យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានក្នុង ២០១៣ កន្លងទៅនេះ ទីក្រុងភ្នំពេញដែលមានផ្ទៃដី ៣៧៤ គីឡូម៉ែត្រការេ និងមានចំនួនប្រជាជនប្រមាណ ២,២ លាននាក់ (២០១៤) បានបន្សល់កាកសំណល់សំរាមបរិមាណប្រហែល ១៤៣១ តោនក្នុងមួយថ្ងៃ។ ពោលគឺក្នុងមួយថ្ងៃៗ គ្រួសារមួយជាមធ្យមបន្សល់កាកសំណល់ប្រមាណ ០,៤៨៧ គីឡូក្រាម។
អ្នកនាំពាក្យរបស់ក្រសួងបរិស្ថាន លោក សៅ សុភាព បានឲ្យដឹងថា ការយល់ដឹងអំពីបរិស្ថានរបស់ប្រជាជននៅមានកម្រឹត ស្របគ្នានឹងការផ្សព្វផ្សាយទាក់ទងនឹងបញ្ហាគ្រប់គ្រងសំរាមនៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ ជាកត្តានាំឲ្យមានភាពលំបាកក្នុងការគ្រប់គ្រងកាក់សំណល់ឲ្យមាន ប្រសិទ្ធភាព។
ប្រសិនបើគេធ្វើការប្រៀបធៀបពីចំណាត់ថ្នាក់នៃការគ្រប់គ្រងកាកសំណល់នៃប្រទេសនីមួយៗក្នុងពិភពលោកវិញ ប្រទេសកម្ពុជា [២០១៣] គឺស្ថិតក្នុងលំដាប់ថ្នាក់លេខ៨៩ក្នុងពិភពលោក និងស្ថិតក្នុងលំដាប់ថ្នាក់ទី៨[ឈរលើប្រទេសមីយ៉ាន់ម៉ា និងឡាវ]ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ ខណៈដែលប្រទេសសិង្ហបុរីឈរលើលំដាប់ថ្នាក់ទី២៤ក្នុងពិភពលោក និងទីមួយក្នុងតំបន់អាស៊ាន។ នេះយោងតាមគេហទំព័រ «nationmaster.com» ដែលបានធ្វើការប្រៀបធៀបពីកម្រិតនៃការគ្រប់គ្រងកាកសំណល់ (waste management)។
លោក សៅ សុភាព បានពោលថា ការគ្រប់គ្រងសំណល់ជាបញ្ហាស្មុគស្មាញ ដែលត្រូវធ្វើឡើងឲ្យមានប្រសិទ្ធភាព និងគុណភាព។
លោកថា ក្រសួងបរិស្ថានទាមទារឲ្យមានការវិនិយោគច្រើនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាដោះស្រាយមធ្យោបាយប្រមូលសំរាម ដឹកជញ្ជូនសំរាម ទុកដាក់សំរាម និងគ្រប់គ្រងសំរាមឲ្យមានប្រសិទ្ធភាព។ ដោយឡែកបច្ចុប្បន្ន នៅទីក្រុងភ្នំពេញមានតែក្រុមហ៊ុនឯកជនមួយប៉ុណ្ណោះដែលទទួលបន្ទុក និងសិទ្ធិក្នុងការគ្រប់គ្រង ដឹកជញ្ជូនសំរាមគ្រប់ប្រភេទទៅក្រៅក្រុង ដោយមធ្យោបាយតាមឡានដឹកជញ្ជូនសំរាម និងដាក់ពង្រាយធុងសំរាមនៅក្នុងមូលដ្ឋានជាដើមហើយលោក សុភាព ក៏ទទួលស្គាល់ថា សព្វថ្ងៃនេះធុងដាក់សំរាមនៅមានការខ្វះខាតច្រើន។
ទាក់ទងនឹងបញ្ហាសំរាមនេះដែរ កញ្ញា ឡុង ស្រីពៅ ជានិស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់បរិស្ថាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងពី ចំណាប់អារម្មណ៍របស់ខ្លួនថា បញ្ហាចោលសំរាម វាហាក់ដូចជាទម្លាប់របស់ប្រជាជនយើងទៅហើយ។
នាងថា ប្រជាជននៅតែបោះពង្រាយសំរាមពិសេសតាមសួនសាធារណៈ និងតាមផ្ទះមួយចំនួន ដែលមានស្ថានភាពប្រមូលផ្តុំមនុស្សកុះករ។ ស្របគ្នានេះដែរយុវជនប៊ុន ប៉េងហ៊ុយ ប្រធានក្រុមកម្មវិធីអភិវឌ្ឍយុវជន (YDP) ក៏បានយល់ឃើញស្រដៀងគ្នានឹងកញ្ញាស្រីពៅដែរថា បញ្ហាបណ្តាលឲ្យទីក្រុងមិនស្អាត និងសម្បូរសំរាម ជាការទទួលខុសត្រូវរបស់បុគ្គលគ្រប់រូបក្នុងសង្គម។ ប៉ុន្តែ លោកបានបន្ថែមថា ស្ថាប័នទទួលបន្ទុកអនុវត្តច្បាប់ និងក្រុមហ៊ុនពាក់ព័ន្ធក៏ត្រូវតែអនុវត្តការងាររបស់ខ្លួនឲ្យ បានល្អដែរ។
យុវជនរូបនោះលើកឡើងថា៖ «អ្នកទទួលបន្ទុកអនុវត្តច្បាប់មិនបានចុះអនុវត្តតាមបទពិន័យដែលបានចែងក្នុងគោលនយោបាយរបស់ខ្លួន។ ចំណែកឯក្រុមហ៊ុនឯកជន ហាក់ដូចជាមិនស្វាហាប់ក្នុងការបំពេញតួនាទីសម្អាតទីក្រុងដែរ។ រថយន្តដឹកសំរាមរបស់ក្រុមហ៊ុនមិនបានចេញមកដឹកសំរាមឲ្យបានទៀងទាត់ទេ ថែមទាំងមិនមានយន្តការបែងចែកកាកសំណល់ទៀតផង»។
ពាក់ព័ន្ធនឹងបញ្ហាទីតាំងចាក់សំរាមដែលនៅមិនឆ្ងាយប៉ុន្មានពីទីក្រុង និងការបែងចែកកាកសំណល់នេះ លោក សៅ សុភាព បានបញ្ជាក់ថា ក្រសួងបរិស្ថានក៏បានលើកបញ្ហានេះយកទៅពិភាក្សាជាមួយនឹងក្រុមហ៊ុនស៊ីនទ្រី សាលារាជធានីភ្នំពេញ និង CDC ផងដែរ។
លោកសុភាព បានទទួលស្គាល់ពីភាពយឺតយ៉ាវក្នុងការដោះស្រាយបញ្ហានេះថា៖ «សព្វថ្ងៃស្ថានភាពនេះរាងយឺតបន្តិចដែរហើយ។ ដូច្នេះ យើងត្រូវរកដំណោះស្រាយឲ្យបានលឿន ព្រោះទីតាំងនោះ យើងអាចនិយាយថា សឹងតែពេញទៅហើយ ហើយប្រហែលជាមិនអាចប្រើប្រាស់បានយូរទៅមុខទៀតទេ»។
លោក បន្តទៀតថា៖ «តែបើរកទីតាំងថ្មីនៅឆ្ងាយពេក វាអាចប៉ះពាល់ដល់ការរកស៊ីរបស់ក្រុមហ៊ុនសំរាមដែរ ព្រោះការដឹកជញ្ជូនផ្លូវឆ្ងាយនឹងបណ្តាលឲ្យអស់ថវិការច្រើន»។
លោក សុភាព ក៏យល់ស្របដែរថា ប្រទេសយើងនៅមិនទាន់មានការបែងចែកសំរាមឲ្យបានត្រឹមត្រូវតាមបច្ចេកទេសទេ។ លោកថា កក្តានេះវាមិនបានបង្កនូវភាពងាយស្រួលដល់ការទាញយកសំរាមទាំងនោះមកកែច្នៃនៅឡើយ។
អ្នកនាំពាក្យរូបនោះបានបន្តថា ដើម្បីដោះស្រាយបញ្ហា ក្រសួងបរិស្ថានបានរៀបចំជាមូលនិធិអនាម័យបរិស្ថាន ដោយមានការបន្ថែមពន្ធអាករ លើបារី ស្រា បរិក្ខារអេឡិចត្រូនិកផ្សេងៗ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងអនុវត្តផ្តល់ថវិកា៥លានដុល្លារសម្រាប់ឆ្នាំ២០១៥ ដើម្បីជាមធ្យោបាយបន្ថែមក្នុងការគ្រប់គ្រងសំរាមឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ដល់រដ្ឋបាលថ្នាក់មូលដ្ឋាន ក៏ដូចជានៅតាមបណ្តាខេត្តនានាផងដែរ។
យោងតាមគេហទំព័រ «nationmaster.com» ដែលបានធ្វើការប្រៀបធៀបពីចំណាត់ថ្នាក់ទីក្រុងកខ្វក់ជាងគេ [dirty cities] ក្នុងពិភពលោកផងដែរនោះបានឲ្យដឹងថា ប្រទេសកម្ពុជា [២០១៣] ស្ថិតក្នុងលំដាប់ថ្នាក់ទី ២៥ នៅលើពិភពលោក និងទី៣ក្នុងតំបន់អាស៊ាន[បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា និងឡា]ដែលមានទីក្រុងកខ្វក់ជាងគេ៕