ភ្នំពេញ៖អគ្គនាយក​ដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ច ការ​ប្រកួត​ប្រជែង ​និង​បង្ក្រាប​ការ​ក្លែង​បន្លំ​ នៃ​ក្រសួង​ពាណិជ្ជ​កម្ម (ក.ប.ប.) អំពាវ​នាវ​ឱ្យអ្នក​ប្រើ​ប្រាស់​បង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​មុន​នឹង​ទិញ​ស្រា​យក​មកប្រើ​ប្រាស់​ ឬបរិភោគ​ ខណៈគំរូ​សំណាក​ដែល​បណ្តាល​ឱ្យមនុស្ស​ស្លាប់​ជាច្រើន​ករណីថ្មី​ៗនេះ មាន​​សារ​ធាតុ​មេ​តា​ណុល​ក្នុង​កម្រិត​ខ្ពស់។

ជាមួយនឹង​ការអំពាវនាវ​នេះមន្ត្រី​ជំនាញ​បាន​អះអាង​ថា ​វិធានការ​នានា​ក៏ត្រូវ​បានដាក់​ចេញ​ ដើម្បី​ទប់ស្កាត់​ករណី​ពុល​ស្រា​នេះ​ជាថ្មី​ក្នុងពេល​ខាងមុខ​ផង​ដែរ។

កាលពីខែ​ឧសភា ឆ្នាំ ២០២១ មាន​ហេតុ​ការណ៍​ពុល​ស្រា​ចំនួន ២​ លើកផ្ទួនៗគ្នា​ដូចជា ហេតុ​ការណ៍​លើក​ទី១ បាន​កើត​ឡើង​កាលពី​ថ្ងៃទី ១០​ ខែឧសភា​ នៅ​ភូមិ​សារិកា​កែវ ឃុំ​តា​ស្តារ ស្រុក​ល្វា​ឯម ខេត្តកណ្តាល ដែល​បណ្តាល​ឱ្យព​លរដ្ឋ​ចំនួន ១២ ​នាក់​បានស្លាប់ និង​ច្រើន​នាក់​ទៀត​ បានចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​។

ចំណែក​ហេតុ​ការណ៍​លើក​ទី២ បាន​កើត​ឡើង​កាលពី​ថ្ងៃទី ២១​ ខែឧសភា នៅ​ភូមិ​ធ្នង់ ឃុំ​ឫស្សីស្រុក​ខាង​កើត និង​ភូមិក្ខា​ប ឃុំ​ស្វាយ​ទង​ខាង​ជើង ស្រុក​កំពង់​ត្រាច ខេត្ត​កំពត ដែល​បណ្តាល​ឱ្យ​ពលរដ្ឋ​ ១០ នាក់​បានស្លាប់​ និង​​ច្រើន​នាក់​ទៀត​បានចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​។

អគ្គនាយក​ដ្ឋាន​ (ក.ប.ប.) បាន​ឱ្យដឹង​នៅក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃទី ៣១​ ឧសភា​ថា​ កម្រិត​មេ​តា​ណុល​ដែល​បាន​រក​ឃើញ​ក្នុង​ស្រា​ពុល​ទាំង​នោះ គឺ​ស្រាថ្នាំ​មាន​វត្តមាន​មេ​តា​ណុល​ចន្លោះ​ពី ១១,៣០ ​ទៅ ១២ ​ភាគរយ ខណៈ​ស្រាស​មាន​វត្តមាន​មេ​តា​ណុល​ចន្លោះ​ពី ​៧,៣០ ទៅ ១២​ ភាគរយ​។

អគ្គ​នាយក​ដ្ឋាន​នេះ​សង្កត់​ធ្ងន់​ថា៖ «ក្នុង​រយៈ​ពេលថ្មីៗនេះ ការ​ពុល​ស្រាបាន​កើតមាន​ឡើង​ជាប​ន្ត​បន្ទាប់​នៅ​តាម​បណ្តា​ខេត្ត ដែល​បណ្តាល​ឱ្យប្រជា​ពលរដ្ឋ​ជាច្រើន​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត និង​រងគ្រោះ​ត្រូវ​សម្រាក​ព្យា​បាល​ក្នុង​មន្ទីរពេទ្យ។ យោង​តាម​លទ្ធ​ផល​វិភាគ​របស់​មន្ទីរ​ពិសោធន៍ លើ​គំរូ​សំណាក​ស្រាថ្នាំ និង​ស្រាស ដែល​ប្រមូល​បាន​ពី​ទីតាំង​កើត​ហេតុ បាន​បង្ហាញថា គំរូ​សំណាក​ទាំងនោះ​មាន​វត្តមាន​សារ​ធាតុ​មេ​តា​ណុលក្នុង​កម្រិត​ខ្ពស់ដែល​អាច​បង្ក​គ្រោះថ្នា​ក់​ដល់​ស្លាប់​បាន»។

អគ្គនា​យកដ្ឋាន​នេះបាន​អះអាងថា​ ការរក​ឃើញមេ​តា​ណុល​កម្រិត​ខ្ពស់​នេះ អាច​បណ្ដាល​មកពី​ការ​ទិញ​វត្ថុធាតុ​ដើម (អាល់កុល) ដែល​ជា​មេ​តា​ណុល​មក​លាយ​ ដើម្បី​ផលិត​ស្រា។​ ដើម្បី​បញ្ចៀស​ពី​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត អគ្គនាយក​ដ្ឋាន ក.ប.ប. សូម​អំពាវនាវ​ដល់​ព​លរដ្ឋដែល​ជា​អ្នកប្រើ​ប្រាស់​សូម​បង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​មុន​នឹង​ទិញ​ស្រា​យក​មកប្រើ​ប្រាស់ ឬ​បរិភោគ ដោយ​ត្រូវ​ពិនិត្យ​ និងជ្រើស​រើស​ផលិត​ផល​ដែលមាន​ស្លាក​សញ្ញា និង​ប្រភព​ត្រឹមត្រូវ​ច្បាស់​លាស់។​

ក.ប​.ប. បាន​បញ្ជាក់​ថា៖ «​សូម​បងប្អូន​អាជីវករ និង​ផលិតករ​ដែលជា​អ្នក​ផលិត និង​កែច្នៃ​ស្រា​ទាំងអស់ សូ​ម​ផលិត​​តាម​បច្ចេក​ទេស​និង​ត្រូវ​បញ្ឈប់​ការ​យក​សារ​ធាតុ​មេ​តា​ណុលឬ​សារធាតុ​ពុលផ្សេងៗ​ទៀត​មក​បន្ថែម ​ដែលនាំ​ឱ្យ​ប៉ះពា​ល់​ដល់​សុខភា​ព និង​អាយុជីវិត​ប្រជា​ពលរដ្ឋ និង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ច្បាប់​ជា​ធរមាន​»។

សូម​ជម្រាប​​ថា ក្នុង​រយៈ​ពេល​ចាប់ពី​ឆ្នាំ​ ២០១៦ ដល់​ឆ្នាំ ២០២០ មាន​ហេតុកា​រណ៍​ពុល​ស្រាជា​បន្ត​បន្ទាប់​ចំនួន ៤​ លើក គឺ​​នៅ​ខេត្តពោធិ៍​សាត់ ក្រចេះ បន្ទាយមា​នជ័យ និង​កំពង់ឆ្នាំ​ង ដែល​បង្ក​ឱ្យពល​រដ្ឋ​ចំនួន ២៨​ នាក់បាន​ស្លាប់​ និង​មាន​ជន​រងគ្រោះ​​រាប់រយ​នាក់​ផ្សេង​ទៀតរ​ង​ផលប៉ះ​ពាល់​ដល់​សុខ​ភាព​។

លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិ​បាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គនាយ​កដ្ឋាន (ក.ប.ប.) បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ បន្ថែម​ថា អគ្គ​នាយក​ដ្ឋានបានដាក់​ចេញ​វិធាន​ការបន្ទាន់​ដោយ​តម្រូវ​ឱ្យមន្ត្រី​ទូទាំង​រាជ​ធានី-ខេត្ត​ ចុះ​អ​ង្គេ​ត និង​ស្រាវជ្រាវ​គ្រប់​ទីតាំង ផលិត ចែក​ចាយ​ លក់ដុំ និង​លក់​រាយ ដើម្បី​បង្ការ​ទប់ស្កាត់​ការ​ចរាចរ​ស្រាដែ​លមាន​ជាតិ​មេ​តា​ណុល​ខ្ពស់​នេះ។​

លោក​បាន​បន្តថា អគ្គនា​យកដ្ឋា​នក៏​ជំរុញ​ការទ​ប់ស្កាត់​ការនាំ​ចូល និង​ការ​ចរាច​រប្រភេទ​មេ​តា​ណុល​ក្នុង​បរិមាណ​មួយ​ដែល​ច្រើន​នៅក្នុង​ប្រទេស​ផងដែរ​ ខណៈ​ការ​ចរាចរប្រភេទ​មេ​តា​ណុល​នេះ គួរតែ​ត្រូវ​ទទួលបា​ន​ការបញ្ជាក់​ថា យកទៅ​ប្រើប្រាស់​ក្នុង​ចេតនា​អ្វី​ឱ្យបាន​ជា​ក់លាក់។

លោក​បាន​បញ្ជាក់​ថា៖ «វិធាន​ការ​ចំពោះ​មុខ​ច្បាប់​យើង​នឹង​ដេញ​បន្ត មាន​ន័យ​ថា បើគាត់ជា​អ្នកលក់ តើ​គាត់​ទិញ​វត្ថុធាតុ​ដើម​ពីណា​ ហើយ​យើង​នឹង​បន្តស្រាវ​ជ្រាវ។ ក្នុង​ករណី​ដែល​យើង​រកឃើញ​ថា បុគ្គល​នោះ មាន​តេចនា​ក្នុងការ​ប្រព្រឹត្ត​បទ​ល្មើស នោះ​អាច​នឹង​ប្រឈ​មទោស​ទណ្ឌទៅ​តាម​ស្ថាន​ទ​ម្ងន់ពី ២ ​ទៅ​ ៥ ឆ្នាំ និង​ទោស​ពិន័យ​ផ្សេងៗ​ទៀត»​។

ស្រាគឺជា​សារ​ធាតុ​ស្រវឹង​ដែល​បង្ក​ផលប៉ះ​ពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ជាប្រចាំ និង​ហួស​កម្រិត ពិសេស​ជាងនេះ​ទៀត នឹង​បង្ក​ផល​ប៉ះពាល់​ដល់​អាយុ​ជីវិត ប្រសិន​បើ​ស្រា​នោះ​ពុំបាន​ផលិត​ឱ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេក​ទេស ឬ​យក​សារ​ធាតុ​ផ្សេង​ទៀត​មក​បន្ថែម មាន​ដូចជា​ មេ​តា​ណុល ឬ​សារ​ធាតុពុ​លផ្សេង​ទៀត​ជាដើម​។

ជាទូ​ទៅស្រាស​ ដែល​ផលិត​ដោយ​ការបិត (Distillation) ពី​អង្ករ​តាម​លក្ខណៈ​បច្ចេកទេ​សងាយ​ៗ ឬ​តាម​លក្ខណៈ​បុរាណ អាច​មាន​បរិមាណ​សារ​ធាតុ​មេ​តា​ណុល​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ។ នេះ​បើតាម​ការអះអា​ង​របស់​អគ្គនាយក​ដ្ឋាន ​(ក.ប.ប.)​៕