រខ្លាំងនៅកម្ពុជា។
លោកនិយាយថា៖ «ស្ថិតិបានបង្ហាញពីចំនួនដ៏ច្រើននៃប្រជាជនវ័យក្មេង និងការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា ខណៈប្រជាជនកាន់តែចំណាយច្រើនទៅៗលើការកម្សាន្ត។ ម្យ៉ាងទៀតយើងក៏សំដៅទៅរកទីផ្សារក្រៅស្រុកផងដែរ»៕