ម៉ៃអាមី៖ ការស្រាវជ្រាវមួយបានបង្ហាញថា របបអាហារដែលមានសារធាតុខ្លាញ់ទាប មិនធ្វើឲ្យយើងស្រក់ទម្ងន់ច្រើនជាងរបបអាហារផ្សេងទៀតឡើយ។ នេះគឺជាការរកឃើញបន្ថែមថ្មីមួយទៀតទៅលើការជជែកវែកញ៉ែកក្នុងចំណោមអ្នកវិទ្យាសាស្រ្តអំពីរបៀបដែលជួយឲ្យមនុស្សយើងស្រក់ទម្ងន់។
លោក Deirdre Tobias ជាប្រធានក្រុមស្រាវជ្រាវនៃមន្ទីពេទ្យ Brigham នៅរដ្ឋម៉ាសាឈូសេត បានឲ្យដឹងថាការសិក្សាឡើងវិញទៅរបាយការណ៍ស្រាវជ្រាវវិទ្យាសាស្រ្តចំនួន ៥៣ ដែលត្រូវបានធ្វើឡើងទៅលើមនុស្សចំនួនជិត ៧ម៉ឺននាក់ក្នុងប្រទេសជាច្រើន មិនបានរកឃើញនូវលទ្ធផលល្អសម្រាប់ណែនាំឲ្យទទួលទានអាហារដែលមានជាតិខ្លាញ់ទាបដើម្បីសម្រកទម្ងន់ឡើយ។
លោកនិយាយថា៖ «វិទ្យាសាស្រ្តមិនបានគាំទ្រការទទួលទានរបបអាហារមានជាតិខ្លាច់តិចធ្វើជាវិធីសម្រកទម្ងន់រយៈពេលវែងនោះឡើយ»។
តាមការពិតទៅ របបអាហារដែលមានសារធាតិកាបូអ៊ីដ្រាដទាប អាចជួយឲ្យយើងស្រកទម្ងន់បានច្រើនជាងអាហារដែលមានជាតិខ្លាញ់ទាប។ នេះបើផ្អែកតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយដែលបានចុះផ្សាយក្នុងព្រឹត្តបត្រសុខភាព The Lancet Diabetes & Endocrinology។
ការបរិភោគអាហារមានជាតិខ្លាចទាប អាចសម្រកទម្ងន់បានត្រឹម ៣៦០ក្រាមប៉ុណ្ណោះ ខណៈការបរិភោគអាហារមានសារធាតុកាបូអ៊ីដ្រាដទាប ជួយសម្រកទម្ងន់បានដល់ទៅ ១.១៥គីឡូក្រាម។

ខណៈចំនួនមនុស្សធាត់នៅលើពិភពលោកមានកំណើនជានិច្ច ការស្វែងរកវិធីសម្រកទម្ងន់បានក្លាយទៅជាជម្រើសអាទិភាពសម្រាប់ក្រុមមនុស្សទាំងនេះ។
របាយការណ៍ស្រាវជ្រាវនេះ បានលើកឡើងថា សារធាតុខ្លាញ់នៅក្នុងរបបអាហារ ត្រូវបានគេផ្តោតសំខាន់ខ្ពស់ជាយូរមកហើយ ដោយសាររបបអាហារនេះ ១ក្រាម ផ្ទុកកាឡូរីទ្វេដងបើធៀបនឹងអាហារមានសារធាតុកាបូអ៊ីដ្រាដ ឬប្រូតេអ៊ីន។ ប៉ុន្តែ ការស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំកន្លងមក បានបង្ហាញលទ្ធផលដែលផ្ទុយពីនេះ។
កាលពីខែមុននេះ អត្ថបទស្រាវជ្រាវទំហំតូចមួយដែលបានចុះផ្សាយក្នុងព្រឹត្តិបត្រ Cell Metabolism បានអះអាងថា ការកាត់បន្ថយសារធាតុខ្លាញ់នៅក្នុងអាហារ អាចជួយឲ្យមនុស្សធាត់សម្រកជាតិខ្លាញ់បានច្រើនជាងការកម្រិតលើការទទួលទានអាហារមានសារធាតុកាបូអ៊ីដ្រាដ។
ប៉ុន្តែ ការសិក្សាចុងក្រោយនេះ ដែលវិភាគទៅលើការរបាយការណ៍ស្រាវជ្រាវជាច្រើនដទៃទៀត មិនបានបង្ហាញឲ្យឃើញយ៉ាងដូច្នេះឡើយ។
លោក Tobias បាននិយាយថា៖ «មនុស្សយើងតែងតែគិតយ៉ាងសាមញ្ញថា ការកាត់បន្ថយការទទួលទានសារធាតុខ្លាញ់ អាចជួយឲ្យយើងសម្រកទម្ងន់បានតាមលក្ខណៈធម្មជាតិ។ ប៉ុន្តែ អំណះអំណាងដែលចេញពីការស្រាវជ្រាវរបស់យើង បានបង្ហាញផ្ទុយពីនេះ»។
លោក Tobias និយាយថា គេត្រូវសិក្សាបន្ថែមទៀត ដើម្បីកំណត់វិធីសាស្ត្រល្អសម្រាប់សម្រក និងរក្សាទម្ងន់៕ AFP/ប្រែសម្រួលដោយ តាំង រីនិត្យ