ព្រះវិហារ៖តុលាការ​ខេត្ត​ព្រះវិហារ​សម្រេច​ឃុំខ្លួន​មនុស្ស​ប្រុស​ស្រី ២ នាក់ ​ក្នុង​ពន្ធនា​គារ​ខេត្ត​កាលពី​ថ្ងៃទី ៣១​ ឧសភា ពាក់ព័ន្ធករណី​នាំ​ក្មេង​ស្រី​ជា​អនីតិជន​ ២ នាក់​​ ចេញ​ពីភូមិ​ពោធិ៍​ទាប ឃុំ​ម្លូព្រៃ ១ ស្រុក​ឆែប​ ខេត្ត​ព្រះ​វិ​ហារ ប៉ុន​ប៉ង​យកទៅ​ឱ្យបម្រើ​ក្នុង​ហាង​លក់​ស្រា​បៀរ​ ១ កន្លែង ក្នុង​ក្រុងព្រះ​វិហារ កាលពី​ថ្ងៃទី ២៧​ ឧសភា​។

លោកស្រី​ឧត្តម​សេនីយ៍​ត្រី ប្រាំង ធីតា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរ​បាល​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិ​ជននៃ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះវិហារ​ បាន​ប្រាប់​នៅ​រសៀល​ថ្ងៃទី ១ មិថុនា​ថា ជន​សង្ស័យ​ ឈ្មោះ​ សុខ សាយ ភេទ​ ប្រុស ​អាយុ​ ២២ ឆ្នាំ​ មានរ​បរជា​ជាង​ឈើ រ​ស់​នៅក្នុង​ភូមិ​ពោធិ៍​ទាប​ ឃុំ​ម្លូព្រៃ ១ ស្រុក​ឆែប។​ ចំណែក​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ សុខ ស្រី​ពៅ​ អាយុ ២៨ ​ឆ្នាំ ប្រកបរ​បរជា​នារី​បម្រើ​សេវា​ស្រា​បៀរ​ ស្នាក់នៅ​បន្ទប់​ជួល​ ក្នុងភូមិ​កណ្តាល ​សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្ត​ព្រះវិហារ។

លោកស្រី​ថ្លែង​ថា៖ «បុរស​ឈ្មោះ សុខ​ សាយ ត្រូវ​តុលាការ​ចោទ​ពីបទ​ការនាំ​ចេញ​យក​អនីតិ​ជន​ជាអាទិ៍​ចេញ​ ដោយ​មិន​ស្រប​ច្បាប់​តាម​មាត្រា ៩​។ ស្ត្រី​ម្នាក់ទៀត​ចោទពី​បទ​ការទទួល​យក​មនុស្ស​ដោ​យ​មាន​គោល​ដៅ​ជួយ​ដល់​ជនល្មើសតាម​មាត្រា ​២០​។ ទាំង ២​ នាក់​ ចោទ​តាម​ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និងអំ​ពើ​ធ្វើ​អាជីវ​កម្ម​ផ្លូវភេទ»។

យោង​តាម​មាត្រា ៩ ​នៃច្បាប់​នេះ បើ​តុលា​ការ​រកឃើញ​ថា​ ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ​នឹងត្រូវ​ផ្តន្ទា​ទោស​ដាក់ពន្ធ​នាគារ​ពី ២ ឆ្នាំ​ដល់​ ៥ ឆ្នាំ​។ រីឯ​មាត្រា ២០​ នឹងត្រូវ​ផ្តន្ទា​ទោស​ដាក់ពន្ធ​នាគារ​ពី ២ ឆ្នាំ​ដល់​ ៥ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ពី ៤ លាន​ដល់​ ១០​ លាន​រៀល។ តែបើ​ជន​រងគ្រោះ​ជា​អនីតិ​ជន​វិញ​នឹង​ត្រូវ​ផ្តន្ទា​ទោស​ពី ៥ ឆ្នាំ​ដល់​ ១០ ឆ្នាំ​។

​បើ​តាម លោក​ស្រី ធីតា​ ការ​ចាប់ខ្លួន​នេះធ្វើតា​ម​បណ្តឹង​​អាណា​ព្យាបាល​​របស់​ក្មេងស្រី​ទាំង ២​ នាក់ ថ្ងៃ​ទី ៣០​ ឧសភា ដែល​បាន​ប្ដឹងទៅ​នគរ​បាលប៉ុស្តិ៍ឃុំ​ម្លូព្រៃ ១ ​ដោយ​បាន​អះអាង​ថា កាលពី​ថ្ងៃទី ២៧ ឧសភា មាន​បុរស​ម្នាក់​ឈ្មោះ សុខ សាយ​ បាន​នាំ​ក្មេង​ស្រី​ឈ្មោះ ម.ថ អាយុ​ ១៥ ឆ្នាំ និងក្មេង​ស្រី​ឈ្មោះ​ ណ.រ អាយុ ១៦ ឆ្នាំ​ រ​ស់នៅ​ក្នុងភូមិ-ឃុំ​ជាមួយគ្នា​ដោយ​ឌុប​តាម​ម៉ូតូ​នាំទៅ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​របស់​ស្ត្រី​ឈ្មោះ​ សុខ​ ស្រី​ពៅ​ ក្នុងភូមិ​កណ្តាល ​សង្កាត់​កំពង់​ប្រណាក​ ក្រុង​ព្រះ​វិហារ។

លោក​ស្រី​បន្ត​ថា ក្រោយ​ពីនគរបាល​ប៉ុស្ដិ៍​ទទួលបា​ន​ពាក្យប​ណ្តឹង​​រួចម​កក៏បាន​រាយការ​ណ៍​ទៅ​លោក​អធិការ​នគរបាល​ស្រុក​ឆែប ​និង​បន្ត​មក​ការិយា​ល័យ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​ខេត្ត​ព្រះវិហារ ​ទើប​មាន​ការស្រាវ​ជ្រាវ​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​នៅ​ភូមិ​កណ្តាល​ សង្កាត់​កំពង់​ប្រណាក​ ក្រុង​ព្រះវិហារ​ នៅ​ថ្ងៃទី​ ៣០ ឧសភា ​ក្រោយ​ទទួល​បណ្តឹង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។

លោកស្រី​ ធីតា​ បាន​បញ្ជាក់​ថា៖ «ជន​ប្រុស​ស្រី២នាក់​នោះ​មិន​សារ​ភាព​ថា ​នាំ​ក្មេងរង​គ្រោះ​ក្នុង​គោល​ដៅ​ឱ្យទ​ទួល​ភ្ញៀវ​ក្នុង​ហាង​ទេ​ តែបើ​តាម​ការសន្និ​ដ្ឋានរ​បស់​យើង​គឺ​ជន​ត្រូវ​ចោទ​មាន​បំណង​យក​ក្មេង​ទៅ​បម្រើក្នុង​ហាង​លក់​ស្រា​បៀរ​ ព្រោះ​ស្ត្រី​ត្រូវ​ចោទ​ធ្វើការ​នៅ​ក្នុង​ហាង​នោះ»។​

ពាក់​ព័ន្ធ​ករណី​នេះ​ដែរ នៅ​រសៀល​ថ្ងៃទី ១​ មិថុនា ​លោក សូ ស្ម័គ្រ នាយ​នគរ​បាល​ប៉ុស្តិ៍​ឃុំ​ព្រៃម្លូ ១ បាន​ប្រាប់​ថា ក្មេង​ស្រី​រងគ្រោះ​ទាំង ២​ នាក់​នោះ ​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ ហើយ​ត្រូវបាន​សមត្ថកិច្ច​រំដោះ និង​អនុ​ញ្ញាត​ឱ្យ​ត្រឡប់​មក​លំនៅ​ឋាន​វិញ​ហើយ​។

លោក​ថា៖ «បុរស​ម្នាក់​ឈ្មោះ សុខ សាយ​ ​នោះ​គាត់​ឌុប​ក្មេងស្រី​ពី​ភូមិ​មិនឱ្យ​ឪពុកម្តាយ​ក្មេង​ដឹង​ ទើប​គាត់​មកប្តឹង​ខ្ញុំ។ ឥឡូវ​ក្មេងរង​គ្រោះ​មក​ផ្ទះ​វិញ​អស់ហើ​យ»​៕