The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - វត្ថុអនុស្សាវរីយ៍​ថោកៗ ប៉ុន្តែ​ស្អាត ដែល​អ្នក​អាច​ទិញ​ជា​ការដូ​ថ្ងៃ​បុណ្យណូអែល និង​ថ្ងៃ​ចូលឆ្នាំ​ថ្មី




វត្ថុអនុស្សាវរីយ៍​ថោកៗ ប៉ុន្តែ​ស្អាត ដែល​អ្នក​អាច​ទិញ​ជា​ការដូ​ថ្ងៃ​បុណ្យណូអែល និង​ថ្ងៃ​ចូលឆ្នាំ​ថ្មី

Content image - Phnom Penh Post

វត្ថុអនុស្សាវរីយ៍​ថោកៗ ប៉ុន្តែ​ស្អាត ដែល​អ្នក​អាច​ទិញ​ជា​ការដូ​ថ្ងៃ​បុណ្យណូអែល និង​ថ្ងៃ​ចូលឆ្នាំ​ថ្មី

វា​ជា​រឿង​ធម្មតា​ទៅ​ហើយ ឲ្យ​តែ​ដល់​ពាក់កណ្តាល​ខែ​ធ្នូ​នៅ​តាម​បណ្តា​ហាង​ទំនិញ​ហាង​កាហ្វេ​និង​ហាង​សម្លៀកបំពាក់​នានា តែងតែ​មាន​ការ​តុបតែង​រចនា​តាម​បែបបទ​បុណ្យ​ណូអែល​ដែល​បង្កើត​ជា​បរិយាកាស​មួយ​ប្លែក។ ការ​តុបតែង​បែប​នេះ​មិនមែន​មាន​ន័យ​អ្វី​ធំដុំ​ទាក់ទង​នឹង​សាសនា​របស់​បស្ចិម​ប្រទេស​ឡើយ។

វា​គ្រាន់តែ​ជា​ការ​កម្សាន្ត ស្រប​ពេល​ជាមួយ​នឹង​ការ​ចូល​ឆ្នាំ​សកល​ផង​ដែរ​។ ជាទូទៅ​យុវជន​គិត​ថា ទិវា​នេះ​គឺជា​ពេលវេលា​ល្អ​សម្រាប់​ជួបជុំ​ក្រុម​គ្រួសារ ឬ​មិត្តភក្តិ ដើរលេង ទិញ​ទំនិញ ជូន​កា​ដូគ្នា​ទៅវិញ​ទៅមក​ជាដើម​។

Content image - Phnom Penh Post

លោក លាង ប៊ុនហេង អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២​នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា​បាន​និយាយ​ថា៖ «ការពិត​ទៅ ពិធី​បុណ្យ​ណូអែល​វា​ជា​វប្បធម៌​របស់​គេ​។ វា​មិនមែន​ជា​វប្បធម៌​ខ្មែរ​យើង​ទេ​តែ​មិនមែន​មាន​ន័យ​ថា យើង​មិន​អាច​ប្រារព្ធ​វា​បាន​នោះ​ទេ​។ តាម​គំនិត​ខ្ញុំ វា​ជា​ឱកាស​ដ៏ល្អ​សម្រាប់​មិត្តភក្តិ គ្រួសារ និង​គូសង្សារ​ជួបជុំ​គ្នា​ដើរលេង​កម្សាន្ត​មុន​ដាច់​ឆ្នាំ​ចាស់​ចូលឆ្នាំ​ថ្មី​។​សម្រាប់​ខ្ញុំ​ជា​ធម្មតា ខ្ញុំ​ទៅ​ក្រៅ​ញ៉ាំ​បាយ​ល្ងាច​ជាមួយ​មិត្តភក្តិ ឬ​ក្រុម​គ្រួសារ។ បើ​ចំពោះ​មិត្តភក្តិ​វិញ យើង​ច្រើន​តែ​ជូន​ស្ករ​គ្រាប់​ឲ្យ​គ្នា​ទៅវិញ​ទៅមក»។

ជាមួយ​គ្នា​នោះ​ដែរ កញ្ញា​ទៀន សុម៉ាលីន និស្សិត​ឆ្នាំ​ទី​៣​នៃ​វិទ្យាស្ថាន​ភាសា​បរទេស គិត​ថា​ការ​ប្រារព្ធ​បុណ្យ​ណូអែល​មិន​ទាស់​ខុស​អ្វី​ទេ ដរាប​ណា​យើង​នៅ​រក្សា​វប្បធម៌​ប្រពៃណី​យើង​។ ជាទូទៅ​នាង​តែង​ទៅ​ដើរ​លេង​ជាមួយ​មិត្តភក្តិ​នៅ​ថ្ងៃ​នោះ ហើយ​នាង​ក៏​បាន​ជូន​ជា​វត្ថុ​អនុស្សាវរីយ៍​តូចៗ និង​កាត​ជូនពរ​ដល់​មិត្តភក្តិ​របស់​នាង​ផង​ដែរ​។

ដោយឡែក កញ្ញា សុវណ្ណ ស៊ីវហុង ឆ្នាំ​ទី​៣​នៃ​សាកលវិទ្យាល័យភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បាន​និយាយ​ថា​សម្រាប់​នាង​គឺ​បុណ្យ​ណូអែល​គ្រាន់តែ​ជា​ថ្ងៃ​ធម្មតា​ប៉ុណ្ណោះ មិនមាន​អ្វី​ពិសេស​នោះ​ទេ។

យ៉ាងណា​ក៏ដោយ​នៅ​ថ្ងៃ​នោះ​នាង​តែងតែ​ទៅ​ញុំា​អី​ជាមួយ​បងប្អូន ឬ​មិត្តភក្តិ។

នាង​បាន​បន្ថែម​ផង​ដែរ​ថា នាង​នឹង​ទិញ​អំណោយ​ជូន​ខ្លួនឯង​ដោយសារ​តែ​មិន​មាន​សង្សារ​ទិញ​ឲ្យ​ដូច​គេ។

Content image - Phnom Penh Post

លោក គា រតនៈសម្បត្តិ និស្សិត​ឆ្នាំ​ទី​៣​នៃ​វិទ្យាស្ថាន​ភាសាបរទេស ដេប៉ាតឺម៉ង់​ភាសា​កូរ៉េ បាន​បញ្ចេញ​មតិ​ថា​៖ «ចំពោះ​ខ្ញុំ បុណ្យ​ណូអែល​គឺជា​ថ្ងៃ​សម្រាប់​ជួបជុំ​មនុស្ស​សំខាន់​។ ជាក់ស្តែង ខ្ញុំ​ដើរលេង​ជាមួយ​មិត្តភក្តិ​ជិតស្និទ្ធ​របស់​ខ្ញុំ​រាល់​ឆ្នាំ ប៉ុន្តែ​ចំពោះ​ឆ្នាំ​ខ្លះ​ដែល​ពួកគេ​មិន​ទំនេរ ខ្ញុំ​នឹង​នៅ​ផ្ទះ​។ កាលពី​ខ្ញុំ​រៀន​វិទ្យាល័យ ខ្ញុំ​ធ្លាប់​ជូន​ស្ករគ្រាប់​ទៅ​មិត្ត​រួមថ្នាក់​ទាំងអស់ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​គិត​ថា ការ​ជូន​ស្ករគ្រាប់​គឺ​សម្រាប់​តែ​ក្មេងៗ​ទេ»។

ការ​ជូន​កាដូ​ឲ្យ​គ្នា​ទៅវិញ​ទៅមក គឺជា​រឿង​មួយ​ដ៏សំខាន់​ផង​ដែរ​សម្រាប់​បុណ្យ​មួយ​នេះ។ ការ​ជូន​កាដូ​ឲ្យ​គ្រួសារ មិត្តភក្តិ ឬ​មនុស្ស​ជា​ទីស្រឡាញ់​នៅ​ថ្ងៃ​បុណ្យ​ណូអែល គឺជា​ការ​បញ្ជាក់​ពី​ក្តីស្រឡាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅវិញ​ទៅមក ដោយ​មិន​គិត​ថា​កាដូ​នោះ​ថោក ឬ​ថ្លៃ​យ៉ាងណា​នោះ​ទេ​។

យ៉ាងណា​មិញ មនុស្ស​ម្នាក់​មិនមែន​មាន​មិត្តភក្តិ​តែ​ម្នាក់​នោះ​ទេ អ្នក​ខ្លះ​អាច​មាន​លើស​ពី​១០​នាក់​ក៏​ថា​បាន។

ដូច្នេះ សម្រាប់​យុវវ័យ​ដែល​មាន​ថវិកា​កំណត់​ហើយ​មាន​បំណង​ចង់​បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​របស់​ខ្លួន​ដែល​បង្កប់​ទៅ​ដោយ​អត្ថន័យ​នោះ​យើង​សូម​ណែនាំ​ទំនិញ​មួយ​ចំនួន​ដែល​អ្នក​អាច​រក​ទិញ​បាន​ក្នុង​តម្លៃ​មិន​ដល់​ថ្លៃ​មីឆា​មួយ​ចាន​ផង​។

Content image - Phnom Penh Post

ទំនិញ​ស្អាតៗ ថោកៗ​ដែល​អ្នក​អាច​រក​បាន

១) គ្រឿងអលង្ការ៖ ខ្សែដៃ ក្រវិល និង​ចិញ្ចៀន តម្លៃ​២៥០០​រៀល​។ ថ្វីដ្បិត​ថា​វា​មិនមែន​ជា​របស់​ពិតប្រាកដ តែ​អ្នក​ក៏​អាច​ពិចារណា​បាន ដើម្បី​ជូន​មិត្តភក្តិ ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​ក្នុង​ឱកាស​បុណ្យ​គ្រិស្តស្មាស់​ខាង​មុខ​នេះ ព្រោះ​ថា​រូបរាង​របស់​វា​ក៏​មិន​អន់​ប៉ុន្មាន​នោះ​ដែរ​បើ​គ្រាន់តែ​ជូន​ដើម្បី​ទុក​ជា​វត្ថុអនុស្សាវរីយ៍។

២) ខ្សែ​ចងសក់​១០០០ រៀល៖ មិន​ត្រឹម​តែ​អាច​ប្រើប្រាស់​ដើម្បី​ចង​សក់​ប៉ុណ្ណោះ​ទេ​តែ​អ្នក​អាច​យក​មក​ពាក់​នៅលើ​ដៃ​ដើម្បី​ជា​ស្ទីល​របស់​យុវវ័យ​ក៏​បាន។

៣) វ៉ែនតា​ការពារ​ពន្លឺ តម្លៃ​២៥០០​រៀល​៖ បើ​គ្រាន់តែ​មើល​រូបរាង​ខាង​ក្រៅ អ្នកប្រាកដ​ជា​មិន​អាច​ទាយ​បាន​នោះ​ទេ​ថា វ៉ែនតា​មួយ​នេះ​មាន​តម្លៃ​ត្រឹមតែ​ប៉ុន​នោះ។ ជាមួយ​នឹង​រូបរាង​ទាក់ទាញ​របស់​វា សុភាពនារី ឬ​សុភាពបុរស​អាច​ពិចារណា​បាន​សម្រាប់​កាដូ​មួយ​ប្រភេទ​នេះ។

៤) ស្រោម​ទូរស័ព្ទ និង​បន្ទះ​ការពារ​ស្គ្រីន​ទូរស័ព្ទ តម្លៃ​ ២៥០០ រៀល៖ វា​ជា​រឿង​ធម្មតា​ហើយ​សម្រាប់​យុវវ័យ​សម័យ​ឥឡូវ​ដែល​ស្ទើរតែ​គ្រប់​គ្នា​មាន Smart Phone ប្រើ។ ដូច្នេះ​របស់​ទាំង​ពីរ​នេះ​ជា​អ្វី​ដែល​មិន​គួរ​ខាន​ឡើយ​សម្រាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទាំងឡាយ​។ ស្រោម​ទូរស័ព្ទ​មួយ​នេះ និង​បន្ទះ​ការពារ​ស្រី្គន លោក​អ្នក​អាច​រក​ទិញ​បាន​នៅ​តាមហាង ។

Content image - Phnom Penh Post

៥) របស់​សម្រាប់​ក្មេងៗ៖ បុណ្យ​គ្រិស្តស្មាស់​គឺ​មិន​ត្រឹមតែ​ជា​ការ​ជូន​កាដូ​ដល់​មនុស្ស​ធំ​នោះ​ទេ តាមពិត​ក្មេងៗ​ទៅវិញ​ទេ​ដែល​ជា​ទូទៅ​ទទួល​បាន​កាដូ​ច្រើន​ព្រោះ​ពួកគេ​មាន​ការ​រំភើប​ខ្លាំង​នឹង​ពិធី​បុណ្យ​មួយ​នេះ។ ក្រៅតែ​ពី​មិន​ចាំបាច់​ចំណាយ​ច្រើន​ដល់​រាប់​សិប​ដុល្លារ លោក​អ្នក​អាច​ពិចារណា​របស់​ទាំងនោះ​បាន​ក្នុង​តម្លៃ ២៥០០ រៀល។

ក្រៅពី​របស់​មួយ​ចំនួន​ខាង​លើ​នេះ មិត្ត​យុវវ័យ​ក៏​អាច​ជ្រើសរើស​របស់​អនុស្សាវរីយ៍​ស្អាតៗ​ផ្សេង​ទៀត​បាន​ផង​ដែរ នៅ​តាម ហាង​ដែល​មាន​ស្លាក​ ២៥០០ រៀល​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ៕

អត្ថបទគួរចាប់អារម្មណ៍