ភ្នំពេញៈ អង្គការ ស៊ីប៉ា និង ស្ថាប័នអប់រំ NTC Group ដែលមានសាលារៀន សុវណ្ណភូមិ សាលា ប្រ៊ីជតុន សាលា ញូវតុនធីឡាយ សាលាអន្ដរជាតិអាមេរិកាំងប៉ាស៊ីហ្វិក និងសាលាអន្ដរជាតិអ៊ីសវ៉េស បានផ្ដើម «យុទ្ធនាការអំណាន» ក្នុងប្រទេសកម្ពុជានៅសាលាឯកជនលើកដំបូង ដើម្បីបណ្ដុះ និងពង្រឹងទម្លាប់នៃការអានពេញមួយជីវិត របស់កុមារ។
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា បានថ្លែងនៅក្នុងពិធីចុះហត្ថលេខាសហការគ្នានាព្រឹកថ្ងៃព្រហស្បតិ៍នេះថា យុទ្ធនាការអំណាននេះនឹងផ្តោតជាពិសេសលើសកម្មភាពផ្សេងៗ ដើម្បីបណ្តុះ និងពង្រឹងទម្លាប់នៃការអានពេញមួយជីវិតរបស់កុមារទាំងនៅក្នុងសាលា និងនៅផ្ទះ ដោយមានការចូលរួមពីសិស្ស អាណាព្យាបាល គ្រូបង្រៀនរបស់ពួកគេ។
លោកបានថ្លែងថា «នៅក្នុងយុទ្ធនាការនេះ Sipar នឹងប្រើប្រាស់បណ្ណាល័យចល័តរបស់ខ្លួនដើម្បីរៀបចំសប្តាហ៍អំណានដែលមានសកម្មភាពផ្សេងៗ ដូចជានិទានរឿងកម្សាន្តបែបអប់រំ និងសំណួរល្បងប្រាជ្ញាដល់សិស្ស» ។
លោកបានបន្ដថា Sipar ក៏នឹងបង្កើតសកម្មភាពអំណានក្នុងសាលា ដូចជាព្រឹត្តិការណ៍ជជែកអំពីសៀវភៅ បង្កើតក្លឹបអ្នកអាន រៀបចំព្រឹត្តិការណ៍សម្ពោធសៀវភៅចេញថ្មី បង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសិស្សកម្រិតវិទ្យាល័យដើម្បីពង្រីកកម្រិតអំណានរបស់ពួកគេ ក៏មានរៀបចំសិក្ខាសាលាជាមួយគ្រូបង្រៀននិងបណ្ណារក្សស្តីពីរបៀបជ្រើសរើសសៀវភៅអានឲ្យបានត្រឹមត្រូវតាមកម្រិតនៃការយល់ដឹងរបស់កុមារផងដែរ។
លោក សុទ្ធិ បានអះអាងថា «អង្គការ Sipar មានមោទនភាពក្នុងការបង្កើតភាពជាដៃគូផ្លូវការលើកទីមួយជាមួយនឹងសាលាឯកជនដើម្បីអភិវឌ្ឍទម្លាប់អំណានក្នុងប្រទេសកម្ពុជា»។
លោកបានបញ្ជាក់បន្ថែមថា «ភាពជាដៃគូនេះនឹងបើកផ្លូវឱ្យស្ថាប័នអប់រំផ្សេងៗទៀត (ទាំងសាលាឯកជន និងសាលារដ្ឋ) ចាប់ផ្តើមដំណើរការដូចគ្នានេះដើម្បីជាប្រយោជន៍យូរអង្វែងដល់សិស្សគ្រប់ៗគ្នា» ។
លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិស្ថាប័នអប់រំ NTC Group បានឲ្យដឹងដែរថា ទោះបីនេះគឺជាលើកដំបូងដែលស្ថាប័នរបស់លោកបានសហការជាមួយអង្គការស៊ីប៉ាក៏ដោយ ប៉ុន្ដែកន្លងមកស្ថាប័នអប់រំរបស់លោកក៏ដូចជាសាលាទាំងអស់បានធ្វើសកម្មភាពជាច្រើនរួចមកហើយ ក្នុងការជំរុញការអាននេះដល់សិស្ស តាមរយៈការបង្កើតបណ្ណាល័យនៅគ្រប់សាលា មានទាំងបណ្ណាល័យដែលមានសៀវភៅជាភាសាខ្មែរ និងអង់គ្លេសដើម្បីជំរុញ្ការអានបន្ថែមដល់សិស្ស ។
លោកបានបន្ដថា «កន្លងមកយើងបានបង្កើតបណ្ណាល័យឲ្យមាននៅគ្រប់ទីតាំងទាំងអស់នៅសាលារៀនរបស់យើង ហើយបណ្ណាល័យនោះមានពីរផ្នែកទៅទៀត គឺផ្នែកភាសាខ្មែរ និងបណ្ណាល័យផ្នែកភាសាអង់គ្លេស ។ ហើយយើងបានបំពាក់នៅសៀវភៅទំនើបៗជាច្រើនដើម្បីជំរុញការអានដល់សិស្ស ហើយនៅ ៣-៤ឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា សន្ទុះនៃការអានរបស់សិស្សមានការកើនឡើងច្រើនណាស់» ។
លោក ឃឹមផុន បានអះអាងថា «សន្ទុះនៃការអានច្រើនដោយសារមាតាបិតារបស់សិស្ស គាត់បានចាប់អារម្មណ៍ចំពោះការអានច្រើន ពួកគាត់បានមកសំណូមពរដូច្នេះសូម្បីតែនៅក្នុងថ្នាក់ ក៏យើងមានកន្លែងសម្រាប់ឲ្យសិស្សអានដែរ ដើម្បីជួយឲ្យសិស្សដែលគាត់មិនទាន់មានកាលវិភាគអាន គាត់អាចយកថ្នាក់រៀនរបស់គាត់ជាកន្លែងអានក៏បាន» ។
លោកបានលើកឡើងថា ការសហការគ្នានេះ គឺជាពេលដ៏ល្អមួយដើម្បីបង្កើនសកម្មភាពជំរុញការអាននេះបន្ថែមទៀត ព្រោះអង្គការ ស៊ីប៉ា គឺជាស្ថាប័នដែលមានជំនាញស្រាប់ចំពោះរឿងនេះ ដូច្នេះការជំរុញការអាននៅស្ថាប័នអប់រំរបស់ NTC Group និងរឹតតែប្រសើរ ។
លោកបានឲ្យដឹងទៀតថា « ស្ថាប័នអប់រំយើងនឹងឲ្យអង្គការស៊ីប៉ា បង្កើតយុទ្ធនាការនៃការអាននៅតាមសាលារបស់យើងទាំងអស់ និងលើកទឹកចិត្តអាណាព្យាបាលកុមារឱ្យប្រើប្រាស់សៀវភៅ Sipar នៅតាមផ្ទះ ដើម្បីបង្កើតវប្បធម៌អំណាននៅក្នុងគ្រួសាររបស់សិស្ស» ៕