រតនគិរីៈ ដោយសារ​តែមាន​គោលដៅ​ចង់​លើក​កម្ពស់​ទៅ​ដល់​សមភាព​យេនឌ័រ នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ការ​បង្កើត​គម្រោង​ឲ្យ​មាន​ការ​ជួយ​បង្កើន​ពី​សមត្ថភាព និង​លទ្ធភាព ក្មេង​ស្រី​តែ​ម្តង ទើប​អង្គការ​ភ្លែន​អន្តរជាតិ បាន​រៀបចំ​គម្រោង​មួយ​ក្រោម​ប្រធាន​បទ​ថា «ក្មេង​ស្រី​ដឹកនាំ» រយៈពេល ៥ ឆ្នាំ ដោយ​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន ៣ លាន ដុល្លារ ឲ្យ​អនុវត្ត​នៅ​ក្នុង​ខេត្ត​ចំនួន ៣។

នេះ​បើតាម​ពិធី​បើក​សន្និសីទ​សារព័ត៌មាន​ប្រកាស​ឲ្យ​ដាក់​ដំណើរការ​គម្រោង​នេះ កាល​ពី​ថ្ងៃ​ទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨ នៅ​ឯ​ខេត្ត​រតនគិរី សម្រាប់​ការ​អនុវត្ត​ផែនការ​ចំនួន ៥ ឆ្នាំ​ចាប់​ពី​ឆ្នាំ ២០១៨ រហូត​ទៅ​ដល់​ឆ្នាំ ២០២៣។

គម្រោង​ក្មេងស្រី​ដឹកនាំ ដែលមាន​ទំហំ​ទឹកប្រាក់ ៣ លាន ដុល្លារ ដែលមាន​គោលដៅ ធ្វើយ៉ាងណា​ឲ្យ​ជំទង់ និង​យុវជន ជាពិសេស កុមារី និង​ស្ត្រី​វ័យ​ក្មេង ចូលរួម​ពង្រឹង កៀរគរ​សកម្មភាព​ក្នុង​ការ​កសាង​សម​ភាព​យេនឌ័រ និង​សំឡេង​ពួកគេ​ត្រូវ​ផ្តល់​តម្លៃ​ក្នុង​ការ​សេចក្តី​សម្រេច​ចិត្ត​គ្រប់​កម្រិត។

លោក យេន យេប ក្លែ​ន​រេ​ន​ស៊ី​ង្គ ជា​នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ ឲ្យ​ដឹងថា «គម្រោង​នេះ នឹង​បង្កើន​សមត្ថភាព និង​លទ្ធភាព របស់​ក្មេង​ស្រី ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ផល​ជាច្រើន។ ទី ១ ទទួល​បាន​ការ​សិក្សា ទី ២ ការ​ចែក​រំលែក ទី ៣ ការ​បង្កើត និង​ទី ៤ ដឹកនាំ»។

នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ បាន​បន្តថា៖ «គម្រោង​នេះ​ប្រើប្រាស់​យន្តការ ពង្រឹង​សមត្ថភាព​ទាំង​ក្មេង​ស្រី និង​ក្មេង​ប្រុស ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួកគេ​សហការ​គ្នា ស្វែង​យល់ សម្រួល ដោះស្រាយ និង​ផ្លាស់ប្តូរ​វិសមភាព​សង្គម និង​វិសមភាព​យេនឌ័រ​នៅ​កម្ពុជា។ ក្តី​រំពឹង​ទុក​សំខាន់ៗ​នៃ​គម្រោង​នេះ ចង់​ឲ្យ​កុមារី និង​កុមារា ជា​សមាជិក​ក្រុម​ក្លិប​កុមារ នឹង​សិក្សា ចែក​រំលែក បង្កើត និង​ដឹកនាំ លើក​កម្ពស់​ការ​អភិវឌ្ឍ​សង្គម និង​សមភាព​យេនឌ័រ។ ជា​បន្ទាប់​ក្រុម​គ្រួសារ និង​អាជ្ញាធរ​មូលដ្ឋាន នឹង​ជួយ​គាំទ្រ​ដល់​កុមារី និង​កុមារា ឲ្យ​ពួកគេ​បាន​ចូលរួម​ក្នុង​ការ​ផ្លាស់ប្តូរ​វិសម​ភាព​សង្គម និង​វិសមភាព​យេនឌ័រ។ ជាពិសេស​ចង់​ឲ្យ​ពួកគេ​មាន​សមត្ថភាព​បង្កើត​បណា្ដញ​កុមារ​អ្នក​តស៊ូ​មតិ (CAN) និង​បណា្ដញ​ស្ត្រី​អ្នក​ដឹកនាំ​វ័យ​ក្មេង (YWLN) នឹង​ត្រូវ​បាន​ពង្រឹង​ដើម្បី​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​យេនឌ័រ និង​ការ​ចូលរួម​ពី​កុមារ»។

ចំពោះ​ក្មេងស្រី និង​ក្មេងប្រុស នៅក្នុង​ខេត្ត​គោលដៅ​ទាំង ៣ ខេត្ត​មាន​ប្រមាណ ៤០០០ នាក់ នឹង​មាន​ឱកាស​សិក្សា​តាមរយៈ​សកម្មភាព​ហៅថា ជើង​ឯក​សម្រាប់​កម្ពុជា និង​អាច​ចែក​រំលែក​ចំណេះ​ដឹង​កម្មវិធី​ស្នូរ​ជួង សកម្មភាព​រួម​តាមរយៈ​ជំនួយ​ខ្នាត​តូច​លើក​ស្ទួយ​សម​ភាព យេនឌ័រ និង​ដឹកនាំ​ធ្វើ​ជា​គំរូ និង​គាំពារ​មតិ​នៅ​ថ្នាក់​ឃុំ ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ៕