The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ហេង ភក្ដី ចង់​ឲ្យ​វិទ្យាស្ថាន Enrich ក្លាយ​ជា​កន្លែង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ល្អ​ជាង​គេ​ក្នុង​ប្រទេស




ហេង ភក្ដី ចង់​ឲ្យ​វិទ្យាស្ថាន Enrich ក្លាយ​ជា​កន្លែង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ល្អ​ជាង​គេ​ក្នុង​ប្រទេស

លោក ហេង ភក្ដី ជា​ស្ថាបនិក​វិទ្យាស្ថាន Enrich ។
លោក ហេង ភក្ដី ជា​ស្ថាបនិក​វិទ្យាស្ថាន Enrich ។ រូបថត សហការី

ហេង ភក្ដី ចង់​ឲ្យ​វិទ្យាស្ថាន Enrich ក្លាយ​ជា​កន្លែង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ល្អ​ជាង​គេ​ក្នុង​ប្រទេស

ដើម្បី​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល និង​កសាង​ធនធាន​មនុស្ស​សម្រាប់​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា លោក ហេង ភក្តី ជា​អតីត​សាស្រ្តាចារ្យ​នៃ​វិទ្យាស្ថាន​ភាសាបរទេស​ជិត​១០​ឆ្នាំ និង​មាន​បទពិសោធ​ធ្វើការ​ជាមួយ​យុវជន​ជាច្រើន​ឆ្នាំ​នោះ បាន​បង្កើត​នូវ​វិទ្យាស្ថាន​មួយ​ឡើង​ឈ្មោះ​ថា [Enrich Institute]។

លោក​បាន​បញ្ជាក់​ថា អ្វី​ដែល​បាន​ជំរុញ​ទឹកចិត្ត​លោក​ក្នុង​ការ​បង្កើត​វិទ្យាស្ថាន Enrich ដោយសារ​លោក​មាន​បទពិសោធ​ពី​ការ​ចូលរួម​កម្មវិធី​ទាក់ទង​នឹង​យុវជន​ជាច្រើន ដូចជា​កម្មវិធី​នាវាចរណ៍​យុវជន​អាស៊ីអាគ្នេយ៍ (SSEAYP) និង​កម្មវិធី International Association on Traffic and Safety Science (IATSS) ជាដើម។

លោក ភក្តី បាន​លើកឡើង​ពី​ទិសដៅ​នៃ​ការ​បង្កើត​វិទ្យាស្ថាន​មួយ​នេះ​ថា ដោយសារ​លោក​បាន​សង្កេត​ឃើញ​ភាព​ខ្វះខាត​របស់​យុវជន​ដែល​គួរ​បំពេញ​បនែ្ថម វិទ្យាស្ថាន​នេះ​មាន​គោលដៅ​អភិវឌ្ឍ​យុវជន​ឲ្យ​មាន​សមត្ថភាព សីលធម៌ និង​ភាព​ជា​អ្នក​ដឹកនាំ​ដើម្បី​ក្លាយ​ជា​ធនធាន​ដ៏មាន​តម្លៃ​របស់​ប្រទេស។

លោក បាន​ឲ្យ​ដឹង​ថា៖ «​Enrich ផ្ដល់​ឲ្យ​យុវជន​លើស​ពី​សាលារៀន។ យុវជន​ដែល​ចូលរួម​ក្នុង​កម្មវិធី​នីមួយៗ​របស់ Enrich នឹង​ទទួល​បាន​ជំនាញ​បន្ថែម និង​បទពិសោធ​ធ្វើការងារ​ផ្ទាល់​ក្នុង​សង្គម»។

គួរ​បញ្ជាក់​ថា Enrich ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ​២០០៩ ជា​ក្លិប​យុវជន​តូច​មួយ​សម្រាប់​តែ​និស្សិត​នៅ​វិទ្យាស្ថាន​ភាសា​បរទេស (IFL) បាន​អភិវឌ្ឍន​ជំនាញ​របស់​ខ្លួន​បន្ថែម​ប៉ុណ្ណោះ និង​ពុំ​មាន​ការិយាល័យ​ពិតប្រាកដ​ឡើយ។ តែ​ក្រោយមក​ទៀត វា​ក៏​មាន​ការ​ពេញនិយម​ច្រើន​ពី​យុវវ័យ​ទូទៅ ហើយ​ក្នុង​ឆ្នាំ​២០១២ Enrich បាន​ចុះ​បញ្ជី​តាមរយៈ​ក្រសួង​មហាផ្ទៃ​ក្លាយ​អង្គការ Enrich ដើម្បី​បណ្តុះបណ្តាល​យុវជន​ដោយ​មិន​ស្វែងរក​ប្រាក់ចំណេញ និង​ការ​អភិវឌ្ឍ​ដែល​មាន​សមភាព។

ក្រុម​យុវជន​នៃ​វិទ្យាស្ថាន Enrich ។
ក្រុម​យុវជន​នៃ​វិទ្យាស្ថាន Enrich ។ រូប​ថត សហការី​

លោក​បាន​បន្ដ​ទៀត​ថា កម្មវិធី Enrich Idea [ប្រារឰ១​ឆ្នាំ​ម្តង និង​ប្រធានបទ Entrepreneurship ដែល​មាន​ការ​ប្រកួត​ប្រជែង​គំនិត​ជា​សហគ្រិនភាព ហើយ​មាន​យុវជន​ចូលរួម​ច្រើន​ជាង​៥០០​នាក់] និង​កម្មវិធី Enrich Talk [ប្រារឰ​រាល់​ខែ តាម​ទីតាំង​នានា​ក្នុង​មហាវិទ្យាល័យ​ជាច្រើន​ក្នុង​ទីក្រុង​ភ្នំពេញ​ជាមួយ​នឹង​ការ​ចូលរួម​ពី​យុវជន​ច្រើន​ជាង​៣០០​នាក់​ក្នុង​មួយ​ខែ និង​ប្រធានបទ​អប់រំ​ថ្មីៗ​សម្រាប់​ការ​សិក្សា​របស់​យុវជន ហើយ​មក​ដល់​ខែ​មិថុនា​នេះ Enrich Talk បាន​ប្រារឰ​១៣​លើក​រួច​មក​ហើយ]។ កម្មវិធី Enrich Environment Beach Clean Up’s Day [ប្រារឰ​រៀងរាល់​ឆ្នាំ​ក្នុង​ខេត្ត​ព្រះសីហនុ]។ លោក​ក៏​មាន​គម្រោង​បើ​កម្មវិធី​ថ្មី​ដែល​អាច​ផ្តល់​ឱកាស​ដល់​សិក្ខាកាម​ក្រោយពី​បញ្ចប់​វគ្គ​នេះ នឹង​ទទួល​បាន​ការងារ​ពី​ស្ថាប័ន ឬ​ក្រុមហ៊ុន​ដៃគូ​សហការ។

មក​ដល់​ពេល​នេះ Enrich មាន​យុវជន​រាប់​ពាន់​នាក់​រួច​មក​ហើយ​ដែល​បាន​ចូលរួម និង​ទទួល​ផលប្រយោជន៍​ពី​កម្មវិធី​នេះ។

លោក ហេង ភក្តី បាន​បន្ត​ថា លោក​មាន​គម្រោង​បើក​កម្មវិធី​ថ្មី​ចំនួន​២​ទៀត​ក្នុង​ឆ្មាំ​២០១៤ នេះ​ដើម្បី​បន្ត​បណ្តុះបណ្តាល និង​សែ្វងរក​ការងារ​ឲ្យ​យុវជន។

លោក​សាស្ត្រាចារ្យ និង​ជា​ស្ថាបនិក វិទ្យាស្ថាន បាន​បញ្ជាក់​ថា៖ «តាំងពី​បើក​ដំណើរការ​ក្លិប Enrich រហូត​ដល់​អង្គការ Enrich ខ្ញុំ​បាន​ប្រើប្រាស់​ថវិកា​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ដើម្បី​ធ្វើឲ្យ Enrich មាន​សកម្មភាព​រហូត​មក​ដល់​ក្លាយ​ជា​វិទ្យាស្ថាន​មួយ​នេះ។ ពេល​នេះ​វិទ្យាស្ថាន​កំពុង​តែ​ស្វែងរក​ប្រភព​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​នានា ព្រោះ​ថា យើង​មិនមាន​អ្នក​ឧបត្ថម្ភ​ពី​ក្រៅ ឬ​អ្នក​បរិច្ចាគ​នោះ​ទេ»។

បើ​ទោះបី​មាន​ការ​ខ្វះខាត​ថវិកា​ក៏ដោយ លោក ហេង ភក្តី មាន​សុទិដ្ឋិនិយម​ថា លោក​នឹង​បន្ត​ខិតខំ​ពង្រីក​វិសាលភាព​របស់​វិទ្យាស្ថាន ហើយ​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត​ដោយ​លោក​ចង់​ឃើញ​វិទ្យាស្ថាន​នេះ​ក្លាយ​ជា​កន្លែង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ដែល​ល្អ​ជាង​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទគួរចាប់អារម្មណ៍