The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តើ​ការងារ​ស្ម័គ្រចិត្ត​ពិតជា​អាច​ជួយ​យុវជន​មាន​ការងារ និង​អាហារូបករណ៍?




តើ​ការងារ​ស្ម័គ្រចិត្ត​ពិតជា​អាច​ជួយ​យុវជន​មាន​ការងារ និង​អាហារូបករណ៍?

Content image - Phnom Penh Post

តើ​ការងារ​ស្ម័គ្រចិត្ត​ពិតជា​អាច​ជួយ​យុវជន​មាន​ការងារ និង​អាហារូបករណ៍?

យុវជន​កម្ពុជា​កាន់តែ​ច្រើន​បាន​មើល​ឃើញ​ពី​សារប្រយោជន៍​របស់​ការ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ដោយ​ពួកគេ​យល់​ថា ក្រៅពី​ការ​ចូលរួម​ចំណែក​ជួយ​សង្គម ពួកគេ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ដូចជា​បទពិសោធ​ការងារ​ជា​កត្តា​កំណត់​នូវ​អនាគត​ការងារ​របស់​ពួកគេ និង​ឱកាស​ដណ្ដើម​យក​អាហារូបករណ៍​ទៅ​ក្រៅប្រទេស។

កញ្ញា​ធី គន្ធា អាយុ​២៣​ឆ្នាំ ជា​ប្រធាន​ជំនួយការ​ផ្នែក​ច្បាប់​នៅក្នុង​ក្រុម​មេធាវី អាស៊ី-កម្ពុជា បាន​ឲ្យ​ដឹង​ថា វា​គឺជា​ការ​ពិត​នៅពេល​មក​សម្ភាស​ការងារ នយោជក​ច្បាស់​ជា​សួរ​រក​ពី​បទពិសោធ​ការងារ។ កញ្ញា​បាន​បន្ត​ថា ដោយសារ​ការងារ​ស្ម័គ្រចិត្ត​នេះ​ហើយ​ទើប​កញ្ញា​ទទួល​បាន​ការងារ​សព្វថ្ងៃ​នេះ។

គន្ធា ពោល​ថា៖ «ប្រសិន​បើ​ខ្ញុំ​មិន​ធ្លាប់​បាន​ចូលរួម​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ពី​មុន​មក​ទេ ដូចជា​ការ​ស្ម័គ្រចិត្ត​ធ្វើការ​ក្នុង​ការិយាល័យ​មេធាវី និង​ការ​ស្ម័គ្រចិត្ត​នៅ​តុលាការ​យុវជន​នៅឯ​សហរដ្ឋ​អាមេរិក​នោះ​ទេ ខ្ញុំ​ប្រាកដ​ជា​មិនមាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​នៅ​វគ្គ​សម្ភាសន៍​ចូល​ធ្វើ​ការងារ​បច្ចុប្បន្ន​នេះ​ទេ ពីព្រោះ​ខ្ញុំ​មិន​ដែល​មាន​បទពិសោធ​។ ខ្ញុំ​ប្រាកដ​ជា​មាន​អារម្មណ៍​ភ័យ​មិនខាន​»។

កញ្ញា គន្ធា បាន​បន្ថែម​ថា៖ «មុន​នឹង​ឈាន​ជើង​ចូល​មក​ធ្វើ​ជា​ប្រធាន​ជំនួយការ​ផ្នែក​ច្បាប់​នេះ ខ្ញុំ​ពិតជា​ទទួល​បាន​នូវ អត្ថប្រយោជន៍​ច្រើន​មែនទែន តាមរយៈ​ការ​អនុវត្ត​ការងារ​ផ្ទាល់។ ដូចនេះ​ខ្ញុំ​អាច​យល់​ការងារ​បាន​យ៉ាង​ច្រើន​»។

លោក ហេង ភក្ដី ស្ថាបនិក​វិទ្យាស្ថាន Enrich ដែល​ជា​វិទ្យាស្ថាន​មួយ​សម្រាប់​បណ្តុះបណ្តាល និង​អភិវឌ្ឍ​សមភាព​យុវជន បាន​បញ្ចេញ​យោបល់​ថា ប្រសិនបើ​មាន​បេក្ខជន​២​រូប ដាក់​ពាក្យ​សុំ​បំពេញ​ការងារ​តំណាល​គ្នា និង​មាន​កម្រិត​វប្បធម៌​ប្រហាក់ប្រហែល​គ្នា តែ​ម្នាក់​ធ្លាប់​មាន​បទពិសោធ​ការងារ​ស្ម័គ្រចិត្ត ហើយ​ម្នាក់​ទៀត​មិន​មាន នោះ​ទាំង​អង្គការ ទាំង​ក្រុមហ៊ុន ឬ​ស្ថាប័ន​ដែល​ទទួល​នោះ​នឹង​ធ្វើការ​ជ្រើសរើស​យក​អ្នក​ដែល​ធ្លាប់​មាន​បទពិសោធ​ការងារ​មិន​ខាន​។

លោក​បាន​ជំរុញ​ឲ្យ​យុវជន​ព្យាយាម​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ឲ្យ​បាន​ច្រើន​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន បើ​ទោះបី​ជា​ការងារ​នោះ​មិន​ទាន់​បាន​ទទួល​ប្រាក់​កម្រៃ​ក៏ដោយ។ ជាក់ស្ដែង លោក​ផ្ទាល់ ដែល​ពី​មុន​ធ្លាប់​បាន​ចូល​ប្រឡូក​ក្នុង​ការងារ​ស្ម័គ្រចិត្ត​នេះ​ទាំង​ជាតិ និង​អន្តរជាតិ (កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​ជាដើម) បាន​អភិវឌ្ឍ​ខ្លួន​លោក​ឲ្យ​ចេះ​មាន​ទំនាក់ទំនង​ល្អ មាន​បទពិសោធ​ច្រើន ព្រមទាំង​មាន​ភាព​ជា​អ្នក​ដឹកនាំ​ថែម​ទៀត​ផង​។

នៅ​កម្ពុជា​មិន​ទាន់​មាន​ការ​ស្រាវជ្រាវ​ណា​មួយ ឬ​តួលេខ​ណា​មួយ​ដែល​អាច​បញ្ជាក់​ថា ការ​ចូលរួម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​អាច​ឲ្យ​និស្សិត​ទទួល​បាន​ការងារ​ធ្វើ​នោះ​ទេ។ ប៉ុន្តែ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​មួយ​នៅ​សហរដ្ឋអាមេរិក​របស់ The Corporation for National and Community Service ដែល​ធ្វើការ​សិក្សា​ទៅលើ​អ្នក​គ្មាន​ការងារ​ធ្វើ​ចំនួន​៧០​ម៉ឺន​នាក់​ក្នុង​ចន្លោះ​ឆ្នាំ​២០០២ ដល់​២០១២ បាន​បង្ហាញ​ថា អ្នក​ដែល​បាន​ចូលរួម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​មាន​ឱកាស​ក្នុង​ការ​រក​ការងារ​បាន​ល្អ​ជាង​អ្នក​ដែល​មិន​បាន​ចូលរួម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ប្រមាណ​ដល់​ទៅ​២៧​ភាគរយ។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ទៀត​របស់ Center for Economic and Policy Research ក្នុង​ឆ្នាំ​២០១៣ ក៏​បាន​បង្ហាញ​ដែរ​ថា អ្នក​ដែល​បាន​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ពី​២០​ទៅ​៩៩​ម៉ោង​ក្នុង​មួយ​ឆ្នាំ​មាន​ឱកាស​ទទួល​បាន​ការងារ​ធ្វើ​៧​ភាគរយ​ច្រើន​ជាង​អ្នក​ដែល​មិន​បាន​ចូលរួម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​(ក្នុង​រយៈពេល​មួយ​ឆ្នាំ​ក្រោយ​មក)។

ជា​និស្សិត​ឆ្នាំ​ទី​៤​នៃ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា កញ្ញា រស់ ស្រីពៅ បាន​ចូល​ប្រឡូក​ក្នុង​ការងារ​ស្ម័គ្រចិត្ត​នេះ​អស់​ជាច្រើន​ឆ្នាំ ដូចជា​ការងារ​ជំនួយការ​ស្រាវជ្រាវ​ផ្នែក​រដ្ឋបាល​នៅ​សមាគម​សេដ្ឋកិច្ច​កម្ពុជា (Cambodian Economic Association) នៅ​បារខេម ខេមបូឌា (Bar Camp Cambodia) នៅ Let's do it Phnom Penh នៅ​ថ្ងៃ​ថ្មី​នៃ​កម្ពុជា (A New Day Cambodia) ជាដើម។

មូលហេតុ​ដែល​កញ្ញា​សម្រេច​ចិត្ត​ចូលរួម​ធ្វើការ​ស្ម័គ្រចិត្ត​នេះ ពីព្រោះ​កញ្ញា​យល់​ឃើញ​ថា ការងារ​នេះ​អាច​ជួយ​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​នឹង​សង្គម ទទួល​បាន​នូវ​បទពិសោធ​ការងារ បណ្ដុះ​នូវ​សេចក្ដី​ក្លាហាន ព្រម​ទាំង​អាច​ជួយ​បណ្ដុះ​នូវ​ភាព​ជា​អ្នកដឹកនាំ​ជា​ប្រយោជន៍​សម្រាប់​អនាគត​ការងារ​របស់​កញ្ញា។

ក្រៅពី​ការ​ទទួល​បាន​នូវ​បទពិសោធ​ការងារ​ដែល​ជា​កត្តា​កំណត់​នៃ​អនាគត​ការងារ​របស់​យុវជន​នោះ ការ​ចូលរួម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ផ្តល់​ផលប្រយោជន៍​សម្រាប់​និស្សិត​ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​នូវ​ឱកាស​ជាប់​អាហារូបករណ៍​ផង​ដែរ។

យុវនិស្សិត ណាត ឆវ័ន អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ លើក​ឡើង​ថា ការងារ​ស្ម័គ្រចិត្ត​ទាំងអស់​របស់​លោក​ពិតជា​បាន​ផ្លាស់ប្តូរ​ជីវិត​របស់​លោក​ដោយ​លោក​បាន​ពន្យល់​ថា ជា​ដំបូង​វា​បាន​ធ្វើឲ្យ​លោក​រៀនសូត្រ​ពី​ការងារ​ជាក់ស្ដែង និង​បង្កើន​នូវ​ជំនឿ​ចិត្ត​ចំពោះ​ខ្លួនឯង ក៏​ដូចជា​សាមគ្គីភាព​ជាមួយ​មិត្តភក្តិ​ល្អៗ​ផង​ដែរ​។

លោក​ថា ការ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ជា​ចំណុច​សំខាន់​ដែល​ជួយ​ឲ្យ​លោក​យក​អាហារូបករណ៍​ទៅ​ក្រៅ​ប្រទេស ដោយ​លោក​ពោល​ថា៖ «ការ​ស្ម័គ្រចិត្ត​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើឲ្យ​ខ្ញុំ​ទទួល​បាន​អាហារូបករណ៍​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅ​សាកលវិទ្យាល័យ Masaryk នៅ​សាធារណរដ្ឋ​ឆេក​ក្នុង​ពេល​ខាង​មុខ​នេះ»។

ឆវ័ន បាន​ប្រាប់​ថា លោក​បាន​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​យ៉ាងច្រើន​ជា​បន្តបន្ទាប់ ហើយ​ការងារ​ទាំងនោះ​សុទ្ធ​ជា​ការងារ​បម្រើ​សហគមន៍​។ ក្នុង​នោះ​រួមមាន​ការងារ​សាងសង់​ផ្ទះ​ដល់​ប្រជាជន​ក្រីក្រ​តាមរយៈ​អង្គការ Habitat For Humanity Cambodia ការងារ​សម្របសម្រួល​ក្នុង​យុទ្ធនាការ​១៦​ថ្ងៃ​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ទៅលើ​ស្រ្តី និង​ការងារ​ដទៃ​ទៀត​។

កញ្ញា ឈឹម បញ្ចពណ៌ អាយុ​២០​ឆ្នាំ បច្ចុប្បន្ន​ជា​និស្សិត​កំពុង​ផ្លាស់ប្តូរ​កម្មវិធី​សិក្សា​ទៅ​សហរដ្ឋអាមេរិក​ក្នុង​កម្មវិធី​(SUSI)​ដែល​ជា​កម្មវិធី​របស់​ស្ថានទូត​អាមេរិក បាន​ឲ្យ​ដឹង​ដែរ​ថា កញ្ញា​ចាប់ផ្តើម​ចូលរួម​ធ្វើ​ការងារ​សង្គម​ដោយ​ផ្តើមពី​ការ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​បម្រើ​ការងារ​ក្នុង​កម្មវិធី​សិក្ខាសាលា​ផ្សេងៗ។ ការងារ​នេះ​បាន​ជំរុញ​ឲ្យ​កញ្ញា​ស្គាល់​មនុស្ស​ជោគជ័យ​ជាច្រើន ដែល​កញ្ញា​មើល​ឃើញ​ទំហំ​ដ៏ធំ​នៃ​ពិភពលោក និង​មាន​ឱកាស​ជាប់​អាហារូបករណ៍​នេះ​ផង​ដែរ។

លោក គង់ សំវិតី អាយុ​២៧​ឆ្នាំ ជា​មន្ត្រី​ទំនាក់ទំនង​អ្នក​ស្ម័គ្រចិត្ត​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​នៃ​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា Habitat For Humanity Cambodia បាន​មាន​ចំណាប់​អារម្មណ៍​ពី​បញ្ហា​នេះ​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​និស្សិត​ភាគច្រើន​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការងារ​ស្ម័គ្រចិត្ត។

ផ្អែកលើ​ស្ថិតិ​របស់​អង្គការ​របស់​លោក មាន​យុវជន​ជា​និស្សិត​ស្ម័គ្រចិត្ត​ប្រមាណ​ជា​១២០០​នាក់ គិត​មក​ដល់​ឆ្នាំ​២០១៤​នេះ ហើយ​បើ​រាប់​បញ្ចូល​ទាំង​និស្សិត​ស្ម័គ្រចិត្ត​មកពី​ប្រទេស​ចំនួន​១២​ផ្សេង​ទៀត​គឺ​មាន​ប្រហែល​៨០​ម៉ឺន​នាក់​ឯណោះ​។ នេះ​បង្ហាញ​ថា យុវជន​ពិតជា​បាន​យល់ដឹង​ច្រើន​ជាង​មុន​ពី​សារៈសំខាន់​នៃ​ការងារ​ស្ម័គ្រចិត្ត​នេះ។

មន្ត្រី​ទំនាក់ទំនង​អ្នក​ស្ម័គ្រចិត្ត​ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ជួយ​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​រូប​នេះ​បាន​បន្ត​ថា ការ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត បាន​ធ្វើឲ្យ​យុវនិស្សិត​អាច​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ជាក់ស្ដែង ឆ្លើយតប​ទៅ​នឹង​ទ្រឹស្ដី​ដែល​បាន​សិក្សា​នៅ​សាលា ចេះ​មាន​វប្បធម៌​ចែករំលែក​ជួយ​អ្នកដទៃ បាន​ធ្វើឲ្យ​យុវជន​ចេះ​ស្រឡាញ់​រាប់អាន​គ្នា ព្រម​ទាំង​ចេះ​ប្រើប្រាស់​ពេលវេលា​ឲ្យ​មាន​ប្រយោជន៍។

យោងតាម​បទពិសោធ​របស់​កញ្ញា ស្រីពៅ ជា​និស្សិត​ឆ្នាំ​ទី​៤​នៃ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា មាន​បទពិសោធ​យូរ​ឆ្នាំ​ក្នុង​ការ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​នេះ បាន​បង្ហើប​ពី​គន្លឹះ​ក្នុង​ការ​ស្វែងរក​ការងារ​ស្ម័គ្រចិត្ត​ថា ដើម្បី​ឲ្យ​ដឹង​ព័ត៌មាន​ទាក់ទង​នឹង​ការងារ​ស្ម័គ្រចិត្ត​នេះ យុវជន​អាច​ស្វែងរក​ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ រួមមាន​ទាំង​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត facebook, website តាម​អង្គការ​នានា តាម​កាសែត ទស្សនាវដ្ដី មិត្តភក្តិ ឬ​ក៏​តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅតាម​សាកលវិទ្យាល័យ ដែល​សព្វថ្ងៃ​នេះ​មាន​សាកលវិទ្យាល័យ​ជាច្រើន​បាន​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​នេះ​។

ដើម្បី​ផ្សារ​ភ្ជាប់​ទៅ​នឹង​សមាហរណកម្ម​អាស៊ាន ដែល​នឹង​ឈាន​ជិត​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ មន្ត្រី​ទំនាក់ទំនង​អ្នក​ស្ម័គ្រចិត្ត​ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​លោក សំរិតី បាន​លើក​ទឹកចិត្ត​យ៉ាង​មុតមុំា​ឲ្យ​យុវជន​ខ្មែរ កាន់តែ​មាន​ភាព​ក្លៀវក្លា​ក្នុង​ការ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​នេះ​។

លោក​ពោល​ថា៖ «ការ​ចូលរួម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នេះ​ជា​ការ​បើក​ឱកាស​មួយ​ដល់​ខ្លួនឯង​ទទួល​បាន​អាហារូបករណ៍​ទៅ​ក្រៅ​ប្រទេស ក៏​ដូចជា​ការ​ត្រៀម​ខ្លួន​ប្រកួតប្រជែង​ក្នុង​ទីផ្សា​ការងារ ជាពិសេស​ជាមួយ​នឹង​យុវជន​ក្នុង​តំបន់​អាស៊ាន​ទាំងមូល»។

ជា​ចុងក្រោយ និស្សិត ណាត ឆវ័ន ដែល​បាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឆេក​ដោយសារ​តែ​ការ​ចូលរួម​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​នេះ​បាន​មាន​មតិ​ផ្តាំផ្ញើ​ដល់​យុវជន​ទូទៅ​ថា៖ «ខ្ញុំ​សូម​លើក​ទឹកចិត្ត​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ប្រឡូក​ការងារ​ស្ម័គ្រចិត្ត​ឲ្យ​បាន​ច្រើន ដោយ​ពួកគេ​គួរ​តែ​ចេះ​ត្រៀម​ខ្លួន គ្រប់គ្រង​ពេលវេលា​ឲ្យ​បាន​ល្អ ព្រោះ​យុវជន​ខ្លះ​អាច​ចំណាយ​ពេល​របស់​ខ្លួន​នៅតែ​សាលា​ដោយ​មិន​បាន​រៀន​យក​នូវ​បទពិសោធ​ពី​ខាង​ក្រៅ​។ យុវជន​គួរ​តែ​លៃលក​ពេលវេលា​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ជាពិសេស​ក្នុង​ពេល​វិស្សមកាល​ខាង​មុខ​នេះ​»៕

លី សិរីរ័ត្ន និង​ថៃ សុខចេង

អត្ថបទគួរចាប់អារម្មណ៍