The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក​នាយក​រដ្ឋមន្រ្ដី ហ៊ុន សែន ផ្តល់​ទស្សនៈ ៦​ចំណុច​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​បម្រែ​បម្រួល​អាកាសធាតុ​លើ​ពិភព​លោក




លោក​នាយក​រដ្ឋមន្រ្ដី ហ៊ុន សែន ផ្តល់​ទស្សនៈ ៦​ចំណុច​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​បម្រែ​បម្រួល​អាកាសធាតុ​លើ​ពិភព​លោក

Content image - Phnom Penh Post
លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។ SPM

លោក​នាយក​រដ្ឋមន្រ្ដី ហ៊ុន សែន ផ្តល់​ទស្សនៈ ៦​ចំណុច​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​បម្រែ​បម្រួល​អាកាសធាតុ​លើ​ពិភព​លោក

ភ្នំពេញៈ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ផ្តល់​ទស្សនៈ ៦ ចំណុច​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​លើក​ទី​២ នៃ​ភាព​ជា​ដៃគូសម្រាប់​ការ​អភិវឌ្ឍ​បៃតង និង​គោលដៅ​សកល​ឆ្នាំ ២០៣០ (P4G) ដើម្បី​ដោះស្រាយ​វិបត្តិ​បម្រែ​បម្រួល​អាកាស​ធាតុ និង​លើក​កម្ពស់​ភាពបៃតង​ពិភព​លោក​ឡើង​វិញ។

លោកនាយករដ្ឋមន្ត្រី បាន​លើក​ឡើង​នូវ​ទស្សនៈ​នេះ​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល P4G ដែល​រៀប​ចំ​ឡើង​ដោយ​ប្រទេស កូរ៉េខាងត្បូង តាម​ប្រព័ន្ធ​វីដេអូ នៅ​យប់​ថ្ងៃ​ចន្ទ ទី៣១ ខែ​ឧសភា ឆ្នាំ ២០២១​នេះ។ កិច្ច​ប្រជុំ​កំពូល P4G ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ «ការ​លើក​កម្ពស់​ការ​ស្តារ​បៃតង​ឡើង​វិញ​ប្រកប​ដោយ​បរិយាប័ន្ន​ពី​ជំងឺ​ឆ្លង​កូវីដ១៩»។ កិច្ច​ប្រជុំ​នេះ មាន​ការ​ចូលរួម​ដោយ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ចេអ៊ិន ព្រម​ទាំង​ប្រមុខ​រដ្ឋ​ប្រទេស​ដទៃ​ទៀត​ប្រមាណ ៦០នាក់ និង​ថ្នាក់​ដឹក​នាំ​នៃ​អង្គការ​អន្តរជាតិ​នានា​ជាច្រើន​ផ្សេង​ទៀត។

លោក​នាយក​រដ្ឋ​មន្រ្ដី​ថ្លែង​ថា៖ «ខ្ញុំ​ពិត​ជា​មាន​សេចក្តី​រីករាយ​ក្រៃលែង ដោយ​បាន​ចូល​រួម​ជាមួយ​បណ្តា​ថ្នាក់​ដឹក​នាំ​ដទៃ​ទៀត ក្នុង​កិច្ច​ប្រជុំកំពូល​សេអ៊ូល​ទី២ នៃ​ភាព​ជា​ដៃគូ​សម្រាប់​ការ​អភិវឌ្ឍ​បៃតង និង​គោលដៅ​សកល​ឆ្នាំ ២០៣០ នេះ ក្រោម​ប្រធាន​បទ​ដ៏​សំខាន់ «ការស្តារបៃតង​ឡើង​វិញ​ប្រកប​ដោយ​បរិយាប័ន្ន​ពី​ជំងឺ​ឆ្លង​កូវីដ១៩»។

លោក​បាន​លើក​ឡើង​នូវ​ទស្សនៈ​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ប្រធាន​បទ​នៃ​កិច្ច​ប្រជុំ​នា​ពេល​នេះ ដែល​ពិភព​លោក​ត្រូវ​បង្កើន​ការ​យក​ចិត្តទុក​ដាក់ ក្នុង​នោះ​រួម​មាន ១ បន្ត​ជំរុញ និង​គាំទ្រ​គោលការណ៍​សកល​ភាវូបនីយកម្ម តាម​រយៈការ​បើក​ចំហ​ពាណិជ្ជកម្ម អន្តរជាតិ​ឱ្យ​កាន់​តែ​ទូលំទូលាយ ដើម្បី​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច និង​ប្រកាន់​ខ្ជាប់​នូវ​ក្របខ័ណ្ឌ ពហុភាគី​និយម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​គ្រប់​វិស័យ ជាពិសេស បញ្ហា​ប្រឈម​ពាក់​ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

២ ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ ប្រកប​ដោយ​ចីរភាព និង​ការ​លើក​កម្ពស់​ការបញ្ជ្រាប​ទស្សនា​ទាន​បៃតង ក្នុង​ការ​អភិវឌ្ឍ ជាពិសេស លើ​វិស័យ​កសិកម្ម, ការ​អភិវឌ្ឍ​ទីក្រុង, ហេដ្ឋារចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន, សេដ្ឋកិច្ច​វិលជុំ (circular economy), សេដ្ឋកិច្ច ឌីជីថល និង​ថាមពល​កកើត​ឡើង​វិញ។

៣ ជំរុញ​ការ​អភិវឌ្ឍ​ហិរញ្ញប្បទាន​ប្រកប​ដោយ​ចីរភាព (sustainable finance) តាម​រយៈការ​បង្កើត​បរិយាកាស​អំណោយ​ផល ដើម្បីកៀរគរ​ធនធាន​បន្ថែម សំដៅ​ធានា​និរន្តរភាព​នៃ​ការ​អនុវត្ត​សកម្មភាព ទប់ស្កាត់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ តាម​រយៈ​ការ​រៀបចំ និង​ការ​ដាក់ចេញ​នូវ​យន្តការ​ហិរញ្ញប្បទាន​បៃតង និង​យន្តការភាព​ជា​ដៃ​គូ​រវាងរដ្ឋ និង​ឯកជន (PPP) ជាដើម។

៤ ដាក់​ចេញ​គោលនយោបាយ​លើក​ទឹក​ចិត្ត ព្រម​ជាមួយ​នឹង​ការ​ដាក់​ចេញ​វិធានការ​កែ​ទម្រង់ មុតស្រួច​សំខាន់ៗ ដើម្បី​ជំរុញ​ធុរកិច្ច​បង្កើត​ថ្មី​ឱ្យធ្វើ​នវានុវត្តន៍​លើ​គំរូ​ធុរកិច្ច​បៃតង ហើយ​ជំរុញ​វិស័យ​ឯកជន ឱ្យ​បង្កើន​ការ​ចាប់​អារម្មណ៍​លើ​ការ​វិនិយោគ​បៃតង​ទាំង​វិនិយោគ​ដែល​បង្កើតបច្ច័យ​វិជ្ជមាន​ដល់​សង្គម សេដ្ឋកិច្ច (impact investment) និង​វិនិយោគ​ពាណិជ្ជកម្ម (commercial investment) ដូចជា​ក្នុង បច្ចេកវិទ្យា​បៃតង និង​ថាមពល​កកើត​ឡើង​វិញ។

៥ ជំរុញ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​បៃតង និង​ការ​ដោះស្រាយ​គម្លាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូលដ្ឋាន ដោយ​ផ្តល់​សារៈសំខាន់​លើ​ការ​លើកកម្ពស់​ការ​វិនិយោគ​ប្រកប​ដោយ​ចីរភាព និង​ការ​ទទួល​ខុស​ត្រូវ និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់ និង​ការ​វិនិយោគ​ក្នុង​គ្រប់​វិស័យ តាមរយៈ​ការ​ជំរុញ និង​លើក​ទឹក​ចិត្ត ការ​អភិវឌ្ឍ​ឧស្សាហកម្ម​បៃតង និង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​បៃតង។

៦ លើក​កម្ពស់​លទ្ធភាព​កាត់​បន្ថយ និង​បន្សំ (mitigation and adaptation) ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ តាម​រយៈការ​អភិរក្សធនធាន​ធម្មជាតិ, ការ​អភិវឌ្ឍ​ទីក្រុង និង​ឧទ្យាន​បៃតង, និង​ការ​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​ឱ្យ​កាន់​តែ​រឹងមាំ​លើ​ការ​ស្រាវជ្រាវ ដើម្បី​ឆ្លើយតប​នឹងការ​ប្រែប្រួល​អាកាសធាតុ និង តម្រូវការ​ក្នុង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ។

កិច្ច​ប្រជុំ​កំពូល P4G ដែល​តំណាង​ឱ្យ​ដៃគូ​ដើម្បី​កំណើន​ពណ៌បៃតង និង​គោលដៅ​ពិភព​លោក​ឆ្នាំ ២០៣០ មាន​គោល​បំណង​ពន្លឿនដំណោះ​ស្រាយ​លើ​វិស័យ P4G ធំៗ​ទាំង​៥ (ម្ហូប​អាហារ ទឹក ថាមពល ទីក្រុង និង​សេដ្ឋកិច្ច​រាង​ជារង្វង់)។ P4G គឺជា​វេទិកា​មួយ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​ជជែក​ពី​វិបត្តិ​នៃ​បម្រែបម្រួល​អាកាស​ធាតុ​លើ​ពិភព​លោក៕

អត្ថបទគួរចាប់អារម្មណ៍