ភ្នំពេញ: សាលា​អ៊ិនរ៉ូលមិន (Sala Enrollment) គឺជា​គេហទំព័រ​ថ្មី​មួយ​បង្កើតឡើង​ក្នុង​គោលបំណង​ផ្ដល់​ភាព​ងាយស្រួល​ទៅ​ដល់​សិស្ស​ដែល​ទើប​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​ក្នុង​ការ​ស្វែងរក​សាកលវិទ្យាល័យ ជំនាញ ​សិក្សា​ក៏​ដូចជា​ដំណឹង​អាហារូបករណ៍​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ។

បច្ចុប្បន្ន​នេះ​គេហទំព័រ​សាលា​អ៊ិនរ៉ូលមិន​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ឥតគិត​ថ្លៃ​ទាំង​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​ដែល​រួមមាន​ព័ត៌មាន​អំពី​សាកលវិទ្យាល័យ​ចំនួន ២៨ និង​វិទ្យាស្ថាន​ចំនួន ១៤ នៅ​ទូទាំង​ក្រុង​ភ្នំពេញ។

លោក សុខ លាភ ស្ថាបនិក​គេហទំព័រ​មួយ​នេះ​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា៖ «បញ្ហា​ប្រឈម​របស់​សិស្ស​ក្រោយ​ការ​ប្រឡង​បាក់ឌុប​គឺ​ការសម្រេច​ចិត្ត​ជ្រើសរើស​ជំនាញ​សិក្សា និង​ស្វែងរក​សាលារៀន​ថ្នាក់​បរិញ្ញាបត្រ។ ​សិស្ស​ខ្លះ​នៅតែ​សម្រេចចិត្ត​តាម​គ្នីគ្នា​មិត្តភក្ដិ ឬ​ក្រុម​គ្រួសារ​ជាដើម​ដោយសារ​ពួកគេ​ខ្វះ​ព័ត៌មាន​នៅក្នុង​ដៃ»។

តាមរយៈ​ការបង្កើត​គេហទំព័រ​ដែល​ប្រើ​ពេល​ជិត ១ ឆ្នាំ​ជាមួយ​ក្រុម​យុវជន​ប្រមាណ ១០ នាក់​លោក លាភ យល់​ថា​សាសា​អ៊ីនរ៉ូលមិន​នឹង​ក្លាយ​ជា​កន្លែង​ដែល​សិស្ស​អាច​ចូល​ទៅ​មើល​ព័ត៌មាន​លម្អិត​អំពី​សាកលវិទ្យាល័យ វិទ្យាស្ថាន និង​ការប្រឡង​អាហារូបករណ៍​ទាំង​រដ្ឋ និង​ឯកជន​ដោយ​ពុំ​ចាំបាច់​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​សួរ​ព័ត៌មាន​ពី​សាលា​មួយ​ទៅ​សាលា​មួយ​ទៀត​នោះ​ទេ។

ស្ថាបនិក​វ័យ ៣០ ឆ្នាំ​រូប​នេះ​បន្ថែម​ថា៖ «យើង​ចង់​ឲ្យ​សិស្ស​មាន​ព័ត៌មាន​គ្រប់គ្រាន់​ថា​តើ​មាន​សាកលវិទ្យាល័យ ឬ​វិទ្យាស្ថាន​ប៉ុន្មាន? ហើយ​មាន​ជំនាញ​សិក្សា​អ្វី​ខ្លះ? ដូច្នេះ​ពួកគាត់​អាច​ប្រៀបធៀប និង​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ»។

លោក​បន្ត​បាន​ទៀត​ថា៖ «យើង​បាន​ស្វែងរក​ការសហការ​ជាមួយ​សាកល​វិទ្យាល័យ និង​វិទ្យាស្ថាន​ទាំងអស់ ដើម្បី​បាន​ព័ត៌មាន​លម្អិត និង​ថ្មីៗ​សម្រាប់​យុវជន​ដែល​កំពុង​ស្វែងរក​សាលារៀន»។

នៅ​លើ​គេហទំព័រ​សាលា​អ៊ិនរ៉ូលមិន​ដែល​មាន​អាសយដ្ឋាន https://www.salaenrollment.com ​សម្រាប់​ភាសា​អង់គ្លេស និង https://www.salaenrollment.com/kh/ សម្រាប់​ភាសា​ខ្មែរ​ព័ត៌មាន​ត្រូវ​បាន​ចេញ​ជា ៥ ផ្នែក​ដូចជា ព័ត៌មាន​ទូទៅ​របស់​សាកលវិទ្យាល័យ ឬ​វិទ្យាស្ថាន​នីមួយៗ តម្លៃ​សិក្សា កម្មវិធី​សិក្សា​អាហារូបករណ៍ និង​កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា​ទៅ​ក្រៅ​ប្រទេស​អម​ជាមួយ​រូបភាព​នៅ​ខាង​ក្នុង​សាលា​នីមួយៗ​ផង​ដែរ។

លោក សុខ លាភ បញ្ជាក់​ថា​គេហទំព័រ​សាលា​អ៊ិនរ៉ូលមិន កំពុង​ត្រូវ​បាន​ធ្វើ​បច្ចុនប្បន្នភាព​ជា​រៀងរាល់​ថ្ងៃ​ដោយ​ដាក់​បញ្ចូល​ព័ត៌មាន​ថ្មីៗ​ដែល​ទទួល​បាន​ពី​គ្រឹះស្ថាន​អប់រំ​នានា៕

ទ្រី ស៊ុងហ៊ី