ភ្នំពេញៈ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ ដែល​ជាអតិថិជន​ដាក់ប្រាក់​វិនិយោគ​ជាមួយ ​ក្រុមហ៊ុន​ GFX Investment Co.Ltd ​មាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវ ៥១៦​ សង្កាត់​បឹង​កក់ទី១ ​ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ ​នៅថ្ងៃនេះ​ បានផ្ទុះ​ការតវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​មួយនេះ​ ចេញមុខ​មក​ដោះស្រាយ​ ដោយ​បានចោទ​ប្រកាន់​ថា ​បោក​ប្រាស់​អតិថិជន​របស់​ខ្លួន។

តំណាង​អតិថិជន​ម្នាក់​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅខាង​មុខ​ក្រុមហ៊ុន​ GFX​ នៅ​ថ្ងៃទី ៣១ ​ឧសភា​ ថា​ ពលរដ្ឋ​ដែល​បានដាក់​វិនិយោគ​ជាមួយ​នឹង​ក្រុម​ GFX ​នេះ​មាន​ចំនួន​ជាង​ ៦ ពាន់​នាក់​ ហើយ​ត្រូវបាន​បាត់បង់​ប្រាក់​ទាំង​ស្រុង​ក្នុង​រយៈពេល​ត្រឹមតែ ​១ ថ្ងៃ។ ករណី​នេះ​កើតឡើង​ចាប់​តាំងពី​ចុង​ខែមីនា ​រហូត​មកដល់​បច្ចុប្បន្ន​ ប៉ុន្តែ​ក្រុមហ៊ុន​មិន​មាន​ការដោះស្រាយ​ជូន​អតិថិជន​របស់​ខ្លួន​ឡើយ។

តំណាង​អតិថិជន​រូបនេះ​បន្ថែមថា ​ដោយសារ​បញ្ហា​ផ្ទុះ​នូវ​ជំងឺ​កូវីដ ១៩​ និង​មាន​ការបិទ​ក្រុង ​បានធ្វើ​ឱ្យ​រូប​លោក​ ក៏ដូចជា​អតិថិជន​ផ្សេង​ទៀត ​មិន​អាច​មក​តវ៉ា​បាន​ ទើប​នៅថ្ងៃនេះ​បានមក​ប្រមូល​ផ្តុំ​តវ៉ា​នៅខាង​មុខ​ការិយាល័យ​ក្រុមហ៊ុន​ ដើម្បី​ឱ្យ​ក្រុមហ៊ុន​ចូល​ខ្លួន​ដោះ​ស្រាយ​តាម​សន្តិវិធី។

អតិថិជន​ដែល​មកដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុម​ហ៊ុន​នេះ ​គឺ​ទៅ​តាម​លទ្ធភាព​ដើម្បី​ឱ្យ​ក្រុម​ហ៊ុន​យក​ប្រាក់​របស់​ខ្លួន​ទៅ​វិនិយោគ​បន្តនៅ​ប្រទេស​អាមេរិក ​ជប៉ុន​ កាណាដា ​និង​ប្រទេស​ផ្សេង​ទៀត។ បន្ទាប់ពី​ចំណេញ ​ក្រុមហ៊ុន​នឹង​ធ្វើការ​បែងចែក​ទៅ​តាម​ភាគរយ​ ដែល​អតិថិជន​បានដាក់​ទៅ​តាម​ប្រភេទ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន។

បើ​តាម​ការរៀបរាប់​របស់​អតិថិនជន​ម្នាក់​នេះ ​ ក្រុមហ៊ុន​បានធ្វើ​កិច្ចសន្យា​ជាមួយ​អតិថិជន​គ្រប់រូប​ទាំងអស់ ​ដោយមាន​ទាំង​រយៈពេល​នៃ​ការវិនិ​យោគ ​និង​ចំនួន​ទឹក​ប្រាក់។ ប៉ុន្តែ​ដល់​ពេល​មាន​បញ្ហា​កើតឡើង​ ក្រុមហ៊ុន​គ្មាន​ការដោះស្រាយ​ជាមួយ​អតិថិជន​ទេ ​ហើយ​ឱ្យ​អតិថិជន​របស់​ខ្លួន​ទៅ​ប្តឹង​ជន​ទី៣ ​នៅ​ក្រៅ​ប្រទេស។

តំណាង​អតិថិជន​ម្នាក់​ទៀត​បា្រប់ថា​ពលរដ្ឋ​ដែល​មក​តវ៉ា​នេះ ​ជាអតិថិជន​របស់​ក្រុមហ៊ុន​ GFX ​ដើម្បីឱ្យ​ភាគី​ខាង​ក្រុមហ៊ុន​ចូលខ្លួន​ដោះ​ស្រាយ។ ប៉ុន្តែ​បែរជា​ក្រុមហ៊ុន​ប្រាប់​ឱ្យ​ប្តឹង​ទៅ​ជនទី៣ ​ដែលជា​ថ្នាក់ដឹក​នាំ​របស់​ក្រុមហ៊ុន ​ខណៈដែល​អតិថិជន​ទាំងនោះ ​មិនដែល​ស្គាល់​ជន​ទី៣ ជា​នរណា​នោះ​ទេ។

អតិថិជន​រូបនោះ​ថ្លែងថា​៖ «ខាងក្រុម​ហ៊ុន​ គ្មាន​ដំណោះស្រាយ​អ្វី​ក្រៅពី​ឱ្យ​អតិថិជន​ចូលរួម​ប្តឹង​ជាមួយ​នោះ​ទេ។ ដូច្នេះ ​ពួកខ្ញុំ​បានរង់​ចំា​ក្នុង​រយៈ​ពេល​ ២ ខែ​មក​ហើយ ​គ្មាន​ដំណោះស្រាយ​អ្វី​ទាំងអស់ ​ហើយ​បាន​បាត់​លុយ​ទាំង​វិនិយោគ​ និង​ប្រាក់​ចំណេញ»។

បើ​តាម​អតិថិជន​រូបនេះ ​ក្រុមហ៊ុន ​GFX ​បាន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ ២០១៥ ​មិនដែល​មាន​បញ្ហា​នោះ​ទេ ​ហើយ​មាន​អតិ​ថិជន​សរុប​ចំនួន​ ៦ ពាន់​នាក់​និង​ទឹកប្រាក់​វិនិយោគ​ចំនួន ​២៧ លាន​ដុល្លារ​អាមេរិក។

ទោះជា​យ៉ាងណា ​និយ័តករ​មូលបត្រ​កម្ពុជា​(ន.ម.ក.)​ កាលពី​ថ្ងៃទី ៣០ ​ខែមិនា បានស្នើ​ឱ្យ​អតិថិជន​របស់​ក្រុមហ៊ុន​ GFX ​នេះ​ទាំងអស់​ដាក់​ពាក្យ​ប្តឹង​តវ៉ា ​នៅ​និយ័តករ​មូលបត្រ​កម្ពុជា ​ដែលមាន​ទីស្នាក់ការ​នៅ ​អគារ ​១៦៨F ​ផ្លូវ​ ៥៩៨ ​សង្កាត់​ច្រាំងចំរេះ​១ ​ខណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ។

បើ​តាម​និយ័តករ​មូលបត្រ​កម្ពុជា ​ក្រុមហ៊ុន ​GFX Investment Co.Ltd ​បានដាក់​លិខិត​ស្នើសុំ​ព្យួរ​ប្រតិបត្តិការ​ជួញដូរ​បណ្តោះ​អាសន្ន​កាលពី​ ថ្ងៃទី ២៩ ​ខែ មីនា ​ឆ្នាំ ២០២១ ​ប៉ុន្តែ​មិនប្រាប់​ពី​មូលហេតុ​ឱ្យ​បាន​ច្បាស់​លាស់​នៃ​ការដាក់​លិខិត​ព្យួរ​នេះ​នោះ​ទេ។

លោក​ ឯក ឃុនដឿន ​អភិបាល​ខណ្ឌ​ទូលគោក​ថ្លែង​នៅ​ថ្ងៃនេះ​ថា ​លោកបាន​ឱ្យ​មន្ត្រី​នគរបាល​ខណ្ឌ​ចុះ​ទៅ​ជួយ​ការពារ​ និង​សម្រប​សម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ការតវ៉ា​នេះ​ហើយ។ ក្រៅពី​នេះ​ពួកគាត់​អាច​ដាក់​ពាក្យ​បណ្តឹង​ទៅតាម​នីតិវិធី​ ដើម្បី​រកដំណោះ​ស្រាយតាម​ផ្លូវ​ច្បាប់៕