The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អតីត​និស្សិត​សិក្សា​នៅ​ក្រៅ​ប្រទេស​ប្រមាណ ៣០០ នាក់​មក​ពី ១៤ ប្រទេស និង​យុវជន​ជាច្រើន​ទៀត​បាន​ចូល​រួម​ក្នុង​សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​មួយ




អតីត​និស្សិត​សិក្សា​នៅ​ក្រៅ​ប្រទេស​ប្រមាណ ៣០០ នាក់​មក​ពី ១៤ ប្រទេស និង​យុវជន​ជាច្រើន​ទៀត​បាន​ចូល​រួម​ក្នុង​សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​មួយ

HE Reuben Levermore, New Zealand Ambassador to Cambodia។
HE Reuben Levermore, New Zealand Ambassador to Cambodia។ រូបថត សហការី

អតីត​និស្សិត​សិក្សា​នៅ​ក្រៅ​ប្រទេស​ប្រមាណ ៣០០ នាក់​មក​ពី ១៤ ប្រទេស និង​យុវជន​ជាច្រើន​ទៀត​បាន​ចូល​រួម​ក្នុង​សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​មួយ

កម្មវិធី​សន្និបាត​បញ្ញវន្ត​ពិភពលោក (Global Alumni Convention) ដែល​បាន​ប្រព្រឹត្ត​ទៅ​ជា​លើក​ដំបូង កាល​ពី​ថ្ងៃ ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ឯ​សណ្ឋាគារ​សូហ្វីតែល បាន​បញ្ចប់​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​អតីត​និស្សិត​ប្រមាណ ៣០០ នាក់​មក​ពី ១៤ ប្រទេស​ព្រម​ទាំង​ថ្នាក់​ដឹក​នាំ និង​អ្នក​ជំនាញ​អាជីព​សំខាន់​ជាច្រើន​រូប​ក្នុង​ជួរ​រដ្ឋាភិបាល វិស័យ​ឯកជន និង​សង្គម​ស៊ីវិល​ជាច្រើន​នាក់​ទៀត។

សន្និបាត​នេះ រៀបចំ​ឡើង​ក្នុង​គោល​បំណង​ជា​ចម្បង​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​អតីត​និស្សិត​ឡើង​វិញ​ទៅ​នឹង​ការ​សិក្សា​ការ​ចែក​រំលែក​ចំណេះ​ដឹង និង​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​អតីត​និស្សិត​ទាំង​ឡាយ​ឲ្យ​យក​អស់​សមត្ថភាព​ក្នុង​ការ​ឈាន​ទៅ​សម្រេច​ជោគជ័យ​ធំៗ។

ក្នុង​សន្និបាត​រយៈ​ពេល​មួយ​ថ្ងៃ​នេះ អ្នក​ជំនាញ​ជា​ច្រើន​មក​ពី​ក្រសួង ស្ថាប័ន និង​ក្រុម​ហ៊ុន​ឯកជន ក៏​ត្រូវ​បាន​គេ​អញ្ជើញ​មក​ដើម្បី​ធ្វើ​ជា​វាគ្មិន​ដើម្បី​ចែក​រំលែក​បទ​ពិសោធ និង​ចំណេះ​ដឹង​ទាក់​ទង​នឹង​ប្រធានបទ​ជំនាញ​របស់​គេ​ផង​ដែរ។

វាគ្មិន​សំខាន់ៗ​រួម​មាន​លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម, លោក សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន, លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា, លោក​ស្រី ជា សិរី អគ្គ​នាយក​ធនាគារ​កណ្ដាល​នៃ​ធនាគារ​ជាតិ​កម្ពុជា, លោក ម៉ក់ ងយ អគ្គ​នាយក​ឧត្តម​សិក្សា​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា, លោក ហេង សួរ អគ្គ​នាយក​នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ, លោក សុខ ពុទ្ធីវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SOMA Group, លោក​ម៉េង ប៊ុណា្ណរិទ្ធ អគ្គ​នាយក​រង​មក​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយកម្ម និង​សំណង់, លោក Jenson Stafford អគ្គ​នាយក ក្រុម​ហ៊ុន Cathay Pacific Airways ប្រចាំ​ប្រទេស​កម្ពុជា, អ្នក​នាង Megan Patterson ប្រធាន​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​អន្តរជាតិ​អូស្ត្រាលី, លោក Ashley Irving នាយក​សាលា ACE ព្រម​ទាំង​បណ្តា​អ្នក​ជំនាញ​ក្នុង​វិស័យ​នីមួយៗ​ជាច្រើន​រូប​ទៀត។

ប្រធាន​បទ​ចំនួន ៨ ត្រូវ​បាន​គេ​លើក​យក​មក​បង្ហាញ ក្នុង​នោះ​រួម​មាន ការ​ចែក​រំលែក​ពី​ចំណុច​ជោគជ័យ និង​ការ​ប្រឈម​របស់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា, បដិសណ្ឋារកិច្ច និង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា, ការ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ, ការ​ធ្វើ​ផែនការ​ទីក្រុង និង​ដឹក​ជញ្ជូន, ឱកាស និង​ការ​ប្រឈម​របស់​សហគ្រាស​ខ្នាត​តូច និង​មធ្យម, ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​នៃ​កម្លាំង​ពលកម្ម​នៅ​កម្ពុជា, ការ​វិវឌ្ឍ​នៃ​បច្ចេកវិទ្យា​របស់​យុវជន​កម្ពុជា, វិស័យ​អប់រំ​ថា​តើ​កម្ពុជា​នឹង​ទៅ​ជា​យ៉ាង​ណា​ក្នុង​រយៈ​ពេល ៥ ឆ្នាំ​ទៀត?

សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទីមួយ​នៅ​ប្រទេស​កម្ពុជា។
សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទីមួយ​នៅ​ប្រទេស​កម្ពុជា។ រូបថត សហការី

លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ទៅ​កាន់​ក្រុម​អតីត​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​ថា ពួក​គេ គឺជា​ធនធាន​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។ លោក​ក៏​បាន​លើក​ឡើង​ពី​ការ​បារម្ភ និង​ការ​ទទូច​របស់​លោក​ទៅ​ដល់​អតីត​និស្សិត ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស អំពី​សមាហរណកម្ម​អាស៊ាន​នៅ​ចុង ឆ្នាំ​២០១៥ នេះ​ផង​ដែរ។

លោក​បាន​ពោល​ថា៖ «ខ្ញុំ​មិន​មាន​ការ​បារម្ភ​ថា គ្រូពេទ្យ​សិង្ហបុរី​នឹង​មក​ធ្វើ​ការ​នៅ​កម្ពុជា ក្នុង​ពេល​មាន​សមាហរណកម្ម​អាស៊ាន​នោះ​ទេ អ្វី​ដែល​ខ្ញុំ​បារម្ភ​គឺ​អ្នក​ទាំង​អស់​គ្នា [អតីត​និស្សិត] ដែល​ជា​ធនធាន​ដ៏​សំខាន់​ចាក​ចេញ​ពី​កម្ពុជា សូម​នៅ​ជាមួយ​ពួក​យើង»។

ដោយ​ឡែក​លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​ចូល​រួម​ជា​វាគ្មិន​នៅ​ក្នុង​សន្និបាត​នោះ បាន​ចាប់​អារម្មណ៍​ពី​តួនាទី​របស់​យុវជន​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​ប្រទេស។ ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​នៅ​ល្ងាច​ថ្ងៃ​នោះ លោក​ថា យុវជន​គប្បី​ធ្វើ​ខ្លួន​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន ដើម្បី​ផល​ប្រយោជន៍​របស់​សង្គម​ជាតិ​ទាំង​មូល។

លោក​ពោល​ថា៖ «សកម្មភាព​របស់​បុគ្គល​ម្នាក់ៗ​មិន​ត្រឹម​តែ​អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​ខ្លួន​គេ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ប្រយោជន៍​ដល់​គ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ ដូច្នេះ​យុវជន ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​ការ​ផ្លាស់​ប្តូរ​បែប​ណា​ដែល​ខ្លួន​ចង់​បាន?»។

ចំណែក​ឯ លោក សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ដែល​ជា​វាគ្មិន​ចុង​ក្រោយ​បង្អស់​សម្រាប់​សន្និបាត​ថ្ងៃ​នោះ ក៏​បាន​លើក​យក​ប្រធាន​បទ​ពី​សារៈ​សំខាន់​នៃ​គំនិត​ច្នៃ​ប្រឌិត និង​ការ​បង្កើត​ថ្មី​មក​និយាយ​ផង​ដែរ។

លោក​ថា៖ «ការ​បង្កើត​ថ្មី​មិន​ត្រឹម​តែ​ជា​ការ​ផ្លាស់​ប្តូរ​ជីវិត​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​ផ្គត់​ផ្គង់​ការ​រស់​នៅ​របស់​យើង​ផង​ដែរ ជាក់​ស្តែង​ប្រព័ន្ធ​សហគ្រាស​ឥត​គិត​ថ្លៃ (Free Enterprise System) គឺជា​ប្រភេទ​នៃ​ការ​បង្កើត​ថ្មី»។

ប្រធាន​គ្រប់​គ្រង​ផ្នែក​ទីផ្សារ​របស់ IDP Cambodia កញ្ញា ឆាយ លីនដា បាន​ឲ្យ​ដឹង​ថា កម្មវិធី​សន្និបាត​បញ្ញវន្ត​ពិភពលោក បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ហួស​ពី​ការ​រំពឹង​ទុក ហើយ​កញ្ញា​សង្ឃឹម​ថា នៅ​ឆ្នាំ​ក្រោយៗ​ទៀត​នឹង​មាន​ការ​ចូល​រួម​ពី​សំណាក់​យុវជន​ដែល​កំពុង​តែ​សិក្សា​នៅ​តាម​សាកល​វិទ្យាល័យ​ផ្សេងៗ​ទៀត​កាន់​តែ​ច្រើន ពី​ព្រោះ​ថា កម្មវិធី​នេះ​មិន​ត្រឹម​តែ​ជា​ការ​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ដែល​រៀន​ចប់​ប៉ុណ្ណោះ​ទេ តែ​អ្នក​ដែល​កំពុង​សិក្សា​នៅ​ឡើយ​ក៏​អាច​ទាញ​យក​ប្រយោជន៍​ពីការ​ធ្វើ​បទ​បង្ហាញ​របស់​វាគ្មិន​នៅ​ក្នុង​សន្និបាត​នោះ​ផង​ដែរ។

គួរ​រំឭក​ផង​ដែរ​ថា ការ​ចូល​រួម​ក្នុង​កម្មវិធី​ខាង​លើ គឺ​មាន​ការ​លក់​សំបុត​ផង​ដែរ។ តម្លៃ​សំបុត្រ​គឺ​មាន​លក់​ចាប់​ពី ៥០ ដុល្លារ​រហូត​ដល់ ៧៥ ដុល្លារ៕

អត្ថបទគួរចាប់អារម្មណ៍