The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វ៉ឹង ចាន់ដារ៉ា ជា​កូន​កសិករ តែ​ខំ​តស៊ូ​រៀន​ដល់ សាកលវិទ្យាល័យ​ហារវឺដ (​Harvard Business School​)

វ៉ឹង ចាន់ដារ៉ា ជា​កូន​កសិករ តែ​ខំ​តស៊ូ​រៀន​ដល់ សាកលវិទ្យាល័យ​ហារវឺដ (​Harvard Business School​)

លោក វ៉ឹង ចាន់ដារ៉ា និស្សិត​កម្ពុជា កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ហារវឺដ។
លោក វ៉ឹង ចាន់ដារ៉ា និស្សិត​កម្ពុជា កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ហារវឺដ។ រូបថត សហការី

វ៉ឹង ចាន់ដារ៉ា ជា​កូន​កសិករ តែ​ខំ​តស៊ូ​រៀន​ដល់ សាកលវិទ្យាល័យ​ហារវឺដ (​Harvard Business School​)

មាន​ដើមកំណើត​ពី​ខេត្ត​កំពង់ចាម ក្នុង​គ្រួសារ​កសិករ​មួយ យុវជន វ៉ឹង ចាន់ដារ៉ា បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ ដើម្បី​សម្រេច​បំណង​របស់​ខ្លួន​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ ហារវឺដ (Harvard Business School)​ ដែល​ជា​សាកលវិទ្យាល័យ​លំដាប់​កំពូល​នៅ​សហរដ្ឋ​អាមេរិក​។

រំឮក​រឿងរ៉ាវ​កាល​នៅ​អាយុ​១២​ឆ្នាំ ដារ៉ា បាន​សុំ​ឪពុកម្តាយ​មក​សិក្សា​នៅ​ភ្នំពេញ​ក្នុង​វិទ្យាល័យ បាក់ទូក ព្រោះ​ដារ៉ា​គិត​ថា ការសិក្សា​នៅឯ​ខេត្ត​មិន​មាន​ការ​ផ្តល់​ការ​អប់រំ​បាន​ល្អ​ដូច​ទីក្រុង។ ពេល​នោះ​ឪពុក​ម្តាយ​របស់​ដារ៉ា​ក៏​មិន​បាន​ហាមឃាត់ ដារ៉ា​ឡើយ ព្រោះ​ពួកគាត់​គិត​ថា ការសិក្សា​របស់ ដារ៉ា​ល្អ ណាមួយ​លោក​ក៏​ចង់​ឲ្យ​កូន​អាច​មាន​ឱកាស​សិក្សា​បាន​ខ្ពស់​ផង​ដែរ។

ការ​មក​រស់នៅ​ឆ្ងាយ​ពី​គ្រួសារ​ក្នុង​វ័យក្មេង​ដូច​នេះ បញ្ហា​ចេះ​តែ​កើត​មាន។ ដារ៉ា​បាន​ពោល​ថា៖ «ពេល​រៀន​នៅ​វិទ្យាល័យ គឺជា​ពេល​ដែល​ពិបាក​បំផុត​របស់​ខ្ញុំ ណា​មួយ​នឹក​ផ្ទះ ម្យ៉ាង​ត្រូវ​មក​រស់នៅ​ជាមួយ​បងប្អូន​សាច់​ឆ្ងាយ​ដែល​មិន​ធ្លាប់​ស្គាល់​គ្នា​ជិតដិត​ពី​មុន​មក​សោះ»។

ដារ៉ា​បន្ត​ទៀត​ថា​៖ «រយៈពេល​ជា​២​ឆ្នាំ​ក្រោយពី​រស់នៅ​ជាមួយ​សាច់ញាតិ្ត ខ្ញុំ​ក៏​បាន​រើ​មក​រស់នៅ​ក្នុង​ផ្ទះ​ជួល​វិញ​នៅ​ម្តុំ​ផ្សារ​អូរឫស្សី។ ពេល​នោះ​ឪពុកម្តាយ​របស់​ខ្ញុំ មិន​សូវ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​រក​ផ្ទះ​ល្អ​នោះ​ទេ ដោយសារ​តែ​ជីវភាព​គ្រួសារ​មាន​កម្រិត»។

«យើង​បាន​រក​ផ្ទះ​ណា​ដែល​ថោក​បំផុត បើ​តាម​ខ្ញុំ​ចាំ​គឺ​មួយ​ខែ​ត្រឹមតែ​២០​ដុល្លារ​ប៉ុណ្ណោះ រីឯ​អាហារ​ដែល​យើង​មាន​គឺ​យើង​ទិញ​តែ​នៅ​ក្បែរ​ផ្សារ ដែល​គេ​លក់​តាម​រទេះ​ហ្នឹង​ឯង ព្រោះ​វា​មិន​សូវ​ថ្លៃ»​។ នេះ​ជា​អ្វី​ដែល​ដារ៉ា បាន​រៀបរាប់​ពី​ជីវិត​តស៊ូ​កាល​ដែល​លោក​ស្ថិត​ក្នុង​វ័យក្មេង។

លោក វ៉ឹង ចាន់ដារ៉ា និង​និស្សិត​ដទៃ​ទៀត​នៅ​សហរដ្ឋអាមេរិក
លោក វ៉ឹង ចាន់ដារ៉ា និង​និស្សិត​ដទៃ​ទៀត​នៅ​សហរដ្ឋអាមេរិក

ក្រៅពី​នេះ ដារ៉ា​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​ម៉ោង​សិក្សា លោក តែងតែ​ទៅ​រៀន​អង់គ្លេស​នៅ​សាលា​ជ័យថាវី។ លោក​ចូលចិត្ត​រៀន​វេយ្យាករណ៍ និង​បកប្រែ​ភាសា​អង់គ្លេស​ជាង​គេ។

ជា​មនុស្ស​ឧស្សាហ៍​ក្នុង​ការសិក្សា មិន​សូវ​ចូលចិត្ត​ការ​ដើរ​លេង​ច្រើន យុវជន​វ័យ​២៥​ឆ្នាំ​រូប​នេះ​មាន​គោលបំណង​ចង់​សិក្សា​នៅ​សាលា​ហារវឺដ​នៃ​សហរដ្ឋអាមេរិក។ យ៉ាងណា​ក្តី បំណងប្រថ្នា​នេះ​មិន​សម្រេច​បាន​ភ្លាមៗ​នោះ​ទេ គឺ​វា​ត្រូវការ​ពេលវេលា និង​ការ​ត្រៀម​ខ្លួន​ជាច្រើន។

លោក​បាន​រៀបរាប់​ពី​ដំណើរ​រឿង​មុន​ពេល​បាន​ចូលរៀន​នៅ​សាលា​ក្នុង​ក្តីបំណង​របស់​លោក​ថា៖ «សាលា​Harvard គឺជា​សាលា​គោលដៅ​របស់​ខ្ញុំ ប៉ុន្តែ​ដោយសារ​តែ​សាលា​ហ្នឹង​វា​ពិបាក​ចូល​ពេក ហើយ​ទាមទារ​ឲ្យ​មាន​បទពិសោធ​ការងារ​២​ឆ្នាំ​ទៀត ដូចច្នេះ​ខ្ញុំ​ត្រូវ​រៀន​សាលា​មួយ​ផ្សេង​ទៀត​សិន ហើយ​រក​ការងារ​ធ្វើ ទើប​ដាក់​ពាក្យ​ប្រឡង​ទៅ Harvard Business School តាម​ក្រោយ»។

មុន​នឹង​បាន​ចូល​ទៅ​រៀន​នៅ​ហារវឺដ ដើម​ខែ​សីហា ឆ្នាំ​២០១៤​នេះ ដារ៉ា បាន​ទទួល​អាហារូបករណ៍​មួយ​នៅ​អាមេរិក​ដូចគ្នា គឺ​នៅ​សាលា​ Grinnell college ហើយ​បាន​បញ្ចប់​នៅ​ឆ្នាំ​២០១២ ផ្នែក​បរិញ្ញាបត្រ​សេដ្ឋកិច្ច តាមរយៈ​កម្មវិធី​មួយ​របស់​អង្គការ​នៅ​សហរដ្ឋអាមេរិក​ឈ្មោះ​ថា South East Asian Leadership Network។

ដារ៉ា បាន​ប្រាប់​ថា កត្តា​សំខាន់​ដែល​ធ្វើឲ្យ​លោក​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ Harvard Business School នេះ ដោយសារ​តែ​លោក​មាន​បទពិសោធ​ការងារ​រយៈពេល​២​ឆ្នាំ រួម​នឹង​ការ​ប្រឡង​បាន​ល្អ​ផង​ដែរ។ ប្រាកដ​ណាស់​ដារ៉ា បាន​ចូល​បម្រើការ​នៅ​អង្គការ​មួយ​ឈ្មោះ​ថា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (The International Mone tary Fund)​ នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ពេល​នោះ​ដារ៉ា​មាន​មុខតំណែង​ជា​អ្នកវិភាគ​ផ្នែក​ស្រាវជ្រាវ (Research Analyst) ដែល​មាន​តួនាទី​ផ្តល់​ការប្រឹក្សា។

ក្រៅពី​ចំណុច​ខាង​លើ ដារ៉ា បន្ត​ថា គឺ​នៅ​មាន​កត្តា ការងារ​ស្ម័គ្រចិត្ត​ទៀត​ដែល​បាន​ជួយ​ឲ្យ​លោក​ទទួល​បាន​ជោគជ័យ​នេះ​។ ជា​មនុស្ស​ដែល​ចូលចិត្ត​ឆ្លៀត​ពេល​ធ្វើការ​ស្ម័គ្រចិត្ត​តាំងពី​វិទ្យាល័យ​មក ដារ៉ា បាន​លើក​ហេតុផល​ថា នៅ​សហរដ្ឋអាមេរិក មុន​នឹង​ទទួល​យក​សិស្ស​ម្នាក់​ឲ្យ​ចូល​សាលា​របស់​គេ គឺ​គេ​មើល​លើ​ការងារ​សង្គម​របស់​យើង ថា​តើ​ក្នុង​នាម​ជា​ពលរដ្ឋ​មួយ​រូប យើង​បាន​ជួយ​អ្វី​ខ្លះ​ដល់​សង្គម។

ជាក់ស្តែង សម្រាប់​ដារ៉ា​ផ្ទាល់ លោក​បាន​ចូលរួម​សកម្មភាព​ស្ម័គ្រចិត្ត​ជាច្រើន​នៅ​តាម​អង្គការ​កុមារ​កំព្រា។

ទោះ​ជា​ដឹង​ដែរ​ថា និស្សិត​ខ្មែរ​មាន​ភាព​រវល់​ខ្លាំង​ក៏ពិតមែន ប៉ុន្តែ​ដារ៉ា នៅ​តែ​សុំ​ឲ្យ​ពួកគេ​ចេះ​ឆ្លៀត​ពេល​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ឲ្យ​បាន បើទោះ​ជា តិច​ក្តី ឬ​ច្រើន​ក្តី ព្រោះ​វា​ជា​ចំណុច​ទាក់ទាញ​មួយ​សម្រាប់​ការ​ដាក់​អាហារូបករណ៍​នៅ​បរទេស​មួយ​ផ្នែក​ផង​ដែរ។

លោក​ថា៖ «យើង​មិនមែន​ជា​មនុស្ស​ដែល​ទាញ​ប្រយោជន៍​ពី​ការងារ​ស្ម័គ្រចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​យល់​ថា សង្គម​ក៏​ទទួល​បាន​ពី​យើង​ដូចគ្នា ព្រោះ​សង្គម​ពិតជា​ត្រូវការ​ការ​ចូលរួម​ពី​យុវជន​ជាច្រើន​ក្នុង​ការ​ជួយ​កុមារ​កំព្រា ជនក្រីក្រ និង​ការ​អភិវឌ្ឍ​សង្គម​ជាដើម»។

លោក​បន្ត​ទៀត​ថា បើទោះ​ជា​យុវជន គាត់​គិត​ថា វា​មាន​ប្រយោជន៍​តែ​ការ​ដាក់​ពាក្យ​អាហារូបករណ៍​នោះ ក៏​មិនមែន​ជា​រឿង​ខុស​ឆ្គង​អ្វី​ដែរ ព្រោះ​យើង​អាច​ឃើញ​ពី​ការ​ចូលរួម​របស់​ពួកគេ​កាន់តែ​ច្រើន​ឡើង។

មួយ​វិញ​ទៀត​ នៅពេល​ដែល​ពួកគេ​កាន់តែ​ចូលរួម ពួកគេ​នឹង​ស្រឡាញ់​សង្គម​របស់​គេ កាន់តែ​ច្រើន​ឡើង​ដូចគ្នា។

លើសពី​នេះ​ទៀត យុវជន​ដែល​មាន​ចិត្ត​អំណត់​រូប​នេះ បាន​លើក​ឡើង​ថា និស្សិត​គ្រប់​រូប​ត្រូវ​ដឹង គឺ​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ឲ្យ​បាន​ល្អ។

លោក​បាន​បញ្ជាក់​ថា៖ «យើង​គិត​ថា ភាសា​អង់គ្លេស​ពី​ខ្មែរ​យើង​មក​គឺ​ល្អ ប៉ុន្តែ​បើ​ទោះ​ល្អ​យ៉ាង​ម៉េច ក៏​យើង​ត្រូវ​រៀន​បន្ថែម ព្រោះ​ការ​ប្រើប្រាស់​នៅឯ​បរទេស​គឺ​ខុស​គ្នា​ពី​អ្វី​ដែល​យើង​ប្រើប្រាស់​នៅ​ស្រុក​ខ្មែរ​។ នៅ​អាមេរិក​គេ​ទាមទារ​ឲ្យ​និស្សិត​ម្នាក់ៗ​ពូកែ​និយាយ និង​និយាយ​ឲ្យ​បាន​រហ័ស​»។

យុវជន​រូប​នេះ ក៏​បាន​ផ្តល់​ដំបូន្មាន​បន្ថែម ទៀត ថា​៖ «សម្រាប់​និស្សិត​ខ្មែរ គួរ​តែ​មើល​កម្មវិធី​ទូរទស្សន៍​ (TV Show) របស់​អាមេរិក និង​ខ្សែភាពយន្ត (Movie) ​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាច​ជួយ​ឲ្យ​ការ​និយាយ​ភាសា​អង់គ្លេស​បានល្អ​ដូច​ជនជាតិ​បរទេស»។ លោក​ដារ៉ា​បាន​បន្ត​ថា និស្សិត​គួរ​តែ​មើល​សៀវភៅ​ជា​ភាសា​អង់គ្លេស​ឲ្យ​បាន​ច្រើន​ព្រោះ​និស្សិត​មិន​ត្រឹម​តែ​ចេះ​ចំណេះដឹង​ទូទៅ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចេះ​ប្រើប្រាស់​ពាក្យ​ថ្មីៗ​ផង​ដែរ​។

ជា​ការ​ផ្ដែរផ្ដាំ​ដល់​យុវវ័យ​ជំនាន់​ក្រោយៗ​ទាំងឡាយ​ណា​ដែល​មាន​បំណង​ចង់​បន្ត​ការសិក្សា​នៅ​បរទេស ដារ៉ា ប្រាប់​ថា ពួកគេ​គួរតែ​ខិតខំ​ស្វែងរក​ព័ត៌មាន​អំពី​ការសិក្សា នៅ​តាម​អង្គការ តាមរយៈ​មិត្តភក្តិ ឬ​ការ​ស្វែងរក​ដោយ​ខ្លួនឯង​តាមរយៈ​ប្រព័ន​អ៊ីនធឺណិត ហើយ​ត្រូវតែ​ឧស្សាហ៍​សាកសួរ​មិត្តភក្តិ ឬ​អ្នក​ដែល​ធ្លាប់​មាន​បទពិសោធ​ក្នុង​ការ​ដាក់​អាហារូបករណ៍​ជាដើម​៕

អត្ថបទគួរចាប់អារម្មណ៍