
សិល្បករកំពុងផ្ចិតផ្ចង់ធ្វើទោងច្នៃពីខ្មៅដៃរាប់ពាន់ដើម។ AFP
ក្រុងការ៉ាជី: ដោយមានភ្នែកមុតក្នុងការរំលេចនូវភាពលម្អិត លោក ប៊ីឡាល អាស៊ីហ្វ បានបង្កើតកំណត់ត្រាពិភពលោកដ៏ចម្លែកបំផុត ដោយការបង្កើតសាឡុងទោងធំបំផុតពីខ្មៅដៃ។
លោក អាស៊ីហ្វ សំងំនៅក្នុងបន្ទប់នៅទីក្រុងការ៉ាជី ភាគខាងត្បូង ដោយការសម្អិតសម្អាងសម្រួចខ្មៅដៃនឹងផ្លែឡាម និងបន្ថែមការរចនាលម្អជាមួយវត្ថុផ្សេង។
នៅខែមករាខាងមុខ លោក អាស៊ីហ្វ គ្រោងចុះបញ្ជីស្នាដៃរបស់លោកទៅក្នុងកំណត់ត្រាឯតទគ្គកម្មហ្គីនណេសពិភពលោក។ លោកបានប្រើខ្មៅដៃរហូតដល់ ៣ ម៉ឺនដើម ដោយកាត់ជាជាង ១០ ម៉ឺនបំណែក។
បង្គោលទោងរំលេចរូបភាពខ្មៅដៃយក្ស ខណៈការឌីហ្សាញគំនូរប៉ាស្ដែលចម្រុះពណ៌ បានបង្ហាញពីរចនាប័ទ្មសិល្បៈដ៏ល្អឆើតរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលស្រដៀងនឹងការតុបតែងលើរថយន្ដដឹកទំនិញកំពុងចរាចរណ៍ពេញដងផ្លូវនៃប្រទេសប៉ាគីស្ថាន។
បំណងបំបែកកំណត់ត្រាពិភពលោក ជាប្រពៃណីប្រទេសជិតខាងដូចជាឥណ្ឌា តែនៅប៉ាគីស្ថាន ការសម្រេចគោលដៅកំណត់ត្រាគឺជាបំណងប្រាថ្នាចម្បងរបស់យុវជន អាស៊ីហ្វ ដែលចាប់ផ្ដើមប្រមែប្រមូលខ្មៅដៃពីជុំវិញពិភពលោក។
លោកបានប្រាប់ថា៖ «វាជាសារសន្ដិភាពមួយពីពលរដ្ឋប៉ាគីស្ថានផ្ញើដល់បណ្ដាប្រទេសដទៃតាមរយៈស្នាដៃសិល្បៈនេះ»៕