The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - យុវជន​កម្ពុជា ៣៨ ​​រូប​ត្រៀម​ខ្លួន​ចេញ​ទៅ​​សិក្សា​នៅ​ប្រទេស​ជប៉ុន




យុវជន​កម្ពុជា ៣៨ ​​រូប​ត្រៀម​ខ្លួន​ចេញ​ទៅ​​សិក្សា​នៅ​ប្រទេស​ជប៉ុន

និស្សិត​ទាំង ​៣៨ រូប ដែល​ត្រៀម​ខ្លួន​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​។
និស្សិត​ទាំង ​៣៨ រូប ដែល​ត្រៀម​ខ្លួន​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​។ ម៉ៃ វីរៈ

យុវជន​កម្ពុជា ៣៨ ​​រូប​ត្រៀម​ខ្លួន​ចេញ​ទៅ​​សិក្សា​នៅ​ប្រទេស​ជប៉ុន

យុវជន​កម្ពុជា​ចំនួន ៣៨ រូប នឹង​ចាកចេញ​ទៅ​ប្រទេស​ជប៉ុន នៅ​ខែ​មេសា​​​​​នេះ ដើម្បី​បន្ត​ការសិក្សា​ទៅ​​តាម​ជំនាញ​ និង​កម្រិត​ខុសៗ​គ្នា រួមមាន ថ្នាក់​ក្រោយ​ឧត្តមសិក្សា (Research Students) ​ថ្នាក់​ឧត្តមសិក្សា (Undergraduate students)​ ថ្នាក់​មធ្យម​សិក្សា​បច្ចេកទេស (College of Technology students) និង​ថ្នាក់​បណ្តុះបណ្តាល​វិជ្ជាជីវៈ (Specialized training​ college​ students) ក្រោម​ជំនួយ​​អាហារូបករណ៍​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​មាន​ឈ្មោះ​ថា «Monbukaga-kusho»។

ក្នុង​ចំណោម​និស្សិត​ចំនួន ៣៨ នាក់​នោះ រួមមាន និស្សិត​ថ្នាក់​ក្រោយ​ឧត្តមសិក្សា​ចំនួន ១២ រូប ថ្នាក់​ឧត្តមសិក្សា​ចំនួន​ ២ រូប ថ្នាក់​មធ្យមសិក្សា​បច្ចេកទេស​​ចំនួន​ ១៤ រូប និង​ថ្នាក់​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន ១០ រូប។

ថ្លែង​នៅក្នុង​កម្មវិធី​ជប់លៀង​ជូន​ដំណើរ និង​ការចង​បណ្តាញ​និស្សិត​អាហារូបករណ៍​ជប៉ុន​ឆ្នាំ ២០១៥ ដែល​បាន​ប្រពឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី ២៦ ខែ​មីនា នៅឯ​ស្ថានទូត​ជប៉ុន លោក គូម៉ា ម៉ារូយូជិ ឯកអគ្គរាជទូត​​ជប៉ុន ប្រចាំ​កម្ពុជា​ បាន​លើក​ឡើង​ថា៖ «ឆ្នាំ​នេះ មាន​សិស្ស​ដាក់​ពាក្យ​​ប្រឡង​អាហារូបករណ៍​សរុប​ចំនួន​ជាង ១៣០០ ​នាក់ នៅក្នុង​កម្រិត​​ចំនួន ៤ ។ តួលេខ​នេះ​​ គឺ​មាន​កំណើន​ស្ទើរតែ​ទ្វេដង បើ​​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ។ ខ្ញុំ​សូម​កោតសរសើរ​ដល់​កិច្ចប្រឹងប្រែង​របស់​អ្នក​ទាំងអស់​គ្នា​ក្នុង​ការទទួល​បាន​នូវ​ជោគជ័យ​នេះ»។

លោក​បាន​បន្ត​ទៀត​ថា៖ «ខ្ញុំ​ជឿ​ថា បរិស្ថាន​សិក្សា​នៅ​ប្រទេស​ជប៉ុន​នឹង​​ផ្តល់​ឱកាស​ដ៏អស្ចារ្យ​មួយ​ដល់​អ្នក​ទទួល​អាហារូបករណ៍​នូវ​ជំនាញ និង​ចំណេះដឹង​​ដែល​អាច​ក្លាយ​ទៅ​ជា​ទ្រព្យ​ដ៏សំខាន់​មួយ​​សម្រាប់​អនាគត​របស់​អ្នក»។

ក្នុង​កម្មវិធី​នោះ​ដែរ ក៏​មាន​និស្សិត​​​ និង​អតីត​និស្សិត​ដែល​ធ្លាប់​បាន​​ជាប់​​អាហារូបករណ៍​ទៅ​ប្រទេស​​​ជប៉ុន​កន្លង​ទៅ​ផង​ដែរ។ ​លោក ​អ៊ុក សុវណ្ណារ៉ា អតីត​និស្សិត​បញ្ចប់​ការសិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា ហើយ​ពេល​នេះ​កំពុង​តែ​ត្រៀម​ខ្លួន​ចាកចេញ​ទៅ​ប្រទេស​ជប៉ុន​តាមរយៈ​អាហារូបករណ៍​ Monbukagakusho ក្នុង​កម្រិត​​​ថ្នាក់​ក្រោយ​ឧត្តមសិក្សា (សិក្សា​រយៈពេល​​ ១ ​ឆ្នាំ​​កន្លះ​ទៅ ២ ឆ្នាំ) បាន​បង្ហាញពី​ក្តីរំភើប​របស់​ខ្លួន​ដែល​បាន​ជាប់​អាហារូបករណ៍​នេះ ហើយ​លោក​​​សង្ឃឹម​ថា នៅពេល​ដែល​ត្រឡប់​មកវិញ​លោក​នឹង​មាន​លទ្ធភាព​​ចូលរួម​លើក​ស្ទួយ​នូវ​ប្រព័ន្ធ​​​ធារាសាស្ត្រ​នៅក្នុង​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​ព្រោះ​ថា ប្រធានបទ​សម្រាប់​ការស្រាវជ្រាវ​របស់​លោក​ គឺ​ទាក់ទង​ទៅ​នឹង​លទ្ធភាព​នៃ​ការគ្រប់គ្រង​ទឹក​សម្រាប់​ប្រជាកសិករ​កម្ពុជា។

ឈរ​នៅ​ក្បែរ​គ្នា​នោះ​ដែរ កញ្ញារដ្ឋា ណាវីននូ ស្ថិត​ក្នុង​វ័យ ១៩ ឆ្នាំ ដែល​និង​​ទៅ​សិក្សា​ក្នុង​កម្រិត​ថ្នាក់​ឧត្តមសិក្សា (សិក្សា​រយៈពេល ៥ ឆ្នាំ) បាន​ឲ្យ​ដឹង​ដែរ​ថា កញ្ញា​នៅ​មិន​ទាន់​ដឹង​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​ដំបូង​កញ្ញា នឹង​ត្រូវ​រៀន​ភាសា​ជប៉ុន​ឲ្យ​ចេះ​ស្ទាត់​សិន​ទើប​ធ្វើការ​ជ្រើសរើស​ជំនាញ ឬ​មុខវិជ្ជា​​​ដែល​ត្រូវ​រៀន​ជា​ក្រោយ។

ដោយ​ក្តីរំភើប​ផង អរផង កញ្ញា​បាន​​ពោល​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​​រំភើប​​ណាស់​ មុន​នឹង​ជាប់​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល​​​​ខ្ញុំ​ភ័យ​ផង អរផង ទាល់​តែ​ចុងក្រោយ​ទើប​ដឹង​ថា​ជាប់ គឺ​ខ្ញុំ​អរ​​មែនទែន ជាពិសេស​នោះ​ គឺ​ខ្ញុំ​គិត​ថា ខ្ញុំ​មិន​ត្រឹមតែ​អាច​សម្រេច​បំណង​ប្រាថ្នា​របស់​ខ្លួនឯង​ទេ តែ​សម្រេច​បំណង​ប៉ាម៉ាក់​ខ្ញុំ​ផង​ដែរ»។

ជាមួយ​គ្នា​នោះ​ដែរ កញ្ញាឡុង គន្ធាម្លិះ ជា​និស្សិត​ឆ្នាំ​ទី ២ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា គឺជា​និស្សិត​ស្រី​តែ​ម្នាក់​គត់​ដែល​បាន​ជាប់​អាហារូបករណ៍​ក្នុង​កម្រិត​ថ្នាក់​មធ្យមសិក្សា​បច្ចេកទេស (សិក្សា​រយៈពេល​​ ៤ ឆ្នាំ) ក្នុង​ឆ្នាំ ២០១៥ ​នេះ។ ​

កញ្ញា​ ​បាន​និយាយ​ទាំង​រំភើប​ចិត្ត​ថា​៖ ​«ខ្ញុំ​រីករាយ​ខ្លាំង​ណាស់ ដោយសារ​​អាហារូបករណ៍​មួយ​នេះ ​គឺ​ពិបាក​ប្រឡង​យក​ណាស់ ហើយ​សំខាន់​​កម្រិត​នេះ​ គឺ​មិន​សូវ​មាន​មនុស្ស​ស្រី​យក​បាន​ទេ ក្នុង​ College ​of Technology នេះ ដោយសារ​តែ​គេ​រៀន​ជំនាញ​វិស្វកម្ម​ឆ្នាំ​មុន​មាន​តែ​មនុស្សស្រី​ម្នាក់​គត់​ដែល​បាន​ជាប់ សម្រាប់​ខ្ញុំ​ គឺ​មាន​អារម្មណ៍​ថា​អស្ចារ្យ​ណាស់»។

យុវជន ជាក់ច័ន្ទ សិរីសិទ្ធិ ក្នុង​វ័យ ​១៧ ​ឆ្នាំ ជា​សិស្ស​ទើប​បញ្ចប់​ការសិក្សា​​ថ្នាក់វិទ្យាល័យ​កាលពី​ឆ្នាំ​ ២០១៤ បាន​និយាយ​ថា ការទទួល​បាន​​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​កម្រិត​ថ្នាក់​បណ្តុះបណ្តាល​វិជ្ជាជីវៈ (សិក្សា​រយៈពេល ៣ ឆ្នាំ) នេះ​ប្រៀប​ដូចជា​សុបិន​ក្លាយ​ជា​ការពិត​អ៊ីចឹង​សម្រាប់​រូប​លោក។

យុវជន​រូប​នេះ​បាន​និយាយ​បណ្តើរ​សើច​បណ្តើរ​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​ពី​សិស្សច្បង​ថា ខ្ញុំ​ជាប់​អាហារូបករណ៍​នេះ​ភ្លាម​ខ្ញុំ​មាន​អារម្មណ៍​ថា​ជីវិត​ខ្ញុំ​នឹង​ផ្លាស់ប្តូរ ហើយ​គិត​ថា វា​ដូចជា​ក្នុង​ក្តីសុបិន​អ៊ីចឹង​ខ្ញុំ​គិត​ថា ជីវិត​ខ្ញុំ​នឹង​មាន​ភាពឯករាជ្យ​ជាង​ពេល​នេះ​ឆ្ងាយ​ដោយ​ត្រូវ​រៀន និង​​រស់នៅ​ដោយ​ខ្លួនឯង​នៅ​ប្រទេស​ជប៉ុន​»។

គួរបញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ដើម្បី​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ក្នុង​កម្រិត​ទាំង​បួន​នេះ​ចាប់​តាំងពី​ឆ្នាំ ១៩៩២ មក​ម៉េ្លះ។ មក​ដល់​ពេល​នេះ​មាន​និស្សិត​កម្ពុជា​ចំនួន​​ ៤៩៥ ​នាក់​ហើយ ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​តាមរយៈ​គម្រោង​អាហារូបករណ៍ Monbukagakusho ​​នេះ​ដែល​ត្រូវ​បាន​ផ្តល់​ដោយ​​ក្រសួង​អប់រំ​វប្បធម៌​កីឡា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​របស់​ជប៉ុន។

សម្រាប់​ព័ត៌មាន​បន្ថែម​ដល់​និស្សិត​ដែល​មាន​បំណង​ដាក់​ពាក្យ​សុំអាហារូបករណ៍​មួយ​នេះ​អាច​ទាក់ទង​បាន​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ដែល​មាន​អាស័យដ្ឋាន​អ៊ីមែល info.jpn@pp.mofa.go.jp​ ឬ​ទូរស័ព្ទ​លេខ 023-217-161 ឬ​​តាម​គេហទំព័រ​​​ (http://www/studyjapan.go.jp/en/index.html)៕

អត្ថបទគួរចាប់អារម្មណ៍