ភ្នំពេញ ប៉ុស្ដិ៍ | ​មតិ​យុវជន ចំពោះ​ចំណាត់ការ​របស់​ក្រសួង​អប់រំ​លើ​ការ​ផ្អាក​ផ្តល់​អាជ្ញាប័ណ្ណ​ជំនាញ​ធុរកិច្ច​ជា​បណ្តោះអាសន្ន

មតិ​យុវជន ចំពោះ​ចំណាត់ការ​របស់​ក្រសួង​អប់រំ​លើ​ការ​ផ្អាក​ផ្តល់​អាជ្ញាប័ណ្ណ​ជំនាញ​ធុរកិច្ច​ជា​បណ្តោះអាសន្ន

LIFT-យុវវ័យ

កាលបរិច្ឆេទផ្សាយ:
២៥ កុម្ភៈ ២០១៥ | ១៤:២៧

អ្នកយកព័ត៌មាន:
សុង គីមសួរ and អូន ឆេងប៉រ

ប្រធានបទផ្សេងៗ

យោងតាម​របាយការណ៍​ឆ្នាំ​២០១៣ របស់​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​មាន​ចំណងជើង​ថា«Skills shortages and skills gaps in the Cambodian labour market​: Evidence from employer skills needs survey» នៅ​ចន្លោះ​ពី​ឆ្នាំ​ ២០១០ ដល់​ ២០១២ តម្រូវការ​ធនធាន​មនុស្ស​ចូល​ទៅ​បម្រើការ​វិស័យ​ហិរញ្ញវត្ថុ​ដែល​មាន​ទាំង​ជំនាញ​គណនេយ្យ មាន​កំណើន​ ២៣,២​ ភាគរយ នាំឲ្យ​ជំនាញ​នេះ ក្លាយជា​វិស័យ​ទី​ពីរ ដែល​មាន​កំណើន​តម្រូវការ​ការងារ​ខ្ពស់ បន្ទាប់ពី​វិស័យ​សំណង់​ដែល​មាន​កំណើន​ ៥០,៤ ​ភាគរយ។ កាលពី​ដំណាច់ឆ្នាំ​ ២០១៤​ កន្លង​ទៅ​នេះ ក្រុមហ៊ុន Great Alliance បាន​ចាត់​ចំណាត់ថ្នាក់​ការងារ​ជា​ គណនេយ្យករ និង​ហេរញ្ញិក គឺ​ឈរ​នៅ​លំដាប់​ទី​មួយ ក្នុង​ចំណោម​ការងារ​កំពូលៗ​ទាំង ​៨ ដែល​កំពុង​មាន​តម្រូវការ។ ការងារ​ប្រភេទ​នេះ អាច​ទទួល​បាន​ប្រាក់​ចំណូល​ជា​មធ្យម​ពី​ ២០០ ទៅ ​១ ០០០​ ដុល្លារ​ក្នុង​មួយ​ខែ។ ស្រប​គ្នា​នេះ​ដែរ បើ​តាម​អនុប្រធាន​ធនាគារ​ អេស៊ីលីដា ដែល​ បច្ចុប្បន្ន កំពុង​ផ្ដល់​ការងារ​ដល់​បុគ្គលិក​ជាង ​១១ ០០០ ​នាក់ ដែល​ភាគច្រើន​ជា​និស្សិត​មាន​បរិញ្ញាបត្រ​ផ្នែក ​ធនាគារ និង​ហិរញ្ញវត្ថុ លោកស្រី សូផន ណារី មាន​សុទិដ្ឋិនិយម​ថា តម្រូវការ​ធនធាន​មនុស្ស​ក្នុង​វិស័យ​គ្រប់គ្រង​ពាណិជ្ជកម្ម​គណនេយ្យ​ធនាគារ​នេះ នៅតែ​មាន ផ្អែកលើ​ការ​រីកលូតលាស់​នៃ​អាជីវកម្ម​របស់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ យោងតាម​លោកស្រី នាវ ច័ន្ទថានា ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា ត្រឹម​ឆ្នាំ​ ២០១៣ វិស័យ​ធនាគារ​ នៅ​កម្ពុជា បាន​ផ្ដល់​ការងារ​ដល់​បុគ្គលិក​បម្រើការ​ជាង​ ២​ ម៉ឹន​ ៥ ​ពាន់​នាក់ ហើយ​លោកស្រី បាន​គូស​បញ្ជាក់​ទៀត​ថា៖ «វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​របស់​យើង​បាន​ផ្លាស់ប្ដូរ និង​វិវត្ត​យ៉ាង​ខ្លាំង»។ យ៉ាងណា​ក្ដី​ កាលពី​ដំណាច់​ឆ្នាំ​ ២០១៤​ កន្លង​ទៅ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ស្ដីពី​ការ​ផ្អាក​ផ្ដល់​អាជ្ញាប័ណ្ណ​ថ្មី​ដល់​គ្រឹះស្ថាន​ឧត្តមសិក្សា​ក្នុង​ការ​បើក​បង្រៀន​ជំនាញ​គ្រប់គ្រង គណនេយ្យ ធនាគារ និង​ហិរញ្ញវត្ថុ។ សេចក្ដី​ជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក ហង់ ជួនណារ៉ុន បាន​លើក​ហេតុផល​បញ្ជាក់​ថា ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​នេះ​គឺ​ធ្វើឡើង «ដើម្បី​ជំរុញ​ការ​អនុវត្ត​កំណែទម្រង់​នៅ​ថ្នាក់​ឧត្តមសិក្សា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ការងារ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ពេល​បច្ចុប្បន្ន» និង​ដោយសារ​តែ​ក្រសួង​បាន​កត់សម្គាល់​ឃើញ​ថា «ការ​ចុះ​ឈ្មោះ​ចូលរៀន​របស់​និស្សិត​នៅ​ថ្នាក់​ឧត្តមសិក្សា​ភាគច្រើន​លើសលប់​តែងតែ​ផ្ដោត​លើ​វិស័យ​ធុរកិច្ច»។ បើ​តាម​លោក រដ្ឋមន្ត្រី បច្ចុប្បន្ន​សិស្ស​កំពុង​សិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា មាន​ចំនួន​ប្រមាណ​២២​ម៉ឺន​នាក់ ក្នុង​នោះ​ប្រហែល​ជា​ ៥០ ​ភាគរយ កំពុង​សិក្សា​ជំនាញ​ គ្រប់គ្រង ​ច្បាប់ គណនេយ្យ ជំនាញ​ពាក់ព័ន្ធ​ពាណិជ្ជកម្ម ហើយ​ក្រសួង ចង់​ផ្តល់​អាទិភាព​លើ​ផ្នែក​កសិកម្ម ផ្នែក​បច្ចេកវិទ្យា និង​ផ្នែក ​កម្មន្តសាល និង​ផ្នែក​មេកានិក ​ជាដើម ឲ្យ​ច្រើន​ជាង​មុន។ ទន្ទឹម​នឹង​នោះ​ដែរ ក្រសួង​អប់រំ កំពុង​បន្ត​ផ្សព្វផ្សាយ​ដល់​សិស្សនិស្សិត ឱ្យ​ងាក​មក​សិក្សា​មុខជំនាញ​បច្ចេកទេស​ដែល​ទីផ្សារ​បច្ចុប្បន្ន​កំពុង​ត្រូវការ ដោយ​សង្ឃឹម​ថា នៅក្នុង​រង្វង់ ​៤ ទៅ ​៥ ​ឆ្នាំ​ខាង​មុខ​នេះ កម្ពុជា​នឹង​អាច​ពង្រឹង​គុណភាព​អប់រំ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ជំនាញ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ពិត និង​អាច​បណ្តុះបណ្តាល​ធនធាន​ស្រប​តាម​តម្រូវការ​ទីផ្សារ​តាមរយៈ​ការ​ផ្តោត​លើ​ការ​បង្រៀន​មុខវិជ្ជា​វិទ្យាសាស្ត្រ​តាំងពី​នៅ​មធ្យមសិក្សា​បន្ត​ពង្រឹង​សមត្ថភាព​គ្រូបង្រៀន និង​កម្មវិធីសិក្សា។ បច្ចុប្បន្ន​កម្ពុជា​មាន​គ្រឹះស្ថាន​ឧត្តមសិក្សា​សរុប​ចំនួន​១០៥ ស្ថាប័ន ក្នុង​នោះ​៣៩ ជា​គ្រឹះស្ថាន​រដ្ឋ និង​៦៦​ទៀត ជា​គ្រឹះស្ថាន​ឯកជន ជា ចំនួន​ដែល​លោក​រដ្ឋមន្ត្រី​ហៅថា «ច្រើន​រួច​មក​ហើយ»។ តើ​យុវជន​ដែល​កំពុង​សិក្សា​មុខវិជ្ជា​ខាងលើ​មាន​ប្រតិកម្ម​យ៉ាងណា​ចំពោះ​ចំណាត់ការ​នេះ? អស់​រយៈពេល​ប្រមាណ​ជា​កន្លះ​ឆ្នាំ​មក​ហើយ​ដែល កញ្ញា ចេង ម៉ានិត បាន​បញ្ចប់​ការសិក្សា​ផ្នែក​គណនេយ្យ​មកពី​វិទ្យាស្ថាន​មួយ តែ​ម៉ានិត មិន​ទាន់​អាច​រក​ការងារ​បាន​ធ្វើ​នៅ​ឡើយ បើ​ទោះបី​ជា​កន្លង​មក កញ្ញា ធ្លាប់​បាន​ដាក់​ពាក្យ​សុំ​ធ្វើការ​នៅ​តាម​ធនាគារ ឬ​ស្ថាប័ន​ឯកជន​មួយ​ចំនួន​ក្តី។ យ៉ាងណា​មិញ កញ្ញា មិន​បាន​ដាក់​ការ​បន្ទោស​ទៅលើ​ទីផ្សារ​ការងារ​ផ្នែក​នេះ​ថា មាន​លក្ខណៈ​ចង្អៀត ឬ​ប្រកួតប្រជែង​ខ្លាំង​នោះ​ទេ តែ​កញ្ញា​គិត​ថា មកពី​កត្តា​កង្វះ​សមត្ថភាព និង​បទពិសោធ​ការងារ​លើ​ជំនាញ​នេះ​ទៅវិញ​ទេ ដែល​ជា​មូលហេតុ​នាំឲ្យ​ពិបាក​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ។ សម្រាប់​ម៉ានិត ដែល​ជា​និស្សិត​សិក្សា​ផ្នែក​នេះ​ផ្ទាល់​បាន​យល់​ឃើញ​ថា៖ «ការ​រៀន​ជំនាញ​ធុរកិច្ច​មិនមែន​មាន​ន័យ​ថា សុទ្ធតែ​សម្រាប់​បម្រើការ​ផ្នែក​នេះ​ទាំងអស់ ឬ​ទាល់តែ​មាន​តម្រូវការ​ផ្នែក​នេះ ទើប​និស្សិត​គួរតែ​រៀន​នោះ​ទេ។ បើ​តាម​ការពិត​ជំនាញ​នេះ គឺ​មាន​សារៈសំខាន់​ណាស់​ព្រោះ​ថា គ្រប់​ស្ថាប័ន​ទាំងអស់​សុទ្ធតែ​ត្រូវការ​អ្នក​ដែល​មាន​ជំនាញ​មួយ​នេះ​ដើម្បី​បម្រើ​ការងារ ម្យ៉ាង​ការ​រៀន​ផ្នែក​គណនេយ្យ​នេះ គឺ​ល្អ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​គ្រប់គ្រង​ជំនួញ​ដោយ​ខ្លួនឯង ឬ​ជួយ​គ្រួសារ»។ យុវតី​វ័យ​២១​ឆ្នាំ​រូប​នេះ បាន​សម្តែង​ការ​មិន​យល់ស្រប​ជុំវិញ​ការ​ជំរុញ​ឲ្យ​និស្សិត​ជ្រើសរើស​យក​ការ​រៀន​ជំនាញ​ដើម្បី​ស្រប​នឹង​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន​ដោយ​កញ្ញា​គិត​ថា៖ «គេ​មិន​អាច​បង្ខំ​និស្សិត​ឲ្យ​រៀន​អ្វី​ដែល​គេ​មិន​ចង់​នោះ​ទេ បើ​ទោះបី​ជា​គេ​អាច​រៀន​អ្វី​ដែល​ស្រប​នឹង​ទីផ្សារ​ការងារ​ទាំង​ដែល​ខ្លួន​មិន​ស្រឡាញ់​ក៏ដោយ ក៏​សិស្សនិស្សិត​នៅ​តែ​មិន​អាច​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​រៀនសូត្រ​ហើយ​ពេល​រៀន​ចប់​នៅ​តែ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បំពេញ​ការងារ​ដដែល»។ ស្រប​គ្នា​នេះ​ដែរ លោក សួន កិត្តិគុណ និស្សិត​ផ្នែក​គណនេយ្យ​ដែល​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន CamEd ក៏​បាន​បញ្ចេញ​យោបល់​ដែរ​ថា ជំនាញ​ទាក់ទង​នឹង​ធុរកិច្ច និង​គ្រប់គ្រង​ជា​កិច្ចការ​ចាំបាច់​ដែល​និស្សិត​មិន​ថា​រៀន​ជំនាញ​អ្វី​ក៏ដោយ​យ៉ាង​ហោច​ក៏​ត្រូវ​ចេះដឹង និង​ប្រើប្រាស់​ជា​ជំនាញ​ទន់​ដែរ។ លោក កិត្តិគុណ បាន​បន្ត​ថា វិធានការ​របស់​ក្រសួង​អប់រំ​អាច​នឹង​ជួយ​ឱ្យ​មាន​ការ​រក្សា​ចំនួន និង​បរិមាណ​ធនធាន​មនុស្ស​ក្នុង​វិស័យ​នេះ​(ធុរកិច្ច)​ហើយ​ព្រម​ពេល​ជាមួយ​គ្នា​នេះ​អាច​ជួយ​សម្រាំង​បាន​នូវ​បេក្ខជន ឬ​ធនធាន​ដែល​ឆ្លាត​វាងវៃ និង​មាន​សមត្ថភាព​ប្រកួតប្រជែង​ខ្ពស់។ កិត្តិគុណ​បាន​និយាយ​ថា៖ «វា​អាច​ជា​ការ​ជំរុញ​ឱ្យ​សិស្សនិស្សិត​គិត និង​ធ្វើការ​ពិចារណា​កាន់តែ​ស៊ីជម្រៅ​ដិតដល់​ជាង​[ពេល​បច្ចុប្បន្ន]​នេះ ក្នុង​ការ​សម្លឹង​មើល​ទៅ​មុខ​ជំនាញ​ផ្សេងៗ​ទៀត​មិនមែន​តែ​ជំនាញ​ធុរកិច្ច និង​គ្រប់គ្រង​នោះ​ទេ»។ កញ្ញា ឡាំ គីមច័ន្ទសុភី និស្សិត​ឆ្នាំ​ទី​៣ ជំនាញ ធនាគារ និង​ហិរញ្ញវត្ថុ នៅ​សាកលវិទ្យាល័យ​ភ្នំពេញអន្តរជាតិ (PPIU) បាន​និយាយ​ថា កញ្ញា​មិន​បាន​ដឹង​ពី​ប្រកាស​របស់​ក្រសួង​អប់រំ​ទេ។ យ៉ាងណា​ក៏ដោយ កញ្ញា​គិត​ថា​នេះ​ជា​ការ​ល្អ​ម្យ៉ាង​ដែរ ព្រោះ​ថា បច្ចុប្បន្ន​នេះ​សិស្ស​ដែល​កំពុង​សិក្សា និង​បញ្ចប់​ជំនាញ​នេះ​មាន​ច្រើន​ដែល​ទីផ្សារ​ការងារ​មិន​អាច​ឆ្លើយតប​នឹង​តម្រូវការ​របស់​និស្សិត​បាន​នោះ​ទេ។ បើ​ទោះបី​ជា​យុវតី​វ័យ ១៩​ឆ្នាំ​រូប​នេះ​គិត​ថា ចំណាត់ការ​របស់​ក្រសួង​អប់រំ អាច​នឹង​ធ្វើឲ្យ​ទីផ្សារ​ការងារ​ផ្នែក​នេះ កាត់បន្ថយ​ការ​ប្រកួតប្រជែង​បាន​ក៏​ពិតមែន តែ​មិនមែន​មាន​ន័យ​ថា និស្សិត​បញ្ចប់​ការសិក្សា​ទាំងអស់​នឹង​អាច​មាន​លទ្ធភាព​ទទួល​បាន​ការងារ​ផ្នែក​នេះ​ទាំងអស់​នោះ​ទេ។ កញ្ញា​បាន​និយាយ​ថា៖ «ការ​កំណត់​បែប​នេះ​របស់​ក្រសួង​ប្រហែល​ជា​អាច​កាត់បន្ថយ​ចំនួន​សិស្ស​ដែល​រៀន​ជំនាញ​នេះ ហើយ​ទីផ្សារ​ការងារ​អាច​បើក​ទូលាយ​ជាង​មុន ក៏​ប៉ុន្តែ​និស្សិត​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​ខ្លួនឯង​ជា​ចម្បង បើ​មិន​អ៊ីចឹង​ទេ គេ​នៅ​តែ​មាន​ការ​លំបាក​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​និស្សិត​ដទៃ​ទៀត​ដដែល»។ ជាមួយ​គ្នា​នេះ​ដែរ កញ្ញា អាង សុដាឡែន និស្សិត​ឆ្នាំ​ទី ​៣ ជំនាញ​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) បាន​បញ្ចេញ​មតិ​យល់ស្រប​លើ​ការ​កំណត់​របស់​ក្រសួង​អប់រំ​ដោយ​សំអាង​ហេតុផល​ថា ទីផ្សារ​ការងារ​ផ្នែក​នេះ គឺ​មាន​លក្ខណៈ​ចង្អៀត​រួច​ទៅ​ហើយ​សម្រាប់​និស្សិត​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ដូច្នេះ​វា​ជា​ការ​ល្អ ប្រសិន​បើ​ក្រសួង​អាច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​បើក​គ្រឹះស្ថាន​អប់រំ​ថ្មី ក៏​ដូចជា​កំណត់​ចំនួន​អ្នក​រៀន​ជំនាញ​នេះ។ ក៏​ប៉ុន្តែ យុវតី​វ័យ​ ២២ ​ឆ្នាំ​រូប​នេះ ក៏​បាន​សម្តែង​ការ​បារម្ភ​ដែរ​ថា៖ «ខ្ញុំ​យល់ស្រប​ការ​ធ្វើ​បែប​នេះ​របស់​ក្រសួង តែ​សម្រាប់​ខ្ញុំ​ផ្ទាល់​ក៏​គិតថា​នេះ​ជា​សញ្ញា​មួយ​មិន​ល្អ​ផង​ដែរ វា​ហាក់​ដូចជា​ការ​ដាស់​តឿន​ដល់​ពួកខ្ញុំ​ដែល​កំពុង​តែ​សិក្សា​នៅ​ឡើយ​ឲ្យ​ដឹង​ថា ជំនាញ​នេះ​គឺ​នឹង​មាន​ការ​ប្រកួតប្រជែង​ខ្លាំង ដែល​អាច​នឹង​ពិបាក ឬ​ មិនអាច​នឹង​រក​ការងារ​ធ្វើ​ផង​ក៏​ថា​បាន»។ កញ្ញា ជុំ សម្បតិ្តទេពី ជា​និស្សិត​ឆ្នាំ​ទី ​៣ ជំនាញ​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​វិទ្យាស្ថាន​ឯកទេស​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (ISEF) ដែល​បាន​ដឹង​ពី​សេចក្តី​ប្រកាស​របស់​ក្រសួង​តាមរយៈ​ហ្វេសប៊ុក​បាន​សម្តែង​ការ​គាំទ្រ ដោយសារ​កញ្ញាគិត​ថា នេះ​ជា​ការ​លើក​ទឹកចិត្ត និង​ដាស់តឿន​ឲ្យ​សិស្ស​ដែល​នឹង​ត្រៀមរើស​ជំនាញ​ចូល​សាកលវិទ្យាល័យ​បាន​ដឹង​ជា​មុន​ថា ជំនាញ​មួយ​នេះ​គឺ មាន​ការ​ប្រកួតប្រជែង​ខ្លាំង ហើយ​ទីផ្សារ​ការងារ​មាន​លក្ខណៈ​ចង្អៀត​ដែល​មិន​ទាន់​អាច​ឆ្លើយតប​នឹង​តម្រូវការ​បាន​នៅ​ឡើយ។ កញ្ញា ទេពី បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ក្រសួង​ធ្វើ​បែប​នេះ​គឺ​អាច​នឹង​ជួយ​ឲ្យ​សិស្ស​មួយ​ចំនួន​ងាក​មក​ចាប់​អារម្មណ៍​រៀន​ជំនាញ​ផ្សេងៗ​វិញ​ដើម្បី​ឲ្យ​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ ព្រោះ​ថា​យើង​នឹង​មាន​សមាហរណកម្ម​ឆាប់ៗ​នេះ​ហើយ យើង​មិន​អាច​ឲ្យ យុវជន​យើង​មាន​តែ​ជំនាញ​ហិរញ្ញវត្ថុ និង​ធនាគារ​មួយ​មុខ​នោះ​ទេ គឺ​គួរ​តែ​មាន​គ្រប់​ជំនាញ​ទាំងអស់»។ លោកស្រី ងួន សុខា ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់​បាន​និយាយ​ កាលពី​ឆ្នាំ​ ២០១៣ គ្រា​ដែល​លោកស្រី​កំពុង​បំពេញ​តួនាទី​ជា​អគ្គនាយក​ធនាគារជាតិ​នៃ​កម្ពុជា​ថា៖ «ពិតណាស់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ បាន​ស្រូប​យក​បុគ្គលិក​ជាច្រើន​ក្នុង​មួយ​ឆ្នាំៗ តែ​ទោះ​យ៉ាង​នេះ​ក្តី វិស័យ​នេះ​មិន​អាច​ទ្រទ្រង់​កំណើន​តម្រូវ​ការងារ​ដ៏ច្រើន​ដែល​និស្សិត​បាន​បញ្ចប់​ការសិក្សា​ត្រូវការ​នោះ​ទេ»៕

ឡាំ គីមច័ន្ទសុភី «ការ​កំណត់​បែប​នេះ​របស់​ក្រសួង​ប្រហែល​ជា​អាច​កាត់បន្ថយ​ចំនួន​សិស្ស​ដែល​រៀន​ជំនាញ​នេះ ហើយ​ទីផ្សារ​ការងារ​អាច​បើក​ទូលាយ​ជាង​មុន ក៏​ប៉ុន្តែ​និស្សិត​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​ខ្លួនឯង​ជា​ចម្បង បើ​មិន​អ៊ីចឹង​ទេ គេ​នៅ​តែ​មាន​ការ​លំបាក​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​និស្សិត​ដទៃ​ទៀត​ដដែល»។

ចេង ម៉ានិត «គេ​មិន​អាច​បង្ខំ​និស្សិត​ឲ្យ​រៀន​អ្វី​ដែល​គេ​មិន​ចង់​នោះ​ទេ បើ​ទោះបី​ជា​គេ​អាច​រៀន​អ្វី​ដែល​ស្រប​នឹង​ទីផ្សារ​ការងារ​ទាំង​ដែល​ខ្លួន​មិន​ស្រឡាញ់​ក៏ដោយ សិស្សនិស្សិត​នៅ​តែ​មិន​អាច​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​រៀនសូត្រ ហើយ​ពេល​រៀន​ចប់​នៅ​តែ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បំពេញ​ការងារ​ដដែល»។

អាង សុដាឡែន «ខ្ញុំ​យល់ស្រប​ការ​ធ្វើ​បែប​នេះ​របស់​ក្រសួង តែ​សម្រាប់​ខ្ញុំ​ផ្ទាល់​ក៏​គិត​ថា​នេះ​ជា​សញ្ញា​មួយ​មិន​ល្អ​ផង​ដែរ វា​ហាក់​ដូចជា​ការ​ដាស់តឿន​ដល់​ពួកខ្ញុំ​ដែល​កំពុង​តែ​សិក្សា​នៅ​ឡើយ​ឲ្យ​ដឹង​ថា ជំនាញ​នេះ​គឺ​នឹង​មាន​ការ​ប្រកួតប្រជែង​ខ្លាំង ដែល​អាច​នឹង​ពិបាក ឬ​មិន​អាច​នឹង​រក​ការងារ​ធ្វើ​ផង​ក៏​ថា​បាន»។

ជុំ សម្បតិ្តទេពី «ខ្ញុំ​គិត​ថា​ក្រសួង​ធ្វើ​បែប​នេះ​គឺ​អាច​នឹង​ជួយ​ឲ្យ​សិស្ស​មួយ​ចំនួន​ងាក​មក​ចាប់​អារម្មណ៍​រៀន​ជំនាញ​ផ្សេងៗ​វិញ​ដើម្បី​ឲ្យ​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ ព្រោះ​ថា យើង​នឹង​មាន​សមាហរណកម្ម​ឆាប់ៗ​នេះ​ហើយ យើង​មិន​អាច​ឲ្យ យុវជន​យើង​មាន​តែ​ជំនាញ​ហិរញ្ញវត្ថុ និង​ធនាគារ​មួយ​មុខ​នោះ​ទេ គឺ​គួរតែ​មាន​គ្រប់​ជំនាញ​ទាំងអស់»។

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com