ភ្នំពេញៈ អ្នកកាសែត​អនឡាញ​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ​ពី​ម្សិលមិញ បន្ទាប់ពី​ចាប់ខ្លួន​បាន​ ១ ​ថ្ងៃ​ ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​មេតំហ្វេតាមីន​ចំនួន​ ១១ ​កញ្ចប់​តូច​នៅ​ផ្ទះ​សំណាក់​ ១ ​កន្លែង ក្នុង​ភូមិ​ក្បាលស្នួល ឃុំ-ស្រុក​ស្នួល​។

លោក​ ចាន់ សុគីម អធិការនគរបាល​ស្រុក​ស្នួល ឱ្យ​ដឹងពី​ម្សិលមិញ ថា ជនសង្ស័យ​ឈ្មោះ អូន សេត ភេទ​ប្រុស អាយុ​​ ៤១ ​ឆ្នាំ​ រស់នៅ​ភូមិ​សួងលិច ឃុំ​សួង ស្រុក-ខេត្ត​ត្បូងឃ្មុំ​មាន​របរ​ជា​អ្នកកាសែត​អនឡាញ ឈ្មោះ​ «KTV អនឡាញ​»​។ ជនសង្ស័យ​គ្មាន​ទីលំនៅ ឬ​រស់នៅក្នុង​ខេត្តក្រចេះ​ទេ​។

លោក​បញ្ជាក់ថា​៖ «​យើង​ឃាត់ខ្លួន​បុរស​សង្ស័យ​ម្នាក់នេះ ក្នុង​ពេល​គាត់​កំពុង​រក្សា​ទុក​គ្រឿងញៀន ដើម្បី​ចែកចាយ​បន្តទៅ​អ្នកផ្សេង​។ យើង​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​ និង​បញ្ជូន​ទាំង​របាយការណ៍ ទាំង​មនុស្ស​ទៅ​ខេត្ត​ ដើម្បី​ចាត់វិធានការ​បន្តទៀត​»​។

លោក​ថា មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ គឺ​កម្លាំង​នគរបាល​ទទួលបាន​ដំណឹង​ថា មាន​បុរស​ម្នាក់​សង្ស័យ​ជួញដូរ​គ្រឿងញៀន ហើយ​បាន​ទៅ​ដេក​នៅផ្ទះ​សំណាក់​មួយកន្លែង ដែល​មាន​យីហោ​ឈ្មោះ សប្បាយៗ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ក្បាល​ស្នួល ឃុំ-ស្រុក​ស្នួល ខេត្តក្រចេះ​។

បន្ទាប់ពី​ទទួល​បាន​សេចក្តី​រាយការណ៍​កម្លាំង​សមត្ថកិច្ច​របស់លោក សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្នួល​ចុះ​ដល់ទី​តាំង​ផ្ទះសំណាក់​នៅ​ម៉ោង​ជិត​ ៦ ​ល្ងាច ថ្ងៃទី​ ៣០ ឧសភា និង​ចូលទៅក្នុង​បន្ទប់​ស្នាក់នៅ​របស់​ជនសង្ស័យ​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ​តែម្តង​។

លោក​ថា នៅពេល​សមត្ថកិច្ច​ឆ្មក់​ចូលទៅក្នុង​បន្ទប់​ស្នាក់នៅ​របស់​ជន​នោះ​ក្នុងផ្ទះ​សំណាក់ គឺ​សមត្ថកិច្ច​ឃើញតែ​ជនសង្ស័យ​ម្នាក់​តែប៉ុណ្ណោះ មិនឃើញ​មនុស្ស​ផ្សេង​នៅក្នុង​បន្ទប់​ជាមួយ​ជនសង្ស័យ​ឡើយ​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ឆែក​ក្នុង​សាក់កាដូ​របស់​ជនសង្ស័យ រកឃើញ​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ចំនួន​ ១១ ​កញ្ចប់​តូច ទុយោ​ចូក​រំលែក​ម្សៅ​គ្រឿងញៀន​ ១ ​ដើម ទូរស័ព្ទដៃ​ ១ ​គ្រឿង ម៉ូតូ​ ១ ​គ្រឿង អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ១ ​សន្លឹក បណ្ណ​សម្គាល់​អ្នកសារព័ត៌មាន​ ១ ​សន្លឹក និង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​។

ជនសង្ស័យ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកំពង់ចាម​ម្តង ប៉ុន្តែ​ជននេះ​មិនបាន​ប្រាប់​សមត្ថកិច្ច​ថា ការជាប់​ពន្ធនាគារ​ពេលនោះ​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​ទេ​។ លោក​បន្ថែមថា ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ពី​ខេត្ត​ត្បូងឃ្មុំ មក​កាន់​ស្រុក​ស្នួល​ក្នុង​ខេត្តក្រចេះ ដើម្បី​ចែកចាយ​គ្រឿងញៀន​។

សមត្ថកិច្ច​បាន​សាក​សួររក​បក្ខពួក​ជនសង្ស័យ​ផងដែរ ប៉ុន្តែ​ជននេះ​ឆ្លើយថា មិនមាន​បក្ខពួក​ទេ​។ ពាក់ព័ន្ធ​ការងារ​បង្ក្រាប​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ គឺ​កម្លាំង​សមត្ថកិច្ច​តែងតែ​ធ្វើជា​ប្រចាំ​ដូច​ភ្លៀងរលឹម​ ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។

ពាក់ព័ន្ធ​អ្នកកាសែត​នេះ លោក​ ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កាសែត KTV អនឡាញ​នេះ​មាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ​នៅ​ក្រសួង​ព័ត៌មាន ប៉ុន្តែ​ចាងហ្វាង​កាសែត KTV អនឡាញ​នេះ គឺ​លោកស្រី ខុម កង ជា​ម្ចាស់​។

លោក​បាន​ថ្លែងថា​៖ «​សម្រាប់​អ្នក​ខុសច្បាប់ វិធានការ​ច្បាប់​នឹងត្រូវ​យកមកអនុវត្ត​។ ដោយឡែក​ក្រមសីលធម៌ បើ​ខុស​វា​អស់​តម្លៃ​របស់​បុគ្គល​នោះ​។ យើង​កំពុង​ពិនិត្យ​ក្រមសីលធម៌​ដាក់​បញ្ហា​នេះ​ចូល​សិក្ខាសាលា​មួយ​ឆាប់ៗ​នេះ​។ កំហុស​អ្នកកាសែត​អ៊ីចឹង ជួនកាល​ក្រសួង​ហៅ​ចាងហ្វាង​ព្រមាន ឬ​បើ​សមត្ថកិច្ច​ចោទប្រកាន់​ក៏ត្រូវ​ព្យួរការងារ​របស់គាត់​អ៊ីចឹង​ដែរ​»៕