ភ្នំពេញ: មិនមែនទាល់តែមានពន្លឺគ្រប់គ្រាន់ទើបអាចមើលឃើញភាពទាក់ទាញនោះទេតែជាមួយសម្ភារតុបតែងទំនោរថ្មីបែបយុវវ័យ សូម្បីក្រោមស្បៃអន្ធកាលក៏អាចបញ្ចេញពន្លឺដ៏ទាក់ភ្នែកផងដែរ។
ក្រចកហោះក្នុងទីងងឹត ជាទឹកថ្នាំសម្រាប់អ្នកនិយមលេងម៉ូដក្រចក។ ស្កុត និង ស្ទិកឃ័រ ជះពន្លឺសម្រាប់បិទតុបតែងលម្អនាពេលអត់មានភ្លើងបំភ្លឺលើឧបករណ៍ទូរស័ព្ទកុំព្យូទ័រ ម៉ូតូ កង់ សូម្បីតែកាំជណ្ដើរ និងជញ្ជាំង។
ទឹកថ្នាំពណ៌លាបលើវត្ថុផ្សេងៗ រួមមាន ក្រដាស សម្លៀកបំពាក់ កែវ ប្លាស្ទិក ថ្ម ដោយលាបកាន់តែក្រាស់ កាន់តែភ្លឺចិញ្ចែងចិញ្ចាច។
ខ្នើយប្រែពណ៌ ដែលអ្នកកើយអាចគូសវាស ឬសរសេរអក្សរតាមចិត្ដចង់។ កាសទូរស័ព្ទជះពន្លឺតាមខ្សែស៊ុមកុងតាក់ឃ្យូតៗបានទាំងស្អាត និងអត្ថប្រយោជន៍ពេលដាច់ភ្លើង ជាពិសេស ខ្សែស្បែកជើងបញ្ចេញពន្លឺក្នុងទីងងឹត ពេលពាក់ចូលក្លិប និងកម្មវិធីផ្សេងៗ ទំនងជាអាចទាក់ចិត្ដអតិថិជនយុវវ័យដែលប្រាថ្នាបង្អួតសម្ភារប្រើប្រាស់សម័យថ្មីប្លែក។
ជាយុវវ័យចូលចិត្ដលេងម៉ូដសម្ភារប្លែកៗកញ្ញា តារា រត្ន ដែលអះអាងថា ទីផ្សារក្នុងស្រុកមិនសូវសម្បូរផលិតផលបញ្ចេញពន្លឺសម្រាប់តុបតែងលម្អទាំងនេះ កាលពី ៣ ខែមុន បានសម្រេចចិត្ដចាប់ដៃគូជាមួយមិត្ដភក្ដិបើកហាងលក់ផលិតផលតាមអនឡាញ Glow It Up។
កញ្ញា រត្ន បានប្រាប់ថា៖ «អតិថិជនភាគច្រើនជាយុវវ័យ សឹងតែ ៩០ ភាគរយ។ ពួក-គាត់ចូលចិត្ដផលិតផលជាងគេមានស្កុត មានកាសទូរស័ព្ទ និងខ្សែស្បែកជើង»។
ស្កុតតម្លៃ ៤ ដុល្លារ សម្រាប់បិទលើជញ្ជាំង ម៉ូតូ កង់ ទូរស័ព្ទ ដែលធន់នឹងទឹក។ អ៊ីចឹងគេយកទៅបិទជាស្ទិកឃ័រសម្រាប់ដេគ័រ។ ដល់ពេលយប់ឡើង វាភ្លឺ។
អតិថិជនយកទៅបិទនៅកន្លែងកុងតាក់ ឬកន្លែងជណ្ដើរអ៊ីចឹង វាភ្លឺងាយស្រួលចំណាំពេលដាច់ភ្លើងជាពិសេស។ ចំពោះកាសទូរស័ព្ទ វាអាចជះពន្លឺស្រស់ស្អាត និងមានរូត (២ ម៉ឺនរៀល) ហើយខ្សែស្បែកជើង (១ ម៉ឺនរៀល) ក៏ភ្លឺក្នុងទីងងឹតដែរ។
ដោយគ្រោងនាំចូលផលិតផលជាច្រើនទៀត កញ្ញា រត្ន បានបន្ថែមថា៖ «នៅច្រើនទៀតបង។ អ្វីដែលពួកខ្ញុំលក់នេះ គ្រាន់តែមួយផ្នែកតូចប៉ុណ្ណោះ។ ឧទាហរណ៍ ដូចជា ម្សៅ ស្រោមទូរស័ព្ទ សូម្បីតែកាតាប មួក ខោអាវ»។
លោក សូ វិរៈបុត្រ ជាដៃគូជំនួញ បាននិយាយថា លោកនឹងដឹកជញ្ជូនដល់គេហដ្ឋានអតិថិជន ប្រសិនបើអតិថិជនរាជធានីភ្នំពេញ ទិញផលិតផលចាប់ពី ១ ម៉ឺនរៀល និង ៤ ម៉ឺនរៀល សម្រាប់អតិថិជននៅតាមបណ្ដាខេត្ដ។
ព័ត៌មានលម្អិតមាននៅទំព័រហ្វេសប៊ុក Glow It Up៕