
នាវាចត នៅមូលដ្ឋានទ័ពរាមកាលពីឆ្នាំ ២០១៩។ រូបថត សហការី
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានពន្យល់ជាថ្មីទៀតពីការផ្ដល់ជំនួយរបស់ចិន សម្រាប់សាងសង់មូលដ្ឋានទ័ពរាម ហើយបញ្ជាក់ច្បាស់ថា កម្ពុជាមានសិទ្ធិទទួលជំនួយនានា ដើម្បីអភិវឌ្ឍប្រទេស ប៉ុន្តែដាច់ខាតមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីរបស់ខ្លួនឡើយ។
វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី ៣០ ឧសភា បានសរសេរអត្ថបទមួយដាក់ចំណងជើងថា លោក ទៀ បាញ់ សារភាពថា កម្ពុជាពិតជាបានអនុញ្ញាតឱ្យចិន អភិវឌ្ឍកំពង់ផែជើងទឹករាម ក្រោយវាយកម្ទេចចោលអគារដែលជាជំនួយរបស់សហរដ្ឋអាមេរិក។
ឆ្លើយតបនឹងការចុះផ្សាយនេះ លោក ទៀ បាញ់ បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៣១ ឧសភាថា លោកមិនបានសារភាពអ្វីទេ គឺលោកនិយាយការពិត ហើយកម្ពុជាមានសិទ្ធិទទួលជំនួយគ្រប់បែបយ៉ាង ដែលចាំបាច់ដើម្បីការអភិវឌ្ឍប្រទេស។ ការសាងសង់មូលដ្ឋានទ័ពរាមគឺជាកិច្ចប្រឹងប្រែងដែលកម្ពុជាបានព្យាយាមស្វះស្វែងរកជំនួយ ដើម្បីសាងសង់ជាយូរមកហើយ។
លោកមានប្រសាសន៍ដូច្នេះថា៖ «គេយកពាក្យនេះ ទៅជារឿងសារភាពទៅវិញ ព្រោះគេចង់បានអារឿងនេះយូរហើយ គឺធ្វើម៉េចអ្វីដែលចិនបានជួយហ្នឹង គឺជាការមិនពេញចិត្តរបស់គេទេ បានជាគេរៀបចំអ៊ីចឹង។ ដូចអ្នកបានយល់ហើយ ចិនបានជួយគ្រប់ផ្នែកទាំងអស់នៅកម្ពុជា និយាយរួមគឺសម្បើមណាស់នាំឱ្យជីវភាពរស់នៅរបស់ប្រជាជន ស្រុកទេសយើងបានរីកចម្រើនខ្លាំងក្លាជាបន្តបន្ទាប់ និងឆ្លើយតបនឹងបញ្ហាផ្សេងៗ»។
លោកបន្តថា ការរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានទឹករាមនេះ គឺដើម្បីលើកកម្រិតវិស័យការពារជាតិខាងផ្នែកសមុទ្រ ដើម្បីឱ្យកម្ពុជាមានមូលដ្ឋានសមរម្យ ដែលមានរោងជាងសម្រាប់ជួសជុលបណ្ដានាវា មានផែសម្រាប់ចតនាវាឱ្យបានសមរម្យ។ សព្វថ្ងៃកំពង់ផែរាមមិនមានរោងជាងទេ ហើយកំពង់ផែក៏តូចព្រមទាំងមានជម្រៅទឹករាក់ ដែលធ្វើឱ្យការចូលចតនាវាធំៗមានការពិបាកណាស់។
លោកថ្លែងថា៖ «ដូច្នេះ គេឆ្លើយតបមកជួយនេះ គឺកម្ពុជាដឹងគុណណាស់ អរគុណគេដែលគេមកជួយ ហើយជំនួយនោះមានការជជែកវែកញែកគ្នាច្បាស់លាស់ណាស់ គេជួយដោយអត់មានចំណងទេ។ គាត់ជួយកសាងផែ រោងជាង ឬអ្វីៗក្នុងការអភិវឌ្ឍមូលដ្ឋានយោធារាមនេះ គឺមិនមែនយកប្រាក់ ១ រៀល ២ រៀលទៅធ្វើបានទេ។ វាត្រូវវិនិយោគ ត្រូវចំណាយច្រើនគួរសមដែរ តែខ្ញុំមិនអាចនិយាយប៉ុន្មានពិតប្រាកដទេ»។
ការកសាងមូលដ្ឋានទ័ពនេះ ធ្វើឡើងបន្ទាប់ពីមានការដេញថ្លៃ ដោយមានក្រុមហ៊ុន វិស្វករ កម្មករ និងគ្រឿងចក្រពីចិន រួមជាមួយនឹងកម្លាំងរបស់កម្ពុជា។ បច្ចុប្បន្ននេះ ការសាងសង់បានចាប់ផ្ដើមហើយស្របតាមតម្រូវការរបស់កម្ពុជា។ នេះបើតាម លោក ទៀ បាញ់។
លោកបញ្ជាក់ថា៖ «កម្ពុជាទេជាអ្នកប្រើប្រាស់ [កំពង់ផែ] កម្ពុជាទេជាអ្នកអភិវឌ្ឍជាតិមាតុភូមិរបស់ខ្លួន។ តើរឿងនេះកម្ពុជាមានសិទ្ធិទេ? តើកម្ពុជាមានសិទ្ធិទៅស្វះស្វែងរកជំនួយ ស្វែងរកការអភិវឌ្ឍប្រទេសរបស់ខ្លួនទេ? ក្នុងរដ្ឋធម្មនុញ្ញមានចែងច្បាស់លាស់ណាស់ គឺព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិក្នុងការទទួលយកជំនួយបរទេសជាអាវុធ ការហ្វឹកហ្វឺន និងបញ្ហាផ្សេងៗទៀត ដើម្បីការពារជាតិមាតុភូមិរបស់ខ្លួន ការពារសណ្ដាប់ធ្នាប់របស់ប្រទេស។ បើរដ្ឋធម្មនុញ្ញចែងរបៀបនេះ ហើយឱ្យខ្ញុំនៅស្ងៀមមិនធ្វើស្អីសោះ?»។
លោកយល់ថា ការបន្តលើកឡើងរឿងមូលដ្ឋានទ័ពរាមនេះ គឺពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយឯនោះទេ ហើយវាជារឿងចាស់ដដែលៗ។ ការចោទប្រកាន់មកលើកម្ពុជាថា ពាក់ព័ន្ធនឹងចិន មិនត្រឹមតែរឿងកសាងមូលដ្ឋានទ័ពរាមនេះទេ ប៉ុន្តែមានរឿងវែងឆ្ងាយជាងនេះទៀត ដូចជាការចោទថា កម្ពុជាប្រគល់កំពង់ផែរាមឱ្យចិនផ្ដាច់មុខជាដើម។
លោកថា៖ «គេនិយាយទាំងងងើលអ៊ីចឹងហ្មង ហាក់ដូចជាកម្ពុជានេះគ្មានច្បាប់ ដូចកម្ពុជាគ្មានសិទ្ធិធ្វើអ្វីទាំងអស់។ រដ្ឋធម្មនុញ្ញនិយាយច្បាស់ថា មិនឱ្យបរទេសមានមូលដ្ឋាននៅក្នុងប្រទេសរបស់ខ្លួនទេ ហើយខ្លួនក៏មិនមានមូលដ្ឋាននៅឯបរទេសដែរ។ និយាយច្បាស់ណាស់។ យើងនិយាយរាប់មិនអស់ហើយ តែគេមិនចាប់អារម្មណ៍រឿងនេះទេ។ អ្វីដែលមិនបានតាមបំណងរបស់គេ គឺគេចេះតែចោទ ចេះតែលើកឡើង។ ពេលណាក៏ដូចជាពេលណា គេថា បើអនុញ្ញាតឱ្យចិនធ្វើរបៀបនេះ គឺច្បាស់ណាស់ ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនឹងទៅជារកាំរកូស»។
ការបញ្ជាក់ពីការទទួលជំនួយរបស់ចិន សម្រាប់ការសាងសង់មូលដ្ឋានទ័ពនេះ មិនមែនជារឿងថ្មីនោះទេ។ កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ច្បាស់ម្ដងហើយថា គេមិនគួរមើលឃើញការសាងសង់កំពង់ផែនេះថា ជាសំណង់របស់ចិន ដោយសារតែចិនជាអ្នកផ្ដល់ជំនួយនោះទេ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាត្រូវការជំនួយហិរញ្ញវត្ថុពីចិន ដើម្បីសាងសង់កំពង់ផែនេះ ហើយកម្ពុជាក៏ស្វាគមន៍ជំនួយឧបត្ថម្ភពីគ្រប់ភាគីដែលចាប់អារម្មណ៍ចង់ជួយក្នុងការសាងសង់កំពង់ផែនេះ។
លោកមានប្រសាសន៍ដូច្នេះថា៖ «ការចូលចតនៅមូលដ្ឋានទ័ពរាមខ្ញុំសូមប្រកាសថា យើងស្វាគមន៍នាវាមកពីគ្រប់ប្រទេសទាំងអស់រួមទាំងសហរដ្ឋអាមេរិក បារាំង កាណាដា ឥណ្ឌា អង់គ្លេស ជប៉ុន អូស្ត្រាលី មិនមែនតែប្រទេសចិនទេ។ គេអាចស្នើសុំចូលចត ឬធ្វើសមយុទ្ធរួមគ្នាជាមួយកម្ពុជា»។
លោក ឈាង វណ្ណរិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) យល់ឃើញថា ការផ្ដល់តម្លាភាព និងភាពស៊ីចង្វាក់គ្នាពាក់ព័ន្ធនឹងរឿងនេះមានភាពចាំបាច់ណាស់ ក្នុងការកសាងទំនុកចិត្តគ្នា។ គោលនយោបាយការបរទេសរបស់កម្ពុជាបាននិងកំពុងវិវឌ្ឍលើការធ្វើពិពិធកម្ម និងការចូលរួមពីទិសដៅជាច្រើន៕
វីដេអូ៖