
ក្រុមពលរដ្ឋនៅខេត្តកំពង់ធំពេលតវ៉ាសុំដកក្រុមហ៊ុនពីការគ្រប់គ្រងប្រឡាយពីថ្ងៃទី ៣០ ឧសភា។ រូបថត សហការី
កំពង់ធំៈ ពលរដ្ឋចំនួនជាង ១០០ គ្រួសារ មកពីឃុំផាត់សណ្តាយបាននាំគ្នាតវ៉ាជាបន្តបន្ទាប់ ដើម្បីឱ្យអាជ្ញាធរខេត្តដកក្រុមហ៊ុន AGROSTAR CO., LTD របស់លោក សុខ មុនី ចេញពីការគ្រប់គ្រងប្រឡាយព្រះគន្លងស្ថិតក្នុងភូមិខ្សាច់ជីរស ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយបានចោទក្រុមហ៊ុននេះថា មិនបានបូមទឹកឱ្យពលរដ្ឋបានប្រើប្រាស់គ្រប់គ្រាន់ក្នុងការបង្កបង្កើនផលកសិកម្ម។
លោក ហេង មនោ មេឃុំផាត់សណ្តាយ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៣០ ឧសភាថា ក្នុងរយៈពេល ២ ឬ ៣ ឆ្នាំកន្លងមកនេះ ប្រជាកសិករក្នុងឃុំរបស់លោកបានជួបវិបត្តិខ្វះទឹកស្រោចស្រពកសិកម្មរបស់ពួកគេ។ ដូច្នេះទើបបានពួកគាត់នាំគ្នាតវ៉ាឱ្យរដ្ឋដកក្រុមហ៊ុននេះចេញវិញ។
ម្យ៉ាងទៀត ក្រុមហ៊ុននេះលែងមានសិទ្ធិវិនិយោគបន្តលើប្រឡាយនេះទៀតហើយ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១៩៧ ដាក់តំបន់នេះទៅជាតំបន់ការពារព្រៃលិចទឹក។
ប៉ុន្តែលោក ហេង មនោ បានថ្លែងថា លោកមិនបានដឹងពីមូលហេតុដែលក្រុមហ៊ុននេះនៅតែអាចគ្រប់គ្រងប្រឡាយនេះបាននោះទេ។
បើតាមលោក ហេង មនោ ដំណាំកសិកម្មរបស់ពលរដ្ឋរាប់រយហិកតាត្រូវបានខូចខាត ដោយសារខ្វះខាតទឹកស្រោចស្រពក្នុងរយៈពេល ២ ឬ ៣ ឆ្នាំកន្លងមកនេះ ប៉ុន្តែនៅតែគ្មានដំណោះស្រាយសមស្រប។
ការតវ៉ានេះទៀតសោត ខាងក្រុមហ៊ុនក៏បានកៀរគរពលរដ្ឋមកពីភូមិផ្សេងៗ ឱ្យមកគាំទ្រក្រុមហ៊ុនផងដែរ ដែលនេះធ្វើឱ្យមានការលំបាក ហើយករណីនេះជាសមត្ថកិច្ចរបស់ខេត្តជាអ្នកដោះស្រាយ។
លោក មេឃុំ បានបញ្ជាក់ថា៖ «ពលរដ្ឋនៅនេះ តវ៉ាជាង ១ ឆ្នាំហើយឱ្យរដ្ឋដកហូតយកប្រឡាយយកមកគ្រប់គ្រងវិញ បើក្រុមហ៊ុនគ្រប់គ្រងមិនបានទេ ព្រោះនៅក្នុងតំបន់នេះជាសម្បត្តិរបស់រដ្ឋទាំងអស់ ហើយក្រុមហ៊ុនក៏មិនមានសិទ្ធិគ្រប់គ្រងដែរ»។
លោក អ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយបានឱ្យដឹងដែរថា រដ្ឋបាលខេត្តចាប់តាំងពីឆ្នាំ ២០០៥ មកបានវិនិយោគប្រឡាយនេះជាមួយនឹងក្រុមហ៊ុនឯកជន ប៉ុន្តែនៅឆ្នាំ ២០១០ រដ្ឋាភិបាលបានចេញនិរាករណ៍លុបចោល ដោយបានដាក់តំបន់នេះ ទៅជាតំបន់ការពារ និងព្រៃលិចទឹក និងហាមឃាត់ដាច់ខាតមិនឱ្យមានការអាស្រ័យផល និងទន្ទ្រានដីថ្មីនោះទេ។
លោកបានបន្តថា ក្រោយមក ពលរដ្ឋមានការតវ៉ាស្នើសុំដីនោះមកអាស្រ័យផលទើបរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹង លេខ ១០៤៤ និង ១០០៣ កាត់ឆ្វៀលដីនោះចេញពីអនុក្រឹត្យ ១៩៧ ឱ្យពលរដ្ឋអាស្រ័យផលចំនួន ៤ ៤៦០ ហិកតា។ ប៉ុន្តែអ្នកវិនិយោគមិនសុខចិត្ត ក៏បានតវ៉ា ហើយយកមកគ្រប់គ្រងវិញ ដោយមិនបានពិនិត្យមើលអនុក្រឹត្យ លេខ ១៩៧ ដែលត្រូវបានកាត់មកជាតំបន់លិចទឹករួចហើយនោះទេ។
បើតាមលោក អ៊ុន បុត្រ រហូតមកទល់ពេលនេះក្រុមហ៊ុននៅតែអះអាងថា គេមានសិទ្ធិដដែល ជាហេតុធ្វើឱ្យមានការតវ៉ារវាងពលរដ្ឋ និងពលរដ្ឋ ដោយខាងក្រុមហ៊ុន បានចលនាពលរដ្ឋ និងកៀរគរពលរដ្ឋឱ្យមកតវ៉ាគាំទ្រខ្លួន។
លោកបានបញ្ជាក់ថា៖ «ដីនៅក្នុងតំបន់នេះ មាន ២ ឃុំ គឺឃុំផាត់សណ្ដាយ និងឃុំកំពង់គោ ៤ ៤៦០ ហិកតា ដែលត្រូវបានកាត់ឱ្យតាមសជណ ១០០៤ និង ១០០៣ របស់រាជរដ្ឋាភិបាលឱ្យប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផល»។
ទោះជាយ៉ាងណាលោក អ៊ុន បុត្រ បានឱ្យដឹងទៀតថា កន្លងមកពលរដ្ឋមានជម្លោះជាមួយក្រុមហ៊ុនពាក់ព័ន្ធរឿងប្រឡាយនេះ ហើយសាលាដំបូងខេត្តកំពង់ធំបានចេញដីកាការពារឱ្យទៅក្រុមហ៊ុន ប៉ុន្តែក្រោយមកនៅពេលពលរដ្ឋតវ៉ាខ្លាំង សាលាដំបូងខេត្តក៏ចេញដីកាការពារឱ្យមកពលរដ្ឋវិញ។ តែក្រុមហ៊ុនមិនសុខចិត្ត ក៏បានប្តឹងទៅសាលាឧទ្ធរណ៍ ហើយត្រូវសាលាឧទ្ធរណ៍លុបដីកាការពាររបស់សាលាដំបូងខេត្តចេញវិញ កាលពីថ្ងៃ ២៩ ខែឧសភា ដោយមានក្រុមមេធាវី ១ ក្រុមបានចុះទៅអនុវត្តដីកានេះទៀតផង។
លោក សុខ លូ អភិបាលខេត្តកំពង់ធំបានឱ្យដឹងថា លោកមិនទាន់ទទួលបានព័ត៌មានពីការតវ៉ារបស់ពលរដ្ឋឱ្យមានការដកហូតក្រុមហ៊ុន AGROSTAR CO., LTD ពាក់ព័ន្ធករណីខ្វះទឹកស្រោចស្រពកសិកម្មនេះទេ។ លោកបានបញ្ជាក់ថា មកដល់ខែនេះ គ្មានតំបន់ណាមួយក្នុងខេត្តខ្វះខាតទឹកទេ។ ក៏ប៉ុន្តែលោកថា នឹងពិនិត្យមើលលើបញ្ហានេះដើម្បីដោះស្រាយ។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងលោក សុខ មុនី ម្ចាស់ក្រុមហ៊ុន AGROSTAR CO., LTD បានទេ ប៉ុន្តែតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ធំបង្ហាញថា ក្រុមហ៊ុននេះកាលពីឆ្នាំ ២០០៥ បានទទួលសិទ្ធិពីរដ្ឋបាលខេត្តកំពង់ធំ ដើម្បីខ្ចីដីធ្វើស្រែបណ្តេញទឹក និងស្រែប្រាំងលើផ្ទៃដីចំនួន ១ ៦០០ ហិកតា នៅតំបន់វាលបឹងមូល និងវាលផ្អែកដំបងស្ថិតនៅក្នុងឃុំកំពង់គោ និងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ៕