ភ្នំពេញៈ អង្គការសហប្រជាជាតិ អប់រំ វិទ្យាសាស្ដ្រ និង វប្បធម៌ (UNESCO) បានប្រកាសបើកការប្រកួតវីឌីអូ សម្រាប់អាណាព្យាបាល សិស្ស គ្រូបង្រៀន និងគណៈគ្រប់គ្រងសាលានៅតំបន់អាស៊ីប៉ាស៊ី ចំពោះការផលិតវីឌីអូ ក្រោមប្រធានបទ «សាលារៀនរីករាយ» ដើម្បីលើកទឹកចិត្ដមនុស្សឲ្យយកចិត្ដទុកដាក់កាន់តែខ្លាំងចំពោះវិស័យអប់រំ និងជំរុញសកម្មភាពអប់រំ ។
បេក្ខជន ដែលជាប់ជយលាភី ចំពោះការប្រកួតនេះនឹងទទួលបានការធ្វើដំណើរទស្សនៈកិច្ចទៅទីក្រុងបាងកក រួមជាមួយរង្វាន់ជាច្រើនទៀត។ ចំណែកវីឌីអូជយលាភី នឹងត្រូវយកទៅធ្វើបទបង្ហាញនៅទីក្រុងបាងកក។
តាមការឲ្យដឹងពី UNESCO ការប្រកួតវីឌីអូនេះ គឺដើម្បីលើកទឹកចិត្ត ឲ្យមនុស្សមានការយកចិត្តទុកដាក់ ចំពោះវិស័យអប់រំ និងបំផុសឲ្យមានសកម្មភាពផ្សេងអំពីវិស័យនេះ ដើម្បីជំរុញសាលារៀនឲ្យកាន់តែមានភាពច្នៃប្រឌិត ប្រកបដោយភាពរីករាយដល់សិស្សានុសិស្ស។
សុភមង្គលក្នុងការសិក្សា ក៏ជាប្រធានបទមួយដែលកម្មវិធីប្រកួតនេះ ចង់ទទួលបានពីអ្នកផលិតវីឌីអូនៃការប្រកួតនេះដែរ ព្រោះជាធាតុសំខាន់មួយក្នុងការលើកតម្កើងផ្នែកអប់រំ នៅក្នុងប្រទេសនីមួយៗ ។
ការបង្កើតភាពសប្បាយរីករាយក្នុងការសិក្សា អាចធ្វើឲ្យក្មេងកាន់តែច្រើនឡើងចង់ទទួលយកការរៀនសូត្រ មិនបោះបង់ការសិក្សា ដោយគិតថា ការសិក្សា គឺអាចធ្វើឱ្យពួកគេសប្បាយចិត្ត និងមានភាពកក់ក្តៅ។
បេក្ខជន ត្រូវដាក់វីឌីអូប្រកួតឲ្យបានត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧នេះ ព័ត៌មានលម្អិតចំពោះការប្រកួតនេះ bangkok.unesco.org/content/happy-schools-video-contest ៕