ភ្នំពេញៈ​ កាល​ពី​ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ​ ២០១៩ រយៈពេលពេញមួយថ្ងៃ​សាលាអាយឃីដ កម្មវិធី UCMAS បាន​រៀបចំ​កម្មវិធី ប្រឡងកម្រិតអន្តរជាតិ (IGE) ប្រចាំឆ្នាំ ២០១៩​ នៅ​មជ្ឈមណ្ឌល​សហ​ប្រតិ​បត្តិ​ការកម្ពុជា-កូរ៉េ (CKCC)។ កម្មវិធីនេះ ត្រូវ​បាន អញ្ជើញ​ចូលរួមដោយ​​ កញ្ញា ហេង រចនា ជា​នា​យិកា គ្រប់​គ្រង UCMAS កម្ពុជា និង​​ម្ចាស់អាជ្ញាប័ណ្ណ រួម​ទាំង​មាន​​លោកគ្រូ​អ្នកគ្រូ​ អាណា​ព្យា​បាល​សិស្ស និងសិស្សានុសិស្ស​ ដែលជាបេក្ខជនប្រឡងសរុបចំនួន​ ២ ០០០ នាក់។

នាឱ​កាសនោះដែរ កញ្ញា ហេង រចនា នាយិកា គ្រប់គ្រង UCMAS កម្ពុជាបានឲ្យ​ដឹង​ថា៖ «​កម្ម​វិធី​ប្រឡ​ងកម្រិតអន្តរជាតិ​ (IGE) ប្រចាំឆ្នាំ ២០១៩ នេះ​ ធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យ​សិស្សានុ​សិស្ស​របស់​កម្មវិធី UCMAS ប្រកួត​ប្រជែង​សមត្ថភាព​របស់​​ពួកគេទៅលើ ២ វិញ្ញាសា​គឺ វិញ្ញាសា​ Mental និងវិញ្ញាសា Abacus ដែល​មានចំនួន​ ១១ កម្រិតខុសៗគ្នា។​

កញ្ញា ហេង រចនា នាយិកាគ្រប់គ្រង UCMAS កម្ពុជា។ សហការី​

តាម​រយៈការប្រឡងរបស់ កម្មវិធី UCMAS នេះនឹងផ្តល់ឲ្យ​បេក្ខជន​ ដែល​ប្រឡង​ជាប់​ទទួល​បាន​នូវ​វិញ្ញា​​បន​បត្រ​ពីប្រទេសម៉ាឡេស៊ី​ ដែល​ទទួលស្គាល់ពី ៧៩ ប្រទេស​ជុំវិញពិភពលោក​ ក៏​ដូចជា​ជម្រុញ​​ឲ្យ​ការរៀនសូត្ររបស់កុមា​ររឹតតែខ្លាំងឡើង​ នឹង​ពង្រឹង​​គុណភាព​កាន់តែ​ល្អប្រសើរ​ពោល​គឺ​បង្កើន​​​ភាពជឿជាក់ ននិង​សេចក្តី​កា្លហានរបស់​កុមារ​កម្ពុជាគ្រប់ៗរូប។

បើតាមការបញ្ជាក់បន្ថែមរបស់កញ្ញា​ ហេង រចនា បានឲ្យ​ដឹង​​ថា​ សាលា​អាយឃីដនោះ កម្មវិធី UCMAS កម្ពុជា​នឹង​​ត្រៀម​ខ្លួន​ទទួលធ្វើជាម្ចាស់ផ្ទះ សម្រាប់កម្មវិធីប្រឡងថ្នាក់​អន្តរជាតិលើកទី២៤ នៅ​ទី​ក្រុង ភ្នំពេញ​​ នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ដែលមានការ​ចូលរួម​ពី​សំណាក់​​ភ្ញៀវ​​ជាតិ និង​អន្តរជាតិ ជា​ម្ចាស់ អាជ្ញា​​បណ្ណ័ អាណាព្យាបាលសិស្ស និង​សិស្សានុសិស្ស ជាបេក្ខជនប្រឡងសរុបចំនួន​ជាង ១​ ម៉ឺន​នាក់ មក​​ពី ៧៩ ប្រទេសជុំវិញពិភពលោក។ កម្ម​វិធីប្រកួត​នឹង​ប្រព្រឹត្តិទៅ​ក្នុងបរិវេណ​មជ្ឃមណ្ឌលដឹ ព្រេ​មៀ​​សេន​ធ័រ សែន​​សុខភ្នំពេញ​ (The Premier Center Sen Sok) នា​ខែធ្នូ ឆ្នាំ ២០១៩ ខាង​មុខ​នេះ។

ដូ​ច្នេះ​សិស្ស UCMAS កម្ពុ​ជា ទាំងអស់ត្រូវតែ ខិតខំសិក្សា អនុវត្តបន្ថែម ​និង​ត្រៀមខ្លួនឲ្យ​បានរួចរាល់​ដើម្បី​​​ទទួល​បាន​ជោគជ័យ នៅ​​ក្នុង​ព្រឹត្តិការណ៍​ ជា​ប្រវត្តិ​សាស្រ្ត​​កម្មវិធីគណនាលេខ​ ដោយ​ប្រើ​ខួរ​ក្បាល​ និង​ក្បាច់​​គិតលេខចិន​បុរា​ណហៅ​ថា​​ Abacus​ ថ្នាក់​អន្តរជាតិ​លើកទី ២៤ នៃ​កម្មវិធី UCMAS​៕