The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ធ្វើ​ដូចម្តេច​ដើម្បី​ទាក់ទាញ​យុវជន​ខ្មែរ ឲ្យ​ចាប់​អារម្មណ៍​សិល្បៈ​បុរាណ​?




ធ្វើ​ដូចម្តេច​ដើម្បី​ទាក់ទាញ​យុវជន​ខ្មែរ ឲ្យ​ចាប់​អារម្មណ៍​សិល្បៈ​បុរាណ​?

សកម្មភាព​សម្តែង​របាំ​ និង​ភ្លេងបុរាណ ក្នុង​ទិវា​វប្បធម៌ជាតិ​៣​មីនា ក្នុង​ឆ្នាំ ២០១៥។
សកម្មភាព​សម្តែង​របាំ​ និង​ភ្លេងបុរាណ ក្នុង​ទិវា​វប្បធម៌ជាតិ​៣​មីនា ក្នុង​ឆ្នាំ ២០១៥។ ហេង ជីវ័ន

ធ្វើ​ដូចម្តេច​ដើម្បី​ទាក់ទាញ​យុវជន​ខ្មែរ ឲ្យ​ចាប់​អារម្មណ៍​សិល្បៈ​បុរាណ​?

«​វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន​» ​នេះ​គឺជា​ពាក្យស្លោក​ពី​បុរាណកាល​របស់​ខ្មែរ​យើង​ដែល​បាន​ឲ្យ​តម្លៃ យ៉ាងខ្លាំង​ទៅលើ​វប្បធម៌​ប្រពៃណី​ដែល​​បុព្វបុរស​បាន​បន្សល់ទុក​ដល់​កូនចៅ​​ជំនាន់​ក្រោយ​ឲ្យ​បាន​ស្គាល់ ព្រោះ​នេះ​​ គឺជា​ដួងព្រលឹង និង​អត្តសញ្ញាណ​ជាតិ ជា​មរតក​ប្រកប​ដោយ​សក្តានុពល​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​ផ្សារភ្ជាប់​​ទំនាក់ទំនង​ដ៏រឹងមាំ​ពី​សង្គម​មួយ​ទៅ​​សង្គម​មួយ ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ ពី​​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ឲ្យ​ចេះ​រួបរួម​ជាមួយ​គ្នា​ប្រកប​ដោយ​ភាពសុខដុម​រមនា និង​គ្មាន​ការរើសអើង​។

របាំ​បុរាណ របាំ​ប្រពៃណី របាំ​ប្រជាប្រិយ ល្ខោន ក៏ដូចជា ឧបករណ៍​ភ្លេង​បុរាណ​នានា សុទ្ធសឹង​ជា​មរតក​វប្បធម៌ ដែល​ដូនតា​បាន​បន្សល់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​ពី​ដួងព្រលឹង​របស់​ជាតិ​ខ្លួន ហើយ​នាំ​គ្នា​ផ្តល់​តម្លៃ និង​ថែរក្សា​​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​។

បើ​ក្រឡេក​មក​មើល​ស្ថានភាព​នា​ពេល​​​បច្ចុប្បន្ន​វិញ យុវជន​ខ្មែរ​មួយ​ចំនួន​មិន​ត្រឹមតែ​មិន​ស្គាល់​ពី​ប្រភេទ​ឧបករណ៍​តន្ត្រី​ខ្មែរ​ប៉ុណ្ណោះ​ទេ ជាក់ស្តែង​ពួកគេ​ថែម​​ទាំង​​យល់​ថា ការលេង​ឧករណ៍​តន្ត្រី​​បុរាណ​ខ្មែរ​ គឺ​បាន​បង្ហាញពី​ការ​មិនទាន់​សម័យ ដើរ​មិនទាន់​ការរីកចម្រើន​នាពេល​បច្ចុប្បន្ន​ទៅវិញ​។

លោក ផន ចំរើន ដែល​បាន​ចំណាយ​ពេល​​ជិត​ ១០ ​ឆ្នាំ​មក​ហើយ ដើម្បី​សិក្សា​រៀនសូត្រ​ពី​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ គឺ​ទ្រសោ បាន​យល់​ឃើញ​ថា ចំនួន​អ្នក​ចេះ​លេង​ឧបករណ៍​ភ្លេងបុរាណ គឺ​​កំពុង​តែ​​ជួប​​ហានិភ័យ​ហើយ ដោយសារ​តែ​យុវជន​​​​ខ្មែរ​​មិន​បាន​ដឹងឮ និង​ចាប់​អារម្មណ៍​​ពី​សិល្បៈ​វប្បធម៌​របស់​ខ្លួន​នោះ​ឡើយ​។

បើ​តាម​រូប​លោក បញ្ហា​នេះ​ គឺ​មាន​កត្តា​រួមផ្សំ​មួយ​ចំនួន​ដូចជា កត្តា​ការអប់រំ ការ​ហូរចូល​វប្បធម៌​បរទេស​ខ្លាំង​ពេក កង្វះ​ការផ្សព្វផ្សាយ​នូវ​វប្បធម៌​ប្រពៃណី​ជាតិ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​​ជាដើម​។

និស្សិត​ឆ្នាំ​ទី​ ៤ នៅ​មហាវិទ្យាល័យ​តូរ្យតន្ត្រី​ឯកទេស​ទ្រសោ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ រូប​នេះ​យល់​ឃើញ​ថា ការចូលរួម​ផ្សព្វផ្សាយ​ឲ្យ​បាន​​កាន់តែ​ទូលំទូលាយ ពី​សិល្បៈ​វប្បធម៌​ខ្មែរ​​នៅ​តាម​បណ្តា​ប្រព័ន្ធ​ផ្វព្សផ្សាយ​នានា នឹង​អាច​ចូលរួម​លើកស្ទួយ និង ក្រើន​រំព្ញក​ដល់​កូនខ្មែរ​ជំនាន់​ក្រោយ ជាពិសេស​យុវជន​ឲ្យ​បាន​ស្គាល់ និង​ចាប់​អារម្មណ៍​ឧបករណ៍​ភ្លេង​ខ្មែរ​យើង​កាន់តែ​ប្រសើរ​ឡើង​។

លោក​ថា កន្លង​មក បើ​ទោះបី​ជា​មាន​ទិវា​វប្បធម៌​ជាតិ​ក៏ពិតមែន តែ​នេះ​គឺ​ភាគច្រើន​ទាក់ទាញ​តែ​អ្នក​ដែល​រៀន​សិល្បៈ​​ប៉ុណ្ណោះ យុវជន​ទូទៅ​នៅ​តែ​មិន​មាន​​ការចាប់អារម្មណ៍​ខ្លាំង​ដដែល​។

ជាក់ស្តែង យុវជន សាម ក្នុង​វ័យ​ ២២ ​​ឆ្នាំ និស្សិត​សាកលវិទ្យាល័យ​​​​ន័រតុន បាន​ជ្រើសរើស​យក​ឧបករណ៍​តន្ត្រី​​សម័យ ជា​ជាង​ឧបករណ៍​បុរាណ។ ​លោក​សាម បាន​ចំណាយ​ពេល​រៀន​​ជំនាញ​លេង​ឧបករណ៍​នេះ​អស់​រយៈពេល​​ជាច្រើន​ឆ្នាំ ដោយ​លោក​យល់​ថា ការ​លេង​ឧបករណ៍​តន្ត្រី​បុរាណ​ខ្មែរ គឺ​ហួសសម័យ​បន្តិច​។ តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​លោក​ក៏​បាន​ពោល​ដែរ​ថា លោក​​នៅ​តែ​គោរព​នូវ​វប្បធម៌​បុរាណ​ខ្មែរ​ជានិច្ច​។

សកម្មភាព​សម្តែង​របាំ​ និង​ភ្លេងបុរាណ ក្នុង​ទិវា​វប្បធម៌ជាតិ​៣​មីនា ក្នុង​ឆ្នាំ ២០១៥។
សកម្មភាព​សម្តែង​របាំ​ និង​ភ្លេងបុរាណ ក្នុង​ទិវា​វប្បធម៌ជាតិ​៣​មីនា ក្នុង​ឆ្នាំ ២០១៥។ ហេង ជីវ័ន

លោក​ពោល​ថា​៖ «​ខ្ញុំ​អត់​ចូលចិត្ត [​ឧបករណ៍​បុរាណ​] ​ទេ ហើយ​ខ្ញុំ​គិត​ថា វា​អត់​ទាន់​សម័យ​សោះ​ឡើយ ដែល​យើង​ទៅ​ណា​មក​ណា​ស្ពាយ​ឧបករណ៍​តន្ត្រី​បុរាណ សម័យ​នេះ​ហើយ គេ​ត្រូវការ​ដើរ​​ឲ្យ​​ទាន់​​ការវិវត្ត​របស់​ពិភពលោក តែ​មិនមែន​មាន​ន័យ​ថា ខ្ញុំ​មិន​ស្រឡាញ់ វប្បធម៌​​បុរាណ​​យើង​​ទេ ខ្ញុំ​ គឺ​នៅ​តែ​គោរព​អ៊ីចឹង​»​។

បើ​តាម​លោក​ផ្ទាល់ កត្តា​ដែល​ធ្វើឲ្យ​យុវជន​​ខ្មែរ​មិន​ដែល​ចាប់​អារម្មណ៍​អើពើ​ពី​ឧបករណ៍​បុរាណ​រួមទាំង​រូប​លោក​ផ្ទាល់​ផង គឺ​ដោយសារ​មិន​មាន​ការ​លើក​ទឹកចិត្ត ក៏ដូចជា​ការផ្សព្វផ្សាយ បណ្តុះ​មោនភាព​លើ​តម្លៃ​របស់​វប្បធម៌​ខ្លួន​យើង​។

ស្រប​គ្នា​នេះ​ដែរ លោក ឈួន សារិន ប្រធាន​​គ្រប់គ្រង​កម្មវិធី​របស់​អង្គការ​សិល្បៈ​​ខ្មែរ​អមតៈ យល់ស្រប​ដែរ​ថា កង្វះ​ការផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​បុរាណ គឺជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​​ផ្សេង​ទៀត​ដែល​ធ្វើឲ្យ​យុវជន​មិន​មាន​​ការ​ចាប់អារម្មណ៍​វប្បធម៌​ប្រពៃណី​របស់​ខ្លួន​។

លោក​ពោល​ថា​៖ «​យុវជន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​មាន​ការចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ចម្រៀង​សម័យ​ជាពិសេស​នោះ​គឺ K-pop ហើយ​ខ្ញុំ​គិត​ថា សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ​មិន​ទាន់​ទទួល​បាន​ការផ្សព្វផ្សាយ​គ្រប់គ្រាន់​នៅ​ឡើយ​នោះ​ទេ​។ ឧទាហរណ៍ យើង​កម្រ​ឃើញ​សិល្បៈ​បុរាណ​នៅ​តាម​ទូរទស្សន៍ ឬ​តាម​សាលារៀន​ណាស់​»​។

លោក​ថា​៖ «​តាមរយៈ​បទពិសោធ​ផ្ទាល់​របស់​ខ្ញុំ ខ្ញុំ​ធ្វើការ​ក្នុង​វិស័យ​សិល្បៈ វប្បធម៌​យូរ​ប៉ុន​ណា ខ្ញុំ​មាន​ចិត្ត​ស្រឡាញ់​ប៉ុណ្ណោះ​ដែរ ហើយ​ខ្ញុំ​យល់​ថា ចំណុច​នេះ​ គឺ​ដូចជា​ប្រជាជន​ខ្មែរ​យើង​ផ្សេង​ទៀត​ដែរ​។ ពួកគាត់​មិន​ចូលចិត្ត​អ្វី​ដែល​គាត់​មិន​ស្គាល់ មិន​ដឹង​នោះ​ទេ​។ ពួកគាត់​ខ្លះ​មិន​ដែល​ឮ​ចម្រៀង​ប្រពៃណី ឬ​ឃើញ​ឧបករណ៍​បុរាណ​ផង អ៊ីចឹង​វា​ពិបាក​ណាស់​ឲ្យ​ពួកគាត់​មក​ចាប់អារម្មណ៍ មក​ស្រឡាញ់ ដែល​ខុស​ស្រឡះ​ពី​ចម្រៀង​សម័យ​ដែល​គាត់​ឃើញ និង​ឮ​ជា​រៀងរាល់​ថ្ងៃ​»​។

ត្រង់​ចំណុច​នេះ​​​​ដែរ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើក​ឡើង​ថា គេ​មិន​អាច​ធ្វើការ​​ទប់ស្កាត់​ដោយ​ងាយ​ពី​ការហូរចូល​នៃ​វប្បធម៌​របស់​បរទេស​ដែល​កំពុង​តែ​មាន​សក្តានុពល​ខ្លាំង​ក្នុង​ពិភពលោក មក​កាន់​ប្រទេស​តូចៗ​​ក្នុង​​ពិភពលោក ដែល​ក្នុង​នោះ​រួមមាន​​ប្រទេស​កម្ពុជា​ផង​នោះ​បាន​ទេ។

ដោយឡែក​លោក​ថា​៖ «​យុវជន​ គឺជា​ក្រុម​មនុស្ស​ដែល​ងាយ​នឹង​ចាប់​យក​នូវ​អ្វី​ដែល​ថ្មី ប្លែក ដូច្នេះ​ចង់ ឬ​មិន​ចង់​ គឺ​ពួកគេ​នឹង​មាន​ទំនោរ​ទៅលើ​របស់​ដែល​ថ្មី ជា​ជាង​អ្វី​ដែល​មាន​តាំងពី​យូរយារ​ណាស់​មក​ហើយ​នោះ​»​។

បើ​តាម​លោក ថៃ នរៈសត្យា លោក​នៅតែ​មាន​សុទិដ្ឋិនិយម​ថា វប្បធម៌​ប្រពៃណី​បុរាណ​របស់​កម្ពុជា​នៅតែ​មិន​អាច​បាត់បង់​ទៅ​ដោយ​ងាយ​នោះ​ទេ​ព្រោះ​ថា វា​គឺជា​អ្វី​ដែល​ជា​​កេរដំណែល ហើយ​យុវជន​នៅតែ​មាន​ទឹកចិត្ត​ស្រឡាញ់​តាមរយៈ​ការរៀន ការចង់ចេះ ចង់ដឹង​ពី​ឧបករណ៍​ភ្លេងបុរាណ​ដែល​គេ​នៅតែ​ឃើញ​មាន​សិស្ស​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ការ​ចូលរួម​​របស់​យុវជន​ទៅក្នុង​វប្បធម៌​ជាតិ​ដែល​ជាក់ស្តែង​នៅក្នុង​ទិវា​វប្បធម៌​ជាតិ​ដែល​បាន​ប្រព្រឹត្ត​ទៅ​កន្លងមក​កាលពី​ដើម ខែ​មីនា ឆ្នាំ​ ២០១៥ ​ជាដើម​។

ចំនួន​ប្រជាជន​កម្ពុជា គឺ​ភាគច្រើន​ជា​មនុស្ស​វ័យក្មេង ហើយ​ពួកគេ​មិន​សូវ​ចូលចិត្ត លេង​ឧបករណ៍​បុរាណ ចំណុច​នេះ លោក ឈួន សារិន ប្រធាន​គ្រប់គ្រង​កម្មវិធី​របស់​អង្គការ​សិល្បៈ​ខ្មែរ​​អមតៈ បាន​លើក​ឡើង​ថា វា​ជា​ហានិភ័យ​ធំ​បំផុត​របស់​ឧបករណ៍​តន្ត្រី​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​កង្វះ​ការគាំទ្រ​ពី​ប្រជាជន​កម្ពុជា​ខ្លួនឯង​។

ជាទូទៅ ភាគច្រើន​អ្នក​ដែល​ចូលចិត្ត និង​រៀន​ឧបករណ៍​បុរាណ ឬ​របាំ​បុរាណ សុទ្ធតែ​កើត​ចេញ​ពី​ការស្រឡាញ់ និង​ចង់​ថែរក្សា​វប្បធម៌​ជាតិ​ឲ្យ​បាន​គង់វង្ស​ដូចជា​កញ្ញា​ ឆែ ដានី នេះ​ជាដើម​។

កញ្ញា ឆែ ដានី បច្ចុប្បន្ន​កំពុង​សិក្សា​​​ឧបករណ៍​ភ្លេង​បុរាណ​ខ្សែ​ដៀវ​ជាមួយ​នឹង​គ្រូ​មកពី​អង្គការ​សិល្បៈ​ខ្មែរអមតៈ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ទឹកចិត្ត​ស្រឡាញ់​ និង​ការបារម្ភ​ភ័យខ្លាច​បាត់បង់​​សិល្បៈ​បុរាណ​ខ្មែរ​នោះ​ហើយ ទើប​កញ្ញា ខិតខំ​ប្រមូល​គ្នា​បាន​ប្រមាណ​ជា​ ៥ ​នាក់​ដើម្បី​មាន​លទ្ធភាព​ហៅ​គ្រូ​មក​បង្រៀន​។ មក​ទល់​នឹង​ពេល​នេះ មាន​រយៈពេល​ ៦ ​ខែ ហើយ​ដែល​ក្រុម​របស់​កញ្ញា​​បាន​សិក្សា​ជំនាញ​កូត​ខ្សែ​ដៀវ​នេះ​។

ឧបករណ៍​ខ្សែដៀវ ដែល​កញ្ញា ឆែ ដានី បាន​ទទួល​ស្គាល់​ថា វា​មាន​ការពិបាក​មែនទែន​ក្នុង​ការរៀន ជា​ឧបករណ៍​មួយ​ប្រភេទ ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ តាមរយៈ​ការ​សង្កេត​ឃើញ​​ឧបករណ៍​នេះ​មាន​ឆ្លាក់​រូបភាព​ជាប់​នឹង​​ក្បាច់​ផ្ដែរ​រចនាប័ទ្ម​សំបូរ​ព្រៃគុក​នៅ​​សតវត្សរ៍​ទី​ ៧ ឆ្លាក់ នៅ​នឹង​ជញ្ជាំង​ប្រាសាទ​បាយ័ន ប្រាសាទ​អង្គរវត្ដ ដែល​បាន​​កសាង​ឡើង​តាំងពី​សតវត្សរ៍​ទី​ ៩ រហូត​ដល់​សតវត្សរ៍​ទី​ ១៣ ​។ រូបចម្លាក់​ទាំងនោះ​បញ្ជាក់​ថា ឧបករណ៍​ខ្សែដៀវ​​នេះ​មាន​មុន​សតវត្សរ៍​ទី​ ៧ ​ទៅ​ទៀត ហើយ​មាន​ប្រយោជន៍​សំខាន់​ណាស់​ក្នុង​សង្គម ទើប​ដូនតា​សម័យ​នោះ​យក​មក​ឆ្លាក់​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ​បែប​នេះ​។

និស្សិត​ឆ្នាំ​ទី​ពីរ ផ្នែក​អក្សរសាស្ត្រ​ខ្មែរ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​រូប​នេះ​ក៏​បាន​សំណូមពរ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាពិសេស​នោះ​ គឺ​ទូរទស្សន៍ សូម​ឲ្យ​មាន​ការ​ចាក់ផ្សាយ​ពី​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ​ឲ្យ​បាន​ច្រើន ដើម្បី​ជា​ការ​ក្រើន​រំព្ញក​ដល់​កូន​ខ្មែរ ជំនាន់​ក្រោយ​​ឲ្យ​នាំគ្នា​ស្រឡាញ់ និង​ថែរក្សា លើកស្ទួយ​សម្បត្តិ​វប្បធម៌​ជាតិ​យើង ឲ្យ​សម​ទៅ​នឹង​ពាក្យស្លោក​ដែល​ថា «​វប្បធម៌​ជាតិ​រស់ ឈ្មោះ​ជាតិ​ថ្កើងថ្កាន​»​។

សកម្មភាព​សម្តែង​របាំ​ និង​ភ្លេងបុរាណ ក្នុង​ទិវា​វប្បធម៌ជាតិ​៣​មីនា ក្នុង​ឆ្នាំ ២០១៥។
សកម្មភាព​សម្តែង​របាំ​ និង​ភ្លេងបុរាណ ក្នុង​ទិវា​វប្បធម៌ជាតិ​៣​មីនា ក្នុង​ឆ្នាំ ២០១៥។ ហេង ជីវ័ន

តើ​ធ្វើ​ដូចម្តេច​ទើប​អាច​បណ្តុះ​គំនិត​យុវជន​ឲ្យ​ស្រឡាញ់​ឧបករណ៍​បុរាណ និង​លើកស្ទួយ​វប្បធម៌​ជាតិ​?

កន្លង​ទៅ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ផ្សព្វផ្សាយ​ចំណេះដឹង និង​បំផុស​ចលនា​​យុវជន​ឲ្យ​ហ្វឹកហាត់​បង្កើត​ស្នាដៃ​ថ្មី ដើម្បី​ចូលរួម​ថែរក្សា ការពារ​លើកតម្កើង និង​អភិវឌ្ឍ​វប្បធម៌​ជាតិ សំដៅ​រួមចំណែក​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន​​នៃ​វប្បធម៌​បរទេស​ផង​ដែរ​។

យោងតាម​ឯកសារ​ស្តីពី​ទិវា​វប្បធម៌​ជាតិ​ថ្ងៃ​ ៣ ខែ​មីនា ឆ្នាំ​ ២០១៥ ក្រោម​ប្រធានបទ​ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ» រាជរដ្ឋាភិបាល​ គឺ​ចង់​អប់រំ និង​បណ្តុះបណ្តាល​​យុវជន​ខ្មែរ ពិសេស​សិស្សសាលា​​ឲ្យ​យល់ដឹង​ពី​តម្លៃពិត និង​បច្ចេកទេស​​សម្តែង​សិល្បៈ​ប្រពៃណី​ជាតិ​ដូចជា របាំ ភ្លេង និង​ចម្រៀង​បុរាណ ប្រពៃណី និង​ប្រជាប្រិយ​ព្រមទាំង​ល្ខោន​នាដកម្ម​ប្រជាប្រិយ​ខ្មែរ​គ្រប់​ប្រភេទ​សំដៅ​ជំរុញ​ឲ្យ​​មាន​ទឹកចិត្ត​ស្រឡាញ់ ស្មារតី​រក្សា និង​​ការពារ​ឲ្យ​មាន​ចីរភាព និង​រីកចម្រើន នាពេល​អនាគត​។

ដើម្បី​អាច​បណ្តុះ​គំនិត​យុវជន​ឲ្យ​​ស្រឡាញ់​ឧបករណ៍​បុរាណ និង​លើកស្ទួយ​វប្បធម៌​ជាតិ បើ​តាម​គំនិត​របស់​លោក ឈួន សារិន ប្រធាន​គ្រប់គ្រង​កម្មវិធី​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​ឲ្យ​ដឹង​ថា គេ​ត្រូវការ​ការជំរុញ​លើក​ទឹកចិត្ត និង​ការណែនាំ​ពួកគេ​ឲ្យ​ស្គាល់​ឧបករណ៍​ភ្លេងបុរាណ​ជា​មុន​សិន​មុន​នឹង​អាច​ឲ្យ​ពួកគេ​ចាប់ អារម្មណ៍​ចង់​រៀន និង​ចូលរួម​ថែរក្សា​។

លោក​បាន​និយាយថា​៖ « វា​ជា​គំនិត​ល្អ​ផង​ដែរ សម្រាប់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ប្រសិន​បើ​គាត់​អាច​​បញ្ចូល​មុខវិជ្ជា​ភ្លេង​បុរាណ​ខ្មែរ ទៅក្នុង​កម្មវិធី​សិក្សា​ព្រោះ​ដូច​អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង​​អ៊ីចឹង អ្នក​ត្រូវការ​ស្គាល់​ឧបករណ៍​​ភ្លេង​បុរាណ​​ខ្មែរ​​ជា​មុន​សិន ទើប​​អាច​មាន​​ការ​ចូលចិត្ត ចាប់​អារម្មណ៍ ចង់​រៀន ស្រឡាញ់ និង​ចូលរួម​ថែរក្សា​ភ្លេង​បុរាណ​​ទាំងនោះ​»​។

ឆ្លើយតប​ទៅ​នឹង​ចំណុច​នេះ​ដែរ លោក​​​​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ហង់ ជួនណារ៉ុន បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា ការពិត​ទៅ​​ក្រសួងអប់រំ​​ក៏​មាន​កម្មវិធី​​ដាក់​បញ្ចូល​ការរៀន​​ឧបករណ៍​ភ្លេង​បុរាណ​ទៅក្នុង​កម្មវិធី​សិក្សា​​ដែរ តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​​ខ្លាំង​​បំផុត​នោះ​ គឺ​កង្វះខាត​គ្រូបង្រៀន ដូច្នេះ​ហើយ​ទើប​ខាង​ក្រសួង​បាន​​អនុវត្ត​កិច្ចការ​នេះ​ទៅ​តាម​ស្ថានភាព​​ជាក់ស្តែង​ដោយ​សហការ​ជាមួយ​នឹង​​អង្គការ​ក្រៅរដ្ឋាភិបាល​ដោយ​ផ្ទាល់​។

លោក​បាន​និយាយ​ថា​៖ «​ជា​រៀងរាល់​ឆ្នាំ យើង​តែងតែ​បាន​ដាក់​ប្រកាស​រើស​​គ្រូ​ដែល​​អាច​បង្រៀន​ឧបករណ៍​ភ្លេង​បុរាណ​ដល់​សិស្សានុសិស្ស​នៅ​តាម​សាលារដ្ឋ តែ​យើង​រក​មិន​បាន ព្រោះ​ពួកគាត់​មាន​ទំនោរ​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង​​ច្រើន​ជាង អ៊ីចឹង​ហើយ យើង​ក៏​បាន​​​សហការ​​ដោយ​ផ្ទាល់​ជាមួយ​សាលារដ្ឋ ​[​ទាំង​ឡាយ​ណា​] ​ដែល​មាន​អង្គការ​ដៃគូ​ជួយ ហើយ​យើង​នឹង​សហការ​គ្នា​តែ​ម្តង​»៕

អត្ថបទគួរចាប់អារម្មណ៍