The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - យុវជន​ចំនួន ៣០០០ នាក់​ចូលរួម​រៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ២០១៥




យុវជន​ចំនួន ៣០០០ នាក់​ចូលរួម​រៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ២០១៥

យុវជនចូលរួមលេងល្បែងប្រជាប្រិយក្នុងអំឡុងពេលនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៤។
យុវជនចូលរួមលេងល្បែងប្រជាប្រិយក្នុងអំឡុងពេលនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៤។ រូបថត ចន សីហា

យុវជន​ចំនួន ៣០០០ នាក់​ចូលរួម​រៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ២០១៥

យុវជន​ចំនួន ៣០០០ នាក់​ពី រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប នឹង​ចូលរួម​ស្ម័គ្រចិត្ត រៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​លើក​ទី​បី​ក្នុង​ឆ្នាំ ២០១៥ នៅ​ទីក្រុង​សៀមរាប។

បើ​តាម​អ្នកនាំពាក្យ​របស់​ព្រឹត្តិការណ៍​​អង្គរសង្ក្រាន្ត លោក សោម រតនា បាន​ឲ្យ​ដឹង​ថា យុវជន​ដែល​មកពី​បណ្តា​សាកលវិទ្យាល័យ សិល្បករ អ្នក​​ធ្វើការ​​រដ្ឋ និង​ឯកជន​បាន​ចូលរួម​នៅក្នុង​​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ត្រូវ​បាន​បែងចែក​ទៅ​តាម​ក្រុម​នីមួយៗ ដែល​មាន​​នៅក្នុង​​កម្មវិធី រួមមាន​ដូចជា ក្រុម​ទំនាក់ទំនង​​​សាធារណៈ ក្រុម​ផលិតផល ស.ស.យ.ក គោម​បណ្តែត​ទឹក និង​​ការិយាល័យ​ព័ត៌មាន ក្រុម​របាំ​ប្រជាប្រិយ ក្រុម​ល្បែង​ប្រជាប្រិយ និង​​ក្រុម​ផ្សេងៗ​មួយ​ចំនួន​ទៀត។

ក្រុម​នីមួយៗ​មាន​តួនាទី និង​ការទទួល​ខុសត្រូវ​​ខុសៗ​គ្នា ទាំង​នៅ​មុន​ពេល​កម្មវិធី អំឡុង​ពេល​កម្មវិធី និង​ក្រោយ​កម្មវិធី។

លោក លឿង យ៉ុងស៊ិញ ជាយុវជន​ម្នាក់​ក្នុង​ចំណោម​យុវជន ៣០០០ ​នាក់​ផ្សេង​ទៀត ដែល​ត្រៀម​​ខ្លួន​នឹង​ចូលរួម​រៀបចំ​កម្មវិធី​អង្គរង្ក្រាន្ត​ឆ្នាំ​​ ២០១៥ បាន​ឲ្យ​ដឹង​ថា លោក​​​​មាន​​​​ការទទួល​ខុសត្រូវ​ជា​ប្រធាន​ផ្នែក​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុម​ផលិតផល ស.ស.យ.ក គោម​បណ្តែតទឹក និង​​ការិយាល័យ​​​ព័ត៌មាន​សម្រាប់​​​ឆ្នាំ​ ២០១៥ ​នេះ។

វា​ជា​លើក​ទី ២ ហើយ​សម្រាប់​លោក​ដែល​បាន​​ចូលរួម​ធ្វើ​ជា​យុវជន​ស្ម័គ្រចិត្ត​របស់​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ដែល​កាលពី​ឆ្នាំ ២០១៤ កន្លង​ទៅ លោក គឺជា​អ្នក​ឈរ​នៅ​ស្តង់​លក់​ផលិតផល​របស់ ស.ស.យ.ក ដែល​រួមមាន ដូចជា អាវយឺត​ ខ្សែដៃ មួក។ល។

លោក​បាន​រៀបរាប់​ឲ្យ​ដឹង​ពី​តួនាទី​របស់​លោក​នៅក្នុង​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​សម្រាប់​ឆ្នាំ ២០១៥ ថា៖ «ក្រុម​របស់​ខ្ញុំ គឺ​ភាគច្រើន​មាន​ការទទួល​ខុសត្រូវ​នៅ​អំឡុង​ពេល​កម្មវិធី​ពោល គឺ​មាន​តួនាទី ផ្សព្វផ្សាយ​នូវ​គ្រប់​កម្មវិធី​ដែល​មាន​ទាំងអស់​នៅក្នុង​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ដោយ​​​​​នៅ​អំឡុង​ពេល​កម្មវិធី​គេ​នឹង​​មាន​​​​ការផ្តល់​​ឲ្យ​ជា​ស្តង់​មួយ​បំពាក់​ដោយ​​មេក្រូ និង​ឧបករណ៍​បំពង​​សំឡេង​​ផ្សេងៗ​ដើម្បី​ជា​ការផ្សព្វផ្សាយ​ដល់​អ្នក​ចូល​ទស្សនាជាតិ និង​អន្តរជាតិ​បាន​ដឹង​ពី​កម្មវិធី​ដែល​មាន​ទាំងអស់​នៅក្នុង​ព្រឹត្តិការណ៍​ដ៏ធំ​មួយ​នេះ»។

មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ​ពី​លោក ស៊ិញ កញ្ញា យឹម ចាន់វិនិតា ដែល​ស្ថិត​នៅក្នុង​ក្រុម​ផលិតផល ស.ស.យ.ក គោម​បណ្តែតទឹក និង​ការិយាល័យ​ព័ត៌មាន​ដែរ​នោះ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នេះ​គឺជា​លើក​ទី ពីរ​ហើយ​ដែល​កញ្ញា​បាន​ចូលរួម​កម្មវិធី​អង្គរសង្ក្រាន្ត ហើយ​​កញ្ញា​ គឺ​មាន​តួនាទី​ក្នុង​ការ​ទទួល​ខុសត្រូវ​គ្រប់គ្រង​​ តាម​ស្តង់​ផ្តល់​ព័ត៌មាន​ដល់​អ្នក​ទស្សនាជាតិ និង​អន្តរជាតិ​អំពី​កម្មវិធី​ដែល​មាន​ទាំងអស់​ក្នុង​រយៈពេល​បី​ថ្ងៃ​នោះ។

ភ្ញៀវទេសចរមកទស្សនាប្រាសាទបុរាណក្នុងអំឡុងពេលចូលឆ្នាំខ្មែរឆ្នាំ ២០១៤។
ភ្ញៀវទេសចរមកទស្សនាប្រាសាទបុរាណក្នុងអំឡុងពេលចូលឆ្នាំខ្មែរឆ្នាំ ២០១៤។ រូបថត សួង ម៉ារឌី

បើ​យោងតាម​ទំព័រ​បណ្តាញ​សង្គម​ជា​ផ្លូវការ​របស់​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​សម្រាប់​ឆ្នាំ ២០១៥ ​​នេះ នឹង​មាន​ទស្សនីយភាព​តាម​​ថ្ងៃ​​នីមួយៗ​ដូចជា៖ ថ្ងៃ​ទី ១៤ ខែ​មេសា៖ ពិធី​បើក​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត កម្មវិធី​ភូមិ​ខ្ញុំ កម្មវិធី​ក្បួន​ដង្ហែ​អង្គរសង្ក្រាន្ត ការសម្តែង​ល្បែង​​ប្រជាប្រិយ គុនល្បុក្កតោ និង​របាំ (លាន​ជល់​ដំរី) ពិធី​កាត់​នំអន្សម​យក្ស ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ទាញព្រ័ត្រ​មិត្តភាព​អង្គរសង្ក្រាន្ត ជើងឯក​ញ៉ាំ​នំអន្សម​យក្ស កម្មវិធី​ប្រណាំង​រទេះ​គោ/ក្របី កម្មវិធី​ការរាំ​ជា​ក្រុម​ពញ្ញាក់​អារម្មណ៍ ពិធីបណ្តែត​គោម​បួងសួង​សុំ​សេចក្តីសុខ កម្មវិធី​មហោស្រព​សិល្បៈ​វប្បធម៌​បុរាណ។

ថ្ងៃ​ទី ១៥ ខែ​មេសា៖ ពិធី​ទៅ​វត្ត និង​ពូន​ភ្នំខ្សាច់ កម្មវិធី​រាំម៉ាឌីហ្សូន ២០១៥ ​នាក់ កម្មវិធី​ក្បួន​ដង្ហែ​អង្គរសង្ក្រាន្ត កម្មវិធី​ប្រណាំង​រទេះ​គោ/ក្របី កម្មវិធី​ការរាំ​ជា​ក្រុម​ពញ្ញាក់​អារម្មណ៍ កម្មវិធី​មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ។

ថ្ងៃ​ទី ១៦ ខែ​មេសា៖ ការប្រកួត​អុកចត្រង្គ​អបអរសាទរ​អង្គរសង្ក្រាន្ត​ឆ្នាំ​ ២០១៥ ពិធី​ប្រគល់​ជ័យលាភី​រូបថត «អច្ឆរិយ​អង្គរសង្ក្រាន្ត» ពិធី​ស្រង់ព្រះ កម្មវិធី​ប្រណាំង​រទេះ​គោ/ក្របី កម្មវិធី​ប្រកួត​ធ្វើ​ម្ហូបអាហារ កម្មវិធី​ការរាំ​ជា​ក្រុម​ពញ្ញាក់​អារម្មណ៍ កម្មវិធី​តន្ត្រី​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៥ ។

ទាំង​លោក យ៉ុងស៊ិញ ទាំង​កញ្ញា វិនិតា បាន​ប្រាប់​ពី​មូលហេតុ​ដូច​គ្នា ដែល​ពួកគេ​សម្រេចចិត្ត​ចូលរួម​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត គឺ ដោយសារ ពួកគេ​គិត​ថា​នេះ​ គឺជា​ការចូលរួម​នៅក្នុង​បុព្វហេតុ​ប្រទេសជាតិ​ដោយ​កម្មវិធី​អង្គរសង្ក្រាន្ត​ជា​កម្មវិធី​ដ៏ធំ​បំផុត​ប្រចាំ​ឆ្នាំ។ ម្យ៉ាង​ពួកគេ​យល់​ឃើញ​ថា នេះ​គឺជា​ការ​ផ្តល់​ឱកាស​ដ៏ល្អ​សម្រាប់​យុវជន​ក្នុង​ការចូលរួម​ផ្សព្វផ្សាយ​ក៏ដូចជា​លើក​ស្ទួយ​នូវ​សិល្បៈ​វប្បធម៌​របស់​ជាតិខ្មែរ ដើម្បី​ឲ្យ​ភ្ញៀវជាតិ និង​អន្តរជាតិ​បាន​ស្គាល់​នូវ​កេរដំណែល​វប្បធម៌​ដ៏រុងរឿង​របស់​កម្ពុជា។

កម្មវិធី​អង្គរសង្ក្រាន្ត ត្រូវ​បាន​រៀបចំ​ឡើង​​ដោយ​សហភាព​សហព័ន្ធ​យុវជន​ កម្ពុជា ​(ស.ស.យ.ក) ដែល​មាន​លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ប្រធាន ហើយ​ក៏​មាន​ការសហការ​ជាមួយ​នឹង​ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ព័ត៌មាន ក្រសួង​ទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ​ដែរ កញ្ញា ធី សុវណ្ណថា សកម្មជន​តស៊ូ​មតិ​តាម​បណ្ដាញសង្គម បាន​ហៅ ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ថា​​​ជា​​សកម្មភាព​មួយ​ល្អ​ដែល​កូន​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​ដឹកនាំ​ប្រទេស​ចេះ​បង្កើត​​​សកម្មភាព​ជួយ​លើក​តម្កើង និង​អភិរក្ស​វប្បធម៌​ប្រពៃណី​ខ្មែរ។ ប៉ុន្តែ​យុវតី​រូប​នេះ បាន​បញ្ជាក់​ថា មែនទែន​ទៅ សកម្មភាព​ជាក់ស្ដែង គឺជា​ការកៀរគរ​ផ្នែក​នយោបាយ ដែល​យក​យុវជន​ជា​គោលដៅ។

កញ្ញា​ពោល​ថា៖ «សកម្មភាព បង្កើត​ភាពសប្បាយៗ ដើម្បី​ឲ្យ​យុវជន​មើល​ឃើញ​​ថា មាន​ភាពសប្បាយ និង​មាន​ភាពរីកចម្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គឺជា​នយោបាយ​មួយ​សម្រាប់​កៀរគរ​យុវជន... តាមរយៈ​រូបភាព​ច្រើន​បែប ហើយ​គេ​បូក​បញ្ចូល​គ្នា ដើម្បី​ប្រមូល​កម្លាំង​ដែល​ចូលរួម​ជាមួយ​គេ​សម្រាប់​ថ្ងៃ​ខាង​មុខ ដូចជា​ពេល​បោះឆ្នោត ឬ​សកម្មភាព​ផ្សេងៗ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត»។

យុវជនចូលរួមលេងល្បែងប្រជាប្រិយក្នុងអំឡុងពេលនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៤។
យុវជនចូលរួមលេងល្បែងប្រជាប្រិយក្នុងអំឡុងពេលនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៤។ រូបថត សួង ម៉ារឌី

យ៉ាងណា​ក្តី បើ​ទោះបី​ជា​សុវណ្ណថា យល់​ថា វា​ជា​សកម្មភាព​កៀរគរ​ផ្នែក​នយោបាយ កញ្ញា​នៅ​តែ​លើក​ទឹកចិត្ត​ឲ្យ​បន្ត​ធ្វើ មិន​ត្រឹមតែ UYFC ទេ តែ​ស្ថាប័ន​ដទៃ ដូចជា​អាជ្ញាធរ​តាម​មូលដ្ឋាន​នានា​គួរ​ចាប់ផ្ដើម​ធ្វើ​ស្រដៀង​គ្នា​នេះ​ដែរ។

កញ្ញា​ពោល​ថា៖ «វា​ជា​សិទ្ធិ​របស់​អ្នកនយោបាយ ក្នុង​ការកៀរគរ​យុវជន​តាម​រូបភាព​ផ្សេងៗ ហើយ​ប្រសិន​ជា​គាត់​ធ្វើ​ទៅ​មិន​ផ្ដល់​ផលប៉ះពាល់​ដល់​សង្គមជាតិ អាហ្នឹង​ខ្ញុំ​គាំទ្រ​ទាំងអស់»។

បើ​តាម​លោក សោម រតនា អ្នកនាំពាក្យ​​របស់​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ មតិ​ដែល​​​និយាយ ឬ​ផ្សារភ្ជាប់​រវាង​កម្មវិធី​អង្គរសង្ក្រាន្ត​ទៅ​នឹង​ផលប្រយោជន៍​នយោបាយ​ គឺជា​ការ​យល់ឃើញ និង​វិនិច្ឆ័យ​​ដោយ​ខុស​ឆ្គង និង​មិន​សមហេតុផល ដោយ​មិនមាន​ភ័ស្តុតាង​មក​​សំអាង។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​គិតថា នេះ​ជា​ការវាយតម្លៃ​ដោយ​ខុស ខ្ញុំ​សោកស្តាយ​ដែល​គេ​លើក​យក​អ្វីៗ​ទាំងអស់​ថា ជា​ទិដ្ឋភាព នយោបាយ»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «បើ​យើង​និយាយ​ពី ស.ស.យ.ក តាមពិត​ទៅ គឺជា​អង្គការ​យុវជន​ដែល​ដឹកនាំ ដោយ​លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន តែ​បើ​យើង​​ធ្វើការ​​ពិនិត្យ​​មើល​​ទៅ​គឺ លោក ហ៊ុន ម៉ានី​ក៏​ជា​ប្រជាពលរដ្ឋ​​ខ្មែរ​​ម្នាក់ ជា​យុវជន​ខ្មែរ​ម្នាក់ លោក​គួរតែ​មាន​សិទ្ធិ​លើកស្ទួយ​វប្បធម៌​ប្រពៃណី​វប្បធម៌​ខ្មែរ​ដូចគ្នា»។

លោក​បាន​បន្ត​ទៀត​ថា៖ «គេ​គួរតែ​គិត​ថា មនុស្ស​ម្នាក់​អាច​ដើរតួ​បាន​ច្រើន​យ៉ាង តួយ៉ាង​ក្រៅពី​ធ្វើការ​នៅក្នុង​ជួរ​រដ្ឋាភិបាល គេ​អាច​ដើរតួ​ជា​ឪពុក​គេ ជា​​គ្រូបង្រៀន ឬ​យុវជន​ខ្មែរ​ម្នាក់​ដែល​ស្រឡាញ់​​វប្បធម៌​ប្រពៃណី​ខ្មែរ ហើយ​មាន​​បំណង​​លើកស្ទួយ កិត្តិយសជាតិ ដូច្នេះ​​ហើយ​ទើប​បង្កើត​ជា​ព្រឹត្តិការណ៍​ដ៏ធំ​កម្រ​មាន​នេះ​ឡើង»។

បើ​តាម​លោក​អ្នកនាំពាក្យ​ដដែល​នោះ ការផ្សារភ្ជាប់​សកម្មភាព​របស់​យុវជន​ក្នុង​កម្មវិធី​អង្គរសង្ក្រាន្ត​ទៅ​នឹង​និន្នាការ​នយោបាយ គឺ​គ្រាន់តែ​ជា​ការ​យល់ឃើញ​​​ដោយ​ចេតនា​របស់​មនុស្ស​​មួយ​​ក្រុម​​តែ​ប៉ុណ្ណោះ ហើយ​លោក​ថា មនុស្ស​មួយ​​ក្រុម​នោះ បើ​ទោះបី​ជា​មាន​ការ​ពន្យល់​យ៉ាង​ណា ក៏​មិន​អាច​កែប្រែ​ការយល់ឃើញ​របស់​ពួកគេ​ដែរ ព្រោះ​ពួកគេ​មិន​បាន​ចង់​យល់​នូវ​ការ​បកស្រាយ​​អ្វី​នោះ​ឡើយ។

បើ​តាម​លោក កែម ឡី អ្នក​ស្រាវជ្រាវ​​ការអភិវឌ្ឍ​សង្គម បាន​និយាយ​ថា ការរៀបចំ​​​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត គឺជា​យុទ្ធសាស្ត្រ​​នៃ​ការទាក់ទាញ​កម្លាំង​យុវជន​ក្នុង​ន័យ​នយោបាយ ដើម្បី​ទាក់ទាញ​ចំនួន​ភ្ញៀវទេសចរ​ទៅកាន់​ខេត្ត​សៀមរាប។

បើ​ទោះបី​ជា​លោក​គិត​ថា វា​ជា​រឿង​ល្អ​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កាន់​ប្រទេស​កម្ពុជា តែ​រដ្ឋាភិបាល​ត្រូវ​ពិចារណា​ឡើង​វិញ ពី​ខ្ទង់​ចំណាយ​របស់​ខ្លួន​ទៅលើ​ព្រឹត្តិការណ៍​បែប​នេះ ពោល​​ គឺ​ការ​​ចំណាយ​តិច​បាន​ផល​ច្រើន និង​ការចំណាយ​ច្រើន​តែ​បាន​ផលតិច។

លោក​បាន​លើក​ឡើង​ដូច្នេះ​ដោយសារ​តែ លោក​គិត​ថា ការកៀរគរ​ចំនួន​យុវជន​ដ៏ច្រើន​ដើម្បី​ទៅកាន់​ខេត្ត​សៀមរាប ដែល​ជា​ទីកន្លែង​​ត្រូវ​បាន​គេ​ស្គាល់​ហើយ​នោះ គឺជា​ការចំណាយ​ដ៏លើសលប់ ហើយ​បាន​​​​ផលតិច។

លោក​ថា រដ្ឋាភិបាល គួរ​បែងចែក​ថវិកា​ដែល​ចំណាយ​ទៅលើ​ព្រឹត្តិការណ៍​នោះ ទៅ​អភិវឌ្ឍ​តំបន់​​អេកូទេសចរណ៍ ដទៃ​ទៀត ដូចជា តំបន់ អារ៉ែង ព្រៃឡង់ និង​តំបន់​​សេសាន​​ ២​ ជាដើម ព្រោះ​​នោះ​​ក៏​ជា​តំបន់​ដែល​អាច​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​បាន​ដូចគ្នា​ដែរ។

ពាក់ព័ន្ធ​ទៅ​នឹង​ចំណូល និង​ចំណាយ​​​នេះ​ដែរ លោក សោម រតនា អ្នកនាំពាក្យ​​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត បាន​ឲ្យ​ដឹង​ថា គេ​​មិន​អាច​ធ្វើការ​បូក​សរុប​ពី​ខ្ទង់​ចំណាយ​ជា​​តួលេខ នៅក្នុង​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​នេះ​បាន​ទេ ដោយសារ​តែ​ព្រឹត្តិការណ៍​​នេះ​​​មាន​​ការចូលរួម​ជួយ​ពី​​សប្បុរសជន​មកពី​គ្រប់​ផ្នែក​ផ្សេងៗ​គ្នា ហើយ​គេ​ក៏​មិន​អាច​ធ្វើការ​ព្យាករ​​ពី​ការចំណាយ​របស់​ភ្ញៀវទេសចរ​បាន​​នៅ​​ឡើយ​ដែរ​សម្រាប់​ឆ្នាំ​នេះ។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ ២០១៣ ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​នេះ​បាន​ទាក់ទាញ​​អ្នកចូលរួម​ទស្សនា​ទាំង​ជាតិ និង​​​​អន្តរជាតិ​ប្រមាណ​ជាង ១៨ ​​ម៉ឺន​​នាក់ លើក​ទី​ពីរ​ក្នុង​ឆ្នាំ ២០១៤ មាន​​ចំនួន​​​ជាង​ ៣៨ ​ម៉ឺន​នាក់ និង​លើក​ទី​ ៣ ឆ្នាំ​ ២០១៥ នេះ ​អ្នករៀបចំ​រំពឹង​ថា នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជា​ ៥០ ​ម៉ឺន​នាក់​៕

រាយការណ៍​បន្ថែម​ដោយ អ៊ុច នីដា

យុវជនចូលរួមលេងល្បែងប្រជាប្រិយក្នុងអំឡុងពេលនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៤។
យុវជនចូលរួមលេងល្បែងប្រជាប្រិយក្នុងអំឡុងពេលនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៤។ រូបថត សួង ម៉ារឌី

អត្ថបទគួរចាប់អារម្មណ៍