The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បងប្អូន​ស្រី​បី​នាក់ សុទ្ធតែ​ជា​សិស្ស​ពូកែ​មេដាយ​មាស​ទូទាំង​ប្រទេស

បងប្អូន​ស្រី​បី​នាក់ សុទ្ធតែ​ជា​សិស្ស​ពូកែ​មេដាយ​មាស​ទូទាំង​ប្រទេស

Content image - Phnom Penh Post

បងប្អូន​ស្រី​បី​នាក់ សុទ្ធតែ​ជា​សិស្ស​ពូកែ​មេដាយ​មាស​ទូទាំង​ប្រទេស

ដើម្បី​ក្លាយ​ជា​សិស្ស​ពូកែ​ថ្នាក់​ជាតិ មិនមែន​ជា​រឿង​ងាយស្រួល​ទេ ដោយសារ​ជ័យលាភី​នេះ​ត្រូវ​ឆ្លងកាត់​ការ​ប្រកួតប្រជែង​ពី​បេក្ខជន​ដែល​រៀន​ពូកែ​រាប់រយ​នាក់​មកពី​ទូទាំង​ប្រទេស​កម្ពុជា។ និយាយ​រួម​វា​គឺជា​ការ​ប្រឡង​ចម្រាញ់​យក​អ្នក​ខ្លាំង​ក្នុង​ចំណោម​អ្នក​ខ្លាំង។ ប៉ុន្តែ​នេះ​មិនមែន​ជា​បញ្ហា​សម្រាប់​ប្អូនស្រី​បី​នាក់​នេះ​ឡើយ​។ បងប្អូន​ស្រី​បី​នាក់​នេះ​សុទ្ធតែ​ជា​ម្ចាស់​មេដាយ​មាស​សិស្ស​ពូកែ​ថ្នាក់​ជាតិ។

យុវតី​លី ច័ន្ទមករា កញ្ញា លី សិរីរ័ត្ន និង​កញ្ញា លី សុកញ្ញា មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់តំបង សុទ្ធសឹង​ជា​អតីត​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ទទួល​បាន​មេដាយ​មាស​ម្នាក់​មួយៗ។

បងស្រី​ច្បង កញ្ញា លី ច័ន្ទមករា មាន​អាយុ​២២​ឆ្នាំ ជា​អតីត​សិស្ស​ពូកែ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០១០ ផ្នែក​អក្សរសាស្ត្រ​ខ្មែរ។ សព្វថ្ងៃ​ជា​និស្សិត​អាហារូបករណ៍ ឆ្នាំ​ទី​បួន​ផ្នែក​នីតិសាស្ត្រ នៅ​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​ជា​និស្សិត​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា។ នៅ​ចុង​ខែ​សីហា ខាង​មុខ​នេះ មករា នឹង​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​រយៈពេល​មួយ​ឆ្នាំ​នៅ Rhodes College ក្នុង​រដ្ឋ ថេននីសី (Tennessee) ដោយ​ទទួល​បាន​អាហារូបករណ៍​ពី​មូលនិធិហាប ស្វែល (Harpswell Foundation)​ផង​ដែរ។

ប្អូនស្រី​ទី​ពីរ កញ្ញា លី សិរីរ័ត្ន អាយុ​២០​ឆ្នាំ អតីត​សិស្ស​និទ្ទេស A ក្នុង​ពេល​ប្រឡង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ និង​ជា​អតីត​ជា​សិស្ស​ពូកែ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០១២ ផ្នែក​អក្សរសាស្ត្រ​ខ្មែរ។ សព្វថ្ងៃ​ប្អូន​ជា​និស្សិត​អាហារូបករណ៍​ដោយ​ស្វ័យប្រវត្តិ​ពី​ក្រសួង​អប់រំ​ផ្នែក​នីតិសាស្ត្រ​នៅ​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។

Content image - Phnom Penh Post

ប្អូនស្រី​ពៅ របស់ មករា និង​សិរីរ័ត្ន ឈ្មោះ​លី សុកញ្ញា អាយុ​១៧​ឆ្នាំ ក៏​ជា​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ ២០១៤ ខាង​ផ្នែក​រូបវិទ្យា​ដែរ​។ សុកញ្ញា ក៏​ជា​បេក្ខជន​មួយ​ក្នុង​ចំណោម​បេក្ខជន​ចំនួន​ប្រាំ​បី​នាក់​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ដែល​បាន​ចូលរួម​ប្រឡង​រូបវិទ្យា​លំដាប់​ថ្នាក់​អាស៊ី​នៅ​ប្រទេស​សិង្ហបុរី ព្រម​ទាំង​ប្រឡង​រូបវិទ្យា​លំដាប់​ថ្នាក់​អន្តរជាតិ​នៅ​ប្រទេស​កាហ្សាក់ស្ថាន​ផង​ដែរ។

សុកញ្ញា បាន​និយាយ​ថា ប្អូន​តែងតែ​រៀន​ធ្វើ​លំហាត់​ដោយ​ខ្លួនឯង និង​ស្រាវជ្រាវ​លំហាត់​បន្ថែម​លើ​ប្រព័ន្ធ អ៊ីនធឺណិត ព្រម​ទាំង​ធ្វើ​លំហាត់​ចាស់ៗ​ដែល​ធ្លាប់​ប្រឡង​ចេញ​ពី​មុន​មក។ បើសិន​ជា​ប្អូនស្រី​ជួប​នូវ​លំហាត់​ដែល​មិនអាច​ដោះស្រាយ​បាន ប្អូន​បាន​សួរ​លោកគ្រូ​អ្នកគ្រូ និង​សិស្សច្បង ឬ​ក៏​មិត្តភក្តិ​ប្អូន​ដែល​អាច​ដោះស្រាយ​បាន។

ស្របគ្នា​នេះ​ដែរ កញ្ញា សិរីរ័ត្ន ក៏​បាន​បញ្ជាក់​ថា វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​ដើម្បី​ធ្វើឲ្យ​ខ្លួន​ក្លាយ​ជា​សិស្ស​ពូកែ​ផង និង​ប្រឡង​មធ្យមសិក្សា​បាន​និទ្ទេស​ល្អ​ផង។ កញ្ញា​បន្ត​ថា៖ «​ខ្ញុំ​ត្រូវ​ចេះ​បែងចែក​ពេលវេលា​សម្រាប់​ការ​សិក្សា​មុខវិជា្ជ​នីមួយៗ​ឲ្យ​បាន​ល្អ។ ពេល​ថ្ងៃ​ខ្ញុំ​ត្រូវ​រៀន​នៅ​សាលារដ្ឋ ដូច្នេះ​មាន​តែ​ពេល​យប់​ប៉ុណ្ណោះ​ដែល​ខ្ញុំ​មាន​ពេល​រៀន​ដោយ​ខ្លួនឯង»។ សិរីរ័ត្ន បាន​បន្ថែម​ទៀត​ថា៖ «ដើម្បី​ឲ្យ​ក្លាយ​ជា​សិស្ស​ពូកែ​មិនមែន​រៀន​ត្រឹម​មួយ​ឆ្នាំ​នៅ​ថ្នាក់​ទី​១២​ទេ យើង​ត្រូវ​ត្រៀម​ខ្លួន​ទុក​ជា​មុន»។

ចំពោះ សិរីរ័ត្ន ផ្ទាល់ គឺ​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​សិស្ស​ដទៃ​ទៀត​តាំង​តែ​ពី​ថា្នក់​ទី​៩ មក​ម្ល៉េះ​។ សិរីរ័ត្ន តែងតែ​អាន​សៀវភៅ​ដែល​ទាក់ទង​នឹង​មុខវិជ្ជា​ដែល​ត្រូវ​ប្រឡង ដូចជា​អក្សរសិល្ប៍​ខ្មែរ វេយ្យាករណ៍​ខ្មែរ វប្បធម៌​ទូទៅ និង​មើល​វិញ្ញាសា​ដែល​បាន​ចេញ​ប្រឡង​ពី​មុន​មក។ លើសពី​នេះ​ទៀត នៅពេល​វិស្សមកាល​ចប់​ថ្នាក់​ទី​១១ ត្រៀម​ចូល​ថ្នាក់​ទី​១២ សិរីរ័ត្ន តែងតែ​រៀន​សរសេរ​តែង​សេចក្តី​ដោយ​ខ្លួនឯង ដោយ​កំណត់​ពេលវេលា​ដូចជា​ការ​ប្រឡង ហើយ​ពិនិត្យ​មើល​ថា​ខ្លួនឯង​អាច​ធ្វើ​បាន​កម្រិត​ណា។

កញ្ញា សិរីរ័ត្ន បាន​បន្ថែម​ថា៖ «បើ​ទោះបី​ជា​ម៉ាក់ ប៉ា​ខ្ញុំ​ជា​គ្រូបង្រៀន​ក៏ដោយ ក៏​ពួកគាត់​មិន​អាច​មាន​ពេល​ជួយ​បង្រៀន​ខ្ញុំ​ទៀត​ទេ​នៅ​ថ្នាក់​វិទ្យាល័យ។ ដូច្នេះ​មាន​តែ​លោកគ្រូ​អ្នកគ្រូ​នៅឯ​សាលា​ប៉ុណ្ណោះ​ដែល​ជួយ​បង្រៀន​បន្ថែម​ទៀត។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ខ្ញុំ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ពី​ពួកគាត់​យ៉ាង​ខ្លាំង​»។

ភាព​ជោគជ័យ​របស់​យុវតី​ទាំង​បី​បាន​ធ្វើឲ្យ​មាតាបិតា លោកគ្រូ​អ្នកគ្រូ មិត្តភក្ដិ​របស់​ពួកគេ​មាន​មោទនភាព​យ៉ាង​ខ្លាំង។ លទ្ធផល​ដ៏ប្រសើរ​នេះ​បាន​ធ្វើឲ្យ​មាតាបិតា​របស់​អ្នក​ទាំង​បី​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ដោយ​មិន​អាច​រក​អ្វី​មក​ពិពណ៌នា​បាន ដោយសារ​តែ​កូនៗ​របស់​គាត់​ចេះ​ស្តាប់​បង្គាប់ ហើយ​រៀន​ពូកែ មិន​ដែល​ធ្វើឲ្យ​លោក​ទាំង​ពីរ​ពិបាក​ចិត្ត​ឡើយ។

ក្នុង​នាម​ជា​មាតាបិតា​ដែល​តែងតែ​អប់រំ ប្រៀន​ប្រដៅ​កូន លោក លី ប៊ុនថន និង​អ្នកស្រី ចក់ ឧបុល គឺ​មាន​តែ​ពី​ការ​លើក​ទឹកចិត្ត​ដល់​កូនស្រី​ទាំង​បី​របស់​គាត់​គ្រប់​ពេលវេលា​ប៉ុណ្ណោះ គឺ​គ្មាន​អ្វី​ក្រៅពី​នេះ​ឡើយ​៕

ទុំ សិរីរ័ត្ន

អត្ថបទគួរចាប់អារម្មណ៍