
កម្មវិធីតេស្ត ១២ អាចជួយឲ្យសិស្សវិទ្យាល័យធ្វើលំហាត់តាមស្មាតហ្វូនបាន។ សហការី
ភ្នំពេញៈ តេស្ត ១២ គឺជាកម្មវិធីសិក្សាបង្កើតឡើងដោយក្រុមយុវវ័យ ៧ រូប និងដាក់ឈ្មោះឲ្យស្របនឹងគោលដៅតាមអ្នកប្រើប្រាស់ ជាសិស្សរៀននៅវិទ្យាល័យ ជាពិសេសថ្នាក់ទី ១១ និងទី ១២ ដែលពួកគេអាចឃ្លាំមើលដំណើរការសិក្សារបស់ពួកគេបាន ដើម្បីដឹងពីភាពខ្លាំង និងខ្សោយរបស់ខ្លួន និងរៀបចំវិធីសាស្ត្រក្នុងការសិក្សារហូតពួកគេចេះកាន់តែច្បាស់មានប្រសិទ្ធភាពខ្ពស់។ មិនតែប៉ុណ្ណោះ សិស្សក៏អាចវាស់ស្ទង់ពីសមត្ថភាពនៅលើមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យាបានផងដែរ។
រយ:ពេល ១០ ថ្ងៃ បើគិតត្រឹមថ្ងៃទី ៤ ខែសីហា នេះ ដែលកម្មវិធីតេស្ត ១២ (Tesdopi) ត្រូវបានដាក់ឲ្យទាញយកប្រើបានលើ Google Play Store សម្រាប់កម្មវិធីទូរស័ព្ទនេះ ដោយមានអ្នកប្រើប្រាស់ជាង ១០០០ នាក់ ដែលភាគច្រើនគឺជាសិស្សានុសិស្សត្រៀមប្រឡងបាក់ឌុប ឆ្នាំ ២០១៨ ខាងមុខនេះ។
តេស្ត ១២ អាចធ្វើឲ្យការរៀន និងការបង្រៀនកាន់តែមានប្រសិទ្ធភាពដោយសារតែសម្បូរទៅដោយទិន្នន័យនៃ ការសិក្សា ហើយវាក៏ជាភ្នាក់ងារ ខ្លួនឯងតាមរយៈការសិក្សាដោយខ្លួនឯង និងចំណាយពេលវេលាត្រឹមត្រូវ រីឯគ្រូបង្រៀន និងអ្នកគ្រប់គ្រងតាមសាលានានាអាចប្រើតេស្ត ១២ បានដែរ ដើម្បីវាយតម្លៃពីវឌ្ឍនភាពក្នុងថ្នាក់រៀនរបស់ពួកគេក្នុងពេលវេលាជាក់លាក់ និងផ្ដល់ដំណោះស្រាយមានប្រសិទ្ធភាពទាន់ពេលវេលា។
កញ្ញា ស្រ៊ុន សុវណ្ណ ដែលជាប្រធានប្រតិបត្តិរបស់កម្មវិធីតេស្ត ១២ ឲ្យដឹងថា៖ «យើងអាចមើលឃើញថា សិស្សានុសិស្សកើតជំងឺស្ត្រេសខ្លាំង ពីការប្រឡង ហើយពិបាកចិត្តក្នុងការដឹងថាអ្វីពួកគេចេះ ឬមិនចេះ។ យើងក៏អាចមើលឃើញថា សិស្សធ្វើលំហាត់លើក្រដាសវិញ្ញាសាដើម្បីអនុវត្តមេរៀន ប៉ុន្តែគោលបំណងគឺដើម្បីរៀនពីរបៀបធ្វើយ៉ាងណាឲ្យបញ្ចប់ទាន់ពេលកំណត់វិញ។នេះហើយជាហេតុផលធ្វើឲ្យពួកយើងបង្កើតកម្មវិធីតេស្ត ១២ ឡើង ដែលចំណុចប្លែកពីគេរបស់យើងគឺសិស្សានុសិស្សអាចដឹងអំពីលំហាត់ណា គេចេះហើយ ឬដឹងពីសមត្ថភាពរបស់គេដោយមិនប្រើពេលវេលាកំណត់ និងដឹងមេរៀនណា ឬ លំហាត់ណា ដែលឧស្សាហ៍ចេញក្នុងពេលប្រឡងទៀតផងដែរ។ ដូចនេះពួកគេអាចធ្វើការរៀបចំយុទ្ធសាស្ត្រក្នុងការរៀនបានមុន»។
អ្វីជាបញ្ហាប្រឈមសម្រាប់សិស្សានុសិស្សនោះ គឺមានតែសម្រាប់ទូរស័ព្ទស្មាតហ្វូនប្រើ Android តែប៉ុណ្ណោះ ទើបអាចទាញយកកម្មវិធីតេស្ត ១២ នេះបាន ខណៈថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏កាន់តែខិតជិតមកដល់ហើយដែរ។

កម្មវិធីតេស្ត ១២ (Tesdopi) ត្រូវបានដាក់ឲ្យទាញយកទៅប្រើបានលើ Google Play Store នៃស្មាតហ្វូនប្រើAndroid ។ រូបថត សហការី
ប្រធានប្រតិបត្តិរបស់កម្មវិធីតេស្ត ១២ ក៏លើកឡើងថា៖ «មានសិស្សជាច្រើនសួររកកម្មវិធីនេះសម្រាប់ទូរស័ព្ទស្មាតហ្វូនប្រើប្រព័ន្ធ iOS ប៉ុន្តែយើងមិនទាន់បានបញ្ចប់ការងារនោះនៅឡើយទេ ព្រោះយើងទើបតែចាប់ផ្តើមលើគម្រោងនេះនៅចុងខែឧសភា កន្លងមក និងសូមបញ្ជាក់ដែរថា កម្មវិធីយើងនេះ គឺទាមទារឲ្យមានសេវា អ៊ីនធឺណិត ទើបអាចប្រើបាន អ៊ីចឹងពិបាកសម្រាប់សិស្សខ្លះ ដែលរស់នៅតាមតំបន់ណាដែលមិនសូវមានសេវានេះ»។
ចំពោះក្រុមការងារ តេស្ត ១២ (Tesdopi) រួមបញ្ចូលបញ្ញវន្តកម្មវិធីអាហារូបករណ៍ Fulbright ជាអ្នកជំនាញក្នុងវិស័យអប់រំ អ្នកបច្ចេកវិទ្យាព័ត៌មានវិទ្យា បេក្ខភាពជាតិផ្នែកគណិតវិទ្យាអូឡាំព្យាដ និងអ្នកអនុវត្តគម្រោងដែលបានចំណាយដើមទុនរបស់ខ្លួន និងធ្វើការរួមគ្នាបង្កើតកម្មវិធីនេះឡើង បានជោគជ័យបន្ទាប់ពីចំណាយពេលជាង ២ ខែ ក្នុងការស្រាវជ្រាវដោយការធ្វើការស្ទង់មតិជាមួយនឹងសិស្ស គ្រូបង្រៀន និងអ្នកជំនាញខាងវិស័យអប់រំ។
អ្នកផលិតកម្មវិធីតេស្ត ១២ ក៏បានធ្វើការកែទម្រង់ផ្សេងៗរហូត ៧ ដង ដើម្បីបញ្ចៀសបញ្ហាជាប់គាំង និងមេរោគផ្សេងៗដែលកើតឡើងនៅក្នុងកម្មវិធីដោយទទួលយកនូវយោបល់ពីអ្នកប្រើប្រាស់ដោយផ្ទាល់និងកំពុងតែធ្វើផែនការ ដែលធ្វើឲ្យកម្មវិធីនេះប្រើការបានពេលគ្មានអ៊ីនធឺណិត និងបង្កើតឲ្យមានជាប្រព័ន្ធ គឺ iOS ទៀតផងដែរ។ ហើយដោយពេលនេះកម្មវិធីក៏ដាក់តែជាលំហាត់សម្រាប់អ្នកប្រើប្រាស់អនុវត្តនៅឡើយពួកគេក៏មានគំរោងថានឹងដាក់បញ្ចូលបន្ថែមនូវមេរៀន និងរៀបចំវាជាថ្នាក់ៗសម្រាប់សិស្ស ដើម្បីអនុវត្តលំហាត់ភ្លាមៗ បន្ទាប់ពីពួកគេបញ្ចប់មេរៀននីមួយៗ។
កញ្ញា ស្រ៊ុន សុវណ្ណ ជាប្រធានប្រតិបត្តិ បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ «យើងមិនប្រើការកំណត់ម៉ោងនៅក្នុងកម្មវិធីនេះទេ ដោយសារចង់ឲ្យគេយកការរៀនជាគោលជាងយកម៉ោង។ នៅប្រទេសយើងគេប្រើប្រាស់ការវាស់ម៉ោងជាគោលជាជាងការសង្កត់ធ្ងន់ទៅលើការរៀន ដែលធ្វើឲ្យសិស្សខ្លះចាប់បានមេរៀនដែលពួកគេកំពុងតែសិក្សាក្នុងអំឡុងពេលវេលា ដែលយើងកំណត់ រីឯសិស្សខ្លះទៀតចាប់មេរៀនដូចគ្នានោះមិនបាន ហើយពួកយើងក៏ចង់ផ្លាស់ប្តូររបៀបរៀននេះចេញ»៕
អ៊ុង ដាណេ និង ហុងថុល្លី សុនីត