កាលីហ្វ័រនីញ៉ា៖ លោកអ្នកពិតជាធ្លាប់ឮមិនខានពីឈ្មោះរបស់លោក Bill Gates ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីដែលមានជាងគេបំផុតរបស់ពិភពលោកជាមួយនឹងទ្រព្យសម្បត្តិដែលមានតម្លៃ ៧៩.២ពាន់លានដុល្លារ។ ប៉ុន្តែ តើលោកអ្នកចង់ដឹងពីប្រវត្តិស្នេហារបស់លោកជាមួយនឹងភរិយារបស់លោកអ្នកស្រី Melinda Gates ដែរឬទេ?
លោក Bill Gates បានស្គាល់អ្នកស្រី Melinda Gates ជាលើកដំបូងក្នុងឆ្នាំ១៩៨៧ មួយរយៈក្រោយពីអ្នកស្រី Melinda ត្រូវបានក្រុមហ៊ុន Microsoft ផ្តល់ការងារជាអ្នកចាត់ចែងផលិតផល។ ប៉ុន្មានខែក្រោយមក លោកបានសុំណាត់ដើរលេងជាមួយអ្នកស្រីនៅខាងក្រៅ តែត្រូវបានអ្នកស្រីបដិសេធ។។
តាមរយៈបទសម្ភាសន៍មួយជាមួយអ្នកស្រី Melinda Gates នៅពេលនោះ លោក Bill Gates `បាននិយាយទៅកាន់អ្នកស្រីថា៖ «អ្នកនាងដឹងទេ? ខ្ញុំគិតថា យើងប្រហែលជាអាចចេញទៅដើរលេងខាងក្រៅជាមួយគ្នាបានក្នុងពេលពីរសប្តាហ៍ក្រោយ ប្រសិនបើអ្នកនាងព្រមឲ្យលេខទូរស័ព្ទរបស់អ្នកនាងមកឲ្យខ្ញុំ»។
អ្នកស្រីបានតបទៅលោកវិញថា៖ «ពីរសប្តាហ៍ក្រោយ? ខ្ញុំមិនអាចទាយដឹងថា ខ្ញុំនឹងធ្វើអ្វីនៅពីរសប្តាហ៍ក្រោយនោះទេ។ អ្នកឯងមិនទុកពេលឲ្យគ្រប់គ្រាន់សម្រាប់ខ្ញុំសោះ»។
ប៉ុន្តែ លោក Bill Gates មិនបានបោះបង់វាចោលត្រឹមនេះឡើយ។ អ្នកស្រី Melinda Gates បានប្រាប់អ្នកយកព័ត៌មានថា៖ «គាត់បានទូរស័ព្ទមកខ្ញុំមួយម៉ោងក្រោយមក ហើយគាត់បានសួរខ្ញុំថា ប៉ុណ្ណេះគ្រប់គ្រាន់ហើយឬនៅសម្រាប់អ្នក?»។
អ្នកស្រីក៏បានយល់ព្រមតាមការណាត់របស់លោក Bill Gate។ អ្នកទាំងពីរបានរៀបការនៅក្នុងពិធីមង្គលការដ៏អាថ៌កំបាំងមួយនៅលើកោះ Lanai នៅថ្ងៃ០១ ខែមករា ឆ្នាំ១៩៩៤ បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់ពេល ៧ឆ្នាំ។
គូស្វាមីភរិយាមួយគូនេះ មានកូនស្រី ២នាក់ និងកូនប្រុសម្នាក់ជាមួយគ្នា។ អ្នកទាំងពីរបានធ្វើការរួមគ្នានៅក្នុងមូលនិធិសប្បុរសធម៌ Bill & Melinda Gates Foundation ដែលផ្តោតទៅលើបុព្វហេតុជាច្រើនរួមមានការលុបបំបាត់ជម្ងឺផ្សេងៗនៅលើពិភពលោក និងអភិវឌ្ឍធនធានចំណីអាហារសម្រាប់ប្រជាជនក្រីក្រ៕ Business Insider/ប្រែសម្រួលដោយ តាំង រីនិត្យ