
បើអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៥ ពីទីក្រុងភ្នំពេញទៅដល់ខេត្តពោធិ៍សាត់ ត្រង់បង្គោលគីឡូលេខ ១៧១ រួចធ្វើដំណើរជាងមួយរយម៉ែត្រទៅមុខទៀតអ្នកនឹងឃើញមានផ្លូវលំមួយខ្សែក្រាលគ្រួសក្រហមនៅខាងឆ្វេងដៃ។
តែបើអ្នកបន្តធ្វើដំណើរតាមផ្លូវក្រាលគ្រួសក្រហមនោះជាង ១០ គីឡូម៉ែត្រទៀត អ្នកនឹងទៅដល់តំបន់ដាច់ស្រយាលមួយដែលមានភ្នំជាច្រើននៅជុំវិញ ផ្ទះអ្នកភូមិដែលសង់ដាច់ៗពីគ្នា ជាមួយគ្នានោះដែរអ្នកក៏នឹងឃើញមានសាលារៀនមួយខ្នងដែលមានសរសេរអក្សរនៅក្លោងទ្វារថា “សាលាបឋមសិក្សារលាបស្រង៉ាំ” សាលានេះត្រូវបានសាងសង់ឡើងនៅឆ្នាំ ២០១០ ពីជញ្ជាំងឈើ និងដំបូលស័ង្កសីដោយប្រជាសហគមន៍នៅក្នុងតំបន់នេះ។ សាលានេះមានទីតាំងស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មកទល់បច្ចុប្បន្នសាលានេះមានការទ្រុតទ្រោមយ៉ាងខ្លាំងពេលមានភ្លៀងម្តងៗសិស្សានុសិស្សត្រូវបង្ខំចិត្តអត់ទៅរៀន ដោយសារដំបូលមានការធ្លុះរហែកលេច និងសាច។ ពេលមេឃក្តៅខ្លាំងក៏ពួកគាត់មិនអាចរៀនក្នុងសាលាបានដែរ។ ដោយសារការស្រេកឈ្លានការអប់រំ និងចង់បានអនាគតភ្លឺស្វាងសម្រាប់ខ្លួនពួកគេទៅថ្ងៃអនាគតប្អូនៗកុមារតូចៗ ដែលភាគច្រើនជាកូនកសិករក្រីក្រ និងខ្វះខាតត្រូវធ្វើដំណើរពីផ្ទះរបស់គេដោយថ្មើរជើងពី ៣ ទៅ ៧ គីឡូម៉ែត្រជារៀងរាល់ថ្ងៃ។
ជាក់ស្តែងកុមារី យន ភារម្យ បានប្រាប់ពីការលំបាករបស់នាងថា “ពេលភ្លៀងម្តងៗធ្វើឲ្យខ្ញុំទទឹកជោគ រកកន្លែងអង្គុយអត់បាន អត់មានតុអង្គុយរៀនគ្រប់គ្រាន់ ហើយតែងដណ្តើមកន្លែងគ្នាអង្គុយ។ ”
ដោយមើលឃើញតម្រូវការ និងការលំបាកយ៉ាងខ្លាំងបែបនេះតាមរយៈមូលនិធិ ខេអឹមអេច (KMH Foundation) ដែលជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គមរបស់សម្ព័ន្ធក្រុមហ៊ុនអាយអេសអាយគ្រុប (ISI GROUP) បានសម្រេចថានឹងសង់សាលាថ្មីមួយខ្នងដើម្បីជួយសម្រួលដល់ការសិក្សារបស់ប្អូនៗសិស្សានុសិស្សដែលកំពុងជួបការលំបាកនៅទីនោះ។
វីដេអូ
សាលាថ្មីនេះបានបើកសម្ពោធឲ្យប្រើប្រាស់កាលពីថ្ងៃទី ១៨ មីនាកន្លងទៅនេះដោយបានចំណាយថវិកាជាង ៦ ម៉ឺនដុល្លារអាមេរិក។ អគារថ្មីនេះទំហំសរុប ៣២ម×៩ម មានបន្ទប់សិក្សាចំនួន ០៤ (បន្ទប់នីមួយៗមានទំហំ ៨ម׳៦,៨ម ដែលអាចផ្ទុកសិស្សបានចំនួន ៤០ នាក់) ក្តារខៀន ០៤ តុសិស្សចំនួន៦០ និងតុគ្រូចំនួន ០៤។
លោក កាំងឡេង អគ្គនាយកក្រុមហ៊ុន អាយ អេស អាយគ្រុប បានលើកឡើងថា៖ «យើងបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីសង្គម ដូច្នេះយើងត្រូវតែជួយដល់សង្គមវិញ។ យើងបានបង្កើតមូលនិធិខេអឹមអេចនេះឡើងក្នុងគោលបំណងដើម្បីជួយអភិវឌ្ឍសង្គមខ្មែររបស់យើងហើយវិស័យអប់រំជាវិស័យមួយដែលយើងគួរយកចិត្តទុកដាក់ជាងគេ។ ប្រទេសជាតិមួយរីកចម្រើនបានត្រូវទាមទារឲ្យមានការរីកចម្រើនផ្នែកធនធានមនុស្ស។»
បន្ថែមពីលើនេះលោក កាំងឡេង ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ប្អូនៗកុមារឲ្យខិតខំរៀនសូត្រ ចេះគោរពចាស់ទុំឪពុកម្តាយ ហើយត្រូវតែតស៊ូរៀនឲ្យបានចប់ចុងចប់ដើម។ ក្នុងនោះដែរលោកក៏បានលើកទឹកចិត្តឲ្យអាណាព្យាបាលគាំទ្រ និងបញ្ជូនកូនៗពួកគាត់ឲ្យបានចូលរៀនគ្រប់ៗគ្នាផងដែរ។
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយសម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) ដើម្បីជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គមរបស់ខ្លួន មូលនិធិខេ អឹម អេច (KMH Foundation) ជឿជាក់លើការចែករំលែក និងការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការគាំទ្រយ៉ាងសកម្មដល់សហគមន៍ដែលក្រុមហ៊ុនបាននឹងកំពុងធ្វើអាជីវកម្ម។ មូលនិធិខេ អឹម អេច (KMH Foundation) បានផ្តោតការយកចិត្តទុកដាក់ និងគាំទ្រដល់វិស័យគោលសំខាន់ៗបីរួមមាន វិស័យកីឡា ការអប់រំ និងសុខភាព។