ប៉ារីស៖ អង្គការអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) បានរកឃើញថា អ្នកផឹកគ្រឿងស្រវឹងច្រើនជាងគេ គឺប្រទេសអភិវឌ្ឍន៍នៅតំបន់អឺរ៉ុប។
លីទុយអានី គឺជាប្រទេសដែលមានប្រជាជនទទួលផឹកគ្រឿងស្រវឹងច្រើនជាងគេនៅក្នុងចំណោមប្រជាជាតិជាសមាជិករបស់ OECD ទាំងអស់ចំនួន ៣៤ ដោយមនុស្សពេញវ័យម្នាក់នៅក្នុងប្រទេសនេះ ជាមធ្យមទទួលទានគ្រឿងស្រវឹង ១៤លីត្រក្នុងមួយឆ្នាំ។ ចំណែកឯប្រទេសអូទ្រីស អេស្តូនី និងសាធារណៈរដ្ឋឆែក តាមប្រកៀកប្រកិតនឹងប្រទេសលីទុយអានីដែរ។
កត្តាវប្បធម៌ និងសេដ្ឋកិច្ច ដើរតួយ៉ាងសំខាន់ដែលធ្វើឲ្យប្រជាជនប្រទេសនេះផឹកគ្រឿងស្រវឹងច្រើនជាងគេ។ ជាទូទៅ កម្រិតនៃការទទួលទានគ្រឿងស្រវឹង កើនឡើងស្របទៅនឹងកម្រិតជីវភាពរបស់ប្រជាជន។ ជាងនេះទៀត ប្រទេសដែលមានការចំណាយទៅលើការរស់នៅខ្ពស់ ក៏មាននិន្នាការទទួលទានគ្រឿងស្រវឹងច្រើនដែរ។ ប្រទេសមួយចំនួនទៀតដូចជា ឥណ្ឌូណេស៊ី ទួគី ឥណ្ឌា និងអ៊ីស្រាអែល ប្រកាន់ខ្ជាប់ទៅតាមវិន័យសាសនា ឬវប្បធម៌ ដែលកម្រិតលើការផឹកគ្រឿងស្រវឹង។
របាយការណ៍របស់ OECD បានព្រមានថា គ្រោះថ្នាក់ដែលបណ្តាលមកពីការទទួលទានគ្រឿងស្រវឹងហួសកំណត់ និងញឹកញាប់ កំពុងតែមានការកើនឡើងដែរ ជាពិសេសក្នុងចំណោមស្រ្តី និងយុវវ័យ។ ទិន្នន័យរបស់អង្គការសុខភាពពិភពលោក បានបង្ហាញថា គ្រឿងស្រវឹង មនុស្ស ៦ភាគរយនៃចំនួនមនុស្សស្លាប់នៅលើពិភពលោក គឺបណ្ដាលមកពីការផឹកគ្រឿងស្រវឹង៕ OECD/ប្រែសម្រួលដោយ តាំង រីនិត្យ