ភ្នំពេញៈ​ កាល​ពី​​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៩ កន្លងមក​នេះ ​ សាលាអាយឃីដ កម្មវិធី UCMAS បាន​រៀបចំកម្មវិធី ប្រគល់​រង្វាន់​សិស្សជយលាភី ថ្នាក់អន្តរជាតិលើកទី២៣ និងអបអរសារទ​ដល់​គ្រូ​បង្រៀនឆ្នើម ជា​មួយ​ម្ចាស់​អាជ្ញាបណ្ណ​នៃកម្មវិធី UCMAS កម្ពុជា​ នៅ​មជ្ឈ​មណ្ឌល​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា-កូរ៉េ(CKCC)។

កម្មវិធីនេះ​​ត្រូវបានអញ្ជើញ​ចូលរួម​ដោយ​លោក បឺតណាត វង្ស ជា​នាយកប្រតិបត្តិនៃ UCMAS កម្ពុជា ​និង​ជា​ទីប្រឹក្សាអប់រំមកពី UCMAS អន្តរជាតិ កញ្ញា ហេង រចនា ជា​នាយិកា​គ្រប់គ្រង UCMAS កម្ពុជា និង​ជា​ម្ចាស់អាជ្ញាប័ណ្ណ លោកគ្រូ​អ្នកគ្រូ ព្រ​ម​​​ទាំង​​​មាន​អាណា​ព្យាបាល​សិស្ស​និង​សិស្សានុសិស្ស​ជយ​លាភីសរុបចំនួន ២៥០នាក់ ។

ក្នុងឱកាសនោះ​លោក បឺតណាត វង្ស នាយកប្រតិបត្តិនៃ UCMAS កម្ពុជានិងជាទី​ប្រឹក្សាអប់រំ មកពី UCMAS អន្តរជាតិបានធ្វើការសំណេះសំណាលទៅកាន់អង្គពិធីទាំងមូលថា៖« ការ​ប្រឡង​ថ្នាក់​អន្តរ​ជាតិ​​លើកទី២៣​ នៅទីក្រុងកូឡាឡាំពួ កន្លងផុត​ទៅ​ជាលទ្ធផល​សិស្ស​កម្ពុជា​បាន​ទទួល​ជយ​លាភី​ ៥១ នាក់ ក្នុងចំណោម​កុមារ UCMAS ឆ្លាតវៃជាច្រើនមកពី ៨០ ប្រទេសនៅ​ជុំវិញ ពិភព​លោក​។ ក្នុងនាមជានាយកប្រតិបត្តិនៃកម្មវិធី UCMAS ​កម្ពុជា ខ្ញុំ​ពិតជាមាន​អារម្មណ៏រំភើប និងត្រេក​អរ​​​ក្រៃលែង​ ចំពោះកុមារកម្ពុជា ដែលបាននាំមកនូ​វមោទភាពដ៏អស្ចារ្យ សម្រាប់កម្ពុជា​ និង​ក្រុម​គ្រួសារ​​ព្រមទាំង​ប្រទេសជាតិ​ទាំងមូល»។ ​

បើតាមការបញ្ជាក់​បន្ថែម​របស់លោក​បានឲ្យ​​ដឹងថា សាលា​អាយឃីដ​កម្មវិធី UCMAS​ កម្ពុជា​នឹង​ទទួល​ធ្វើ​ជាម្ចាស់ផ្ទះ​សម្រាប់​ការប្រឡងថ្នាក់​អន្តរជាតិ​លើកទី២៤ នៅទីក្រុ​ង​​ភ្នំពេញ​​ ព្រះរាជាណា​ចក្រកម្ពុជា​ ដែល​ររំពឹងទុកថា ​នឹង​មានសិស្ស UCMAS កម្ពុជា ចន្លោះពី ​៣០០០-​៤០០០​ នាក់ ចូលរួម​ក្នុងការប្រកួតនេះ ជាមួយ​នឹង​សិស្ស UCMAS មកពីប្រទេសនានាជុំវិញពិភពលោក​ ដែល​មាន​ប្រមាណ ​២០០០-៣០០០ នាក់ទៀត។ កម្មវិធី​ប្រឡងដ៏ធំនេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែធ្នូ​​ ឆ្នាំ​២០១៩ ខាង​មុខ​។

លោក​សំណូមពរ​ថា​៖ «ដូច្នេះសិស្ស UCMAS កម្ពុជា ទាំងអស់ត្រូវតែខិតខំសិក្សា​អនុវត្ត​បន្ថែម ​និង​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​ ដើម្បី​ទទួល​បាន​ជោគជ័យក្នុ​ងការ ប្រឡង​ថ្នាក់​អន្តរជាតិ​លើកទី​២៤​ នៅ​ក្នុងប្រទេស​កម្ពុជា នាចុង​ឆ្នាំ២០១៩»៕​