ភ្នំពេញៈ ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​កំពុង​រៀបចំ​លិខិត​ដាក់ជូន​ទៅ​ក្រសួង​សុខាភិបាល​ ដើម្បី​ស្នើឱ្យ​រដ្ឋបាល​រាជធានី-ខេត្ដ​យក​ចិត្ដ​ទុកដាក់​សម្របសម្រួល​ជួយ​អន្តរាគមន៍​ទៅលើ​ពន្ធនាគារ ដែល​ស្ថិត​នៅក្នុង​ដែនដី​របស់ខ្លួន​ បន្ទាប់ពី​ស្ថានភាព​មិនសូវ​អំណោយផល ទាក់ទង​ទៅនឹង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ពន្ធនាគារ​។

លោក​ នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍ កាលពី​ម្សិលមិញ​ថា​៖ «​ស្ថានភាព​វា​ដូចជា​មិនសូវ​អំណោយផល​ប៉ុន្មាន​ទេ ទាក់ទង​ទៅនឹង​ការឆ្លង [​នៅក្នុង​ពន្ធនាគារ​]​។ យើង​កំពុងតែ​រៀបចំ​លិខិត​មួយ ក្នុង​នាម​ក្រសួងមហាផ្ទៃ ដើម្បី​ដាក់ជូនទៅ​ក្រសួង​សុខាភិបាល​យោង​ទៅ​លើ​មាត្រា​ ១២ នៃ​ច្បាប់​ស្ដីពី​ពន្ធនាគារ ដោយ​ឯកឧត្ដម​អគ្គនាយក​លោក​កំពុងតែ​រៀបចំ​លិខិត​នេះ​»​។

តាមរយៈ​លិខិត​នេះ​គឺ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ស្នើ​ជំរុញ​ឱ្យ​រដ្ឋបាល​រាជធានី-ខេត្ដ​ យក​ចិត្ដទុកដាក់​ក្នុង​ការសម្របសម្រួល ជួយ​អន្តរាគមន៍​ទៅ​ពន្ធនាគារ​រាជធានី-ខេត្ដ​ដែល​ស្ថិតនៅក្នុង​ដែនដី​របស់ខ្លួន​ ព្រោះ​កិច្ចការងារ​នេះ ទាមទារ​ឱ្យ​អាជ្ញាធរ​គ្រប់​រាជធានី-ខេត្ដ ដែល​ជា​អាជ្ញាធរ​នៅ​ផ្ទាល់​ដឹកនាំ​គណៈ​បញ្ជា​ឯកភាព ធ្វើការ​ងារ​នេះ​។

លោក សវានា បាន​លើកឡើង​ថា បើ​យោងតាម​ច្បាប់​ស្ដីពី​ពន្ធនាគារ កិច្ចការងារ​សេវា​សុខាភិបាល​នៅ​ក្នុង​ពន្ធនាគារ​គឺជា​កិច្ចការ​របស់​ក្រសួង​សុខាភិបាល ទោះបី​ជន​ជាប់ឃុំ ស្ថិត​នៅក្នុង​ការគ្រប់គ្រង​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក៏ដោយ​ប៉ុន្ដែ​សុខភាព​ជន​ជាប់ឃុំ​ គឺជា​បន្ទុក​របស់​សមត្ថកិច្ច​របស់​ក្រសួង​សុខាភិបាល​។

លោក​បញ្ជាក់ថា​៖ «​រដ្ឋបាលរាជធានី-ខេត្ដ​កំពុង​ជាប់រវល់​ខ្លាំង​ជាមួយ​ការទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ក្នុង​សហគមន៍​នៅក្នុង​មូលដ្ឋាន​ខេត្ត​របស់​ខ្លួន​។ ដូច្នេះ​យើង​ធ្វើ​ការងារ​ទៅតាម​ជំនាញ​។ ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​យើង កំពុងតែ​យកចិត្ដ​ទុកដាក់ ជាមួយ​រដ្ឋបាល​រាជធានី-ខេត្ដ​ដោយ​បង្កើត​ជា​ក្រុម​ការងារ បែងចែក​ទៅតាម​គោលដៅ​។ យើង​បាន​ធ្វើ​ការងារ​ផ្ទាល់​ដោយ​សហការ​ជាមួយ​ថ្នាក់​ដឹកនាំ​រាជធានី-ខេត្ដ​»​។

នៅ​ថ្ងៃទី​ ៣១ ខែឧសភា មានការ​ចេញផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​មួយចំនួន ដោយ​បញ្ជាក់ថា ទណ្ឌិត​ និង​មន្ត្រី​នៅក្នុង​ពន្ធនាគារ​ខេត្តកណ្ដាល ឆ្លង​ជំងឺ​កូវីដ​ ១៩ កើនឡើង​ដល់​ចំនួន​ ៣៦៩ ​នាក់ គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែឧសភា​។ ប៉ុន្ដែ​ព័ត៌មាន​នេះ​ត្រូវបាន​លោក គង់ សោភ័ណ្ឌ អភិបាលខេត្ដ​កណ្ដាល​ថ្លែងប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ នៅ​ថ្ងៃ​ដដែល​នេះ​ថា ការផ្សាយ​នោះ​ជា​ព័ត៌មាន​ចចាមអារ៉ាម​។

លោក​អភិបាលខេត្ដ​ថ្លែង​​ថា​៖ «​យើង​មិនអាច​ផ្ដល់ព័ត៌មាន​ចំពោះ​ករណី​ដែលមាន​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅក្នុង​ពន្ធនាគារ​បានទេ​។ ព័ត៌មាន​ដែល​ឮចេញ គឺ​សុទ្ធតែ​ព័ត៌មាន​ចចាមអារ៉ាម​ ព្រោះ​ខ្ញុំ​មិនបាន​ផ្ដល់​ព័ត៌មាន​ទាល់តែសោះ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។ យើង​មិន​ផ្ដល់ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​នេះ ដោយសារ​តែ​យើង​ស្ថិត​នៅក្នុង​ចំណុច​មួយ គឺ​យើង​យក​សុវត្ថិភាព​ជាធំ​»​។

បច្ចុប្បន្ន​រដ្ឋបាល​ខេត្ដ​កណ្តាល​កំពុង​អនុវត្ដ​វិធានការ​សំខាន់ៗ​មួយចំនួន ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅក្នុង​ពន្ធនាគារ​ដោយ​ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​ការយល់ច្រឡំ​ និង​មាន​បញ្ហា​សតិអារម្មណ៍​កើតឡើង​នៅក្នុង​ចំណុច​កើតហេតុ​។

លោក​ថា​៖ «​យើង​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​យើង​ត្រូវតែ​អនុវត្ដ​នូវ​វិធាន​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​ក្នុងពេល ២៤ ​ម៉ោង​ជាប់​ជាប្រចាំ​នៃ​បរិវេណ​ពន្ធនាគារ​។ យើង​ចាត់ទុក​បរិវេណ​ពន្ធនាគារ​ដែលមាន​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​គឺជា​តំបន់​ក្រហម​»​។

បើតាម​ គង់ សោភ័ណ្ឌ អាជ្ញាធរ​បាន​ជួសជុល និង​បង្កើត​នូវ​អគារ​ជា​បន្តបន្ទាប់ ដើម្បី​រៀបចំ​សម្រាប់​ទុកដាក់​ជន​ដែល​ត្រូវធ្វើ​ចត្ដាឡីស័ក និង​ដាក់​ឱ្យនៅ​រក្សា​គម្លាត​ពីគ្នា​។ ចំណែក​មន្ទីរ​សុខាភិបាល​កំពុងតែ​ដាក់​ក្រុមការងារ​ចុះ​ធ្វើការ​ព្យាបាល​ជា​បន្តបន្ទាប់​ទៅលើ​អ្នក​ដែល​ឆ្លង​ជំងឺ​កូវីដ​។

លោក​អភិបាលខេត្ដ​អះអាងថា ចំពោះ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅក្នុង​ពន្ធាគារ គឺអាច​គ្រប់គ្រង​បាន​។ លោក​ស្នើឱ្យ​ទុក​កិច្ចការងារ​នេះ​ឱ្យ​សមត្ថកិច្ច​ធ្វើ​ការងារ​។

លោក អំ សំអាត នាយករង​អង្គការ លីកាដូ ថ្លែង​ជាថ្មី​ទៀតថា តុលាការ​គួរ​ពិចារណា​លើ​ការដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ចំពោះ​ជន​ត្រូវ​ចោទណា​ដែល​ជាប់ចោទ​ពី​បទល្មើស​មជ្ឈិម​កម្រិត​ស្រាល​ជាពិសេស​ស្ត្រី​ដែលមាន​ផ្ទៃពោះ ស្ត្រី​ដែល​មាន​កូន​តាម​ម្តាយ អនីតិជន​។

លើស​ពីនេះ តុលាការ​គួរ​ពន្លឿន​នីតិវិធី​លើ​ការជំនុំជម្រះ ព្រោះ​ជន​ជាប់ឃុំ​ខ្លះ​អាច​ត្រូវបាន​កាត់ទោស​តម្រឹម ខ្លះ​អាច​ត្រូវបាន​កាត់ទោស​ព្យួរ ខ្លះ​អាច​កាត់ទោស​ធ្វើ​ការងារ សហគមន៍ និង​ខ្លះទៀត​អាច​កាត់ទោស​ពាក់កណ្តាល​នៃ​ទោស​។

លោក​បន្តថា​៖ «​រាជរដ្ឋាភិបាល និង​តុលាការ​គួរ​ពិនិត្យ​ដោះលែង​ទៅលើ​ទណ្ឌិត​ដែល​ជិត​រួច​ទោស អ្នកមាន​ជំងឺ​រុំារ៉ៃ​ជាដើម​។ មធ្យោបាយ​នេះ​អាច​កាត់បន្ថយ​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ហើយ​ក៏​ជា​ការកាត់បន្ថយ​ហានិភ័យ​ និង​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​ និង​វិធានការ​បង្ការ និង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ ១៩ ​ក្នុង​ពន្ធនាគារ​»៕