1.ភាពហូរហៀរនៃម្ហូបអាហារ
ការយកចង្ហាន់ទៅប្រគេព្រះសង្ឃគឺជារឿងមួយល្អ ហើយវាគឺជាប្រពៃណីទំនៀមទម្លាប់របស់ពុទ្ធបរិស័ទ។ ទន្ទឹមគ្នានេះដែរ ជារៀងរាល់ឆ្នាំគេតែងតែឮពីភាពសម្បូរហូរហៀរនៃម្ហូបអាហារនៅក្នុងវត្តអារាមមួយចំនួន ខណៈវត្តខ្លះទៀតដែលនៅឆ្ងាយដាច់ស្រយាល ព្រះសង្ឃសឹងតែរកចង្ហាន់ឆាន់មិនបានផង។
មតិមួយចំនួនបានលើកឡើងថា កត្តានេះយើងមិនអាចស្តីបន្ទោសប្រជាពលរដ្ឋ ឬព្រះសង្ឃនោះដែរ ព្រោះប្រជាជនមួយចំនួនតែងតែទៅវត្តណាដែលនៅក្នុងស្រុកកំណើតរបស់ខ្លួន ឬក៏នៅជិតទីលំនៅឋានរបស់ខ្លួន ឬវត្តខ្លះនៅដាច់ស្រយាលពេលផ្លូវធ្វើដំណើរក៏ពិបាក។ ប៉ុន្តែ អ្វីដែលគេអាចធ្វើបាននោះគឺគេត្រូវរកដំណោះស្រាយចំពោះបញ្ហាដែលកើតឡើងដដែលៗនេះ។
កញ្ញា ចាង សុណា និស្សិតអាហារូបករណ៍ប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអះអាងថា កញ្ញាធ្លាប់ទៅប្រគេនចង្ហាន់ព្រះសង្ឃក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនៅវត្តចំបក់ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺកាលពីឆ្នាំ២០១៣។ សុណាថា នាងមិនសូវឃើញមានចង្ហាន់ប្រគេនដល់ព្រះសង្ឃក្នុងវត្តនោះទេ។ ប៉ុន្តែអ្វីដែលនាងចាប់អារម្មណ៍នោះគឺដំណោះស្រាយដែលប្រជាពលរដ្ឋ និងព្រះសង្ឃនៅទីនោះបានធើ្វ។ កញ្ញាថា ព្រះសង្ឃវត្តខ្លះដែលនៅវត្តឆ្ងាយៗ ត្រូវបានគេនិមន្តមកទទួលចង្ហាន់នៅវត្តដែលនៅជិតទីប្រជុំជន ដោយសារតែផ្លូវទៅកាន់វត្តទាំងនោះមានការលំបាក ដែលនាំឲ្យគ្មានប្រជាជនទៅធ្វើបុណ្យដល់កន្លែង។
ស្របគ្នានេះដែរ យុវជន ចាន់ សុភក្តិ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយបានផ្តល់ជាយោបល់ថា ដំណោះស្រាយមួយទៀតគឺគេអាចយកម្ហូបទាំងនោះទៅចែកជូនដល់ប្រជាជនដែលខ្វះខាត ដូចជាប្រជាជនក្រីក្រក្នុងភូមិ ជនពិការ កុមារអនាថា ឬចែកជូនទៅតាមមណ្ឌលកុមារកំព្រាជាដើម។
ភិក្ខុសង្ឃ មឿន សុភេក ដែលគង់នៅវត្តវិចិត្តារាម ស្ថិតក្នុងភូមិយកបាត្រ សង្កាត់ ក្បាលកោះ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញក៏បានយល់ស្របនឹងបញ្ហាខាងលើនេះដែរ។ ព្រះអង្គមានសង្ឃដីកាថា៖ «ធ្វើបុណ្យដាក់បាត្រជារឿងល្អ តែអាត្មាយល់ថា ប្រជាជនខ្មែរយើងច្រើនតែធ្វើបុណ្យតាមទម្លាប់ ទៅតាមកន្លែង ដូច្នេះហើយបានជាម្ហូបអាហារថ្វាយព្រះសង្ឃក៏ច្រើនតាមកន្លែង»។
ដើម្បីសម្រួលឲ្យការធ្វើបុណ្យទទួលផលទាំងអស់គ្នា ភិក្ខុសង្ឃ មឿន សុភេក មានសង្ឃដីកាថា៖ «អស់លោកអ្នកមានចិត្តសប្បុរសគួរចំណាយធនធានមានតម្លៃ ធ្វើបុណ្យដាក់បាតទៅដល់ទីជនបទ ហើយអាត្មាសូមបិណ្ឌបាត្រដល់រដ្ឋាភិបាលជួយសម្រួលធ្វើផ្លូវថ្នល់ឲ្យបានដល់ទីជនបទឆ្ងាយជិតឲ្យបានច្រើនថែមទៀត»។
ព្រះតេជគុណ មឿន សុភេក បានស្នើថា៖ «ញាតិញមគួរតែធ្វើបុណ្យថ្វាយចង្ហាន់ឲ្យចំកន្លែងដែលខ្វះខាតឲ្យបានច្រើន និងជួយដល់មនុស្សដែលស្រេកឃ្លានឲ្យបានច្រើនទើបជាបុណ្យល្អ»។
|
2.ស្លៀកពាក់ខុសប្រពៃណី
ការស្លៀកពាក់គឺជាសិទ្ធិសេរីភាពរបស់បុគ្គល ប៉ុន្តែ ការស្លៀកពាក់គឺត្រូវធ្វើតាមកាលវេលា កាលៈទេសៈ និងប្រពៃណីទំនៀមទម្លាប់របស់ជាតិ ពិសេសគឺនៅពេលបុណ្យទាន ឬក្នុងវត្តអារាមដែលជាកន្លែងសាសនា។
រាល់ពេលភ្ជុំបិណ្ឌ មានសាធារណជនមិនតិចទេបានរិះគន់ពីការស្លៀកពាក់មិនសមរម្យរបស់យុវជនមួយចំនួនតូចដែលស្លៀកពាក់មិនសមរម្យតាមប្រពៃណីសាសនានោះ។
ព្រះតេជគុណ មឿន សុភេក ក៏បានបកស្រាយថា ការស្លៀកពាក់បែបនេះមិនមានបាបអ្វីទេ តែវាប៉ះពាល់ដល់រូបភាពសង្គមទាំងមូល ដូច្នេះក្រសួងពាក់ព័ន្ធដូចជាក្រសួងវប្បធម៌ គួរសហការផ្សព្វផ្សាយតាមរយៈក្រសួងព័ត៌មានពីបញ្ហាស្លៀកពាក់នេះដល់ប្រជាពលរដ្ឋឲ្យយល់ដឹង ហើយម្យ៉ាងទៀងក្រសួងធម្មការក៏អាចជំរុញការផ្សព្វផ្សាយចំណេះដឹងពីទំនៀមទម្លាប់ស្លៀកពាក់ក្នុងពិធីបុណ្យជាតិតាមរយៈការទេសនាក៏បាន។
លោក យឹង យន ដែលជាសិល្បករម្នាក់បានឲ្យដឹងថា ការស្លៀកពាក់ចូលវត្តលក្ខណៈមិនសមរម្យ វាជារូបភាពបង្អាប់ដល់វប្បធម៌ជាតិខ្មែរ។ លោកថា៖ «វត្តអារាមជាកន្លែងស្ងប់ស្ងាត់ និងជាទីគោរពសក្ការបូជា មិនគួរប្រមាថដោយការស្លៀកពាក់របៀបស្រើបស្រាលនោះទេ»។ លោក បន្តថា បើនៅប្រទេសថៃគេមិនអនុញ្ញាតឲ្យអ្នកចូលវត្តដោយស្លៀកសម្លៀកបំពាក់មិនសមរម្យនោះទេ ហើយនៅតាមទីកន្លែងបូជាគេ ដូចជាព្រះបរមរាជវាំងនៃប្រទេសថៃ គេមានដាក់ជួល ឬលក់សំពត់អាវវែងៗ ដើម្បីបិទបាំងពីលើ នៅពីមុខច្រកចូលតែម្តង។
|
2.សន្តិសុខ និងសណ្តាប់ធ្នាប់
តាមវត្តអារាមមួយចំនួនដែលសម្បូរដោយអ្នកចូលរួមធ្វើបុណ្យ តែងតែមានឮការបាត់របស់នេះរបស់នោះ ព្រោះថា មនុស្សច្រើននាពេលធ្វើបុណ្យ វាក្លាយទៅជាឱកាសដល់ល្អរបស់បុគ្គលអាក្រក់មួយចំនួន។ ការបាត់បង់ទ្រព្យសម្បត្តិដូចជាស្បែកជើង គ្រឿងអលង្ការ សម្ភារ ទូរស័ព្ទដៃ កង់ ម៉ូតូ កើតឡើងយ៉ាងញឹកញាប់ ហើយមិនដែលខានក្នុងរដូវបុណ្យ ដែលអាជ្ញាធរគប្បីយកចិត្តទុកដាក់។
ពេលធ្វើបុណ្យ បាត់របស់ នាំឲ្យចិត្តសៅហ្មង បុណ្យក៏ទទួលមិនបាន។ ព្រះតេជគុណ មឿន សុភេក បានបកស្រាយថា៖ «តាមព្រះពុទ្ធសាសនា បុណ្យគឺបានដោយសារចិត្តស្ងប់នឹងសទ្ធាជ្រះថ្លា ផ្តល់ជូន និងទទួលយក»។ បើអ្នកមកធ្វើបុណ្យហើយ ជួបរឿងមិនសប្បាយចិត្តនឹងនាំឲ្យមានបាបទៅវិញ។
ដើម្បីចៀសវាងបញ្ហាទាំងនេះព្រះតេជគុណ មានសង្ឃដីកាថា៖ «តាមវត្តនីមួយៗគួរតែមានសន្តិសុខរៀបចំសណ្តាប់ធ្នាប់ ឬក៏មេភូមិ សង្កាត់ ចាត់ការរបៀបរៀបរយសាធារណៈ តាមគោលការណ៍ភូមិឃុំមានសុវត្ថិភាព។ បើមានបញ្ហាកើតឡើង បើអត់ឱនបាន ក៏អត់ទៅ តែគួរតែប្រយ័ត្នជាមុនទើបជាការល្អ»។
|
4.គ្រោះថ្នាក់ចរាចរណ៍
ពេលភ្ជុំបិណ្ឌជាថ្ងៃសម្រាក ហើយវាជាឱកាសដើម្បីធ្វើបុណ្យផង ជួបជុំក្រុមគ្រួសារផង និងសម្រាប់កម្សាន្តផងដែរ។ ដូច្នេះការក្រេបសុរាគឺជារឿងមួយដែល ចៀសមិនផុតសម្រាប់មនុស្សមួយចំនួន។ ជាក់ស្តែងរាល់ពេលបុណ្យភ្ជុំបិណ្យម្តងៗគ្រឿងស្រវឹងលក់ដាច់គួរឲ្យកត់សម្គាល់ ទន្ទឹមគ្នានេះដែរគ្រោះថ្នាក់ចរាចរណ៍ក៏មានការកើនឡើងគួរឲ្យយកចិត្តទុកដាក់ផងដែរ។
រាល់ឆ្នាំតាមព័ត៌មានក្នុងស្រុក ក្នុងរយៈពេលភ្ជុំបិណ្ឌគ្រោះថ្នាក់ចរាចរណ៍កើតឡើងទ្វេដងនៃថ្ងៃធម្មតា ហើយករណីភាគច្រើនបណ្តាលមកពីស្រវឹង ហើយបើកបរ។
និស្សិតម្នាក់នៃសាកលវិទ្យាល័យកម្ពុជាមកពីខេត្តកំពង់ស្ពឺ សុំមិនបញ្ចេញឈ្មោះបានពោលថា រូបគេតែងតែឃើញមានគ្រោះថ្នាក់ជាញឹកញាប់ពេលរដូវភ្ជុំបិណ្ឌ ហើយយុវជននៅតាមភូមិរបស់គាត់តែងតែបបួលគ្នាផឹកស៊ី ហើយបង្កឲ្យមានគ្រោះថ្នាក់ជាញឹកញាប់ផងដែរ ហើយរូបគាត់ផ្ទាល់ក៏ធ្លាប់ត្រូវអ្នកបើកបរស្រវឹងបុកម្តងដែរកាលពីបុណ្យភ្ជុំបិណ្ឌឆ្នាំមុន។
តាមរបាយការណ៍ផ្តល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន យ៉ាងហោចណាស់មានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ១៧២៧នាក់ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០១៣ តែទាបជាងឆ្នាំ២០១២។ ក្រៅពីគ្រោះថ្នាក់ដល់បាត់បង់ជីវិត គឺមានអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍មានដល់ទៅ៦៤៩០នាក់តិចជាងឆ្នាំ២០១២ គឺ៤ភាគរយ។
របាយការណ៍ដដែលបានបង្ហាញថា មានមនុស្ស២៤នាក់បានស្លាប់ និង១៦៩នាក់រងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌតែ៣ថ្ងៃ ប៉ុណ្ណោះក្នុងឆ្នាំ២០១៣។
|
5.ការឡើងថ្លៃទំនិញ
ជាទូទៅនៅតាមប្រទេសមួយចំនួនដូចជាប្រទេសជប៉ុន ឬសហរដ្ឋអាមេរិច ពេលមានកម្មវិធីបុណ្យជាតិម្តងៗទំនិញភាគច្រើននឹងមានលក់បញ្ចុះតម្លៃ។ ដោយឡែកប្រទេសកម្ពុជានៅអំឡុងពិធីបុណ្យភ្ជុំបិណ្ឌទំនិញមួយចំនួនស្រាប់តែឡើងថ្លៃ។ ទំនិញឡើងថ្លៃគឺកើតឡើងរាល់ពេលមានពិធីបុណ្យធំៗតែម្តងដែលធ្វើឲ្យប្រជាពលរដ្ឋទូទៅរអ៊ូរទាំផងដែរ។
កញ្ញា ច័ន្ទ ដារានី និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៃវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីបញ្ហានេះថា កាលណាតម្រូវការកើនឡើង តម្លៃនឹងត្រូវកើនឡើងដោយឯកឯង។ ក្នុងរដូវភ្ជុំប្រជាជនភាគច្រើនត្រូវការម្ហូបអាហារទ្វេដងដើម្បីយកទៅធ្វើបុណ្យ និងទទួលទានខ្លួនឯង ដូចនេះហើយអ្នកផ្គត់ផ្គង់មិនអាចផលិតបានគ្រប់ចំនួនត្រូវការ ទើបតម្លៃទំនិញទាំងនោះកើនឡើងជាអន្លើគ្រប់ពេលបុណ្យទាន។
ដើម្បីចៀសវាងការឡើងថ្លៃទំនិញ កញ្ញា ដារានី ប្រាប់ថា គេត្រូវមានវិធានការសម្រាប់បញ្ហានេះផងដែរ។
|
6.ជម្លោះក្នុងស្រទាប់យុវវ័យ
ការជួបជុំ មានការផឹកស៊ី រាំរែក នៅតាមភូមិ មួយចំនួនអាចបង្កឲ្យទៅជាជម្លោះក៏មាន។ យុវជនវាយប្រតប់គ្នានៅពេលរាំធុងបាស់នៅតែជាបញ្ហាចោទនៅឡើយ។ អាជ្ញាធរក៏គួរមានវិធានការបន្ថែមទៀតដើម្បីទប់ស្កាត់ទង្វើបែបនេះ។
យុវជនម្នាក់ឈ្មោះ រី បានប្រាប់ឲ្យដឹងថា ជម្លោះភាគច្រើនបង្កឡើងដោយសារការមិនចេះយោគយល់ សេពគ្រឿងស្រវឹង និងមិនអធ្យាស្រ័យគ្នា។ លោកថា៖ «ខ្ញុំធ្លាប់មានជម្លោះជាមួយនឹងយុវជនដទៃ កាលពីអំឡុងពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំកន្លងទៅ ដោយសារតែបញ្ហារាំជាន់ជើងគ្នាបន្តិចបន្តួច ហើយក៏បណ្តាលឲ្យមានរបួស ខ្ញុំសោកស្តាយណាស់»។
|
7.តម្លៃនៃរថយន្តឈ្នួលឡើងថ្លៃ
ភាគច្រើនប្រជាជននៅទីក្រុងជាអ្នកមានស្រុកកំណើតនៅតាមខេត្តនានា ដូច្នេះរាល់ពេលបុណ្យទានម្តងៗតម្រូវការការដឹកជញ្ជូនទៅស្រុកកំណើតមានការកើនឡើង ខណៈនេះដែរតម្លៃក្នុងការធ្វើដំណើរក៏កើនឡើងដែរ។
កញ្ញា សួន សុគន្ធពិដោរ ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសម្តែងការមិនពេញចិត្តថា នៅអំឡុងបុណ្យភ្ជុំបិណ្ឌ តម្លៃរថយន្តក្រុងមានការឡើងថ្លៃ។ តម្លៃធម្មតាត្រឹមតែ ២៤០០០ រៀលប៉ុណ្ណោះ ប៉ុន្តែ នៅពេលភ្ជុំបិណ្ឌបានឡើងរហូតដល់ ៣២០០០ ទៅ៣៥០០០ រៀល។ កញ្ញា បានបញ្ជាក់បន្ថែមថា ការឡើងថ្លៃនៃរថយន្តក្រុង ឬរថយន្តឈ្នួលបានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងចំពោះ និស្សិត ព្រមទាំងកម្មករ កម្មការិនីជាងគេ។
កាលពីឆ្នាំ២០១៣កន្លង យើងក៏ធ្លាប់ឮពីប្រកាសសារាចរណែនាំរបស់សាលាក្រុងភ្នំពេញដើម្បីរក្សាតម្លៃធ្វើដំណើរឲ្យដូចដើម តែនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឈ្មោះ សិង្ស សីហា ដែលមានស្រុកកំណើតនៅខេត្តព្រះសីហនុអះអាងថា តម្លៃសំបុត្រឡើងថ្លៃដដែលនៅថ្ងៃបុណ្យភ្ជុំបិណ្ឌធំ តែសម្រាប់រូបគាត់ដើម្បីទៅជួបជុំគ្រួសារ គាត់គ្មានជម្រើសទេក្រៅតែពីការទទួលយកតំលៃដ៏ថ្លៃនៃការដឹកជញ្ជូនតាមឡានក្រុងនៃក្រុមហ៊ុនមួយដែលយុវជនរូបនេះសុំមិនបញ្ចេញឈ្មោះ។
បញ្ហាទាំងអស់ខាងលើ សុទ្ធតែជាបញ្ហាដដែលៗ ដែលកើតឡើងជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ អាជ្ញាធរ ក្រសួង មន្ទីរដែលពាក់ព័ន្ធបានដឹង បានឮគ្រប់ៗគ្នា។ សំណួរសួរថា តើគេមានដំណោះស្រាយយ៉ាងដូចម្តេចដើម្បីទប់ស្កាត់បញ្ហាទាំងនោះឲ្យមានប្រសិទ្ធភាព ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមសប្បាយរីករាយក្នុងពេលបុណ្យទានទាំងអស់គ្នាក្នុងឆ្នាំនេះ?
|
Contact PhnomPenh Post for full article
Post Media Co LtdThe Elements Condominium, Level 7
Hun Sen Boulevard
Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia
Telegram: 092 555 741
Email: webmasterpppost@gmail.com