The Phnom Penh Post Search

Search form

Alejandro Gonzalez-Davidson អ្នក​ការពារ​បរិស្ថាន​នៅ​កម្ពុជា​មិន​ចុះញ៉ម​នឹង​ការ​គំរាម

Content image - Phnom Penh Post

Alejandro Gonzalez-Davidson អ្នក​ការពារ​បរិស្ថាន​នៅ​កម្ពុជា​មិន​ចុះញ៉ម​នឹង​ការ​គំរាម

កន្លងមក​ប្រជាជន​ដែល​រស់នៅ​តំបន់​អារ៉ែង​ក្នុង​ខេត្ត​កោះកុង​ដែល​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច និង​ក្រុម​យុវជន បាន​ធ្វើ សកម្មភាព​តវ៉ា​ជាច្រើន​ដើម្បី​បង្ហាញ​ថា ពួកគេ​មិន​ចង់​ឲ្យ​មាន​ការ​កសាង​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​នោះ​ទេ។ ក្នុង​នោះ​មាន​ចលនា​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់ ឈ្មោះ​ថា​«មាតាធម្មជាតិ» បាន​ធ្វើការ​យ៉ាង​ស្អិតល្មួត​ជាមួយ​ប្រជាជន​ដែល​រស់នៅ​ទី​នោះ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​កសាង​ទំនប់វារីអគ្គិសនី ស្ទឹងជ័យ​អារ៉ែង។ Alejandro Gonzalez-Davidson ជា​ជនជាតិ បរទេស​មួយ​រូប​ដែល​ជា​ស្ថាបនិក និង​ជា​អ្នកដឹកនាំ​ដ៏លេចធ្លោ​ម្នាក់​នៃ​ចលនា​មាតា​ធម្មជាតិ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​បរិស្ថាន និង រារាំង​កុំ​ឲ្យ មាន​ការ​កសាង​ទំនប់​វារីអគ្គិសនី​នៅ​ទី​នោះ​។

Alejandro Gonzalez-Davidson កើត​នៅ​ទីក្រុង​បាសេឡូណា​(Barcelona)​ភាគ​ខាង​ជើង​ប្រទេស​អេស្ប៉ាញ។ លោក​បាន​ផ្លាស់​ទៅ​រស់នៅ​ជាមួយ​ម្ដាយ​របស់​លោក​ដែល​មាន​សញ្ជាតិ​អង់គ្លេស​នៅ​ប្រទេស​អង់គ្លេស​នៅ​ឆ្នាំ​១៩៩៧។ ដោយសារ​តែ​ឪពុក​ម្ដាយ​របស់​លោក​បាន​ចែក​ផ្លូវ​គ្នា លោក​មាន​បងប្អូន​២​នាក់​ហើយ​រូប​លោក​ជា​កូន​ទី​២។ Alejandro បាន​ប្រាប់​ថា នៅពេល​ដែល​នឹក​ក្រុម​គ្រួសារ​គាត់​តែងតែ​ទូរស័ព្ទ​ទៅ​រក​ពួកគេ។ ចំពោះ​ការ​សិក្សា​លោក​បាន​បញ្ចប់​ត្រឹម​ថ្នាក់​វិទ្យាល័យ​ប៉ុណ្ណោះ។

ជុំវិញ​មូលហេតុ​នៃ​ការ​ចាកចេញ​ពី​ប្រទេស​របស់​ខ្លួន Alejandro បាន​ប្រាប់​ថា គាត់​ចង់​ស្វែងយល់​ពី​វប្បធម៌​ផ្សេងៗ​ដែល​ប្លែកៗ​ជាពិសេស​ប្រទេស​នៅ​អាស៊ីអាគ្នយ៍​មាន​កម្ពុជា ថៃ និង​ឡាវ​ជាដើម។

ក្នុង​ចំណោម​ប្រទេស​ទាំងនេះ​គាត់​ប្រាប់​ថា គាត់​ចូលចិត្ត​ប្រទេស​ខ្មែរ​ជាង​គេ។ គាត់​ថា៖ «នៅពេល​នោះ​[ឆ្នាំ​២០០២]​ខ្មែរ​មាន​ព្រៃឈើ​នៅ​សល់​ច្រើន​គួរសម​ដែរ។ ខ្ញុំ​ពេញចិត្ត​ចរិត​ខ្មែរ ព្រោះ​ពួកគេ​ជា​មនុស្ស​ដែល​ស្រេកឃ្លាន​នឹង​ចំណេះដឹង ស្រេកឃ្លាន​នឹង​ការ​រីកចម្រើន ហើយ​ចង់​រំដោះ ខ្លួន​គេ​ពី​របប​ផ្ដាច់ការ ខ្មែរ​រួសរាយ​រាក់ទាក់ ដែល​ទាំងអស់​នេះ​ត្រូវ​នឹង​ចរិត​របស់​ខ្ញុំ»។

រស់នៅ​ប្រទេស​កម្ពុជា បញ្ហា​ភាសា​មិនមែន​ជា​ឧបសគ្គ​សម្រាប់ Alejandro ទេ។ គាត់​ថា ភាសា​ខ្មែរ​រៀន​ឆាប់ចេះ​ជាង​ភាសា​ថៃ និង​ឡាវ។ គាត់​រៀន​ភាសា​ខ្មែរ​ដំបូង​នៅ​ឆ្នាំ​២០០១​នៅពេល​ដែល​ទៅ លេង​ប្រទេស​ថៃ​នៅ​ខេត្ត​ស៊ីសាកេត​ក្នុង​ភូមិ​មួយ​ដែល​មាន​ជនជាតិ​ខ្មែរ​រស់នៅ​ជាច្រើន។ ជនជាតិ​ខ្មែរ​ដែល រស់នៅ​ទី​នោះ​បាន​បង្រៀន​ភាសាខ្មែរ​ដល់​គាត់។

គាត់​បាន​មាន​ប្រសាសន៍​បន្ត​ថា៖ «ខ្ញុំ​មិន​ដែល​ទៅ​សាលា​ទេ សព្វថ្ងៃ​នេះ ខ្ញុំ​ក៏​កំពុង​តែ​រៀន​ដែរ​គឺ​រៀន​ជាមួយ​អ្នក​រត់​ម៉ូតូឌុប ជាមួយ​អ្នក​រត់ស៊ីក្លូ អ្នក​លក់​សម្លៀកបំពាក់ ជាមួយ​អ្នក​លេង​បាល់ និង​អាន កាសែត​ជាដើម​»។

សម្រាប់​ម្អូប​អាហារ​ខ្មែរ​វិញ Alejandro បាន​ឲ្យ​ដឹង​ថា គាត់​ចូលចិត្ត​ម្ហូប​ខ្មែរ​ណាស់ ជាពិសេស​ម្ហូប​របស់ អ្នក​នៅ​តំបន់​អារ៉ែង។

នៅពេល​ដែល​សួរ​ថា តើ​គាត់​មាន​គ្រួសារ​ហើយ ឬ​នៅ? Alejandro បាន​ឆ្លើយ​បែប​កំប្លែង​បន្តិច​ថា គាត់​បាន​រៀបការ​ជាមួយ​ព្រៃ​ធម្មជាតិ​ហើយ។ គាត់​បាន​និយាយ​ទៀត​ថា៖ «ខ្ញុំ​ដូចជា​អត់​មាន​ពេល​សម្រាប់​នឹកគិត​រក​គ្រួសារ ជិវិត​ខ្ញុំ​ចូលចិត្ត​នៅ​តែ​ឯង ឬ​ជាមួយ​មិត្តភក្តិ​ប្រសិន​បើ​រក​គ្រួសារ​ដូចជា​ធ្វើ​បាប​គេ»។

ចំពោះ​ថវិកា​ចាយវាយ​ប្រចាំ​ថ្ងៃ​វិញ Alejandro បាន​ចាយប្រាក់​ដែល​គាត់​សន្សំ​នៅពេល​ដែល​គាត់​ធ្វើការ ខ្លះ​ទៀត​បាន​ពី​ឪពុក​លោក​ដែល​តែងតែ​ផ្ញើ​មក ឲ្យ​លោក​ជា​រៀងរាល់​ខែ ប្រហែល​ជា​២០០​ទៅ​៣០០​អឺរ៉ូ ហើយ​ការ​ចំណាយ​ទៅលើ​យុទ្ធនាការ​នៅ​អារ៉ែង​គឺ​បាន​មក​ពី​អ្នក​ជំនួយ​របស់​ចលនា​មាតា​ធម្មជាតិ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី Alejandro លោក​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០០២។ ការងារ​របស់​គាត់​ពេល​មក​ដល់​កម្ពុជា​ដំបូង​មិន​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន​ទេ គឺ​ពេល​នោះ​គាត់​ធ្វើ​ជា​គ្រូបង្រៀន​ភាសា អង់គ្លេស​នៅ​តាម​សាលា​ឯកជន។នៅ​ឆ្នាំ​២០០៧ លោក​បាន​ប្តូរ​ការងារ ហើយ​ធ្វើ​ជា​អ្នក​បកប្រែ និង​ជា​មន្រ្តី​ឃ្លាំមើល​សិទិ្ធមនុស្ស​តាម​ពន្ធនាគារ។ គាត់​ប្រាប់​ថា​៖ «ពេល​សម្រាក​មួយ​ខែ​ពីរ​ខែ ខ្ញុំ​ទៅ​ព្រៃ ហើយ​ខ្ញុំ​ទៅ​អារ៉ែង​ដំបូង​បំផុត​នៅ​ឆ្នាំ​២០១០ ព្រោះ​ខ្ញុំ​ឮ​គេ​ថា ទី​នោះ​សម្បូរ​ព្រៃ​ណាស់»។

លោក​ថា៖ «ខ្ញុំ​ឃើញ​ថា ព្រៃឈើ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បាន​ថយចុះ​ជា​លំដាប់ ហើយ​ខ្ញុំ​ឃើញ​ថា ការ​កាប់​ព្រៃឈើ​ហ្នឹង​មិន​បាន​ទៅ​ធ្វើ​ជា​ផលប្រយោជន៍​ជាតិ​ទេ វា​ជា​ការ​ឈឺចាប់​ណាស់​នៅពេល​ដែល​បាន​ឃើញ លទ្ធផល​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ វា​បាន​ប៉ះពាល់​ដល់​ជនជាតិ​ភាគតិច ប៉ះពាល់​ដល់​ប្រវត្តិសាស្រ្ត វប្បធម៌​របស់​ពួកគេ ដើម្បី​តែ​ប្រយោជន៍​បុគ្គល​មួយ​ចំនួន​តូច»។

ហេតុផល​ទាំងនេះ​ហើយ​ដែល​ជា​មូលហេតុ​ធ្វើឲ្យ Alejandro ចាប់​អារម្មណ៍​លើ​បញ្ហា​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ខ្លាំង។

Alejandro បាន​និយាយ​ថា ពេល​ទៅ​អារ៉ែង​លើក​ទី​ពីរ​ប្រជាជន​នៅ​តំបន់​នោះ​បាន​ប្រាប់​លោក​ថា ក្តីកង្វល់​ធំ​បំផុត​របស់​ពួកគេ​គឺ​គម្រោង​កសាង​ទំនប់​វារីអគ្គិសនី ដែល​វា​បាន​ធ្វើឲ្យ​លោក​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង​លើ​បញ្ហា​បរិស្ថាន​នៅ​តំបន់​នោះ។
បុរស​ជនជាតិ​អេស្ប៉ាញ​ដែល​មាន​វ័យ​៣៣​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា៖ «នៅ​ឆ្នាំ​២០១៣ ខ្ញុំ​មាន​លុយ​ខ្លួនឯង​ផ្ទាល់។ ខ្ញុំ​បាន​ឈប់​ធ្វើការ ហើយ​ខ្ញុំ​យក​លុយ​ហ្នឹង​ទៅ​បង្កើត​ចលនា​មាតាធម្មជាតិ។គោលបំណង​ធំបំផុត​នៃ​ការ​បង្កើត​ចលនា​នេះ​គឺ​ទប់ស្កាត់​ការ​កសាង​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង​នេះ​ឯង»។

Alejandro ពេល​នេះ​ដើរតួ​ជា​អ្នក​សម្របសម្រួល​ជាមួយ​យុវជន​ឲ្យ​មក​ធ្វើការ​នៅ​តំបន់​អារ៉ែង ដើម្បី​ឲ្យ ពួកគេ​ពន្យល់​ដល់​សហគមន៍​មូលដ្ឋាន​ពី​បញ្ហា​ច្បាប់។ លោក​ក៏​មាន​តួនាទី​ជា​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន រក​ថវិកា និង​ស្វែងរក​អង្គការ​ដៃគូ​ផង​ដែរ។

ចលនា​មាតាធម្មជាតិ​បាន​ធ្វើ​សកម្មភាព​សំខាន់ៗ ដូចជា​ជួយ​ពង្រឹង​សមត្ថភាព​របស់​ប្រជាជន​មូលដ្ឋាន​តាមរយៈ​ការ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាជន ជួយ​ពន្យល់​ប្រជាជន​មូលដ្ឋាន​ពី​ច្បាប់​ភូមិបាល ជួយ​ផ្ដល់​យោបល់​ឲ្យ​ប្រជាជន​ដាក់​ញត្តិ​នៅ​សាលា​ខេត្ត ធ្វើ​សកម្មភាព​តវ៉ា​នានា ពោល​គឺ​ជួយ​ពួកគេ​ឲ្យ​ចេះ​តស៊ូ​មតិ និង​រារាំង​ក្រុមហ៊ុន​ចិន​កុំ​ឲ្យ​កសាង​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​ស្ទឹង​អារ៉ែង​នោះ។ ចលនា​នេះ​ក៏​បាន​ធ្វើការងារ​ទាក់ទង​នឹង​បញ្ហា​ទេសចរ​នៅ​តំបន់​នោះ​ផង​ដែរ។

លោក​អាឡិច​ថា ពេល​បំពេញ​ការងារ​នៅ​តំបន់​អារ៉ែង លោក​ធ្លាប់​បាន​ទទួល​រង​ការ​គំរាមគំហែង​ដោយ​ប្រយោល​ពី​អាជ្ញាធ​មូលដ្ឋាន។ លោក​អះអាង​ថា អាជ្ញាធ​មូលដ្ឋាន​បាន​ប្រាប់​គាត់​ថា៖ «អាឡិច​(រូប​លោក​)​មក​កន្លែង​ហ្នឹង​ទាល់តែ​មាន​លិខិត​បេសកកម្ម លិខិត​អនុញ្ញាតិ​ពី​ស្រុក ពី​ខេត្ត​បាន​អាច​មាន​តួនាទី​ស្របច្បាប់ ប្រសិន​បើ​អត់​មាន​លិខិត​ហ្នឹង​អាឡិច​អាច​ធ្វើ​បាន តែ​គេ​(អាជ្ញាធរ)​មិន​ទទួល​ខុសត្រូវ​ចំពោះ​ករណី​ណា​ដែល​អាច​នឹង​កើតឡើង​ដូចជា​មាន​ឡានបុក ឬ​ក៏​មាន​អី​កើតឡើង​នោះ​ទេ»។

លោក​បាន​បន្ត​ថា៖ «ជួនកាល​ជួប​គ្នា​ពេល​គេ​ស្រវឹង ពេល​ខ្លះ​គេ​មក​សួរ​ដេញដោល ហើយ​មក​គំរាម​ថា​ប្រសិន​បើ​បរទេស​តែងតែ​ជិះកង់​មក​ចេញ​ចូល​ម្នាក់ ឯង​(ក្នុង​តំបន់​អារ៉ែង)​គួរ​ប្រយ័ត្ន​ដោយសារ​អាពួក កាប់​ព្រៃឈើ​អាច​នឹង​លួច​សម្លាប់​ហើយ​យក​សព​មក​បោះចោល​ក្នុង​ព្រៃ»។

បើ​ទោះបី​ជា​ទទួល​រង​នូវ​ការ​គំរាមកំហែង​យ៉ាង​ណា​ក្តី អាឡិច​នៅតែ​មិន​ចុះញ៉ម​នឹង​ពាក្យ​ទាំងអស់​នោះ​ឡើយ​។ ពេល​អនាគត​លោក​ចង់​បន្ត​ធ្វើ​យុទ្ធនាការ​នៅ​តំបន់​ផ្សេងៗ ហើយ​លោក​មិន​ត្រឡប់​ទៅ​ស្រុក​វិញ​ឡើយ​។ អាឡិច​ពោល​ថា៖ «ខ្ញុំ​រាង​ខ្លាច​បន្តិច​ដែរ ពេល​យូរ​ទៅ​វា​ក៏​លែង​អី​។ ដំបូង​រដ្ឋបាល​ព្រៃឈើ​ជា​អ្នក​គំរាម​។ យូរៗ​ទៅ​គេ​អត់​ហ៊ាន​គំរាម​ទៀត ព្រោះ​ពួកគេ​ដឹង​ថា​វា​អត់ប្រយោជន៍ ខ្ញុំ​មិន​ខ្លាច​នឹង​ពាក្យសម្តី​របស់​គេ​ទេ»៕

ស៊ុន សុខេន

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។