កំពង់ចាម៖ ដោយខេត្តកំពង់ចាម ជាខេត្តដែលមានចំនួនប្រជាជនច្រើនទីពីរក្នុងប្រទេសកម្ពុជា ហើយភាគច្រើននៃប្រជាជនដែលរស់នៅខេត្តនេះប្រកបអាជីវកម្មលក់ដូរ ធ្វើចំការ ខ្នាតធំ និងបើកហាងផ្សេងៗជាដើមនោះ ទើបមានគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន បានបើកសាខានៅទីនោះ រួមទាំងព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ផងដែរ។
កាលពីព្រឹកម្សិលមិញ ក្បួនដង្ហែរ៉ឺម៉ក់កង់បីចំនួន ១០ គ្រឿងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ខេត្តកំពង់ចាម បានចុះយុទ្ធការផ្សព្វផ្សាយព័ត៍មានអំពីសាខាថ្មីរបស់គ្រឹះស្ថាន ក៏ដូចជាសេវាឥណទាននានាដែលគ្រឹះស្ថានមានផ្តល់ជូនអតិថិជននៅខេត្ត កំពង់ចាម។
ប្រជាជនតាមដងផ្លូវមានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងក្បួនដង្ហែដោយមានការចាក់បន្លឺសូរសំឡេងផ្សព្វផ្សាយពីសេវានានារបស់គ្រឹះស្ថានដូចជា «…សេវាកម្ចីសម្រាប់អាជីវកម្ម កម្ចីសម្រាប់ទិញគេហដ្ឋាននិងខុនដូ និងកច្ចីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន…» ដែលជាការបង្ហាញប្រាប់ព័ត៍មានសេវាឥណទាន ជូនអតិថិជនគ្រប់រូប។
ក្បួនដង្ហែបានចាប់ផ្តើមចេញដំណើរពីស្តង់នៅខាងមុខគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិល ស៊ី សាខាខេត្តកំពង់ចាម ឆ្ពោះទៅទីតំាងផ្សារចំនួន ៧ កន្លែងរួមមាន៖ ផ្សារសួង ផ្សារបុសខ្នុរ ផ្សារព្រៃទទឹង ផ្សារកំពង់ចាម ផ្សារបឹងកុក ផ្សារសាមគ្គី និងផ្សារថ្នល់ទទឹង។
គ្រឹះស្ថានមានការកត់សម្គាល់ឃើញថា វិស័យធនាគារ និង ហិរញ្ញវត្ថុ នៅតែបន្ត អភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងវិសាលភាព និងទំហំប្រតិបត្តិការ ហើយបានដើរតួនាទីកាន់តែសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេស គឺផ្តល់ភាពងាយស្រួល ដល់ប្រជាជននិងម្ចាស់សហគ្រាសនានាអាចទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម ឬ តម្រូវការផ្សេងៗ។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី មានប្រសាសន៍ថា៖ «សាខាថ្មី នៅខេត្តកំពង់ចាមនេះ គឺជាសាខាទី៦ របស់គ្រឹះស្ថាន ហើយខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋនិងសហគ្រាសនានានៅខេត្ត កំពង់ចាម នឹងទទួលបាននូវភាពងាយស្រួលជាងមុន និងមានសេចក្តីពេញចិត្តចំពោះជម្រើសសេវាឥណទានកាន់តែសម្បូរបែប និងល្អឡើង»។
ជាក់ស្តែង អាជីវករលក់ទូរស័ព្ទក្នុងវ័យ ២៨ ឆ្នាំម្នាក់នៅខេត្តកំពង់ចាម លោក សេង លីដា ដែលកំពុងសិក្សាពីប្រភេទឥណទាននានា ដើម្បីចាប់ផ្តើមអាជីវកម្មមួយផ្សេងទៀតបានឲ្យដឹងថានៅពេលដែលមានវត្តមានរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅជិតផ្ទះ ប្រាកដជាអាចជួយសម្រួល បានច្រើនដល់អតិថិជន ព្រោះថាខេត្តកំពង់ចាម មានអាជីវកម្មចម្រុះដែលត្រូវការពិភាក្សាពីសេវាឥណទាននានា។
លោកបន្តថា៖ «កាលណាមានគ្រឹះស្ថានហិរញ្ញវត្ថុច្រើន តែងមានការប្រកួតប្រជែងច្រើនលើសេវាកម្ម ដែលផ្តល់នូវជម្រើសកាន់តែប្រសើរឡើងដល់អតិថិជន និងកាត់បន្ថយភាព ស្មុគស្មាញក្នុងការដាក់ស្នើសុំកម្ចីឥណទាន»។
ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនសព្វថ្ងៃ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី មានទិសដៅក្នុងការបន្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឲ្យបានយ៉ាងឆាប់រហ័ស សំដៅមានបណ្តាញសាខានៅស្ទើរគ្រប់ខេត្តបន្ថែមលើសាខានៅរាជធានីភ្នំពេញ ហើយធ្វើយ៉ាងណាឲ្យក្លាយជាស្ថាប័នហិរញ្ញវត្ថុដែលជាជម្រើសទី១ របស់អតិថិជនជានិច្ច។
គួរបញ្ជាក់ដែរថា ក្បួនផ្សព្វផ្សាយអំពីគ្រឹះស្ថានហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ីនេះ នឹងប្រព្រឹត្តទៅពីថ្ងៃ ១៥ នេះរហូតដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៨នៅជុំវិញខេត្តកំពង់ចាម។
គិតត្រឹមចុងឆ្នាំ ២០១៧ នេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានពង្រីកវិសាលភាពសេវា និងបណ្តាញប្រតិបត្តិការនៅតាមរាជធានី-ខេត្ត ដោយមានសាខាចំនួន ២,១៦៤ កន្លែង និងម៉ាស៊ីនដក និងដាក់ប្រាក់ស័្វយប្រវត្តិ (ATM) ចំនួន ១,៨០៤ ម៉ាស៊ីន បើតាមរបាយការណ៍ប្រចំាឆ្នាំ ២០១៧ និងទិសដៅការងារឆ្នាំ ២០១៨ របស់ធនាគារជាតិនៃកម្ពុជា៕