ក្មេងប្រុស ៣ នាក់ ស្ពាយការុងដើររើសអេដចាយ នៅតាមចិញ្ចើមផ្លូវជាតិលេខ ៦ អា ក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាល កាលពីម្សិលមិញ។ នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ក៏ប៉ុន្តែ ប្រជាពលរដ្ឋជាច្រើន ជាពិសេសកុមារកូនអ្នកក្រីក្រ នៅតែបន្តរស់នៅក្នុងស្ថានភាពដ៏គួរឲ្យសង្វេគនៅឡើយ។ រូបថត ហុង មិនា
របាយការណ៍ការងារកុមារកម្ពុជាឆ្នាំ ២០១២ ដែលចងក្រងដោយវិទ្យាស្ថានស្ថិតិជាតិ ក្រសួង ផែនការ និងអង្គការពលកម្មអន្តរជាតិ បានឲ្យដឹងថា ប្រទេសកម្ពុជាមានកម្មករកុមារប្រមាណ ៤២៩ ពាន់នាក់ហើយ ៣៨៣ ពាន់នាក់ ក្នុងចំណោមពួកគេរស់នៅតំបន់ជនបទ។
បើតាមរបាយការណ៍នេះចំនួនពាក់កណ្តាលនៃកម្មករកុមារទាំងនោះបាន បោះបង់ការសិក្សាឬ មិនបានចូលសាលារៀន។ កម្មករកុមារប្រមាណជា ២៣៦ ពាន់នាក់កំពុងធ្វើការងារដែលមានលក្ខណៈគ្រោះថ្នាក់ហើយពួកគេភាគ ច្រើននៅតំបន់ជនបទ។
របាយការណ៍នេះបន្តឲ្យដឹងថា៖ «កុមារចំនួន ៥ នាក់ក្នុងចំណោមកុមារ ៩ នាក់ ស្ថិតនៅក្នុងការងារគ្រោះថ្នាក់»។