ស៊ីដនី៖ យុវនិស្សិតកម្ពុជាមួយក្រុម ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានប្រមូលផ្ដុំគ្នាចងក្រងជា«សមាគមនិស្សិតខ្មែរ» ដើម្បីផ្សព្វផ្សាយប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ខ្មែរឲ្យបានទូលំទូលាយនៅតំបន់ភាគខាងត្បូងនៃទីក្រុងមួយនេះ និងធ្វើជាទីភ្នាក់ងារសម្រាប់ជួយដល់និស្សិតខ្មែរដូចគ្នា ខណៈដែលកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាមិនសូវមានគេស្គាល់នៅទីនោះ។
យុវជន ឡោង ប៊ុនហេង អាយុ ២៨ឆ្នាំ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវេជ្ជសាស្ត្រ និងជីវបច្ចេកវិទ្យានៅសាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី (University of Technology Sydney) និងជាប្រធានសមាគមនិស្សិតខ្មែរ បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍តូចចិត្តនៅពេលខ្ញុំប្រាប់គេថា ខ្ញុំជាជនជាតិខ្មែរ មកពីប្រទេសកម្ពុជា ព្រោះពួកគេមិនដឹងថា កម្ពុជាស្ថិតនៅឯណាទេ។ ពួកគេស្គាល់តែជនជាតិវៀតណាម និងថៃតែប៉ុណ្ណោះ»។
បើតាម ប៊ុនហេង និស្សិតកម្ពុជាទាំងអស់ សុទ្ធតែបានឆ្លងកាត់បញ្ហាជាច្រើន ក្នុងនោះមាន របាំងភាសាសម្រាប់ទំនាក់ទំនង ការសម្របខ្លួនទៅតាមបរិបទនៃការសិក្សានៅបរទេស ដែលវាផ្ទុយទៅនឹងអ្វីដែលនិស្សិតកម្ពុជាជាច្រើនតែងតែគិតថា ការសិក្សា និងការរស់នៅបរទេស គឺជារឿងងាយស្រួល និងអស្ចារ្យមួយ។

ប៊ុនហេង បាននិយាយដោយឥតលាក់លៀមថា៖ «ខ្ញុំធ្លាប់មានគំនិតបោះបង់ការសិក្សាចោល ព្រោះតែពិបាករស់នៅ និងប្រឈមនឹងបញ្ហា culture-shocked ដែលមិនអាចទម្លាប់ខ្លួនរស់នៅបែបបរទេស និងនឹកស្រុកកំណើតជាដើម។ នោះគ្រាន់តែជាអារម្មណ៍ដំបូងប៉ុណ្ណោះ។ ៣ខែក្រោយមក ខ្ញុំក៏ចាប់ផ្ដើមសម្របខ្លួនបាន ហើយបានស្គាល់និស្សិតផ្សេងៗទៀតដែលមករៀននៅទីនេះជាបន្តបន្ទាប់»។
អំឡុងការសិក្សានៅទីនោះ យុវជន ប៊ុនហេង បានស្វែងយល់ពីបទពិសោធន៍ជាតិសាសន៍ដទៃ និងបង្កើតទំនាក់ទំនងល្អជាមួយមិត្តរួមថ្នាក់ចម្រុះជាតិសាសន៍។ នោះក៏ជាមូលហេតុដែលនាំឲ្យយុវជនរូបនេះ មិនស្ទាក់ស្ទើរក្នុងការណែនាំវប្បធម៌ខ្មែរទៅកាន់ជនបរទេសនោះឡើយ។
សមាគនិស្សិតខ្មែរ (Cambodian Students Society) ទើបត្រូវបានបង្កើតឡើងជាផ្លូវការកាលពីថ្ងៃទិ១៩ ខែមិថុនា ឆ្នាំ២០១៥ ស្របតាមលក្ខខណ្ឌកំណត់របស់សាកលវិទ្យាល័យ និងមានសមាជិកដំបូង ៣៨នាក់។
យុវជន លឹម សម្បត្តិ អាយុ ២៥ឆ្នាំ កម្មការីសិក្សាផ្នែកព័ត៌មានវិទ្យានៅទីក្រុងស៊ីដនី និងជាអនុប្រធានសមាគមនិស្សិតខ្មែរ បានឲ្យដឹងថា និស្សិតគ្រប់ជាតិសាសន៍ អាចរៀបចំសកម្មភាពផ្សព្វផ្សាយវប្បធម៌របស់ខ្លួនទៅកាន់ជនបរទេស។
សម្បត្តិ និយាយថា៖ «សមាគមរៀបចំកម្មវិធីបង្ហាញអាហារអន្តរជាតិ បង្ហាញសម្លៀកបំពាក់ខ្មែរបុរាណ ការច្រៀងរាំ និងសម្ដែងជាដើម។ ទៅថ្ងៃអនាគត យើងនឹងរៀបចំមូលនិធិ ដើម្បីជួយដល់ពលរដ្ឋកម្ពុជានៅស្រុកកំណើតផងដែរ»។

បើតាម សម្បត្តិ សមាគមនិស្សិតខ្មែរ ក៏ជាផ្នែកមួយនៃការប្រមូលផ្ដុំនូវនិស្សិតខ្មែរដែលមកបន្តការសិក្សានៅតំបន់ភាគខាងត្បូងនៃទីក្រុងស៊ីដនីផងដែរ ដោយបានដើរតួជាភ្នាក់ងារផ្ដល់ប្រឹក្សាយោបល់ផ្នែកសិក្សា ការរស់នៅ និងដោះស្រាយបញ្ហាផ្សេងៗ។
ហែម រស្មី អាយុ ២២ឆ្នាំ និស្សិតបរិញ្ញាបត្រឆ្នាំទី ២ ជំនាញពាណិជ្ជកម្ម និងជាស្ថាបនិកមួយរូបនៃសគមនិស្សិតខ្មែរ បានឲ្យដឹងថា និស្សិតខ្មែរលែងមានភាពឯកោរហើយ បន្ទាប់ពីមានសមាគមនេះ ជាទីដែលមានការផ្ដល់យោបល់ទៅវិញទៅមករវាងនិស្សិតខ្មែរទាំងការរស់នៅ និងការសិក្សាផងដែរ។
រស្មី និយាយថា៖ «វាពិបាក បើយើងមិនមានអ្នកផ្ដល់យោបល់។ ប៉ុន្តែ ក្រោយពីមានសមាគម យើងអាចជួយគ្នាបាន ហើយយើងមានមោនទនភាពក្នុងការណែនាំឲ្យបរទេសស្គាល់ខ្មែរយើង»។
យុវជនរូបនេះ បានឲ្យដឹងថា រហូតមកទល់ខែវិច្ឆិកាឆ្នាំនេះ សមាជិកនៃសមាគមនិស្សិតខ្មែរ បានកើនឡើងដល់ជិត ១០០ នាក់ហើយ ហើយក្នុងនោះក៏មាននិស្សិតចិន កូរ៉េខាងត្បូង ឡាវ វៀតណាមថៃ ឥណ្ឌា ស្រីលង្ការ ប្រ៊ុយណេ នេប៉ាល់ និងអូស្ត្រាលីជាដើម បានចាប់អារម្មណ៍ និងចង់ផ្លាស់ប្ដូរបទពិសោធន៍ជាមួយនិស្សិតកម្ពុជា។
តាមរបាយការណ៍ចុងក្រោយរបស់អង្គការយូណេស្កូ និស្សិតកម្ពុជាចំនួន ៥,៤១៧ នាក់ បានបន្តការសិក្សានៅបរទេសនេះ ក្នុងនោះមាននិស្សិតកម្ពុជាចំនួន ៤៦២ នាក់ ឬស្មើនឹង ៩ ភាគរយ កំពុងសិក្សានៅ អូស្ត្រាលី។
លោក Phillip Allen ប្រធានផ្នែកទិន្នន័យទីផ្សារ និងការអភិវឌ្ឍផលិតផលនៃសកលវិទ្យាល័យបច្ចេកវិទ្យាទីក្រុង ស៊ីដនី បានឲ្យដឹងថា និស្សិតខ្មែរ ដែលបានបោះបង់ចោលការសិក្សា ឬរៀនមិនបានចប់នោះ គឺមានតិចតួចណាស់ក្នុងប្រទេសអូស្ត្រាលី ហើយមូលហេតុគឺអាចបណ្តាលមកពីកត្តាជាច្រើន ដូចជាបញ្ហាផ្ទាល់ខ្លួនក្នុងគ្រួសារ កង្វះនូវហិរញ្ញវត្ថុបន្តការសិក្សា ឬអាចមកពីពួកគេ មិនអាចបន្សាំខ្លួនទៅនឹងបរិយាកាសរស់នៅជុំវិញខ្លួនជាដើម។
លោកថា៖ «អ្នកជំនាញរបស់សាលា បានកំពុងតែរកវិធីសាស្ត្រ និងរៀបចំនូវកម្មវិធីសិក្សានានា ដែលនឹងជួយដល់និស្សិតកម្ពុជា ឲ្យមានអារម្មណ៍ប្រសើរឡើង នៅឆ្នាំដំបូងដែលពួកគេមកសិក្សា គឺធ្វើយ៉ាងណាឲ្យពួកគេ មានភាពងាយស្រួលក្នុងការរស់នៅ មិនឯកការ និងទទួលបានការគាំទ្រ ពីសាស្ត្រាចារ្យ និងអ្នកជំនាញរបស់យើង»។
តាមរបាយការណ៍ទិន្នន័យគិតចាប់ពីខែមករា រហូតដល់ខែ កញ្ញា ឆ្នាំ ២០១៥ និស្សិតដែលបានចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យនានា ក្នុងតំបន់ភាគខាងត្បូងនៃទីក្រុង ស៊ីដនី (New South Wales) ប្រទេសអូស្ត្រាលី មានសរុប ៣៧,១៣៦នាក់។ ក្នុងនោះ និស្សិតជនជាតិកម្ពុជាមាន ៨៦ នាក់ ជនជាតិចិន ១៥,៩២២ នាក់ ជនជាតិឥណ្ឌា ៤,២៧២នាក់ ជនជាតិឥណ្ឌូនេស៊ី ៩៦៦ នាក់ ជនជាតិម៉ាឡេស៊ី ៧៧៤ នាក់ ជនជាតិវៀតណាម ១,៦៥១ នាក់ ក្រៅពីនោះក៏មានជាតិសាសន៍ផ្សេងៗទៀត៕
ទំនាក់ទំនងសមាគមនិស្សិតខ្មែរ បានតាមរយៈអ៊ីម៉ែលៈ Cambodian@activateuts.com.au ឬតាមរយៈគេហទំព័រហ្វេសប៊ុកៈ Cambodian Students Society CSS UTS