ស្ទឹងត្រែង៖ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ស្ទឹងត្រែង​ កំពុង​បន្ត​សាកសួរ​ជនសង្ស័យ​ ៣ នាក់​ ឪពុក​កូន​ នៅ​ថ្ងៃទី ១ មិថុនា ​ពាក់ព័ន្ធ​នឹង​ការព្រួត​គ្នា​ចាប់​បុរស​ម្នាក់​ចង​ស្លាបសេក ​ហើយ​វាយ​រហូតដល់​បុរសនោះ​ស្លាប់​ នៅ​ថ្ងៃទី ៣០ ​ឧសភា ​ស្ថិត​ក្នុង​ភូមិ​សា​សាន​ ឃុំ​កំ​ភុ​ន ស្រុកសេ​សាន។

លោក ​វ៉ា សុផាន់ ​ស្នងការរង​ទទួល​ការងារ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​ ប្រាប់ពី​ម្សិល​មិញ ​ថា ​ជន​សង្ស័យ​ទាំង៣នាក់​ទី១- ​ឈ្មោះ​ ស្រេង

សែ ​ភេទប្រុស​អាយុ ​៥០ ឆ្នាំ ​(ជា​ឪពុក) ​ទី២- ឈ្មោះ​ លឹម មេង​ឡុង ​ភេទ​ប្រុស ​អាយុ​ ២៣ ឆ្នាំ​ និង​ទី៣- ​ឈ្មោះ ​លឹម មេងស្រុង ​ភេទ​ប្រុស ​អាយុ ១៩ ឆ្នាំ។ ពួកគេ​រស់នៅ​ក្នុង​ភូមិសេ​សាន ​ឃុំ​កំភុន ​ស្រុក​សេសាន​ ខេត្ត​ស្ទឹង​ត្រែង។ រីឯ​បុរស​រងគ្រោះ ​ឈ្មោះ​ ចាន់ ភាវ៉ាន់ ​អាយុ​ ២៧ ឆ្នាំ ​រស់នៅ​ភូមិ​ស្រែ​តាប៉ាន ​ឃុំ​សាមឃួយ​ ស្រុក​សេសាន ​ខេត្ត​ស្ទឹង​ត្រែង។

លោក​បន្តថា​ ជនសង្ស័យ​ទាំង​ ៣ នាក់ ​កំពុង​ត្រូវបាន​មន្រ្តី​ជំនាញ​បន្ត​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ឡើយ​ទេ​នៅ​ថ្ងៃទី ១ ​មិថុនា ​បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ពួកគេ​ កាលពី​ថ្ងៃទី ៣០ ​ឧសភា។ ​ការបន្ត​នីតិវិធី​សាកសួរ​នេះ​ ដោយសារ​ជន​សង្ស័យ​ មាន​គ្នា​ ៣ នាក់។ បើ​មាន​តែ​ជនសង្ស័យ​ម្នាក់ ​គឺ​សមត្ថកិច្ច​អនុវត្ត​នីតិវិធី​សាកសួរ​លឿន។

លោក​ថ្លែងថា​៖ «ពួកគេ​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​នគរបាល​យុត្តិធម៌​កសាង​សំណុំ​រឿង។ ករណី​នេះ​យើង​នៅ​ធ្វើការ​ងារ​ច្រើន ​ព្រោះ​ជនសង្ស័យ​មាន​ច្រើន​នាក់»។

បើ​តាម​លោក​ វ៉ា សុផាន់ ​ប្រាប់​តាម​សម្តី​ក្រុម​គ្រួសារ ​របស់​ជនសង្ស័យ​ថា ​កាលពី​វេលា​ព្រលប់​ថ្ងៃទី ៣០​ ឧសភា ​គឺ​ជន​សង្ស័យ​ទាំង​ ៣ ​នាក់ ​ឪពុក​កូន ​បានដើរ​កៀង​សត្វគោ ​និង​សត្វ​ពពែ ​របស់​ពួកគេ​ឲ្យចូល​ក្នុង​ក្រោល​ដូច​សព្វ​មួយ​ដង។ លុះ​ដល់​វេលា​ម៉ោង​ប្រមាណ​ជា​ ៨ យប់​ថ្ងៃដ​ដែល ​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​កាន់​ដំបង​ឈើ​មួយ​ចូល​ក្នុង​ក្រោល​គោ​ហើយ​ដេញ​វាយ​គោ ​និង​សត្វ​ពពែ​ផ្អើល​ពេញ​ក្រោល។ ដោយ​ឃើញ​សភាព​បែបនេះ ​ក្រុម​ជនសង្ស័យ​បាន​ព្រួតគ្នា​ចាប់​ជន​រងគ្រោះ​ចង​ស្លាប​សេក ​និង​វាយ​រហូត​ស្លាប់​តែ​ម្តង។

លោក​បញ្ជាក់ថា ​ក្រោយ​កើត​ហេតុ ​ប្រជាពលរដ្ឋ​បានរាយ​ការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំភុន ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សេសាន ​ទើប​ខាង​នគរបាល​ស្រុក​រាយការណ៍ ​ដើម្បី​សហការ​ស្នើសុំ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ ចុះ​ឃាត់​ខ្លួន​ជនសង្ស័យ​នៅ​យប់​ថ្ងៃទី ៣០ ​ឧសភា ​នោះ​តែ​ម្តង។

ចំពោះ​សាកសព​ត្រូវបាន​នគរបាល​ជំនាញ​ធ្វើ​កោសល្យ​វិច័យ​ និង​គ្រូ​ពេទ្យ​បាន​ពិនិត្យ​ឃើញ​ថា ​ជន​រងគ្រោះ​មាន​ស្នាម​ឆូត​មុត​ក្រោម​ភ្នែក​ខាង​ឆ្វេង។

តាម​ការសន្និដ្ឋាន​បឋម​របស់​សមត្ថកិច្ច​ជំនាញ ​និង​តាមរយៈ​ការសួរ​សាក្សីបង្ហាញថា​ ជន​រងគ្រោះ​ត្រូវបាន​ក្រុម​ជន​សង្ស័យ​ដេញ​វាយ​ ហើយ​ជន​រងគ្រោះ​លោត​ផ្លោះ​របង​បន្លា​លួស ​តែ​មិនផុត​ក៏​របូត​ជើង​មុត​នឹង​បន្លា​លួស​នោះ។​

ទន្ទឹម​នឹងនោះ​មាន​ចំណង​ចង​ជើង​ទាំង ២ ​ហើយ​ដៃ​ត្រូវ​ក្រុម​ជនសង្ស័យ​ចង​ស្លាប​សេក​ទៅ​ក្រោយ​ផង។ ​រីឯ​ផ្នែក​កញ្ចឹងក​មាន​សភាព​ទន់​ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ អាច​ត្រូវ​នឹង​វត្ថុ​រឹង​ដែល​ធ្វើឱ្យ​ប៉ះពាក់​ផ្នែក​ឆ្អឹង​ក។

ទោះ​យ៉ាងណា ​បើ​តាម​លោក ​វ៉ា សុផាន់ ​ដែល​យោង​តាម​សម្តី​របស់​ម្តាយ​ជនរងគ្រោះ​ថា ​ជន​រងគ្រោះ​មាន​ប្រពន្ធ ​ប៉ុន្តែ​ប្រពន្ធ​របស់​គាត់​បាន​លែងលះ​គ្នា​ហើយ។ ដូច្នេះ​ចាប់​តាំងពី​ត្រូវ​ប្រពន្ធ​លែង​លះ​គ្នា​ជាមួយ​គាត់​មក​ប្រហែល​ធ្វើឱ្យ​ជន​រងគ្រោះ​មាន​វិបត្តិ​ផ្លូវ​ចិត្ត ​ទើប ​១ អាទិត្យ​មុន​ថ្ងៃ​កើត​ហេតុ ​គឺ​ជន​រងគ្រោះ​មិនបាន​ចូល​ផ្ទះ​រហូត​ដល់​ថ្ងៃ​កើត​ហេតុ​តែ​ម្តង៕