
សិស្សានុសិស្សជាជយលាភី ដែលមានចំនួនសរុប ៥១ នាក់ គ្រប់កម្រិតក្នុងការប្រឡងថ្នាក់ជាតិនៃកម្មវិធី UCMAS នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ រូប សហការី
ភ្នំពេញៈ កម្មវិធីបណ្តុះបណ្តាលសិស្សានុសិស្សឲ្យមានបំណិនជីវិតល្អ ដោយឈរលើមូលដ្ឋានចេះរៀនគិតលេខរហ័ស ដែលមជ្ឍដ្ឋាននៃមាតាបិតាសិស្សខ្មែរបច្ចុប្បន្នច្រើនស្គាល់ថា «កម្មវិធី UCMAS» នោះ បានរៀបចំការប្រឡងថ្នាក់ជាតិលើកទី ៣ ហើយ កាលពីម្សិលមិញ ក្រោមអធិបតីលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅមជ្ឈមណ្ឌលកោះពេជ្រ។
កម្មវិធី UCMAS ដែលមាន ការប្រកួតប្រជែងមាន ៣ វិញ្ញាសាធំៗនោះ បានរកឃើញសិស្សានុសិស្សឆ្នើមជាម្ចាស់ជយលាភីតាមកម្រិតផ្សេងៗមានចំនួន ៥១ រូប នៅក្នុងចំណោមកុមារ សរុបចំនួន ២១១៩ នាក់ ដើម្បីត្រៀមខ្លួនបន្តយកទៅចូលរួមប្រកួតលក្ខណៈអន្តរជាតិលើកទី ២៣ UCMAS INTERNATIONAL COMPETITION នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
លោក បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាឱកាស ចូលរួមនោះបានថ្លែងនូវកោតសរសើរចំពោះការបង្កើតឲ្យមានការប្រឡងថ្នាក់ជាតិលើកទី ៣ នៃកម្មវិធី UCMAS នៅកម្ពុជា ដែលជាកម្មវិធីជួយឲ្យចេះប្រើវិធីគណនាលេខរបស់សិស្សបានលឿន និងជាការបន្ថែមនូវជំនាញបំណិនជីវិត និងជាទុន ហ្វឹកហាត់ខួរក្បាល
លោកថ្លែងថា៖ «នេះជាបំណិនផ្នែកគិតលេខដ៏សំខាន់ នៅក្នុងការសិក្សារៀនសូត្រ នៅថ្នាក់បន្ទាប់ៗទៀត ប្រើប្រាស់សម្រាប់បំពេញការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ»។
លោកបន្តថា «កម្មវិធីសិក្សានេះពិតជាសំខាន់ ហើយក៏អរគុណដល់មាតាបិតា ដែលបានគាំទ្រ និងបញ្ជូនកូនៗឲ្យមកសិក្សាជំនាញនេះបន្ថែមលើកម្មវិធីសិក្សានៅសាលា ដែលអាចបណ្តុះភាពវៃឆ្លាត និងវិធីសាស្ត្រគិតលេខបានលឿន និងធ្វើឲ្យចំណេះដឹងកូនៗកាន់តែរឹងមាំសម្រាប់ថ្ងៃអនាគត»។

លោកសាស្រ្តាចារ្យបណ្ឌិត ឌីណូ វង្ស ជាស្ថាបនិក និងប្រធាន កម្មវិធី UCMAS អន្តរជាតិ ក៏បានលើកឡើងពីគុណប្រយោជន៍សំខាន់ៗ ដែលបានពីការសិក្សាកម្មវិធី UCMAS នេះដែរ។
លោកថា៖ «កុមារចាប់ពីចន្លោះ ៤ ឆ្នាំ ឡើងទៅវ័យ ១២ ឆ្នាំ ត្រូវបានចូលរៀនថ្នាក់បណ្តុះបណ្តាលនៃកម្មវិធី UCMAS។ ក្រៅពីទទួលបានភាពឆ្លាសវៃលើផ្នែកគណិតសាស្រ្តគឺមានភាពរហ័សរហួនក្នុងការគិតលេខនោះ ពួកគេក៏ទទួលបាននូវបំណិនជីវិតពេញមួយជីវិតរបស់ពួកគេតែម្តង»។
គួរបញ្ជាក់ថា កម្មវិធី UCMAS បានក្លាយទៅជា Universal Borderless Education Concept សម្រាប់ពិភពលោកទាំងមូល ហើយវាជាប្រយោជន៍ទៅដល់កុមារជាង ២.៥ លាន នាក់ នៃប្រទេសចំនួន ៧៩ ប្រទេសជាសមាជិក ក្នុងពេលបច្ចុប្បន្ន នៃតំបន់ ៥ ទ្វីប ខណៈ UCMAS Cambodia មានចំនួន ៣៩ សាខា ទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា ដោយការប្រកួតថ្នាក់ជាតិមានចំនួនលើកមកហើយគិតចាប់ឆ្នាំ ២០១៦ មក។
វគ្គនិមួយៗនៃកម្មវិធី UCMAS ដែលមានរយៈពេលចន្លោះពី ៣ ឆ្នាំ ទៅ៥ ឆ្នាំ នោះកុមារអាចមានទម្លាប់ល្អៗជាច្រើនសម្រាប់ជីវិតពួកគេ គឺអាចមានទម្លាប់ល្អលើការផ្តោតអារម្មណ៍សិក្សាគ្រប់មុខវិជ្ជានៃការសិក្សាចំណេះដឹងទូទៅ មានជំនាញចេះសង្កេតតាមដានលើការសិក្សាផ្ទាល់ខ្លួនបានល្អ មានការចង់ចាំបានល្អផ្នែកខួរក្បាល មានទម្លាប់ប្រើនូវក្តីស្រមៃរបស់ខ្លួនបានល្អ និងអាចមានគំនិតច្នៃប្រឌិតបានល្អ សម្រាប់ការអនុវត្តន៍លើមុខជំនាញរបស់ពួកគេផងដែរ៕
