The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បទសម្ភាស​ជាមួយ លោក​លី ប៉ូឡែន ជ័យលាភី Tropfest South East Asia ពីរ​ឆ្នាំ​ជាប់​គ្នា




បទសម្ភាស​ជាមួយ លោក​លី ប៉ូឡែន ជ័យលាភី Tropfest South East Asia ពីរ​ឆ្នាំ​ជាប់​គ្នា

លោក​លី ប៉ូឡែន ជ័យលាភី​ពាន​រង្វាន់ Tropfest South East Asia 2015។
លោក​លី ប៉ូឡែន ជ័យលាភី​ពាន​រង្វាន់ Tropfest South East Asia 2015។ រូបថត Timofey Begrov

បទសម្ភាស​ជាមួយ លោក​លី ប៉ូឡែន ជ័យលាភី Tropfest South East Asia ពីរ​ឆ្នាំ​ជាប់​គ្នា

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​លោក លី ប៉ូឡែន ទទួល​បាន​ជ័យលាភី​ក្នុង​ការ​ប្រកួតប្រជែង​ខ្សែភាពយន្ត​ខ្នាត​ខ្លី​ក្នុង​កម្មវិធី Tropfest South East Asia។

កាលពី​ឆ្នាំ​២០១៤ លោក​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ពីរ ខណៈ​ឆ្នាំ​២០១៥​នេះ លោក​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​មួយ​។ ខ្សែភាពយន្ត​ខ្លី​របស់​លោក​ប៉ូឡែន ដែល​ទទួល​បាន​ជ័យលាភី​ក្នុង​ឆ្នាំ​២០១៥​នេះ មាន​ចំណងជើង​ថា «Colourful Knots»។

ខ្សែភាពយន្ត​ខ្លី​នេះ រៀបរាប់​ពី​ដំណើរ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ក្មេងស្រី​ម្នាក់​ដែល​មាន​ផ្ទុក​ជំងឺ​មហារីក និង​របៀប​ដែល​នាង​បាន​ផ្លាស់ប្ដូរ​ជីវិត​ចុងក្រោយ​របស់​នាង។ សម្រាប់​ជ័យលាភី​លេខ​មួយ លោក លី ប៉ូឡែន បាន​ឈ្នះ​ទឹកប្រាក់​រង្វាន់​ចំនួន ១២០០០ ដុល្លារ​សហរដ្ឋអាមេរិក និង​ដំណើរ​កម្សាន្ត​ទៅ​ទីក្រុង Los Angeles រយៈពេល​មួយ​សប្តាហ៍។

លោក លី ប៉ូឡែន គឺជា​កូន​ទោល​នៅក្នុង​គ្រួសារ កើត​ក្នុង​ឆ្នាំ​១៩៨៩។ ក្នុង​ឆ្នាំ​២០០៧ បន្ទាប់ពី​លោក​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ លោក​ក៏​បាន​បន្ត​ការសិក្សា​ផ្នែក​ឱសថសាស្រ្ត​ក្នុង​ទីក្រុង​ភ្នំពេញ។

នៅក្នុង​ឆ្នាំ​២០១២ លោក​បាន​ផលិត​កុន​ជា​លើក​ដំបូង​បង្អស់ ដោយ​មិន​បាន​ឆ្លងកាត់​ការ​រៀន​ពី​សាលា​ថតកុន​ណា​មួយ​ឡើយ តែ​វា​កើតឡើង​ដោយសារ​ចិត្ត​ស្រឡាញ់​របស់​លោក​ផ្ទាល់។

រូបភាព​តួអង្គ​ដែល​កើត​ជំងឺ​មហារីក​ក្នុង​រឿង Colourful Knots ។
រូបភាព​តួអង្គ​ដែល​កើត​ជំងឺ​មហារីក​ក្នុង​រឿង Colourful Knots ។ រូបថត សហការី

លោក​បាន​រៀន​ថតកុន​ដោយ​ខ្លួនឯង ហើយ​បន្ត​ផលិត​កាន់តែ​ច្រើន​ឡើងៗ​រហូត​ដល់​លោក​ត្រូវ​បាន​គេ​ជ្រើសរើស និង​ទទួល​បាន​ជ័យលាភី​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​នានា​ជុំវិញ​អាស៊ី អឺរ៉ុប និង​អាមេរិក បូករួម​ទាំង​ស្នាដៃ​របស់​លោក​ក្នុងរឿង «Duetto» ដែល​បាន​ជ័យលាភី​លេខ​២​ពី​កម្មវិធី​ប្រកួតប្រជែង Tropfest SEA ២០១៤ ផង​ដែរ​។

តើ​រឿង «colourful knots» នោះ​មាន​ន័យ​យ៉ាង​ណា​សម្រាប់​លោក​ហើយ​ហេតុអ្វី​បានជា​លោក​សម្រេចចិត្ត​ថត​សាច់​រឿង​នេះ​ឡើង?

រឿង «colourful knots» នេះ​គឺ​មិនមែន​គ្រាន់តែ​ជា​រឿង​ប្រឌិត​ខ្នាត​ខ្លី​នោះ​ទេ តែ​វា​គឺ​ឆ្លុះបញ្ចាំង​ពី​បុគ្គលិក​លក្ខណៈ​របស់​ខ្ញុំ និង​អារម្មណ៍​ផ្ទាល់​ខ្លួន​ជាមួយ​នឹង​សាច់រឿង​ហ្នឹង។ មាន​ហេតុផល​ពីរ​យ៉ាង​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ថត​រឿង​នេះ​ឡើង ទី​មួយ​នោះ​គឺ​ខ្ញុំ​ចង់​កែប្រែ​ពិភពលោក​ដែល​ពោរពេញ​ដោយ​ការ​លោភលន់ និង​អាត្មានិយម​តាមរយៈ​ការ​ឆ្លុះបញ្ចាំង​ពី​ភាព​អាណិតអាសូរ​ដ៏ពិតប្រាកដ​របស់​តួអង្គ។

យើង​ឃើញ​ហើយ​ថា ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​មាន​សង្គ្រាម និង​ការ​សម្លាប់​គ្នា​យ៉ាង​ឃោរឃៅ​របស់​ជាតិសាសន៍​ជាច្រើន​ហើយ​អ្វីៗ​គឺ​កើតឡើង​ដោយសារ​តែ​ការ​លោភលន់​របស់​មនុស្ស​។ មូលហេតុ​ទី​ពីរ​នោះ​គឺ ខ្ញុំ​ចង់​បង្ហាញ​អ្នកទស្សនា​ថា​រឿង​នេះ​មិនមែន​គ្រាន់តែ​ជា​កុន​បែប​កម្សត់ ការ​ស្លាប់​ដោយ​ជំងឺ​នោះ​ទេ ផ្ទុយ​ទៅវិញ​វា​គឺជា​ការ​ស្វែងរក​សុភមង្គល​ពិតប្រាកដ​ពេល​អ្នក​នៅ​មាន​ជីវិត។

តើ​លោក​ស្វែងរក​តួអង្គ​ក្មេងៗ​តាម​ចិញ្ចើម​ផ្លូវ​នោះ​ដោយ​របៀប​ណា​ដែរ?

ខ្ញុំ​ជា​មនុស្ស​ដែល​ចូលចិត្ត​សង្កេត​មើល និង​ចាប់​អារម្មណ៍​អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន។ ក្នុង​ឆ្នាំ ​២០១១​ នៅពេល​ដែល​ខ្ញុំ​ដើរ​តាម​ផ្លូវ​ម្តុំ​មាត់ទន្លេ​ខ្ញុំ​បាន​ជួប​នឹង​ក្មេង​តាម​ចិញ្ចើម​ថ្នល់។ពេល​នោះ​ដែរ​ខ្ញុំ​បាន​ថតរូប​ពួកគេ​ព្រមទាំង​ឲ្យ​អាហារ​ខ្លះ​ទៅ​គេ​ផង​ដែរ។ សម្រាប់​តួឯក​ស្រី​វិញ គឺជា​សិស្ស​ដែល​រៀន​នៅ​អង្គការ​មួយ​ដែល​ខ្ញុំ​ធ្លាប់​បាន​ស្ម័គ្រចិត្ត​តាំងពី​ឆ្នាំ​ ២០១២។ ខ្ញុំ និង​គាត់​មាន​ការ​ចុះសម្រុង​គ្នា​បាន​ល្អ​ម្យ៉ាង​ឃើញ​ថា​ពួកគាត់​ទាំងអស់​មាន​ដុង​ក្នុង​ការ​សម្តែង​ពី​ធម្មជាតិ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ជ្រើសរើស​គាត់​ឲ្យ​សម្តែង​ក្នុង​រឿង​នេះ។ខ្ញុំ​ក៏​អាច​ជួយ​ទ្រទ្រង់​ជីវភាព​ពួកគាត់​បាន​បន្តិចបន្តួច​ដែរ​តាមរយៈ​ការ​សម្តែង​នេះ។

តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ​នៅពេល​ដែល​ឈ្នះ​ជា​ជ័យលាភី​របស់ Tropfest SEA ២០១៥?

ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​កិត្តិយស និង​រំភើប​ខ្លាំង​ណាស់​ដែល​មាន​ការ​ទទួល​ស្គាល់​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ផលិត​កុន​នេះ។ តែ​បើ​និយាយ​ការពិត​ទៅ​ខ្ញុំ​សប្បាយចិត្ត​ពេក​ណាស់​ទៅ​ហើយ​ដែល​កុន​របស់​ខ្ញុំ​ត្រូវ​បាន​ចាក់​បង្ហាញ​ទៅ​មហាជន​ដ៏ច្រើន​នៅ​អំឡុង​ពេល​កម្មវិធី​ដែល​នេះ​មាន​ន័យ​ថា ខ្ញុំ​អាច​ផ្សព្វផ្សាយ​ពី​សារ​ដែល​មាន​ក្នុង​កុន​ខ្ញុំ​ទៅ​មហាជន​ទូទៅ។

តើ​ជ័យជម្នះ​នេះ​មាន​ន័យ​យ៉ាង​ណា​សម្រាប់​លោក?

វា​ជា​ពន្លឺ​ថ្មី​មួយ​ទៀត​សម្រាប់​ខ្ញុំ​ដើម្បី​ដើរ​លើ​វិថី​ផលិត​ខ្សែភាពយន្ត។ វា​ជា​ការ​ផ្តល់​សង្ឃឹម និង​ឱកាស​បន្ថែម​ទៀត​ដើម្បី​ខ្លួន​ខ្ញុំ​មាន​ការ​រីកចម្រើន​ទៅ​មុខ​ក្នុង​វិស័យ​ខ្សែភាពយន្ត។

តើ​ប្រាក់​រង្វាន់​ចំនួន​ ១២ ០០០ ​ដុល្លារអាមេរិក​នោះ​លោក​នឹង​យក​ទៅ​ធ្វើអ្វី​ខ្លះ?

ខ្ញុំ​នឹង​យក​ប្រាក់​នេះ​ទៅ​ថតកុន​ផ្សេង​ទៀត​ហើយ​ប្រសិន​ជា​អាច​ថត​អ្វី​ដែល​ទាក់ទង​នឹង​សិល្បៈ។ ខ្ញុំ​ក៏​ទុក​មួយ​ចំនួន​ដើម្បី​ជួយ​ក្មេងៗ​ដែល​បាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​នេះ​ផង​ដែរ។

នៅក្នុង​ប្រទេស​កម្ពុជា តើ​លោក​ទទួល​បាន​ប្រតិកម្ម​យ៉ាង​ម៉េច​ដែរ?

ខ្ញុំ​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ​តែ​ខ្ញុំ​បាន​ទទួល​សារ​មួយ​ចំនួន​ពី​គណនី​បណ្តាញ សង្គម​របស់​ខ្ញុំ​ច្រើន។ ខ្ញុំ​គិត​ថា ពួកគេ​ប្រហែល​ជា​មាន​មោទនភាព​ចំពោះ​ខ្ញុំ​ដែល​បាន​ជាប់​ជ័យលាភី​បាន​ពីរ​ឆ្នាំ​ជាប់​គ្នា​យ៉ាង​នេះ។

ដោយឡែក​មក​ដល់​ពេល​នេះ​លោក​យល់​យ៉ាង​ណា​ដែរ​ពី​វិស័យ​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​យើង?

លោក លី ប៉ូឡែន ជ័យលាភី​ពាន​រង្វាន់ Tropfest South East Asia 2015។
លោក លី ប៉ូឡែន ជ័យលាភី​ពាន​រង្វាន់ Tropfest South East Asia 2015។ រូបថត Timofey Begrov

វិស័យភាពយន្ត​ខ្មែរ​យើង​បាន​ដួលរលំ​តាំងពី​របប​ខ្មែរក្រហម។ យើង​មាន​តែ​កុន​ភាគច្រើន​ជា​ការ​ផ្សាយពាណិជ្ជកម្ម​ជា​រឿង​ខ្មោច​កំប្លែង​ស្នេហា​។ល។ យ៉ាងណា​ក៏ដោយ​ប្រទេស​យើង​នៅ​តែ​ខ្វះ​អ្នក​ថតកុន​ឯករាជ្យ​ដែល​គិតគូរ​វែង​ឆ្ងាយ ក៏​ដូចជា​កុន​ដែល​មាន​សេរីភាព​គ្រប់គ្រាន់​ដើម្បី​ប្រាប់​ទៅ​អ្នក​មើល។តែ​ឥឡូវ​នេះ​យើង​មិន​គួរ​ណា​ឲ្យ​អតីតកាល​បញ្ឈប់​យើង​ពី​ការ​ផលិតកុន​ឡើយ។ អ្នក​ថតកុន​ទាំងអស់​មិន​ថា​ចាស់ ឬ​ក្មេង​ទេ​គួរ​តែ​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​រៀន និង​ស្វែងរក​គំនិត​ច្នៃប្រឌិត​បន្ថែម​ទៀត​ក្នុង​ការ​ផលិត​កុន។

តើ​លោក​មាន​គម្រោង​យ៉ាង​ណា​ទៀត​ក្នុង​ពេល​អនាគត?

ក្នុង​ឆ្នាំ ​២០១៥ ​នេះ​ខ្ញុំ​មាន​គម្រោង​ថតកុន​មួយ​ចំនួន​រួច​ហើយ។​ទន្ទឹម​នឹង​នេះ​ដែរ​ខ្ញុំ​គ្រោង​ថា​សរសេរ​រឿង​ខ្នាត​វែង​ជា​លើក​ដំបូង​ហើយ​សង្ឃឹម​ថា​អាច​សម្រេច​បាន​ក្នុង​រយៈពេល​មួយ​ឬ​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត។

តើ​អំឡុង​ពេល​នៃ​ការ​ថត​រឿង​នេះ​លោក​បាន​ជួប​ប្រទះ​ការ​លំបាក​យ៉ាង​ណា​ខ្លះ?

ថត​រឿង​មួយ​នេះ [colourful knots] ខ្ញុំ​បាន​ជួប​ប្រទះ​ការ​លំបាក​ស្ទើរ​គ្រប់បែប​យ៉ាង​ទាំង​ពី​តួសម្តែង​ព្រោះ​ថា​នេះ​ជា​ការ​សម្តែង​លើកដំបូង​របស់​គាត់​ណា​មួយ​ប្រាក់​សម្រាប់​ថត​រឿង​នេះ​មាន​កំណត់ និង​ចរាចរ​លើ​ដងផ្លូវ​មាន​ការ​ស្ទះ​ជាដើម។​យ៉ាង​ណា​ក៏ដោយ​ខ្ញុំ និង​ក្រុម​ការងារ​មិន​មាន​ការ​ត្អូញត្អែរ​នោះ​ទេ យើង​មាន​តែ​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដែល​យើង​មាន។

តើ​លោក​មាន​អ្វី​ដែល​ជា​ការ​ផ្តាំផ្ញើ​ដល់​យុវជន​ដទៃ​ទៀត​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​ផលិត​កុន?

ខ្ញុំ​មិន​ចង់​លើកឡើង​ពី​អាយុ​នោះ​ទេ​ព្រោះ​ថា​ទោះបី​ជា​អ្នក​មាន​អាយុ​ប៉ុន្មាន​ក៏ដោយ​ឲ្យ​តែ​អ្នក​ដឹង​ច្បាស់​ពី​ចំណូល​ចិត្ត​របស់​អ្នក​វា​មិន​យឺត​ពេល​នោះ​ទេ​ក្នុង​ការ​ធ្វើអ្វី​មួយ។ យោបល់​របស់​ខ្ញុំ​គឺ​គ្រាន់តែ​សូម​លើក​ទឹកចិត្ត​ដល់​យុវជន​ទាំងអស់​ឲ្យ​ជឿជាក់​លើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ពិតប្រាកដ។ កសិដ្ឋាន​ផ្លែផ្កា​ត្រូវ​ចាប់ផ្តើម​ពី​គ្រាប់ វា​ត្រូវការ​ពេលវេលា ការ​ថែទាំ ការ​ប្រឈម ការ​ប្តេជ្ញាចិត្ត និង​ការ​ខិតខំ​ប្រឹងប្រែង ហើយ​លទ្ធផល​ល្អ​គឺ​នឹង​មាន​នៅ​ទីបញ្ចប់៕

អត្ថបទគួរចាប់អារម្មណ៍