កណ្តាលៈ អាជ្ញាធរ​ខេត្តកណ្តាល​ចុះទៅ​សម្របសម្រួល និង​ពន្យល់​ពលរដ្ឋ​ឱ្យ​យល់​ក្នុង​រឿង​ដីធ្លី ចៀសវាង​មាន​ការតវ៉ា​ខុសច្បាប់​ទៀត ក្រោយពី​ពួកគេ​បាននាំគ្នា​តវ៉ា​បិទផ្លូវ​កាលពី​ថ្ងៃទី​ ៣០ ឧសភា ប្រឆាំង​នឹង​ការព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​ពលរដ្ឋ ដោយ​ចោទថា ពួកគេ​ទន្ទ្រាន​យក​ដី​ដែលមាន​បណ្ណ​កម្មសិទ្ធិ​។ ទោះយ៉ាងណា អាជ្ញាធរ​នៅតែ​ប្រកាស​ចាត់ការ​តាមផ្លូវ​ច្បាប់ បើ​ពលរដ្ឋ​នៅតែ​បំពាន​កាន់កាប់​ដី​មានកម្ម​សិទ្ធិ​។

ករណី​ជម្លោះដីធ្លី​នេះ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ទាមទារ​ឱ្យមាន​ការដោះស្រាយ និង​ស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់​អំពី​ប្រវត្តិ​ដី​ចាប់ពី​ដើមទី មុន​ឈាន​ដល់​ការបង្កើត​ជា​ប្លង់រឹង ដែល​កាន់កាប់​ដោយ​បុគ្គល​មាន​លុយ មាន​អំណាច​មួយចំនួន​។

លោក​ គ្រុយ ម៉ាឡែន អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កណ្តាល​ថ្លែង​ពី​ម្សិលមិញ​ថា នៅ​ព្រឹក​ថ្ងៃទី​ ៣១ ខែឧសភា ក្រុម​ការងារ​រដ្ឋបាលខេត្ត​បាន​ចុះទៅ​សម្របសម្រួល​ពន្យល់​ពលរដ្ឋ​ឱ្យបាន​យល់ កុំឱ្យ​មាន​ការតវ៉ា​ដែល​ខុស​នឹង​ច្បាប់ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​នាំគ្នា​បិទផ្លូវ​តវ៉ា​កាលពី​យប់​ថ្ងៃទី​ ៣០ ​ឧសភា​។

លោក​ ម៉ាឡែន ប្រាប់​ឱ្យ​ពលរដ្ឋ​ត្រូវ​ដាក់ពាក្យ​បណ្តឹង​ឱ្យបាន​ត្រឹមត្រូវ ប្រសិនបើ​មានការ​តវ៉ា​មិន​ពេញចិត្ត​យ៉ាងណា​នោះ​។

លោក​ថ្លែងថា​៖ «​ការងារ​ហ្នឹង​មែនទែន​ទៅ​ដូច​អ្វី ដែល​រដ្ឋបាលខេត្ត​ប្រកាស​ហើយ យើង​មិនអាច​មាន​អី​ក្រៅពី​ហ្នឹង​ទៀត​ទេ​។ សំខាន់​គឺ​ការអនុវត្ត​ទៅលើ​ទីតាំង​ដី​ហ្នឹង គឺ​យើង​ពិនិត្យ​ទៅ​លើ​លិខិត​ឯកសារ​ទាំងឡាយ ដែល​ជា​ឯកសារ​កម្មសិទ្ធិ មាន​បណ្ណ មានអី​ត្រឹមត្រូវ​។ អ៊ីចឹង​កាលណា​មាន​ការទៅ​រំលោភបំពាន កាន់កាប់​ទីតាំង​ដី ដែល​មាន​ប្លង់​កម្មសិទ្ធិ​ហើយ វា​ខុសច្បាប់ ធ្វើ​ឱ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​។ អ៊ីចឹង​អាជ្ញាធរ​ត្រូវតែ​មាន​វិធានការ​»​។

លោក​ ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​ចងក្រង​សហគមន៍​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​ (ADHOC) ​ទាមទារ​ឱ្យមាន​ការដោះស្រាយ​បញ្ហាដីធ្លី ដោយ​ស្រាវជ្រាវ​ឱ្យបាន​ច្បាស់​អំពី​ប្រវត្តិ​ដី ចាប់ពី​ដំបូង​ទី មុន​ឈានដល់​ការបង្កើត​ជា​ប្លង់រឹង​ដែល​កាន់កាប់​ដោយ​បុគ្គល​មាន​លុយ មាន​អំណាច​មួយចំនួន​។

លោក​បញ្ជាក់ថា ប្លង់​កម្មសិទ្ធិ​ទាំងឡាយ​មិនមែន​សុទ្ធតែ​ត្រឹមត្រូវ​តាមច្បាប់​នោះទេ មាន​ប្លង់​ខ្លះ​កើតឡើង​ពី​អំពើពុករលួយ​នៅក្នុង​ប្រព័ន្ធ​ច្បាប់​។ នៅពេល​ថ្មីៗ​នេះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាសថា ប្លង់រឹង​កម្មសិទ្ធិ ដែល​ជា​ប្លង់​ទុច្ចរិត​ត្រូវ​មោឃភាព​ចោល​។

លោក​ថ្លែងថា​៖ «​យើង​ទាមទារ​ឱ្យមាន​ការស្រាវជ្រាវ​ដី​គ្រប់កន្លែង មិន​ថា តែ​នៅ​ខេត្តកណ្តាល​ទេ ខេត្ត​ផ្សេងៗ​ទៀត​ក៏មាន​ករណី​ចេញ​ប្លង់​ទុច្ចរិត​ហ្នឹង​ដែរ​។ ប្លង់​ទាំងឡាយ​ណា ដែល​កើតចេញ​ពី​ការលក់-ទិញ​ដី​របស់​រដ្ឋ ប្លង់​ហ្នឹង​មិនមែនជា​ប្លង់​ត្រឹមត្រូវ​ទេ វា​ជា​ប្លង់​ទុច្ចរិត​។ អ៊ីចឹង​ត្រូវ​សិក្សា​ពី​ប្រភព​ដី​ហ្នឹង អាហ្នឹង​ហើយ​ដែល​បង្ក​ឱ្យ​មាន​អំពើហិង្សា​ជម្លោះ ហើយ​នៅពេល​ប្រជាពលរដ្ឋ​គាត់​យល់​ពី​ច្បាប់ ខ្ញុំ​គិតថា គាត់​នឹងមាន​ការតវ៉ា​»​។

អាជ្ញាធរ​ខេត្តកណ្តាល​កាលពី​ថ្ងៃទី​ ២៨ ឧសភា ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​ពលរដ្ឋ​ដែល​បាន​ចូលទៅ​ទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុសច្បាប់​លើដី​មាន​បណ្ណ​កម្មសិទ្ធិ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​កៀនស្វាយ និង​ស្រុក​ស្អាង ដោយ​ប្រាប់​ឱ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ និង​សំណង់​នានា​ជា​កំហិត​។

ពលរដ្ឋ​ត្រូវ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់​នៅលើ​ទីតាំង​ដី​ដែលមាន​បណ្ណ​កម្មសិទិ្ធ​នៅ​ឃុំ​បន្ទាយដែក ឃុំ​សំរោង​ធំ ឃុំ​គគីរ ស្រុក​កៀនស្វាយ និង​ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្តាល​។ ត្រូវ​ដក​បង្គោល​ព្រំដី និង​រុះរើ​ផ្ទះ និង​សំណង់​នានា​ឱ្យបាន មុន​ថ្ងៃទី​ ២២ ខែមិថុនា ជា​កំហិត​។

បើ​មិន​ដូច្នោះ​ទេ អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ចាត់ការ​តាមផ្លូវ​ច្បាប់​។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកណ្តាល​ចុះ​ថ្ងៃទី​ ២៨ ខែឧសភា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នា​ថ្ងៃទី​ ៣០ ឧសភា​។

ការព្រមាន​នេះ​ធ្វើឡើង​ បន្ទាប់ពី​រដ្ឋបាល​ខេត្តកណ្តាល​បាន​ទទួល​បណ្តឹង​ជាច្រើន និង​របាយការណ៍​របស់​រដ្ឋបាល​ស្រុក​កៀនស្វាយ ដែល​លើកឡើង​អំពី​ការចូល​ទន្ទ្រាន​ដី​បែប​អនាធិបតេយ្យ ដោយ​បោះបង្គោល​ព្រំដី​ និង​សាងសង់​ផ្ទះ​លើ​ទីតាំង​ដី​មាន​បណ្ណ​កម្មសិទ្ធិ តាមរយៈ​លិខិត​លេខ​ ២៣ សជន.ឧស ​ចុះ​ថ្ងៃទី​ ៦ មករា ឆ្នាំ​ ២០១៧ របស់​គណៈរដ្ឋមន្ត្រី​។

លិខិត​រដ្ឋបាលខេត្ត​សរសេរ​ថា​៖ «​ទង្វើ​នេះ​ជា​ការរំលោភបំពាន​ទៅលើ​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​អ្នកដទៃ និង​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​យ៉ាងធ្ងន់ធ្ងរ ដែល​ត្រូវ​ចាត់វិធានការ​ដោះស្រាយ​ជា​ចាំបាច់​»​។

អភិបាលស្រុក​កៀនស្វាយ​លោក​ អ៊ូ ឈាង ប្រាប់​នៅ​ថ្ងៃទី​ ៣០ ឧសភា​ថា ពលរដ្ឋ​មួយចំនួន​បាន​ទៅ​បោះបង្គោល​លើដី​ដែល​មាន​ម្ចាស់​កម្មសិទ្ធិ​។ ព្រោះ​មាន​ជនខិលខូច​ជា​មេខ្យល់​នៅ​ពីក្រោយ​ខ្នង ញុះញង់​ពលរដ្ឋ​ឱ្យ​ពួកគាត់​ចូលទៅ​ទន្ទ្រាន ប៉ុន្តែ​អាជ្ញាធរ​ស្រុក​នៅ​មិនទាន់​អាច​អះអាងថា​ជា​នរណា​បានទេ ដោយសារ​កំពុង​ស្ថិត​ក្នុង​ការស្រាវជ្រាវ​។

លោក​ថ្លែងថា​៖ «​វា​មាន​អ្នក​នៅ​ពីក្រោយ ខ្នង​មេខ្យល់ ប៉ុន្តែ​យើង​កំពុងតែ​ស្រាវជ្រាវ​រក​មេខ្យល់​ហ្នឹង​ថា អ្នកណា​ជា​អ្នក​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​រំលោភ​ទន្ទ្រាន​ចាប់​យក​ដី​កម្មសិទ្ធិ​របស់គេ​។ យើង​ស្នើឱ្យ​ខេត្ត​ចេញ សជណ មួយ​សិន​ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ពួកគាត់​បាន​យល់ថា អ្វីដែល​ពួកគាត់​កំពុង​ធ្វើ​គឺ​ខុសច្បាប់​»​។

លោក​ ​អ៊ូ ឈាង បន្តថា ការចូល​ទៅ​បោះបង្គោល​ទន្ទ្រាន​យក​ដី​ដែល​មាន​កម្មសិទ្ធិ​នេះ អាជ្ញាធរ​ស្រុក​មិនអាច​គ្រប់គ្រង​ និង​កំណត់​ចំនួន​មនុស្ស​បានទេ ដោយសារ​តែ​មាន​ការចេញចូល​មិន​ច្បាស់លាស់​។

លោក​បញ្ជាក់ថា រូបភាព​ដែល​ពលរដ្ឋ​មួយចំនួន​កំពុង​ធ្វើ​នេះ គឺ​ក្រោម​រូបមន្ត ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​។ លោក​ថ្លែងថា​៖​ «​គាត់​មិនមែន​មិនដឹង​ច្បាប់​ទេ គាត់​ដឹង ប៉ុន្តែ​គាត់​ធ្វើ​អ៊ីចឹងទៅ ដោយ​យល់ថា​ក្រែងលោ​មាន​រដ្ឋាភិបាល ឬមួយ​ក៏មាន​អី​សម្របសម្រួល​គោលនយោបាយ​ឱ្យ​ពួកគាត់ អ៊ីចឹង​ទៅណា​»​។

លោក ញឹម វ៉ាន់ឌិន អភិបាលស្រុក​ស្អាង​ឲ្យ​ដឹងថា សម្រាប់​ឃុំ​ប្រាសាទ ស្រុក​ស្អាង មិន​មាន​បញ្ហា​ចោទ​អ្វី​ច្រើន​ទេ​ចំពោះ​ពលរដ្ឋ​ចូល​ទៅ​ទន្ទ្រាន​បោះបង្គោល​លើដី​ដែល​មាន​កម្មសិទ្ធិ​ហើយ​នោះ​។

លោក​ថ្លែងថា​៖ «​បញ្ហា​ពលរដ្ឋ​ទន្ទ្រាន​លើដី​ដែលមាន​ម្ចាស់​កម្មសិទ្ធិ​ហើយ​នោះ ច្រើន​មាននៅ​ខាង​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ​។ ចំណែកឯ ​នៅ​ឃុំ​ប្រាសាទ​នេះ មាន​ខ្លះ​ដែរ ប៉ុន្តែ​ខ្ញុំ​ឃាត់​អស់​យូរហើយ តាំងពី​ឆ្នាំទៅ ហើយ​មកដល់​ឆ្នាំនេះ​មាន​ការស្ងប់ស្ងាត់​ទៅវិញ​ហើយ​។ វា​មាន​ខ្លះ​ដែរ​តែ​មិន​ច្រើន​ទេ​»​។

ភ្នំពេញ​ ប៉ុស្តិ៍​ មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​ពលរដ្ឋ​ដែល​ចូលទៅ​ទន្ទ្រាន​កាន់កាប់​ដី​មានកម្ម​សិទ្ធិ​នោះទេ​ពី​ម្សិលមិញ​៕